Social Icons

01 November 2010

តូរ្យតន្រ្ទីយ៍ខ្មែរ

ជាតិខ្មែរពេញចិត្តនិងតូរ្យតន្រ្ទីណាស់! ឯឧបករណ៍គឿងភ្លេងខ្មែរមានច្រើនប្រភេទគឺពិណពាទ្យឆៃយុំា,ស្គរជ្វា,សាដៀវ,ប៉ីអរ,ខ្លុយ,ស្រឡៃ,ចាប៉ីដងវែង,សងេ្ខ,និងភេ្លងរាំ។អ្នកភេ្លងហាត់ហ្វឹកស្ទាត់ជំនាញប៉ិនប្រសប់បញ្ចេញកាយវិការល្អមើលគួរឲ្យទស្សនាមិនចង់ដាក់ភ្នែកមុននិងប្រគំដេញដំផ្លុំកូតទំនៀមខ្មែរត្រូវតែសែនព្រេនគ្រូខ្មៅសេ្តចភ្លេងសិន។ប៉ុនែ្ត អ្នកភ្លេងច្រើនហៅថាសែនព្រះពិស្ណុការវិញ,យើងគេទាំងអស់គ្នាស្តាប់ឮសព្ទសំឡេងលាន់គ្រលួចលន្លង់លន្លោចព្រឺរោមស្បែក នឹកដល់ខ្មោចដូនតាយើងសម័យអង្គរ។
ឯឈោ្មះភ្លេងខ្មែរមានច្រើនណាស់! ឧទាហរណ៍ អង្គររាជ,សេ្តចផ្ទំ,កន្សែងក្រហម,កាត់ត្រើយដំរីយោលដៃ,ខ្នើយទឹមចងដៃ,សាកនេ្ទល។ល។ ហេតុនេះ,យុវ័ននារីមាមីងយាយតានិងព្រះសង្ឃមិនត្រូវពេបជ្រាយរិះគន់ ភ្លេងបុរាណព្រេងនាយខ្មែរទេ,ភ្លេងនេះគេកសាងឡើងយូរឆ្នាំហើយ,តាំងពីនគរភ្នំចេនឡា មហានគរ ឧដុង្គមានជ័យ បន្ទាយលងែ្វក រហូតមកដល់ក្រុងភ្នំពេញសព្វថៃ្ងនេះ៕


និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ថៃ្ងច័ន្ទ១កើត ខែបុស្ស ព.ស.២៥៣៤,ត្រូវនឹងថៃ្ងទី១៧/១២/១៩៩០៕

ប្រទេសកម្ពុជា

រាជាណាចក្រខែ្មរមានសីលាប្រាសាទដ៏អស្ចារ្យច្រើនណាស់,ពិសេសទៀតនោះគឺនគរវត្តដែលឋិតនៅក្នុងខេត្តសៀមរាប។នគរវត្តឬអង្គរវត្តន័យពាក្យតែមួយ,ប្រាសាទនោះអាច
បញ្ចាំងឲ្យសាកលលោកឃើញស្នាដៃដ៏ប៉ិនប្រសប់វាងវៃជាស្ថាបត្យករដ៏ឆ្នើមឯកក្នុងសម័យព្រេងនាយរបស់ប្រជាជាតិខ្មែរ។
ប្រាសាទនគរវត្ត,សាកលលោកដាក់ឲ្យលេខ៥បន្ទាប់ពីប្រាសាទនានាលើទ្វីបលោកទាំងមូល,គេកសាងក្នុងរាជ្យព្រះបាទសូរិយវរ្ម័នទី២នាសតវត្សរ៍ទី១២យើងទៅអង្គរវត្តត្រូវប្រើពេល៩ឬ១០ម៉ោងពីរាជធានីភ្នំពេញ។ប៉ុនែ្តសម័យវិទ្យាសាស្រ្តនេះគេទៅត្រឹមតែ៤ម៉ោងដោយកប៉ាលទឹកដាក់មាស៊ីនយន្តហោះបានឆាប់រហ័ស។ការធើ្វដំណើរទៅដោយបីរបៀបគឺឡាន,កប៉ាលនិងយន្តហោះស្រេចតែទុនធាននិងការពេញចិត្ត។
យើងនិងពិនិត្យមើលអង្គរវត្តពីកំពូលត្រីសូល៍ដល់បាតធារឃើញក្បូរក្បាច់រចនាស្រស់បំព្រងគេអាចប្រើដែកធ្លាក់ឲ្យរត់លើផ្ទាំងសិលាដាច់ថ្មកា្លយជាក្បាច់ច្រើនយ៉ាង,បើគិតជាតមៃ្លថៃ្លអនេកអនគ្ឃឥតប្រៀបបានមនុស្សលោកគ្រប់ជាតិសាសន៍អួតសរសើរថាអង្គរវត្តអស្ចារ្យមែន!អង្គរវត្តអស្ចារ្យមែន! ៕

និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រា,ថ្ងៃអង្គារ៍១២រោច ខែមិគ្គសិរឆ្នាំកុរ សប្តស័ក ព.ស.២៥៣៩៕

រឿងរាមកេរ្តិ៍សិល្បះបូរាណសម័យនគរភ្នំ

បើយើងនិយាយរឿងរាមកេរ្តិ៍ យើងនិយាយមិនចប់ទេ,គិតជាសៀវភៅ១៤០។យើងស្រាវរាវរកគ្រូណាបងើ្កតមុនក៏មិនឃើញប្រាប់ឈោ្មះ។រឿងនេះបែកមែកធាងផ្ការាប់រយពាន់ច្រើនអនេកឥតគណនា។ខ្លួនខ្ញុំយល់ឃើញថា ប្រហែលសម័យនគរភ្នំសតវត្សរ៍ទី១ម៉េ្លះ។
អ្នកនាង,មាមីង,ព្រះសង្ឃគយគន់មើលរាំពេលណា,តែងចាប់អារម្មណ៍កាយវិការក្និកក្នក់ស្លៀកពាក់ខោអាវសុរងកងកយ៉ាងសង្ហាមកុដខ្លីវែងក្បូរក្បាច់រេរាំលំនាំទន់ភ្លន់ល្វតល្វន់អែនអនឈានថយព័ទ្ធពេនសក្តិសមឥតខ្ទោះគងស្គរស្រឡៃបន្ទរបំពងសំឡេងតាមឧគ្ឃោសនស័ព្ទឮគ្រលួចអណែ្តតទៅលើនភាល័យថ្លែងពីមេនំមេនាង មុខមាត់ប្រិមប្រិយស្រស់បំព្រងសម្រស់គួរស្រឡាញ់។មើលទៅក្រុងរាពណ៍ វៃយរាពណ៍ ឥន្ទជិត,ពិភេក,សុគ្រីព,ហនុមាន,ព្រះរាម,ព្រះលក្ខណ៍, ។ល។ក្បាលមានវែងខ្លីដំបងកាំបិតច្រូងច្រាងពេលប្រយុទ្ធម្តងៗ។
នេះហើយជាប្រពៃណីរបស់ជាតិខែ្មរ ពីសម័យព្រេងនាយដូនតាយើង,ត្រូវនឹកដល់សម័យអង្គរដ៏បវរអស្ចារ្យសតវត្សរ៍ទី៩៕


និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រា,ជាព្រះចៅអធិការវត្តដីក្រហម ថៃ្ងសៅរ៍១កើត ខែមិគ្គសិរ ព.ស.២៥៣៥៕

ព្រះវិហារវត្តខែ្មរ

វត្តខែ្មរមានព្រះវិហារគ្រប់វត្តសំរាប់ព្រះសង្ឃធើ្វសង្ឃកម្មគ្រប់យ៉ាងតាមវិន័យបញ្ញត្តិនៃព្រះជិនស្រី។យើងទាំងឡាយក្រឡេកមើលពីចម្ងាយឃើញកំពូលត្រីសូល៍ព្រះវិហារខ្ពស់ត្រដឹមលើដំបូលគ្រឹះទាំងបីប្រក់ក្បឿងក្រហមឆ្អៅបិទតភ្ជាប់ដាក់នាគ,ជហ្វា,ដងក្តា,សន្ទះទឹក,ក្រវេចក្រវៀនព័ទ្ធពេនសក្តិសមតាមបចេ្ចកទេសសម័យដើមអង្គរដ៏បវរអសា្ចរ្យ សតវត្សរ៍ទី៩,ទី១២។
ឯលើដំបូលគ្រឹះទាំងបី យើងមើលឃើញនាគអើតករហង់ គ្រឹះសំយាបសសរទាំងអស់កិន្នរឈរយ៉ាងសង្ហាពើតទ្រូងទៅមុខដោះក្បំណែនគូថទែនទយលយមកក្រោយមុខមាត់ផាត់ម្សៅញញឹមប្រិមប្រិយ។សសរកាច់ជ្រុងទាំងបួនទិសគ្រុឌឈរជាន់លើស្មាយក្សទាំងសាងខាងលៀនអណ្តាតឃើញធេ្មញសស្គុសធ្វើភែ្នកភ្លឺះៗគួរឲ្យអាណោចអាធ័មពេក។
លុះយើងដើរចូលទៅក្នុងព្រះវិហារ ឃើញព្រះពុទ្ធរូបច្រើនព្រះអង្គគង់ជាជួរលើបល្ល័ង្កបែរព្រះភ័ក្រ្គទៅទិសបូព៌ាមានមួយព្រះអង្គរាងធំវាយព្រះភ្នែនពែនព្រះបាទចំកណ្តាល ព្រះភ័ក្រ្គញញឹមប៉ប្រិមអង្គហ្នឹងហើយថាព្រះជីវ៍។គេពិនិត្យមើលឃើញថ្មខណ្ឌសីមាគ្រប់ប្រាំបីទិសនឹកថាឱ! ព្រះវិហារនេះសង្ឃបានបញ្ចុះសីមាហើយតើ! សាធុ! សាធុ!

និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ជាព្រះចៅអធិការវត្តដីក្រហម ថៃ្ងច័ន្ទ ៦រោចខែបុស្ស ព.ស.២៥៤៤,ត្រូវននិងថៃ្ងទី១៥/០១/២០០១៕

រឿងព្រះពុទ្ធនិងព្រះរាជាក្រុងសាវត្ថី

ថៃ្ងមួយព្រះពុទ្ធនិងសេ្តចបសេនទិកោសលជាព្រះចៅក្រុងសាវត្ថី,បានជួបសំណេះសំណាលរឿងប្រទេសជាតិអំពីជីវភាពរស់នៅរបស់ប្រជាជន។ព្រះអង្គទ្រង់ត្រាស់ពន្យល់ព្រះរាជាឲ្យកែទម្រង់ប្រព័ន្ធយុត្តិធម៌និងសេដ្ឋកិច្ចប្រទេស។
ព្រះសាស្តាទ្រង់ក្រើនរំលឹកព្រះរាជាសាជាថ្មីម្តងទៀតថា បពិត្រមហារាជ! ការធើ្វទុក្ខបុកមេ្នញដល់រូបកាយការធើ្វទារុណកម្មការចាប់ដាក់គុកច្រវាក់ ខោ្នះឃ្នាងនិងការប្រហារជីវិតពុំមែនជាដំណោះស្រាយសំរាប់បញ្ចប់អំពើឱក្រិដ្ឋកម្មបានទេអំពើឱក្រិដ្ឋកម្មនិងអំពើឃោរឃៅចេញមកពីសេចក្តីសេ្រកឃ្លាននិងភាពទីទ័លក្រ។មធ្យោបាយសំខាន់បំផុតសំរាប់ជួយឧបត្ថម្ភនឹងជួយការពារសន្តិភាពដល់ប្រជាពលរដ្ឋនោះមានតែខំកសាងសេដ្ឋកិច្ចជាតិឲ្យបានចំរើនរ៉ឹងមាំប៉ុណោះ។
បពិត្រមហារាជ!ការចាំបាច់ណាស់ដែលផ្តល់ ម្ហូប,អាហារ,ថ្នាំ សង្កូវ គ្រាប់ពូជនិងជីរឲ្យដល់កសិករក្រីក្រល្មមរស់នៅទីពឹងខ្លួនឯងកើត។ផ្តល់ការបុលខ្ចីប្រាក់ទុនអំពីរដ្ឋតាមការកំណត់ផ្តល់ប្រាក់ជំនួយដល់អ្នកធើ្វការមិនកើតដូចជាជនពិការនិងចាស់ជរានឹងជួយឲ្យរួចខ្លួនការបង់ពន្ធដារចំពោះអ្នកក្រតោកយ៉ាករខេករខាកយ៉ាប់យ៉ឺនឯការបង្ខិតបង្ខំនិងជិះជាន់សង្កត់សង្កិនដល់កម្មករនិងកសិករត្រូវបញ្ចប់ជាកំហិត។យើងត្រូវបើកសិទ្ធិឲ្យប្រជាពលរដ្ឋជ្រើសរើសការងារទាំងឡាយដោយសេរី។ផ្តល់ឱកាសគ្រប់គ្រាន់សំរាប់អប់រំវិជ្ជាជីវះប្រជាពលរដ្ឋដើម្បីប្រកបមុខរបរនឹងធើ្វនូវជំនួញណាដែលគេឡាញ់ចូលចិត្ត។
ម្យ៉ាងទៀតត្រូវដឹងថានយោបាយសេដ្ឋកិច្ចត្រឹមត្រូវ,ត្រូវតែពឹងទាំងស្រុងទៅលើសមត្ថភាពនឹងការចូលរួមអំពីសំណាក់អ្នកស្ម័គ្រចិត្តផង។
ព្រះអានន្ទដែលគង់ស្តាប់ការពិភាក្សារវាងព្រះរាជានិងព្រះសាស្តាក្នុងពេលនោះកំពុងកត់ត្រាទុករឿងនយោបាយនិងសេដ្ឋកិច្ចក្នុងសូត្រមួយឈ្មោះគុតទណ្ឌសូត្រ៕

និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ជាព្រះចៅអធិការវត្តដីក្រហម ថៃ្ងច័ន្ទ១០រោច ខែបុស្សឆ្នាំមមីចត្វាស័ក ព.ស.២៥៤៦, ត្រូវនិងថ្ងៃទី២៧/០១/២០០៣ ៕

គណះប្រតិភូសង្ឃខេត្តត្រាវិញ

ព្រះសង្ឃខែ្មរ៦អង្គបាននិមន្តទៅធើ្វទស្សនកិច្ចអង្គរវត្ត ដោយបានទទួលទិដ្ឋាការ(លិខិតឆ្លងដែន)ពីរដ្ឋទាំងពីរ(វៀតណាមនិងខែ្មរ)។យើងចេញតំណើរពីខេត្តត្រាវិញថៃ្ងទី២៣/០៤/៩៨ ឆ្ពោះទៅកាន់រាជាណាចក្រកម្ពុជាសម្រាកក្រុងភ្នំពេញមួយយប់ព្រឹកឡើងធើ្វតំណើរទៅនគរវត្ត ចម្ងាយផ្លូវពីភ្នំពេញទៅនគរវត្ត៣៣០គីឡូម៉្រែត។
ព្រះសង្ឃយើងចូលមើលអង្គរខំគយគន់អស់ពីកម្លាំងកាយកម្លាំងចិត្តមិនប៉ប្រិចភែ្នក ឃើញក្បូរក្បាច់រចនាស្រស់បំព្រងឥតខ្ទោះ តាំងពីបាតធារដល់ត្រីសូល៍ វិស្វករជំនាន់នោះប៉ិនប្រសប់វៀងវៃអាចបង្អូសដែកឲ្យរត់លើផ្ទាំងថ្មដាច់ទៅជាចម្លាក់ផេ្សងៗបាន។
បូរាណប្រាប់យើងថាឲ្យញញឹមបែបអង្គរយើងខំពិនិត្យគយគន់មើលឃើញអញ្ជឹងមែន មានព្រះពុទ្ឋរូបមួយអង្គទ្រង់ឈរក្នុងអាគារអង្គរតូចកំពស់ប្រហែល៣ម៉្រែតបែរព្រះភ័ក្រ្តមកទិសឧត្តរទ្រង់ញញឹមប៉បិ្រមបិទព្រះឱស្ឋ ព្រះនេត្រសំឡឹងមួយជួរនឹម នោះហើយហៅថាញញឹមបែបអង្គរ។
ចំណងជើងបានប្រាប់យើងថាអង្គរធំបានកសាងក្នុងសតវត្សរ៍ទី៩ ឯអង្គរតូចបានកសាងក្នុងសតវត្សរ៍ទី១២៕

និពន្ធដោយព្រះកេសរវិរយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ
ថៃ្ង អង្គារ៍១១រោចខែ បុស្ស ព.ស.២៥៤២,ត្រូវនឹងថៃ្ង ទី១២/០១/១៩៩៩៕

វត្តខែ្មរនៅខេត្តត្រាវិញ

ខេត្តត្រាវិញមានវត្តខែ្មរចំនួន១៤១វត្តុ។ភិក្ខុសាមណេរតែងបួសរៀនពុទ្ធបរិស័ទខែ្មរធើ្វបុណ្យឲ្យទានជាប់សែស្រឡាយពូជអម្បូរពីដូនតាមក។គោលបំណងខែ្មរមានពីរយ៉ាងគឺះ១បួសរៀន ២ធើ្វបុណ្យឲ្យទាន។ទស្សនះព្រះសង្ឃខែ្មរនិងគ្រហស្ថមានភាពស្លូតបូតសិក្សាសូត្ររៀនតាមពុទ្ធវចននៃព្រះជិនស្រី ប្រតិបត្តិធ៌មវិន័យតាមម៌ាគាដ៏សុចរិត្តដ៏យុត្តិធម៌ជានិច្ចនិរន្តរ៍។ជាតិខែ្មរយើងបើមានទាស់ទែងខែ្វងគំនិតប៉ះទង្គិចប្រេះឆាតិចច្រើនតែបបួលគ្នាចូលវត្តរកព្រះសង្ឃជួយជំនុំជំរះឲ្យមានសាមគ្គីធម៌ឡើងវិញ បើមិនទាន់អស់ពីចិត្តគេបបួលគ្នាឡើងទៅព្រះវិហារអុចទៀនធូបស្បថមុខព្រះជីវ៍ទៀត។ខែ្មរចាស់កេ្មងតូចធំមិនចូលចិត្តទៅរកតុលាការទេ ព្រោះខែ្មរមិនស្ទាត់ជំនាញច្បាប់ព្រហ្មទណ្ឌទាំងមិនចេះច្បាប់រដ្ឋធម្មនុញទៀត។ខែ្មរសម្បុរខៅ្មពេញធើ្វស្រែចំការ ចបជំនីកជីកគាស់កាយទប់ទំនប់ដីរែកលីខ្លួនខៅ្មរលីងរលើបរលង់។ត្រូវកំដៅថៃ្ងញើស ហូរសស្រាក់ចេញពីអាត្ម័ន ខោខ្លីដួនកណ្តាច់ ដងចបធើ្វពីកូនប្ញស្សីថាំ្នងញឹក ក្រហមរលោងដេញស្រមោល ដោយការស្ទាបអងែ្អលរាល់ថៃ្ង យូរៗអ្នកកសិករសោ្តះទឹកមាត់ដាក់លើបាតដៃម្តងផ្សើមដងចបកុំឲ្យ ស្ងួតពេកពងក្រយៅដៃ។អ្នកកសិករខែ្មរជក់បារីកណ្តាលវាលស្រែមួរបារីនិងស្លឹកចេក ស្លឹកសងែ្ក ស្លឹកជ្រនៀងនិងដាស់ចិនចរ ពេលស្រេកទឹកកសិករខែ្មរផឹកទឹកស្រែតែម្តង។
ខ្ញុំនឹកអាណិតជាតិខែ្មរណាស់!មិនចេះរករឿងរ៉ាវក្តីក្តាំនឹងជាតិណាទេ ប្រាថ្នាតែសុខក្នុងជីវភាពរស់នៅសព្វថ្ងៃ។បើបានក្តីក្តាំវិញខែ្មរខ្ញុំច្រើនតែចាញ់ដោយ ស្មារតីខែ្មរគិតនឹកថា (ចាញ់បានជាព្រះ ឈ្នះបានជាមារ)

និពន្ធដោយព្រះ កេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ជាព្រះចៅអធិការវត្ត ដីក្រហម ថ្ងៃច័ន្ទ ១កើតខែបុស្ស ព.ស.២៥៣៤ ត្រូវនឹងថ្ងៃទី១៩/១១/៩០៕

សង្គាយនាលើកទី៣

ព្រះរាជាព្រះនាមអសោក និងព្រះមោគ្គលិបុត្តតិស្សត្ថេរ បានចាប់ផ្តើមធ្វើសង្គាយនាលើកទី៣ ក្នុងវត្តអសោការាម ក្រុងបាតលិបុត្តប្រទេសឥណ្ឌា។
ក្រោមការឧបត្ថម្ភរបស់ព្រះបាទធម្មាសោកមានចំនួនព្រះភិក្ខុសង្ឃចូលរួមសន្និបាត១.០០០អង្គ ក្នុង ព.ស.២១៨,ធ្វើអស់រយះកាល៩ខែទើបសំរេច។
សង្គាយនារួចហើយ បានឯកភាពបញ្ជូនសមណទូតទៅផ្សាយធម្មវិន័យលើពិភពលោក៩ប្រទេសគិតជា១០ព្រះអង្គជាមេគណៈមិនបានគិតកូនសិស្សទៅតាមផងទេ។ ឯពីរព្រះអង្គត្រូវចុះមកជ្រោយសុវណ្ណភូមិឬអាស៊ីភាគអគ្នេយ៍យើងនេះ១ព្រះសោណថេរ,២ព្រះឧត្តរថេរ។ ពីរព្រះអង្គនោះវិះតែក្សិណក្ស័យប្រល័យជីពជន្មដោយអ្នកភូមិស្រុកមិនធ្លាប់ឃើញមនុស្សប្រភេទនេះសោះ,គេទាំងឡាយចាប់កាន់ព្រនង់,កាំបិត,ពូថៅ,ស្ន,ប្រុងនឹងសម្លាប់ពីរព្រះអង្គនោះចោលដោយគិតថាអារក្សទឹកខ្មោចបិសាចមកចាប់កូនក្មេងយកទៅស៊ី។ លោកពីរអង្គភ័យតក្កមាស្លើតស្លាំងភាន់គំនិតស្រែកថាអាត្មាអ្នកស្រមណ៍កំណោរស្លៀកស្បង់គ្រងចីពរដោយទឹកអម្ចត់ពណ៌លឿងទុំ អ្នកបួសតាមផ្លូវព្រះពុទ្ធសាសនា។
បើអញ្ចឹងមែន! តើលោកចេះមន្តអាគម ដើម្បីសូធ្យបញ្ចៀសចង្រៃចៃដន្យឧត្បាតបានឬទេ? ចំរើនពរចេះ! អាត្មាភាពនិងជួយការពារភូមិស្រុកឲ្យបានក្សេមក្សាន្តដូចវត្ថុបំណង៕

ថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំមមីចត្វាស័ក ព.ស.២៥៤៦,១៩/០១/២០០៣៕

សមរភូមិវត្តក្រពុំឈូកច្រាលចារុ៍

ព្រះភិក្ខុយឿង សុខ បួសរៀននៅវត្តចារុ៍ ព្រះជន្ម២៥ (កើតឆ្នាំ១៩៥០) ឯព្រះភិក្ខុគឹម សុមន៍ បួសរៀននៅវត្តកោះស្លា ព្រះជន្ម២២(កើតឆ្នាំ១៩៥៣)ព្រះភិក្ខុទាំងពីរអង្គនេះហ៊ានក្លាហានអង់អាចពុះពារមោះមុតចំពោះឧបស័គ្គកាំភ្លើងខ្លីវែងគ្រាប់បែកភ្លើងនិងគ្រាប់បែកផ្សែងចំពុះទុងនិងកាំបិតស្នៀតរបស់ខ្មាំងទ្រឹស្តិស្មូរទុជ៌នឃោរឃៅហ៊ុមព័ទ្ធវត្តចារុ៍ដើម្បីចាប់លោកសង្ឃខ្មែរទៅធ្វើទាហាន។ ព្រះសង្ឃយើងចំនួន១.២០០អង្គ,រួមជាមួយនឹងវត្តនានាមូលមតិគ្នាជាឯកច្ឆ័ន្ទ,កាត់ពុះទំលុះចូលសមរភូមិប្រយុទ្ធយ៉ាងសកម្មក្តៅគគុកគ្មានគ្រឿងយុទ្ធោបករណ៍អ្វីសោះ,សូម្បីតែដែកមួយតឹកក្នុងដៃក៏គ្មានផង,ពោះទទេស្អាតគ្មានបាយមួយគ្រាប់,ដោយឆន្ទះស្នែហាជាតិ-សាសនាហ៊ានពលីសាច់ស្រស់ឈាមស្រស់ក្រហមឆ្អៅ លើថ្លុកឈាមទិសឧត្តរអែបព្រះវិហារវត្តចារុ៍។
ឯសត្រូវជិះជាប់ជាន់លើខ្លួនព្រះភិក្ខុនឹងទ្រនាប់ជើងដែកជាច្រើនគ្នា,វាយកាត់ទម្លុះពុះពារមិនល្បើកសោះរហូតដល់ដំណក់ឈាមចុងក្រោយបំផុត។យើងសំឡឹងមើលគ្រឿងបរិក្ខារទាំងពីរអង្គប្រឡាកប្រឡូសស្រមូញស្រមកពាសពេញគួរឲ្យអាណោចអាធ័មនឹកដល់វិរបុរសដទៃទៀតគ្រប់ជំនាន់។ ឯព្រះសង្ឃយើងត្រូវរបួស១១អង្គគឺធ្ងន់៣,ស្រាល៨,និងពលីជីវិតពីរអង្គទៀត។ ខ្មាំងឈ្លានពានស្លាប់ស័ក្តិពីរកន្លះម្នាក់របួសពីរនាក់។
ហេតុនេះ កុលបុត្តកុលធីតា និងព្រះសង្ឃខ្មែរត្រូវចាប់អារម្មណ៍ថ្ងៃអនុស្សាវរីយ៍ដ៏អស្ចារ្យ គឹថ្ងៃទី២០-២១/០២/៧៥ កុំភ្លេចឱយសោះ៕

ថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំមមីចត្វាស័ក ព.ស.២៥៤៦,១៩/០១/២០០៣៕

រឿងនន្ទកយក្ស

យក្សនោះទទួលភារះយាមមាត់ជណ្តើរវិមានព្រះឥសូរនាភ្នំមួយជិតព្រៃហេមពាន្តដើម្បីលាងជើងទេវបុត្រ,ទេវតា,ឥន្ទព្រហ្មដែលឡើងទៅគាល់ព្រះឥសូររាល់ៗថ្ងៃ។ ទេវតាទាំងឡាយរពឹសដកសក់រលីងដល់គុម្ពត្រចៀកនិងត្បកក្បាលទំពែកឆែកឆក គួរឲ្យអាណិតពេក។ នន្ទកៈអង្គុយយំជានិច្ចកាលគិតថា ឱពុទ្ធោអើយ! អញឡើងទៅគាល់ព្រះឥសូរ សូមឲ្យព្រះអង្គប្រសិទ្ធី ចង្អុលម្រាមដៃឲ្យខ្លាំងពូកែដោយមន្តអាគម។ នន្ទកៈឡើងទៅថ្វាយបង្គំព្រះឥសូររួចរាយការណ៍សព្វគ្រប់ជូនព្រះអង្គៗក៏អាណិតនន្ទកយក្សព្រមប្រសទ្ធីមន្តអាគមឲ្យបានស័ក្តិសិទ្ធិដូចបំណង។ គេថ្វាយបង្គំលាព្រះឥសូរចុះមកយាមមាត់ជណ្តើរដូចមុនទៀត ម្តងនេះគាត់ធ្វើមុខមាត់ញញឹមញញែមរង់ចាំទេវតាឡើងទៅគាល់ព្រះឥសូរដូចមុនទៀតឯទេវលោកត្បកក្បាលនឹងអង្អែលលេងដូចធម្មតានន្ទកះក៏ស្រែកជេរថាយ៉ើកនឯងទាំងអស់មុខជាស្លាប់នឹងដៃអញមិនខានរួចវាចង្អុលម្រាមដៃចំពោះទេវលោកមួយរំពេច ស្លាប់អន្តរាយវិនាសទាំងអស់ឥតសល់មួយ, ថ្លែងពីព្រះឥសូរបានជ្រាបពត៌មានអំពីរឿងនន្ទកយក្សដែលប្រើមន្តអាគមធ្វើឲ្យទេវតាវិនាសទាំងអស់នោះ ព្រះឥសូរក៏ព្រួយបារម្ភ នឹកឃើញថា អញខុសហើយម្លោះហើយព្រះឥសូរក៏រត់ភៀសខ្លួនទៅនៅនគរបាតាលពិភពនាគ៕

ថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំមមែបញ្ចស័ក ព.ស.២៥៤៧,ទី១៩/០១/២០០៤៕

រឿងហង្សនិងអណ្តើក

ហង្សពីរនិងអណ្តើកមួយជាមិត្តភ័ក្តិចិត្តមួយថ្លើមមួយឯកភាពគ្នាល្អណាស់។ថ្ងៃមួយហង្សទាំងពីរបានទៅស្នើជាមួយអណ្តើកថាក្លើអើយ! យើងទាំងពីរគិតពាំនាំឯងទៅដាក់ក្នុងត្រពាំងមួយមានទឹកច្រើនត្រីទៀតសោតក៏ល្មមរស់បាន អណ្តើកឆ្លើយថា យើងទៅណាបាន មាឌតូចជើងខ្លីលូនវាកខ្វេសកខ្វាសយឹតៗទ្រើកៗបែបហ្នឹង។ ហង្សពន្យល់អណ្តើកថាយើងយកកំណាត់ឈើរឹងប៉ឹងមាំមួនមួយកំណាត់យើងទាំងពីរនាក់ខាំកំណាត់ឈើទាំងសង្ខាងអណ្តើកឯងវិញខាំកំណាត់ឈើត្រង់កណ្តាលឲ្យជាប់តមមាត់កំនិយាយអ្វីឲ្យសោះ។ អណ្តើកក៏ព្រមតាមយោលបល់ហង្ស, ហង្សចាប់អនុវត្តន៍ករណីយកិច្ចរបស់ខ្លួនពាំនាំអណ្តើកទៅដល់មុខព្រលានព្រះបរមរាជវាំងស្តេច ក្មេងក្មាងតូចតាចក្រឡេកមើលទៅលើ ឃើញហង្សពីរពាំអណ្តើកមួយក៏ស្រែកហ៊ោរកញ្ជ្រៀវថា ហង្សពាំអណ្តើកៗល្អមើលមែន។ ឯអណ្តើកវិញទប់មាត់មិនជាប់ក៏ស្រែកជេរថា ទើសក្បាលម៉ែឪឯងពីកាលណាអាចំកួត! ស្រាប់តែរបូតមាត់ធ្លាក់មកក្រោមប៉ះទង្គិចនឹងថ្មបែកស្នូកខ្ទេចម៉ត់ដូចជាកន្ទក់ នេះជារឿងមិនតមមាត់ មិនអត់ធ្មត់៕

ថ្ងៃសុក្រ១០រោចខែបុស្ស ឆ្នាំមមែបញ្ចស័ក ព.ស.២៥៤៧ ត្រូវនឹងថ្ងៃទី១៦មករា គ.ស.២០០៤៕

រឿងឃាតកម្មរបស់ភិក្ខុទេវទត្ត

នារសៀលថ្ងៃមួយ ពេលព្រះដ៏មានព្រះភាគកំពុងយាងចង្ក្រមតាមផ្លូវលំមួយលើភ្នំគិជ្ឈកូដ​ស្រាប់តែ​ព្រះអង្គ​ឮសម្រែកខាងក្រោយខ្នងថា គេច!ព្រះអង្គគេច! ដុំថ្មបុកព្រះអង្គឥឡូវនេះហើយ ពេលព្រះអង្គ​ងាកព្រះភ័ក្រ្តទៅក្រោយ,ព្រះពុទ្ធទតឃើញថ្មមួយដុំទំហំប៉ុនរទេះ កំពុងរមៀលមករកព្រះអង្គ។ ព្រះពុទ្ធ​ពិបាកគេចចេញអំពីផ្លូវលំនោះសម្បូរទៅដោយដុំថ្មស្រួចៗរដិបរដុប។តែជាសំណាង​ល្អដុំថ្មធំនោះត្រូវ​បានឃាំងជាប់នឹងផ្ទាំងថ្មពីរដុំទៀតពីខាងក្រោយព្រះអង្គ។កម្លាំងដុំថ្មដែល​ទង្គិចគ្នាឃ្លាំងនោះ​ធ្វើឲ្យ​ខ្ទាតបំណែកតូចៗទៅប៉ះនឹងព្រះបាទព្រះអង្គ។ ព្រះលោហិតបាញ់ចេញអំពីមុខរបួសយ៉ាងខ្លាំង​ធ្វើឲ្យប្រឡាក់ស្បង់ចីពរអស់។ ពេលទតព្រះនេត្រទៅខាងលើកំពូលភ្នំ ស្រាប់តែព្រះពុទ្ធ​ឃើញមនុស្ស​ម្នាក់កំពុងរត់គេចខ្លួនយ៉ាងរហ័ស។ របួសព្រះបាទបានធ្វើឲ្យព្រះសាស្តាឈឺចុកចាប់យ៉ាងខ្លាំង។ ព្រះពុទ្ធត្រាស់ហៅអានន្ទមក “ម្នាលអានន្ទចូរអ្នកប្រើសាមណេរចុន្ទ ទៅអញ្ជើញគ្រូ​ពេទ្យឈ្មោះជីវកះ​ឲ្យមកថែទាំរបួសតថាគតបន្តិចសិន”៕
ថ្ងៃ ចន្ទ ៣រោចខែបុស្ស ឆ្នាំមមីចត្វាស័ក ព.ស.២៥៤៦ ត្រូវនិងថ្ងៃទី២០មករា គ.ស.២០០៣៕

រឿងសុភាទន្សាយអានអាជ្ញាច្បាប់ព្រះឥន្ទ

សត្វទាំងឡាយទ្វេបាទចតុបាទបានព្រមព្រៀងគ្នាបាចស្ទឹងមួយដើម្បីយកត្រីធ្វើជាអាហារ, ត្រីទាំងឡាយខ្លាចញាប់ញ័ររៀងៗខ្លួន, ទៅរកអ្នកប្រាជ្ញម្នាក់មកជួយដោះស្រាយបញ្ហាជីវិត។ គេជំនុំគ្នាជ្រើសរើសបានមួយចំនួនត្រីទៅជួបសុភាទន្សាយរាយការណ៍ជូនអំពីហេតុដែលកើតដល់ត្រីក្នុងស្ទឹងមួយជិតរីងហើយ, ទន្សាយកំពុងអង្គុយអេះក្បាលជ្រងសិតសក់, ស្រាប់តែឃើញត្រីលូនរៀលចូលទៅរកភ្ញាក់ខ្លួនសួរថាកនឯងទៅណាមកណាហ្នឹង?
ខ្ញុំមកជួបលោកធំដើម្បីឲ្យជួយដោះស្រាយជីវិតដែលស្លាប់។ អ៊ុញហ្ន៎!មិន
អីទេរឿងកំប៉ិកកំប៉ុកប៉ណ្ណេះ, កុំបារម្ភអីឯងទៅរកចេកទុំមួយស្និតមកឲ្យអញស៊ីទ្រាប់បាតពោះសិន កុំឲ្យវារុករើពេកទន្សាយនិងត្រីស្របគ្នាជាឯកច្ឆ័ន្ទ ទៅដល់ស្ទឹងដែលកំពុងកើតចលាចល។
សុភាទន្សាយលោតផ្លោះទៅទីស្ងាត់, ឡើងដើមអំពូមួយបេះស្លឹកអំពូដង្កូវស៊ីធ្លុះធ្លាយមួយក្តាបធំ, រួចឡើងទៅឈរលើឈើខ្ពស់ត្រង់ស្ទឹងកើតហេតុ, ប្រកាសប្រាប់ថាត្រូវស្ងាត់មាត់ចាំស្តាប់សំបុត្រព្រះឥន្ទដាក់អាជ្ញាច្បាប់ឲ្យសត្វគ្រប់គ្នាដូចតទៅ; កាច់ជើងត្រុំ,ផ្សំនិងជើងអក កាប់ក្បាលចចក ដកភ្លុកដំរីសារ។
សត្វទាំងឡាយឮអាជ្ញាច្បាប់ព្រះឥន្ទក៏នាំគ្នាបោលជាន់លើត្រីតូចធំងាប់ពាសពេញលើភ្លឺស្ទឹង។ អ្នកស្រុកនាំគ្នាដើររើសយកត្រីទៅវះងៀតរៀងៗខ្លួន បូរាណប្រាប់យើងថា ងៀតងោងកើតពីត្រឹមនោះមកដល់សព្វថ្ងៃនេះឯង៕

ថ្ងៃអង្គា១១រោចខែបុស្ស ព.ស.២៥៤៥,ត្រូវនិងថ្ងៃទី៨ខែវិច្ឆិកាគ.ស.២០០០៕

រឿងខ្លាចាស់ចាំសីល

ខ្លាមួយចាស់ស្គាំងស្គមទ្រេតទ្រោតធ្មេញនិងត្រចករេចរិលណាស់ទៅហើយ, ពួនសម្ងំដេកជិតមាត់ស្រះធំមួយថ្ងូរថាឱ! ខ្លួនអញអើយឃ្លានស្រេកអីម្ល៉េះទេ, បើយ៉ាងនេះមុខជាក្សិណក្ស័យជីពជន្មមិនខានឡើយ បន្តិចមកស្រាប់តែឃើញមនុស្សម្នាក់ដើរទ្រេតៗមកចំផ្លូវដែលខ្លាពួននោះគេប្រើកលល្បិចសួរថាទៅណាមកណាម្នាក់ឯង, មកយកកងមាសល្អឱភាសស័ក្តិសមពីយើងមួយចុះ។ ឯបុរសល្មោភពុំប្រមាណចិត្តសែនសប្បាយនឹកគិតម្តងបារម្ភព្រោះខ្លាចមានពុតត្បុតខាំមនុស្សស៊ីជាចំណី, គ្មានមេត្តាធម៌ដល់មនុស្សលោកឡើយ។ ខ្លាដឹងថាមនុស្សនេះនៅខ្លាចអញតើ! កុំខ្លាចអី! យើងពីកម្លោះលោតផ្លោះស្វះស្វែងរកស៊ីមនុស្សឥតស្ញែង ហេតុនោះហើយផលអាក្រក់លាមកអប្រិយ, ប្រពន្ធកូនស្លាប់ចោលអស់រលីងកំព្រាត្រមង់ត្រមោចតែម្នាក់ឯង។ឥឡូវវ័យចាស់ជរាខាំចេករបូត, ខាំពូតរលីងនឹកដល់ធម៌អាថ៌ដែលតាបសឥសីប្រៀនប្រដៅឲ្យប្រព្រឹត្តល្អ។ព្រឹកមិញនេះខ្ញុំចុះងូតទឹកលាងបាបរួចហើយ, ខំប្រព្រឹត្តធម្មាជាដរាប។ ឯងកុំភ័យអ្វីត្រូវចុះងូតទឹកស្រះជម្រះអង្គប្រាណឲ្យស្អាតសិនតាមក្បួនច្បាប់ព្រាហ្មណ៍បុរសនោះចុះជម្រះខ្លួនក្នុងស្រះឈរលើថ្មផុងកប់ភក់ដល់ភ្លៅដូចគេដោតជាប់ប្រឹងរើពុំរួចសោះ។
ខ្លាលបមើលឃើញដូច្នេះគិតថា យ៉ាលាភអញសម្បើមណាស់លោតចុះចាប់ឱបខ្ទប់ថ្មដាក្សិណក្ស័យជីវ៉ាបរិភោក្តាទៅហោង៕

និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ជាព្រះចៅអធិការវត្តដីក្រហម ថៃ្ងច័ន្ទ ៦រោចខែបុស្ស ព.ស.២៥៤៤,ត្រូវននិងថៃ្ងទី១៥/០១/២០០១

រឿងកុកចាស់ចាំសីល

កុកចាស់មួយប្រើកលល្បិចឈរសំកុកប៉ប្រិចភ្នែកភ្លឹះៗជិតត្រពាំងទឹកមួយ។ មានត្រីមួយប៉ិនប្រសបហែលទៅជិតកុកនោះសួរថា កុកអើយយើងឃើញតែឈរមិនឈើញចឹកត្រីស៊ីសោះ ? យើងស៊ីដែរតែត្រីងាប់ស្រាប់ព្រោះយើងកាន់សីល។ ឯត្រីនោះថយបកក្លែងខ្លួនជាត្រីងាប់បណ្តែតទៅជិតកុកម្តងទៀតកុកឈើញភ្លាមចឹកព្រឹបត្រីរលាស់កន្ទុយវិចៗកុកទម្លាក់ត្រីពីមាត់ដាក់ចុះត្រពាំងទឹកវិញ ។ កុកប្រាប់ត្រីទាំងឡាយថាត្រពាំងនេះជិតរីងទឹកហើយ ពួកឯងទាំងអស់ត្រូវងាប់ពុំខាន អញចង់នាំពួកឯងទៅដាក់ត្រពាំងទឹកឯណោះ មានអាហារបរិបូណ៌រស់បានយូរ។ ពួកឯងយល់ព្រមឬទេ ? ត្រីខ្លះជឿខ្លះមិនទាន់ជឿទេ។ កុកចាប់អនុវត្តន៍ចំពោះត្រីណាជឿទៅមុនដាក់ក្នុងត្រពាំងទឹកច្រើនរួចពាំត្រីត្រពាំងទឹកច្រើនមកដាក់ត្រពាំងទឹកតិចវិញ ដើម្បីឃោសនាកលល្បិច ឯត្រីដែលកុកពាំមកដាក់ត្រពាំងទឹកតិចនោះ ចាប់ផ្តើមឃោសនាអួតថា ស្រួលមែនចំណីគ្រប់យ៉ាង។ឯកុកចាប់អនុវត្តន៍ត្រីណាដែលជឿពាំនាំទៅមុនឈរលើដើមរកាមួយដើមជិតត្រពាំងទឹកផ្តើមចឹកត្រីស៊ីលើដើមរកាចេញអាចម៍សស្គុះក្រោមដើមរកាចឹកត្រីអស់មួយត្រពាំងនៅសល់តែក្តាម។ កុកនិយាយនិងក្តាមថាក្លើអើយ!ឯងត្រូវតែងាប់ដូចត្រីដែរ។ បើឯង ចង់រស់នៅតាមអញ។ក្តាមឆ្លើយថាទៅម៉េចកើតម្រាមប្រាំបីនឹង
ដង្កៀបពីរទៀតពាំអញម៉េចកើត? កុកឆ្លើយថា ដង្កៀបឯងពីរត្រកៀវកអញម្រាមឯងប្រាំបីតោងឲ្យជាប់លើស្មាអញកុំខ្លាចអី? ក្តាមស្របតាមយោបល់កំហិលរបស់កុក ។ កុកពាំក្តាម ទៅឈរលើដើមរកា ក្តាមក្រឡេកឃើញជុំវិញដើមរកាឃើញស្រកាត្រីពាសពេញលើធរណី។ ក្តាមឃើញហេតុយ៉ាងនេះ នឹកថាការណ៍នេះមិនស្អាតទេ ថ្ងៃអន្សាអញដល់ហើយតើ! ក្តាមប្រើដង្កៀបគៀបកកុកយ៉ាងតឹងណែន។ កុកអង្វរក្តាមថា បន្ថូរអញបន្តិចសិន សឹមចុះទៅត្រពាំងទឹក ក្តាមឆ្លើយយ៉ាងតឹងថា បន្ថួរមិនបានទេ កុកស៊ូទ្រាំនឹងក្តាមមិនបានសោះ។ ស្របតាមក្តាមចុះដល់ទឹកជ្រៅស្លាប់តាយហោងក្នុងត្រពាំងធំនោះឯងហោង។
កលល្បិចបោកប្រាស់ទាំងអស់ប្រយោលក្តី ផ្ទាល់ក្តីមិនមែនសុទ្ធតែឈ្នេះទាំងអស់ទេ ពេលខ្លះត្រូវបរាជ័យដូចរឿងកុកនោះឯង ៕
និពន្ធដោយ ព្រះកេសរវិនយោ មហាត្រឹង យន់ សមេ្តចព្រះមេគណខេត្តត្រាវិញ,ជាព្រះចៅអធិការវត្តដីក្រហម ថៃ្ងច័ន្ទ ៦រោចខែបុស្ស ព.ស.២៥៤៤,ត្រូវននិងថៃ្ងទី១៥/០១/២០០១

អត្ថបទពេញនិយម

សមាជិក