Social Icons

Showing posts with label សាសនា. Show all posts
Showing posts with label សាសនា. Show all posts

14 January 2011

អំពីការបកសករាជ

អំពីការបកសករាជ
១- សំនួរ .- ព្រះធម្មកថិកលោកអ្នកសំដែងធម៌ទេសនាគ្រប់អង្គមុននឹងចាប់ផ្ដើមសំដែងធម៌ លោកតែងតែមកសករាជសិន ចុះពាក្យថា "បកសករាជ" នេះតើប្រែថាម៉េច ?
១- ចម្លើយ .- ប្រែថា "ប្រាប់សករាជ" គឺប្រាប់ថ្ងៃ - ខែ - ឆ្នាំ ។
២- ស .- ម៉េចក៏លោកចាំបាច់ប្រាប់ថ្ងៃ - ខែ - ឆ្នាំទៀត បើមានច្បាប់ប្រតិទិនដែលគេបោះពុម្ពផ្សាយជាច្រើន ពេញស្រុកទេសហើយ, ដែលលោកប្រាប់នោះតើ ដោយលោកប្រាថ្នាយកហេតុប៉ុន្មានយ៉ាង ?
២- ច .- បានជាលោកប្រាប់ថ្ងៃ - ខែ - ឆ្នាំនោះ ដោយលោកប្រាថ្នាយកហេតុ ២ យ៉ាងគឺៈ
ក .- ដើម្បីប្រកាសគុណនៃព្រះពុទ្ធសាសនាឲ្យពួកពុទ្ធបរិស័ទកើតសទ្ធាជ្រះថ្លាយល់ឃើញជាមុនថា សាសនារបស់ព្រះពុទ្ធជាម្ចាស់នោះ សូម្បីព្រះអង្គបរិនិព្វានទៅយូរអង្វែងរាប់ពាន់ឆ្នាំហើយ ពាក្យប្រៀនប្រដៅរបស់ព្រះអង្គដែលហៅថាសាសនា ក៏គង់តែមាននៅស្ថិតស្ថេរចេរកាលមកជាប្រាកដដល់សព្វថ្ងៃនេះ មិនបាត់បង់ទៅឯណា បើប្រសិនជាព្រះពុទ្ធសាសនាគ្មានផលប្រយោជន៍ ដល់អ្នកដែលរាប់អានប្រកាន់ប្រតិបត្តិតាមទេ ម្ល៉េះសមព្រះពុទ្ធសាសនាអន្ដរអានសាបសូន្យបាត់បង់ទៅជាយូរយារណាស់មកហើយ មិនមែនគង់ទ្រង់នៅរហូតមកដល់សព្វថ្ងៃនេះទេ អ្នកដែលកើតមកខាងក្រោយមុខជាខានបានជួបប្រទះនឹងព្រះពុទ្ធសាសនា ព្រោះគ្មានអ្នកណានាំត ៗ គ្នាមក ប៉ុន្តែបានជាមិនបាត់បង់ទៅដូច្នោះ ព្រោះព្រះពុទ្ធសាសនាឲ្យផលប្រយោជន៍ដល់អ្នកប្រតិបត្តិតាមគ្រប់យុគគ្រប់សម័យ ធ្វើឲ្យអ្នកប្រតិបត្តិតាមសម្រេចផលប្រយោជន៍តាមសមគួរដល់សេចក្ដីប្រតិបត្តិរបស់ខ្លួន ហេតុនេះបានជានាំគ្នាប្រកាន់ត ៗ មកតាមលំដាប់រហូតដល់សព្វថ្ងៃនេះ កាលបើពួកពុទ្ធបរិស័ទយល់ឃើញដូច្នេះហើយ មុខជារនឹងតាំងចិត្តថា គួរតែអាត្មាអញប្រកាន់រាប់អានប្រតិបត្តិព្រះពុទ្ធ-សាសនាតទៅទៀតតាមកំឡាំងរបស់ខ្លួន ដើម្បីឲ្យបានជាប្រយោជន៍ដល់ជនអ្នកកើតមកខាងក្រោយទៀត ។
ខ- ដើម្បីឲ្យពួកពុទ្ធបរិស័ទអ្នកបានស្ដាប់ធម៌ទេសនាហើយកើតសេចក្ដីសង្វេគតក់ស្លុតចិត្តគិតដល់​អាយុសង្ខារបស់ខ្លួនថា អាត្មាអញដែលបានរួចរស់ជីវិតនៅរហូតមកដល់ថ្ងៃដែលបានស្ដាប់ធម៌នេះ រាប់អានចំនួនប៉ុន្មានឆ្នាំហើយ ក្នុងឆ្នាំដែលកន្លងរំលងមកហើយទាំងប៉ុណ្ណោះ អាត្មាអញ​បានធ្វើប្រយោជន៍ខ្លះដែរឬទេ បើនឹករឭកឃើញថា ខ្លួនអញបានធ្វើប្រយោជន៍រួចខ្លះ​មកហើយ ឬដឹងថាកំពុងតែធ្វើ មុខជានឹងខំធ្វើបន្ថែមឲ្យរឹតតែច្រើនឡើងទៀត មិនហ៊ានបណ្ដែតបណ្ដោយឡើយ ព្រោះយល់ឃើញ​ថា ថ្ងៃ ខែ ឆ្នាំដែលកន្លងទៅនោះ មិនមែនកន្លងទៅតែឯងទេ អាយុជិវិតរបស់អាត្មាអញ ក៏កន្លងទៅជាមួយផងដែរ បើដឹងថាខ្លួនខ្លួនមិនបានធ្វើប្រយោជន៍អ្វីសោះ មុខជានឹងខំប្រឹងធ្វើយ៉ាងរួសរាន់ មិនហ៊ានបង្អែបង្អង់ឡើយ ។ មួយទៀត នឹងយល់ឃើញថា ព្រះពុទ្ធសាសនាដែលបានគង់នៅហើយចំរើនរុងរឿងរហូតមកដល់សព្វថ្ងៃនេះ ដោយសារតែអាស្រ័យបុព្វបុរសអ្នកមុន ៗ បានប្រតិបត្តិរក្សាត ៗ គ្នាមក ឯអាត្មាអញមានអាយុរស់នៅ​ដរាបមកដល់ថ្ងៃនេះហើយ មិនទាន់បានប្រតិបត្តិសិក្សាព្រះពុទ្ធសាសនានៅឡើយសោះ បើដូច្នេះគួរតែអញតាំងចិត្តនឹងប្រតិបត្តិសិក្សាព្រះពុទ្ធ-សាសនាឲ្យបានមាំមួនតទៅ បើដឹងថាខ្លួន​ជាអ្នកធ្លាប់បានប្រតិបត្តិសិក្សាព្រះពុទ្ធសាសនាពីកាលមុនមកខ្លះហើយ មុខជាខិត​ខំធ្វើប្រតិបត្តិ​ឲ្យទ្វេច្រើនឡើងលើសមុខទៅទៀត កាលបើពួកពុទ្ធបរិស័ទ​បានពិចារណា​ឃើញយ៉ាងនេះហើយ ចិត្តក៏នឹងកើតសទ្ធាជ្រះថ្លាក្នុងសាសនធម៌ពាក្យប្រៀនប្រដៅ​របស់ព្រះបរមសាស្ដា ហើយនឹងមានចិត្ត​សំវេគតក់ស្លុតដល់អាយុសង្ខារបស់ខ្លួន នឹងធ្វើខ្លួនឲ្យសមគួរដល់ការស្ដាប់ធម៌តទៅ ។
ព្រោះហេតុតែលោកជាធម្មកថិកប្រាថ្នាប្រយោជន៍ទាំង ២ ប្រការដូចបានឆ្លើយមកនោះឯងហើយ បានជាមុននឹងសំដែងធម៌ទេសនា លោកតែងតែបកសករាជសិន ដោយសេចក្ដីសង្ខេបឬពិស្ដារ ទោះបីអ្នកស្ដាប់កំណត់ចាំថ្ងៃ - ខែ - ឆ្នាំជាអតីតអនាគតនឹងបច្ចុប្បន្នបានក្ដី មិនបានក្ដី ក៏លោកចេះតែប្រាប់ដែរ ។ ហេតុនេះបានជាព្រះធំ្មកថិកតែងតែបកសករាជមុនទេសនាជាប់ជាទំនៀមទម្លាប់ត ៗ គ្នាមករហូត​ដល់សព្វថ្ងៃនេះ ។
សរុបសេចក្ដីឲ្យខ្លីថា អ្នកដែលបានស្ដាប់លោកបកសករាជ​ហើយ អាចនឹងញ៉ាំងចិត្តកើតសទ្ធាជ្រះថ្លា​ក្នុងគុណព្រះពុទ្ធសាសនា ១ យ៉ាង ដើម្បីនឹងញ៉ាំងចិត្តឲ្យកើតសំវេគតក់ស្លុតដល់អាយុសង្ខាររបស់ខ្លួន ១ យ៉ាង រួមជា ២ យ៉ាងដូច្នេះឯង ។
៣- ស .- ចុះក្នុងប្រទេសកម្ពុជាមានប្រើសករាជប៉ុន្មានយ៉ាងក្នុងសម័យបច្ចុប្បន្ននេះ (គ. ស. ១៩៥២) ?
៣- ច .- មានប្រើសករាជ ៤ យ៉ាងគឺ ពុទ្ធសករាជ ១ គ្រឹស្ដសករាជ ១ មហាសករាជ ១ ចុល្លសករាជ ១ ។ ឯសករាជទាំង ៤ យ៉ាងនេះ មានដើមកំណើតកើតនៅប្រទេសណា មានការកំណត់រាប់ប្លែក​គ្នាយ៉ាងណា នោះនឹងមានសេចក្ដីអធិប្បាយក្នុងសៀវភៅកម្ពុជសុរិយាខ្សែខាងមុខឯណោះ ។

ចប់
ឃុនបណ្ណានុរក្ស ប៊ូ - ប៉ូ នៅពុទ្ធសាសនបណ្ឌិត្យ ប្រែរៀបរៀង

13 October 2010

និយមន័យសាសនា

និយមន័យសាសនា
  • ពាក្យថា សាសនា មកពីភាសាសំស្ក្រឹតថា សាសន័ម បើភាសាបាលី ថា សាសនំ តាមរូបសព្ទ​មានន័យថា ពាក្យប្រៀនប្រដៅ ដំបូន្មាន ឱវាទសំបុត្រ ពាក្យផ្ដាំផ្ញើជាអាទិ ។ ភាសាអង់គ្លេសប្រើ​ពាក្យថា Relogion សព្ទដើមមកពីភាសាឡាតាំងថា Religis ។ ពាក្យនេះ ភាសាវិទូ​បានសន្និដ្ឋាន​ថា​មកពី​ពាក្យពីរម៉ាត់គឺ Religere ប្រែថា ប្រតិបត្តិចំពោះ បដិបត្តិចំពោះ ឬការទាក់ទងដោយសេចក្ដី​ប្រុងប្រយ័ត្ន និងពាក្យថា Religare ដែលប្រែថា ពន្ធៈ ចំណង ការពាក់ពាន់។
    ដូច្នេះ ពាក្យថា Relogion ទើបមានអត្ថន័យតាមរូបស័ព្ទថា ការប្រតិបត្តិចំពោះ ការពាក់ពាន់​ យ៉ាងណា​ក៏ដោយ ការពិចារណាតាមរូបស័ព្ទតែម្យ៉ាងមិនអាចសរុបសេចក្ដីទាំងមូលឲ្យត្រឹមត្រូវតាម​សភាវពិតនៃសាសនាបានឡើយ ។ ការសិក្សានិយមន័យដែលអ្នកប្រាជ្ញផ្នែកខាងសាសនា លោក​បាន​កំណត់ទុកមកមានលក្ខណៈ​ខុសប្លែកពីគ្នា, ទាំងនេះក៏ព្រោះចង់បញ្ជាក់ឲ្យច្បាស់ទៅតាម​បរិដ្ឋាន​​ជុំវិញ​នៃសាសនានីមួយ ៗ ។
    1. Max Miller សង្កត់ធ្ងន់ទៅលើពុទ្ធិប្បញ្ញា (Intellect) ពោលថា សាសនា គឺសមត្ថភាពឬ​អនុភាពខាងចិត្តិវិស័យ ដែលប្រាស់ចាកផោដ្ឋព្វារម្មណ៍​ ឬហេតុផល អាចនាំឲ្យបុគ្គល​ប្រតិបត្តិបន្លុះ​ដល់ព្រះចៅដោយព្រះនាមផ្សេង ៗ ។
    2. Immanuel Kant​ ឲ្យតម្លៃទៅលើផ្នែកខាងសីលធម៌ (Moral) ពោលថា សាសនា គឺ​ការ​យល់​ព្រមបំពេញតួនាទីតាមទេវឱង្ការទាំងពួង។
    3. Allen Menes សង្កត់ធ្ងន់ទៅលើការបូជា (Woship) បានពោលថា សាសនាគឺការបូជាចំពោះ​អំណាចដ៏ខ្ពង់ខ្ពស់ដែលខ្លួនមើលមិនឃើញ។
    4. Edward Scribner Ams ស្ដីអំពីសង្គម (Socioty) បានឲ្យនិយមន័យថា សាសនាគឺ ការយល់​ដឹង​នូវតម្លៃនិងអត្ថប្រយោជន៍របស់សង្គម។
    5. G.W. Stratton ឲ្យតម្លៃទៅលើឧត្តមគតិដ៏ខ្ពង់ខ្ពស់ (Supreme Ideal) បានពោលថា សាសនា គឺការនិយមពេញចិត្តទៅលើរឿងលោក,ចក្រវាឡនិងពួកជនដែលមើលមិន​ឃើញ។
    6. Adams Brown ឲ្យតម្លៃទៅលើជីវិត (Life) បានពោលថា សាសនា បានដល់ជីវិតដែលទាក់​ទងជាមួយព្រះអាទិទេព, អ្នកប្រសើរជាមនុស្សធម្មតា។
    7. ព្រះតេជព្រះគុណព្រះសង្ឃបរិនាយក ជោតញ្ញាណោ ជួនណាត សង្កត់ធ្ងន់ទៅលើពាក្យប្រៀនប្រដៅ បានពោលថា សាសនា គឺ “ពាក្យបណ្ដាំ,ពាក្យផ្ដាំផ្ញើ, ពាក្យ​ប្រៀន​​ប្រដៅ, សាសនា,លទ្ធិ, ពាក្យបង្គាប់,ការបង្គាប់បញ្ជា,ដំណឹង,សំបុត្រ,ពាក្យប្រកាស,ការប្រកាស​ប្រាប់,ការជឿស្ដាប់, ការដាក់ទណ្ឌកម្ម, ការផ្ចាលទោស, ការកែរសម្រួល, ការគ្រប់គ្រង” ។
    8. ហ្លួងវិត្រវ៉ាទកាន (หลวงวิจิตรวาทการ) សង្កត់ធ្ងន់ទៅលើអង្គប្រកបរបស់សាសនា ពោលថា ពាក្យប្រៀនប្រដៅដែលចាត់ទុកជាសាសនានោះ ត្រូវប្រកបដោយភាពស័ក្តិសិទ្ធិ៍ មានពាក្យ​ប្រៀនប្រដៅទាក់ទងទៅនឹងចរិយធម៌, មានសាស្ដា, មានអ្នកប្រតិបត្តិនិងទំនុក​បំរុងរក្សា​លទ្ធិ​ជំនឿនោះ ដូចជាអ្នកបួស និងការគោរពដោយស្មោះស្មគ្រភក្តី។
    9. សាស្ត្រាចារ្យ ស្ថៀន ពន្ធរង្សី (เสถียน พันธรังษี) ស្តីពីលក្ខៈរបស់សាសនា បានពោលថា “ដែល​ហៅថា​សាសនា​បាននោះ ត្រូវមានគោលបដិបត្តិដូច្នេះគឺ ត្រូវតែជារឿងអាចជឿបានដោយ​អាស្រ័យភាពសក្ដិសិទ្ធិ, មានពាក្យប្រៀនប្រដៅប្រកបដោយគុណធម៌ចរិយធម៌, និងមានអ្នកតំណសាសនា ដែលហៅថាអ្នកបួសឬអ្នកព្រត។
    10. អាចារ្យ សុជីព បុញ្ញានុភាព ធ្ងន់ទៅលើលក្ខណៈរបស់ពាក្យប្រៀនប្រដៅ បានពោលថា ពាក្យប្រៀនប្រដៅដែលហៅថា សាសនានោះ ស្តីពីរឿងផ្សេង ៗដូចជា ជំនឿលើវត្ថុសក្តិសិទ្ធិដែលមើលមិនឃើញដោយចក្ខុបសាទធម្មតា ដូចអំណាចព្រះធម៌ ឬអំណាចព្រះចៅ, មានល័ក្ខសីលធម៌, មានឱវាទស្ដីពីឧត្តមគតិខ្ពង់ខ្ពស់បំផុតនៃជីវិត និងពិធីកម្មនានា។
    11. វចនានុក្រមនៃរាជបណ្ឌិត្យស្ថានថៃ (ព.ស.២៤៩៣) ប្រែថា “លទ្ធិជំនឿរបស់​មនុស្ស ដែលមានការសម្ដែងប្រាប់នូវកំណើតនិងទីបំផុតនៃលោក ជាដើម ដែលប្រព្រឹត្តទៅក្នុងផ្នែក​បរមត្ថ ប្រការមួយ, សម្ដែងនូវគោលធម៌ទាក់ទងទៅនឹងបុណ្យបាបដែលប្រព្រឹត្តទៅក្នុងផ្នែក​សីលធម៌ ចរិយធម៌ប្រការមួយ, ព្រមទាំងមានលទ្ធិពិធីកម្មដែលធ្វើតាមការយល់ឃើញ ឬតាមដំបូន្មានក្នុងជំនឿសាសនា​នោះ ៗ” ។
    ដូច្នេះ សរុបសេចក្ដីទៅតាមនិយមន័យនិងទស្សនៈទាំងឡាយដែលបានពោលមកហើយនោះ ពាក្យថា សាសនា មានន័យថា “ពាក្យប្រៀនប្រដៅ ឱវាទឬដំបូន្មានដែលព្រះសាស្ដាបានទ្រង់ត្រាស់ដឹង, បន្លុះនូវសច្ចធម៌ ឬបានស្ដាប់មកពី​ទេវឱង្ការដែលមានលក្ខណៈសក្ដិសិទ្ធិ ជាទីពឹងពំនាក់ខាង​ចិត្តវិស័យ ហើយបាននាំមកបង្រៀនប្រៀនប្រដៅផ្សព្វផ្សាយឲ្យមនុស្សជាតិគោរពបដិបត្តិតាម និងប្រកបពិធីកម្មដើម្បីឲ្យទទួល​បាន​នូវសេចក្ដីសុខ,មានសីលធម៌ចរិយធម៌, មានសន្តិសុខនិរន្តរកាល ដែលជាសេចក្ដីសុខក្នុងទីបំផុត​នៃជីវិត ៕

អត្ថបទពេញនិយម

សមាជិក