Social Icons

15 April 2010

បុណ្យបច្ច័យបួន

បុណ្យបច្ច័យបួន
ពាក្យថា (បច្ច័យ) សំដៅដល់ “គ្រឿងសម្រាប់អាស្រ័យរបស់បព្វជិត” ។
អ្វីទៅដែលហៅថា (បច្ច័យ) គ្រឿងអាស្រ័យរបស់បព្វជិត? បើជាទូទៅ
ហៅថា អាមិស ។ អាមិស ជាវត្ថុ សម្ភារៈ ឧបភោគ បរិភោគ ប្រើប្រាស់
បម្រើសុខភាព ជួយជាកម្លាំង បម្រើតម្រូវការ សេចក្ដីប្រាថ្នាចង់បានរបស់
នុស្សទូទៅ ។
តាមន័យនេះ អាមិស បានដល់វត្ថុគ្រប់យ៉ាង សម្រាប់ទំនុកបម្រុង ឧបត្ថម្ភ
ជីវិតមនុស្សឲ្យរស់​នៅបានសុខស្រួល ឈានទៅរុងរឿងថ្លៃថ្លា ។ ដូចជា
សំពត់ខោអាវ សំលៀកបំពាក់សម្រាប់បិទបាំង កែលំអររាងកាយ អាហារ
ភោជន គ្រប់ប្រភេទសម្រាប់ហូបពិសា សម្ភារៈ ភស្តុភា បណ្ណាការ ទ្រព្យសម្បត្តិសម្រាប់សំរួលការដេកដើរ​ អង្គុយ សម្រាកស្នាក់អាស្រ័យនិង
ថ្នាំកែរោគគ្រប់មុខ ។ ជារួម អ្វី ៗ ជាវត្ថុ សម្ភារៈ របស់របរ ប្រដាប់ប្រដា
គ្រឿងបរិភោគ ប្រើប្រាស់របស់មនុស្ស សម្រាប់ជួយផ្ដល់​ការសុខស្រួល
ឲ្យកើតជាផលប្រយោជន៍ ផ្គត់ផ្គងជីវិត ប្រមូលផ្ដុំវត្ថុរួមទាំងអស់នោះ លោក
ហៅជា ពាក្យបច្ចេកទេសតែមួយថា អាមិស ។
អាមិស ជាវត្ថុជួយមនុស្សឲ្យរស់នៅបានស្រួល ជួយផ្ដល់ផលប្រយោជន៍ឲ្យ
មនុស្សមានអានុ​ភាព​ មានអានិសង្សច្រើនសម្រាប់ការរស់នៅ ។
ព្រះពុទ្ធសាសនា ព្រះពូទ្ធអង្គទ្រង់ឆ្វេងយល់ច្បាស់នូផលប្រយោជន៍នៃអាមិស
ទើបទ្រង់​អនុញាតឲ្យបព្វជិតបរិភោគ ប្រើប្រាស់អាមិស តាមការគួរ ។ ក្រៅពី
បង្សុកុលចីវរ ដើរបិណ្ឌបាត ដេកនៅក្រោមដើមឈើ ផឹកថ្នាំមូតភេសជ្ជៈ ព្រះ
អង្គអនុញាតឲ្យប្រើ អតិរេកលាភ បាន ដើម្បីជួយ​សម្រួលជីវភាពភិក្ខុសង្ឃ
ឲ្យប្រព្រឹត្តទៅបានស្រួល ។ តែព្រះអង្គមិនទ្រង់ហៅថា អាមិស ទេ ទ្រង់ហៅ
​ថា “បច្ច័យ” ។ ព្រោះបច្ច័យជាគ្រឿងបន្តជីវិតឬជំនួយជីវិតមនុស្សឲ្យប្រព្រឹត្ត
ទៅបានស្រួល ។ ពិសេស បច្ច័យអាចផ្ដល់ផលប្រយោជន៍ ដ៏សំខាន់ដល់
មត្តញ្ញូជន អ្នកស្គាល់្រមាណក្នុងការបរិភោគប្រើប្រាស់ ។ មនុស្សយើងបើមិនមានបច្ច័យទាំងអស់ជាជំនួយទេ នឹងរស់នៅពុំបាន ធ្វើ
ប្រយោជន៍អ្វីក៏ពុំកើតដែរ ។
បច្ច័យដ៏ច្រើនសន្ធឹកសន្ធាប់នោះ ប្រមូលមកហៅត្រឹមតែ ៤ បច្ច័យគឺ ចិវរប្ប​ច្ច័យ
១ បិណ្ឌបាតប្បច្ច័យ១ សេនាសនប្បច្ប័យ ១ និងគិលានភេសជ្ជប្បច្ច័យ ១ ។
ជាការពិត ការរស់នៅបើមានតែបច្ច័យ​៣ ខ្វះបច្ច័យណាមួយក៏រស់នៅមិនស្រួល ។
១. សំពត់ខោអាវសាវស្បៃ ជាសម្លៀកបំពាក់ គ្រឿងសម្លៀកដណ្ដប់បិទបាំង
រាងកាយ ការពារ កេរ្តិ៍ខ្មាស់ជាដើម មានស្បង់ ចីពរ សង្ឃាដី និងបរិក្ខាបន្ទាប់បន្សំ ដូចអង្សាក់វត្ថពន្ធកាយពន្ធនិសីទនៈ សាដក កន្សែង .....ជាដើមរាប់បញ្ចូលជា
ចីវរប្បច្ច័យ
២. គ្រឿងបរិភោគ ហូប ពិសា​ ឆាន់ មានអាហារភោជន នំនែក បង្អែម ចំអាប
បាយ សម្ល ត្រី សាច់ ប្រហុក ផ្អក អំបិល ... ជាដើម រាប់បញ្ចូលជាបិណ្ឌ
បាតប្បច្ច័យ ។
៣. ទីលំនៅភូមិស្ថានសម្រាប់ជ្រកកោន ដេកអង្គុយ ស្នាក់អាស្រ័យ ថ្ងៃយប់មាន
ផ្ទះសម្បែង កុដិ សាលា​ កន្ទេល ខ្នើយ វិហារ គ្រែ តុ ទូ កៅអី ឆ្នាំងចាន ស្លាប
ព្រា បាត្រ...ជាដើម រាប់បញ្ចូលហៅ​ថាសេនាសនប្បច្ច័យ ។
ថ្នាំសង្កូវ កែរោគ ការពារ ព្យាបាលជម្ងឺដម្កាត់ផ្សេង ៗ មាន ថ្នាំបូរាណ ឱសថ
សម័យ សម្រាប់​ផឹក​លាប ចាក់ ភេសជ្ជៈ ៥ មុខជាដើម មានទឹកដោះរាវ ទឹក
ដោះខាប់ ប្រេងស្ក ទឹកឃ្មុំ និងទឹកអដ្ឋបាន​ជាដើម រាប់បញ្ចូលហៅថា
គិលានភេសជ្ជប្បច្ច័យ ។
ប៉ុន្តែ បច្ច័យគ្រប់យ៉ាងដែលរាប់បញ្ចូលតាមឈ្មោះតែ ៤ បច្ច័យនេះ ជាបច្ច័យ
(អាមិសវត្ថុ) សម្រាប់មនុស្សទូទៅ ចំពោះបព្វជិតក្នុងពុទ្ធសាសនា ព្រះអង្គ
ទ្រង់អនុញាតឲ្យបរិភោគ ប្រើប្រាស់​បច្ច័យ ដែលជាគ្រឿងអាស្រ័យរបស់
បព្វជិតនោះដោយមានកំណត់” ។
ម្យ៉ាងទៀត បច្ច័យ​ ៤ ដែលមានកំណត់នោះ បព្វជិតមុននឹងបរិភោគប្រើ
ប្រាស់នូវបច្ច័យ​ណាមួយ ដែលទ្រង់បានអនុញ្ញាត សុទ្ធតែត្រូវពិចារណា
ដោយសតិសម្បជ្ជញ្ញៈសិន សឹមបរិភោគប្រើ​ប្រាស់ ។ ការរៀបរាប់ដោយ
សង្ខេបមកប៉ុណ្ណេះឯង ដែលនឹងឆ្លើយតបទៅនឹងសំណួរដែលសួរខាង
​ដើម​ថា “អ្វីទៅដែលហៅថា បច្ច័យ គ្រឿងអាស្រ័យរបស់បព្វជិតនោះឯង “ ។
ពាក្យថា “បុណ្យបច្ច័យបួន” គឺជាឈ្មោះ បុញ្ញកម្ម មួយបែបដែលបូរាណា
ចារ្យខ្មែរយើងបាន​សន្មតហៅ​ តាមបច្ច័យទេយ្យវត្ថុដែលគេធ្វើទាន ដោយ
រៀបខ្ចប់បច្ច័យទាំងបួនមុខ ក្នុងមួយកញ្ចប់ ៗ​សម្រាប់ជាទេយ្យទាន ។
តើបុណ្យបច្ច័យបួន ទាយកទាយិកា ត្រូវធ្វើដូចម្ដេច ? មុននឹងធ្វើបុណ្យ
លោកអ្នកម្ចាស់ដើម​បុណ្យ ឬម្ចាស់ដើមទានប្រធានបុណ្យ តែងប្រជុំ
ពិភាក្សាគ្នា ថា តើត្រូវនិមន្តលោកប៉ុន្មានអង្គ ? និមន្ត​លោក ១អង្គ ២អង្គ -
៣ឬ៤អង្គឬ៥-៦-៧អង្គ ។លោកអ្នកអាចនិមន្តលោកមកទទួលក្នុងបុណ្យ​
ប៉ុន្មាន​អង្គក៏បាន អាស្រ័យ បសាទសទ្ធា និងលទ្ធភាពរបស់ទាយកទាយិកា
ម្ចាស់បុណ្យ ។
បើយើងតម្រូវនិមន្តលោក ២អង្គ យើងរៀបទេយ្យវត្ថុ ២កញ្ចប់ និមន្ត ៣អង្គ
រៀបទេយ្យវត្ថុ​៣កញ្ចប់ និមន្ត ៤អង្គ រៀប ៤កញ្ចប់ បើមានសទ្ធានិមន្ត ៧អង្គ
គប្បីរៀបទេយ្យវត្ថុ ៧ កញ្ចប់ គឺត្រូវ​រៀបទេយ្យវត្ថុជាកញ្ចប់ ៗ តាមជំនូន
លោកដែលត្រូវនិមន្តមកនោះ ឲ្យបានមួយកញ្ចប់ ១អង្គគ្រប់ៗ អង្គ ។
ឯទេយ្យវត្ថុក្នុងមួយកញ្ចប់ ៗ ត្រូវមានបច្ច័យ បួនមុខគឺ ចីវរ បិណ្ឌបាត
សេនាសនៈ ភេសជ្ជៈ ដាក់ចូលទៅក្នុងមួយកញ្ចប់ ៗ ដូច ៗ គ្នា ។
មានអ្នកខ្លះយល់ច្រឡំថា ធ្វើបុណ្យបច្ច័យបួន គេនិមន្តលោកតែបួនអង្គទេ
បើនិមន្តលោក​ទៅ​ដល់ ៥អង្គ វាទៅជាបុណ្យបច្ច័យប្រាំហើយ ?
ការយល់យ៉ាងនេះ មុខគួរឲ្យសង្វេគបែជាយកព្រះសង្ឃធ្វើជាបច្ច័យទៅ
វិញពុទ្ធោអើយ ! បច្ច័យមានតែបួនប្រភេទទេ មានបច្ច័យឯណាទៅដល់
ប្រាំ ឬក៏ប្រាំមួយមុខនោះ ! ការធ្វើបុណ្យបច្ច័យ​បួនគឺ គេរៀបទេយ្យវត្ថុឲ្យមានគ្រប់ទាំងបួនបច្ច័យក្នុងមួយកញ្ចប់ ។ បើម្ចាស់
បុណ្យជាអ្នកមានធូរធារ​គេអាចបញ្ចូលចីវរប្បច្ច័យ ២ មានស្បង់ផងកន្សែង
ផង ។ បិណ្ឌបាតប្ប័យ ៣ឬ៤ មានអង្ករផង ត្រីងៀតផង ។ ទឹកត្រីផង
សេនាសនប្បច្ច័យ ៣ឬ៤ មានកន្ទេលផងខ្នើយផង​ ស្បែកជើងឬប៉ាន
ពែង​ផងក៏បាន និងគិលានភេសជ្ជប្បច្ច័យ ៣-៤ មានទឹកដោះគោ តែ
ស្ករ ឬថ្នាំពេទ្យថែមទៀតផងក៏បាន​។ រួមបច្ច័យទាំងបួន ដ៏ច្រើនមុខនេះ
បញ្ចូលគ្នា វេចខ្ចប់ជាមួយកញ្ចប់ ។
ទេយ្យវត្ថុដ៏ច្រើនមុខនេះក៏ឈ្មោះថា បច្ច័យបួន ។ យើងរៀបកញ្ចប់សម្រាប់
តែលោកមួយអង្គ​ក៏បច្ច័យបួន រៀប ៤-៥-៦ កញ្ចប់សម្រាបលោក ៤-៥-៦
អង្គក៏ឈ្មោះថា “ធ្វើបច្ច័យបួនដែរ ។
គ្រាប់តែថា បើ្វធ្វើតូចបច្ច័យទាំងបួន មួយកញ្ចប់ ៗ ក៏តិច ។ ទោះបីតិចក្ដី
ច្រើនក្ដី ក៏ត្រូវឲ្យបាន​៤ មុខ ។
ឯវិធីធ្វើ ដូចជាបុណ្យផ្សេងដែរ គឺថ្ងៃបុណ្យនោះ ពេលព្រឹកបងប្អូនជិតខាង
ជួយធ្វើរោង​បុណ្យមុខផ្ទះ តុបតែងរោង ហើយយករណ្ដាប់ទេយ្យវត្ថុ ដែលកញ្ចប់ដោយក្រដាស់ភ្លឺស្អាតចំនួន​ប៉ុន្មានកញ្ចប់ដែលយើងតម្រូវនិមន្ត
ព្រះសង្ឃប៉ុន្មានអង្គនោះ មកដាក់តម្រៀបលើគ្រែក្បែរគ្រឿង​សក្ការៈព្រះ
ពុទ្ធរូប ។ ដល់ពេលរសៀល មេក្រូបុណ្យបន្លឺសម្លេង ជាពេលដែលភ្ញៀវ
អញ្ជើញទៅចូល​បុណ្យ ។ ពេលល្ងាចលោកអាចារ្យ ចាប់ផ្ដើមនមស្ការ
ថ្វាយបង្គំ ហើយនិមន្តព្រះសង្ឃតាមចំនួនមក រួចសមាទានសីលនិង
អារាធនាចម្រើនព្រះបរិត្ត ។ បើមានទេសនាផង ក៏រៀបធម្មាសនៈ ហើយ
និមន្ត​ព្រះធម្មកថិក សម្ដែងធម៌ទេសនាតទៅ ។ លុះព្រឹកឡើងនិមន្តព្រះ
សង្ឃទទួលយាគូ ។ បើមិនបានធ្វើ​យាគូទេ ធ្វើសង្ឃភត្តតែម្ដងនោះ គប្បី
សមាទានសីល ហើយអ្នកដើមបុណ្យព្រមទាំងកូនចៅ ញាតិមិត្តនាំគ្នាកាន់
គ្រឿងប្រដាប់ ទេយ្យវត្ថុឡើង ដើម្បីវេរទេយ្យវត្ថុ បច្ច័យ ៤ នេះនិងវេរចង្ហាន់
ទៅ​ជាមួយគ្នា ។
លោកអាចារ្យនាំពុទ្ធបរិស័ទវេរ ៖ នមោ ៣ចប់ (តាមទម្លាប់ រួចអ្នកដើមបុណ្យ
ទាំងអស់និងពុទ្ធ​បរិស័ទ ថាតាមលោកអាចារ្យវេរ ៖
មយំ ភន្តេ ឥមេ ចត្តារោ បច្ចយេ ឥធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេ
សង្ឃោ ឥមេ ចត្តារោ បច្ចយេ បដិគណ្ហាតុ (មាតាបិតាទីនំ គុណវន្តានញ្ច)
អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតា​យ សុខាយ​ ។
ទុតិយម្បិ . មយំ ភន្តេ ........
តតិយម្បិ . មយំ ភន្តេ ...........
បពិត្រព្រះសង្ឃដ៏ចម្រើនអើយ ! យើងខ្ញុំទាំងឡាយបាននាំមកនូវបច្ច័យទាំង
ឡាយ ៤នេះ មកដម្កល់ទុកក្នុងទីនេះ ហើយវេរប្រគេនដល់ព្រះសង្ឃ បពិត្រ
ព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃ​ទទួលយក នូវបច្ច័យទាំងឡាយ ៤នេះ
ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចសុខ (ដល់អ្នកដ៏មានគុណទាំងឡាយមានមាតាបិតាជាដើមផង អស់កាលជា
អង្វែងទៅហោង ។
អស់វារៈពីរដងផង ....។ អស់វារៈបីដងផង...។
បន្ទាប់មកចូលទៅអង្គុយឲ្យជាប់ហត្ថបាស ហើយប្រគេនទេយ្យវត្ថុនិងចង្ហាន់
ដល់ព្រះសង្ឃ​ ។ ព្រះសង្ឃ អនុមោទនា (គឺសូត្រធម៌) ចប់ហើយ យើងសូត្រ
ឧទ្ទិសកុសលផលទាន តាមទម្លាប់ ។
សូមបញ្ជាក់ថា ៖ ការវេរនេះ បើមានតែទេយ្យវត្ថុក៏វេរយ៉ាងនេះ ។ បើមាន
ចង្ហាន់ ព្រះសង្ឃ​ឆាន់នៅផ្ទះបុណ្យឬ រាប់បាត្រ ចង្ហាន់ដាក់ចានស្រាក់
យកទៅឆាន់នៅឯវត្តផង ក៏វេរតែមួយលើក​ដូច​ខាងលើនេះជាការស្រេច ។
តែបើលោកអាចារ្យចង់វេរដោយឡែក ជាពីរវគ្គ គឺ វេរទេយ្យវត្ថុ បច្ច័យ៤
ដូចខាងលើ រួចហើយសឹមវេរចង្ហាន់ មួយលើកទៀត ដោយឡែកពីបាលី
ខាងលើនេះ ក៏បានគឺ វេរ ៖
Ø អយំ នោ ភន្តេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ ឧប្បទិតោ ..............។ល។
Ø មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេម ..........។ល។
ប៉ុន្តែ សូមលោកអាចារ្យ មើលពេលវេលាផង ព្រោះតែគេហៅថា (លោក
អាចារ្យអ្នកនាំគេ​នោះ) ត្រូវស្វែងយល់ឲ្យសព្វគឺ ៖ កាលញ្ញូ គួរដឹង-ស្គាល់កាលវេលា (ក្រែងយូរពេកទៅនាំសៅហ្មង) បរិសញ្ញូ គួរដឹងស្គាល់បរិស័ទជុំវិញខ្លួន (ក្រែងមានអ្នកសំដែងអាកប្បកិរិយា ទឹកមុខធុញទ្រាន់) ។
ព្រោះថា បញ្ហាចង្ហាន់ សំខាន់នៅលើការប្រគេន ទទួលតាមផ្លូវកាយទើបព្រះ
សង្ឃទទួលឆាន់​បាន មិនសំខាន់ពេកលើការវេរដោយវាចា ហើយមិនប្រគេន
ដោយកាយ លោកមិនអាចឆាន់ដោយ​ដាច់ខាត ។ (នេះជាវិន័យបញ្ញត្តិ) ។
ម្យ៉ាងទៀត ទម្លាប់កន្លែងមួយចំនួន កាលលោកសូត្រមន្តនៅថ្ងៃ​រសៀល ល្ងាច
ឬពេលយប់ចប់ហើយ គេវេរទេយ្យវត្ថុប្រគេនលោកតែម្ដង ប៉ុន្តែលោកងាចារ្យ
ខ្លះថា ការវេរប្រគេនយ៉ាងនេះមិនបានទេ ព្រោះក្នុងបច្ច័យទាំងបួននោះ
មានបិណ្ឌបាតបច្ច័យផង វេរប្រ​គេនខុសកាលមិនកើត គឺផុតពីថ្ងៃត្រង់ ហើយ
ជាវេលាវិកាល ។
ត្រង់ចំណុចនេះសូមយល់ថា បើក្នុងកញ្ចប់ទេយ្យវត្ថុបច្ច័យបួននោះ មានវត្ថុ
បិណ្ឌបាតពិត​ៗ ដូចជា អង្ករ ត្រី សាច់ ប្រហុក អំបិល ទឹកត្រី ។ល។ យ៉ាងនេះនឹងវេរប្រគេនក្នុងវេលាខុសកាល ក៏ពិត​ជាមិនគួរមែន ដូច្នេះ គួរ
ត្រឹមតែបវរណា ហើយព្រឹកឡើងសឹមប្រគេន ។ ប៉ុន្តែ បើក្នុងកញ្ចប់ទេយ្យ
វត្ថុ​មានសំភារៈបរិក្ខាបីបច្ច័យ រួចយកថវិកាដាក់ស៊ងបញ្ចូលជំនួស បិណ្ឌ
បាតបច្ច័យបន្ថែមចូលទៅក្នុង​កញ្ចប់នោះការវេរជាបច្ច័យបួនបាន ហើយ
វេរប្រគេនពេលណាក៏បាន ។
បច្ចុប្បន្ននេះ ស្ទើរគ្រប់កន្លែងក្នុងកម្ពុជាយើង កាលណាគេធ្វើបុណ្យបច្ច័យបួន
គេរៀបចំ​រណ្ដាប់អង្គ ទេយ្យវត្ថុក្នុងមួយកញ្ចប់ ៗ ដែលសម្បូណ៌បែបឃើញមាន
ត្រឹមតែ ៣បច្ច័យគឺ សាដក​ ឬ​ស្បង់ ចីពរ និងមានសាប៊ូច្រាស់ថ្នាំដុសធ្មេញ
ប្រេងក្រូឡា ថ្នាំពេទ្យ ទឹកដោះគោ តែស្ករ កាហ្វេ ទឹកក្រូច ប៉ាន កែវ ស្បែក
ជើង ចាន ស្លាបព្រា ភួយមុង និងមាននៅអែបក្រៅកញ្ចប់និមួយ ៗ ជួនកាល
​អាចមាន ចានស្រាក់ កំសៀវ ចង្ក្រាន កន្ទេល ខ្នើយ ។ល។ រាប់មកប៉ុណ្ណេះ
សុទ្ធតែបច្ច័យ ៣ ពុំទាន់​មានបិណ្ឌបាតប្បច្ច័យឡើយ ហើយបិណ្ឌបាតប្បច្ច័យ
សុទ្ធ ៗ ជាអង្ករ ត្រី សាច់ ពុំដែលឃើញគេដាក់ បញ្ចូលក្នុងជាមួយបច្ច័យ
ទាំង ៣ ក្នុងកញ្ចប់នោះឡើយ ប៉ុន្តែ គេនិយមដាប់ថវិកាគឺ ប្រាក់កាស ពីរ​បី
ពាន់ ប្រាំពាន់ មួយហ្មឺនរៀលក្នុងមួយកញ្ចប់ ៗ តាមលទ្ធភាព ។ ប្រាក់នេះ
ក៏សម្រាប់បច្ច័យ ៤ពិត ដូច្នេះវេរជាបច្ច័យ ៤ បានហើយ គឺទេយ្យវត្ថុ ក្នុង
មួយកញ្ចប់ ៗ សម្រាប់អង្គនោះពិតជាបច្ច័យបួន​ដោយត្រឹមត្រូវ ថែមទាំង
អាចារ្យវេរប្រគេន ពេលណាក៏បានឥតមានទាស់ ។

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក