Social Icons

13 October 2010

លក្ខណៈនៃព្រះពុទ្ធរូបខ្មែរ

លក្ខណៈនៃព្រះពុទ្ធរូបខ្មែរ
បន្ទាប់ពីព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅ ពុទ្ធបរិស័ទគ្រប់ប្រទេសជាពិសេស​ពុទ្ធបរិស័ទខ្មែរ បានកសាងព្រះពុទ្ធរូបគោរពបូជា ស្របតាមពុទ្ធប្រវត្តិនិងស្របតាមរចនាបថរបស់ជាតិខ្លួន ។ តាមការស្រាវជ្រាវ ព្រះពុទ្ធរូបទើបតែមានការកសាងក្នុងសម័យជាខាងក្រោយ ក្នុងពុទ្ធសក្ករាជកន្លងទៅបានជាង ៤០០ឆ្នាំ ពុំមែនកើតមានឡើងកាលព្រះ​ពុទ្ធទ្រង់ធរមាននៅឡើយទេ ។ ចំពោះព្រះពុទ្ធរូបក្នុងរចនាបថខ្មែរ សម័យនគរភ្នំ សម័យចេនឡានិងសម័យមហានគរមានលក្ខណៈស្រដៀងគ្នា ជាពិសេសត្រង់ព្រះកេសគេធ្វើជារង្វង់មូលតូច ៗ ដូចជាគូថខ្យង ហើយកំពូលលើខ្លីមិនធ្វើវែងដូចព្រះពុទ្ធរូបថៃទេ សម័យនគរភ្នំនិងចេនឡាដូចគ្នា សម័យមហានគរបានច្នៃប្លែកពីនេះបន្តិច ។ ព្រះកេសព្រះពុទ្ធរូបតាម​រចនាបថខ្មែរ គេមិនធ្វើព្រះកេស (សក់)ទេ គឺធ្វើដូចជាគូថខ្យង ដូចពោលមកហើយ ឯសម័យនេះត្រង់ព្រះកេសព្រះពុទ្ធ​ធ្វើសក់នៅលើព្រះកេសនោះជារចនាបថថៃក្រោយ ។
ដើម្បីឲ្យមានឯកភាពក្នុងការកសាងព្រះពុទ្ធរូបតាមរចនាបថខ្មែរនោះ ព្រះសង្ឃ ពុទ្ធបរិស័ទនិងវិស្វករខ្មែរគួរសិក្សាឲ្យច្បាស់លាស់ រៀបចំធ្វើជាក្បួនខ្នាតផ្សាយជាសាធារណៈ​ដើម្បីឲ្យអ្នកកសាងធ្វើតាមក្បួនច្បាប់ត្រឹមត្រូវ ។ ដើម្បីឲ្យមានពន្លឺក្នុងការពិភាក្សានេះ ត្រូវសិក្សាស្រាវជ្រាវឲ្យដឹងលក្ខណៈគ្រឿងសំគាល់នៃព្រះពុទ្ធរូបនីមួយ ៗ ដែលមានប្រភពផ្សេង ៗ គ្នា ដែលហៅថា “មុទ្រា” ជាពាក្យសំស្ក្រឹត បាលីថា “មុទ្ទា” ប្រែថា គ្រឿងសំគាល់ បែបយ៉ាង អាការៈ កាយវិការ ត្រាសញ្ញា ។
ព្រះពុទ្ធរូបខ្មែរមាន ៨ បែប គឺ
1. ព្រះពុទ្ធរូបទ្រង់សមាធិ គង់ពត់ព្រះភ្នែនមានព្រះហស្ថស្ដាំលើព្រះហស្ថឆ្វេង តម្រួតលើព្រះភ្នែន ហៅថា “វិតក៌មុទ្រា” ។


2. ព្រះពុទ្ធរូបមារវិជ័យ (កាលទ្រង់ផ្ចាញ់មារ) គង់ពត់ព្រះភ្នែនដូចព្រះ​ពុទ្ធរូបគង់សមាធិដែរ ប៉ន្តែព្រះហស្ថស្ដាំផ្កាបលើព្រះខរុ (ភ្លៅ) ចង្អុលចុះទៅផែនដី ព្រះហស្ថឆ្វេងផ្ងារដាក់លើព្រះខរុ ហៅថា “ភូមិស្បស៌មុទ្រា” ។ ព្រះពុទ្ធរូបបែបនេះ កាលបើគេគូរនៅលើផ្ទាំងសំពត់ឬលើជញ្ជាំងព្រះវិហារវិញ ឃើញសុទ្ធតែពួកពលមារាធិរាជកាន់អាវុធគ្រប់ដៃ ។

3. ព្រះពុទ្ធរូបទ្រង់សម្ដែងព្រះធម្មចក្រ គង់ពត់ព្រះភ្នែនមាន​ព្រះហស្ថស្ដាំ​ក្ដោបម្រាមធ្វើជារង្វង់មូល​ដូចជារូបកងចក្រ ព្រះហស្ថឆ្វេងធ្វើអាការដូច​ព្រះហស្ថស្ដាំក៏មាន ដាក់លើព្រះខរុក៏មាន ហៅថា “ធម្មចក្រមុទ្រា”។ ព្រះពុទ្ធរូបបែបនេះកាលបើគេគូរតែងមានរូបបញ្ចវគ្គិយភិក្ខុ​កំពុងអង្គុយស្ដាប់ព្រះធម្មចក្កប្បវត្តនសូត្រ ដែលជាបឋមទេសនា ។

4. ព្រះពុទ្ធរូបប្រទានអភ័យ ជាដំណាងកាលដែលព្រះអង្គទ្រង់ស​ម្ដែងព្រះធម៌ក្នុងទីណាមួយ មានព្រះកាយឈរក៏មាន គង់ពត់ព្រះភ្នែនក៏មាន ព្រះហស្ថស្ដាំរាចេញទៅមុខ ព្រះហស្ថឆ្វេងសំយុងចុះ ហៅថា “អភយមុទ្រា” ។
5. ព្រះពុទ្ធរូបប្រទានពរ មានព្រះហស្ថទាំងពីរសំយុងចុះ បែរបាតព្រះហស្ថទៅខាងមុខ ទ្រង់គង់ពត់ព្រះភ្នែនក៏មាន ទ្រង់ឈរក៏មាន ជាដំណាងកាលបរិស័ទណាមួយចូលមកថ្វាយបង្គំដោយ​ប្រថ្នាចង់ជួបចង់ឃើញក្ដី ក្រាបទូលសួរធម៌អាថ៌ចំពោះព្រះអង្គក្ដី ហោថា “វរមុទ្រា” ។

6. ព្រះពុទ្ធរូបទ្រង់ឈរឱបបាត ជាដំណាងកាលព្រះអង្គទ្រង់និមន្តបិណ្ឌបាត ហៅថា”បាត្រាទានមុទ្រា” ។


7. ព្រះពុទ្ធទ្រង់ផ្ទំ ជាដំណាងកាលព្រះអង្គទ្រង់បន្ទំផ្អៀងព្រះកាយទៅខាងស្ដាំ ព្រះបាទឆ្វេងតម្រួតលើព្រះបាទស្ដាំ ដោយទ្រង់ផ្ទំតាមធម្មតាក្ដី ផ្ទំលើអាសនបរិនិព្វានក្ដី ហៅថា “សយនមុទ្រា” ។

8. ព្រះពុទ្ធរូបប្រក់នាគ ជាដំណាងកាលព្រះអង្គទ្រង់គង់នៅមាត់ស្រះមុច្ចលិន្ទ ។



 មានព្រះពុទ្ធរូបមួយប្រភេទទៀតដែលអ្នកស្រុកហៅថា ព្រះពុទ្ធរូបទ្រង់គ្រឿង ប៉ុន្តែ តាមពិតរូបនេះ ពុំមែនព្រះពុទ្ធរូបទេ គឺជារូបស្ដេចចក្រ ឬជារូបព្រះមេតេយ្យពោធិសត្វ។

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក