Social Icons

15 April 2010

រឿងនាងថូនទាសី

រឿងនាងថូនទាសី
(ចាក វិ. ខុ.)
(ទឹកមួយក្អមរបស់ស្ត្រីមានសទ្ធា ដូរយកសិរីក្នុងស្ថានសួគ៌បាន)
ក្នុងពុទ្ធកាល, ថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូស្តេចយាងទៅដែនកោសលជាមួយនឹងភិក្ខុសង្ឃ ៥០០អង្គ ទ្រង់ យាងចូលទៅសម្រាកព្រះកាយក្នុងថូនគ្រាមដើម្បីកំចាត់បង់នូវមិច្ឆាទិដ្ឋិរបស់ពួកព្រាហ្មណ៍​ក្នុងថូនគ្រាមនោះ ។ ពួកព្រាហ្មណ៍ទាំងឡាយបានឮដំណឹងថា ព្រះសម្ពុទ្ធព្រមទាំងភិក្ខុសង្ឃស្តេចយាង​និមន្តមកដល់ត្រើយស្ទឹងខាង នាយ បម្រុងនឹងឆ្លងចូលទៅក្នុងថូនគ្រាមហើយ, ពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យ​ទាំង​ឡាយបានប្រកាសប្រាប់ដល់ពួក ព្រាហ្មណ៍ជាបរិស័ទថា យើងទាំងអស់គ្នាមិនគប្បីគួរសមរាប់រក ឲ្យវត្ថុអ្វីដល់សមណគោតមឡើយ ។ ម៉្យាងទៀត យើងទាំងអស់គ្នាត្រូវអូសទូកឡើងពីកំពង់ឲ្យអស់ ហើយរុះរើស្ពានចោលចេញ ទាំងសាលាសំណាក់ក៏ត្រូវ រុះរើស្បូវរើរនាបឲ្យអស់, បើអ្នកណាមួយទៅគួរ សមឲ្យវត្ថុអ្វីដល់សមណគោតមនិងភិក្ខុសង្ឃ ត្រូវធ្វើទោសអ្នកនោះ ដល់ជីវិត។
ព្រះសម្ពុទ្ធទ្រង់ជ្រាបវិប្ប​ការៈរបស់ព្រាហ្មណ៍ដូច្នោះហើយក៏នាំភិក្ខុសង្ឃ ៥០០អង្គហោះព្ធដ៏​អាកាស ឆ្លងស្ទឹងទៅចុះត្រង់ កណ្តាលស្រុកនោះ ទ្រង់និមន្តទៅគង់ក្រោមម្លប់ឈើមួយដើម​ក្បែរអណ្តូង​ទឹក ។
សម័យនោះ មាននាងទាសីម្នាក់ជាខ្ញុំបំរើត្រកូលព្រាហ្មណ៍មួយក្នុងថូនគ្រាមនោះ កំពុងកណ្តៀត​ក្អម ទៅដងទឹកអណ្តូង បានឃើញព្រះមានព្រះភាគ ក៏មានចិត្តជ្រះថ្លាកើតឡើង, នាងគិតថា សម័យនេះ​ក្តៅណាស់ ព្រះសម្ពុទ្ធនិងព្រះសង្ឃទាំងអស់ព្រះអង្គប្រហែលជាស្រេកទឹកខ្លាំង​ណាស់​បានជាមកគង់​ក្នុងទីនេះ, អញត្រូវតែ ដងទឹក មួយក្អមយកទៅប្រគេនទើបគួរ ប៉ុន្តែព្រាហ្មណ៍ព្រឹទ្ធាចារ្យបាន ដាក់អាជ្ញា​ថា បើអ្នកណាទៅគួរសមយក វត្ថុអ្វីៗទៅប្រគេនដល់សមណគោតមនិងព្រះសង្ឃនេះត្រូវ​មានទោស​ដល់ជីវិត ។ នាងគិតដូច្នោះហើយក៏ដើរ ហួសទៅដងទឹក, លុះត្រឡប់មកវិញសទ្ធាក៏កាន់តែកើតខ្លាំង​ឡើងៗ ទើបគិតថា ណ្ហើយចុះអញបានជួបនឹង ស្រែបុណ្យដ៏ប្រសើរយ៉ាងនេះហើយគួរតែធ្វើទានកុំខាន ទោះបីគេសម្លាប់ឬដាក់អាជ្ញាយ៉ាងណាក៏តាមការចុះ, នាង ក៏កណ្តៀតក្អមចូលទៅកណ្តាលហ្វូង​ភិក្ខុសង្ឃ យកទឹកមួយក្អមទៅប្រគេនព្រះសម្ពុទ្ធៗ ទ្រង់ទទួលដោយ ព្រះហស្តទាំងពីរ ថ្លែងអាការៈ​ឲ្យនាងដឹងថាព្រះអង្គត្រូវការទឹកនោះណាស់ ទ្រង់ចាក់ទឹកនោះលប់ព្រះភ័ក្ត្រហើយ ឆាន់ក្នុងទី​ចំពោះមុខរបស់នាង, ដោយអំណាចឫទ្ធិរបស់ព្រះអង្គ ទឹកក្នុងក្អមនៅពេញដដែល ទើបឲ្យក្អមទឹកនោះ ទៅភិក្ខុ សង្ឃទាំង ៥០០អង្គឆាន់ឆ្អែតស្កប់ស្កល់ហើយ, ព្រះសម្ពុទ្ធទ្រង់ប្រទានទឹកក្អមនោះ​ដល់នាង​ថូនទាសីវិញ, នាងបានទទួលក្អមហើយថ្វាយបង្គំលាព្រះមានព្រះភាគទៅគេហដ្ឋានរបស់នាង ។ លំដាប់នោះ ពួកព្រាហ្មណ៍ ទាំងឡាយក៏ចាប់នាងវាយតប់បណ្តើយកទៅឲ្យព្រាហ្មណ៍​ជាចៅហ្វាយ​នាយៗ បានវាយថែមទៀតទាល់តែស្លាប់ ក្នុងពេលនោះទៅ ។ ចំណែកខាងព្រះមានព្រះភាគ កាលបើ​នាងថូនទាសីចេញទៅផុតហើយ ទ្រង់ត្រាស់ហៅ ព្រះអានន្ទ ប្រើឲ្យយកបាត្រព្រះអង្គទៅដងទឹក​អណ្តូង, ព្រះអានន្ទមិនហ៊ានទៅដងព្រោះខ្លាចព្រាហ្មណ៍វាយ សម្លាប់ ទ្រង់ប្រើជាគម្រប់បីដង ព្រះអានន្ទ​មិនហ៊ានប្រកែក ទើបកាន់យកបាត្រនិមន្តទៅអណ្តូងទឹក គ្រាន់តែទៅ ដល់មាត់អណ្តូង ទឹកក៏បាញ់​ចេញពីក្នុងអណ្តូងជោរជន់រាចទៅលើមហាប្រឹថពី លិចភូមិស្រុកថូនគ្រាមនោះមួយ រំពេច ប៉ុន្តែត្រង់​កន្លែងដែលព្រះសម្ពុទ្ធព្រមទាំងព្រះសង្ឃគង់នោះ ឥតមានទឹកលិចឡើយ ។ ពួកព្រាហ្មណ៍ទាំង ឡាយឃើញហេតុអស្ចារ្យដូច្នោះហើយភិតភ័យខ្លាំងណាស់ក៏នាំគ្នារត់ចូលទៅសុំទោសព្រះសម្មាសម្ពុទ្ធថ្វាយខ្លួនជា ឧបាសកឧបាសិកាយកព្រះរតនត្រ័យជាទីពឹងទីរលឹកស្មើដោយជីវិត, ទឹកក៏បាត់អស់រលីងក្នុងខណៈ​នោះទៅ ។
ឯនាងថូនទាសីដែលព្រាហ្មណ៍វាយសម្លាប់នោះ បានទៅកើតក្នុងស្ថានត្រៃត្រិង្ស មានរូបល្អឥតឧបមា មានរស្មីចែងចាំងចេញអំពីកាយផ្សាយទៅក្នុងទិសទាំងពួង មានស្រីទេពអប្សរមួយពាន់ចោមរោមជាបរិវារស្ថិតនៅ ក្នុងវិមានមាសមានសណ្ឋានដូចជាទូកកឹង ប្រតិស្ឋាននៅលើទឹកទិព្វក្នុងមហាស្រះបោក្ខរណីមួយ ។ លើមាត់ស្រះ មានដើមកប្បព្រឹក្សដុះព័ទ្ធជុំវិញ, ក្នុងស្រះនោះមានដើមឈូកដុះព្រោងព្រាតបញ្ចេញផ្កាផ្លែក្លិនក្រអូបឈ្ងុយឈ្ងុប, ឈូកនោះមានផ្កា ៥ពណ៌ ខ្លះដើមជាមាស ស្លឹកជាកែវមណី ផ្កាជាប្រាក់ ផ្លែជាត្បូងទទឹម, ខ្លះដើមជាត្បូងទទឹម ស្លឹកជាប្រាក់ ផ្កាជាកែវមណី ផ្លែជាមាស ដុះព័ទ្ធព័ន្ធវិមានប្រាសាទ ។ ក្នុងពេលនោះនាងគិតពិចារណាមើល អតីតជាតិរបស់នាង ក៏បានដឹងសព្វ គ្រប់ថា ឱ! អញដែលបានមកកើតជាទេវធីតាបរិបូណ៌ដោយ​ទិព្វសម្បត្តិដូច្នេះ ដោយសារតែទឹកមួយក្អម ដែលអញបានប្រគេនព្រះសម្ពុទ្ធក្នុងថូនគ្រាម, ឥឡូវនេះព្រះសម្ពុទ្ធគង់នៅក្នុងទីនោះ ពុំទាន់និមន្តទៅណាឡើយ ដូច្នេះគួរតែអញទៅបំពេញ​សម្បត្តិ​របស់អញឲ្យវិសេសជាងនេះទៅទៀត, គិតដូច្នេះ ហើយ ក៏ចុះមកភ្លាម វិមានប្រាសាទក៏អណ្តែត​ដោយមក​ប្រតិស្ឋានលើផែនដី ក្នុងទីចំពោះព្រះភ័ក្ត្រព្រះសម្ពុទ្ធ។នាងទេពធីតាបាននាំបរិវារ​ទាំងមួយពាន់ចេញពីវិមានប្រាសាទចូលទៅថ្វាយបង្គំព្រះសម្ពុទ្ធជាបរមគ្រូ។ ពេលនោះពួកព្រាហ្មណ៍​ទាំង​ឡាយដែលកំពុងអង្គុយគាល់ព្រះដ៏មានព្រះភាគក៏ផ្អើលឈូឆរនឹកស្ងើច ដើម្បីឲ្យ ព្រាហ្មណ៍ទាំងអស់បានដឹងក្នុងពេលនោះ ព្រះសម្ពុទ្ធក៏ទ្រង់ត្រាស់សួរទេពធីតាថា ម្នាលទេពធីតា អ្នកបរិបូណ៌ ដោយទិព្វសិរី មានពន្លឺចែងចាំងជានិច្ច តើនាងមកអំពីទីណា? បានធ្វើបុណ្យអ្វីក្នុងជាតិមុន? នាងទេពធីតាក្រាប ទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គមកពីឋានត្រៃត្រិង្ស, កាលពីម្សិលមញខ្ញុំ ព្រះអង្គនៅក្នុងស្រុកថូន គ្រាមនេះ បានដងទឹកមួយក្អមប្រគេនព្រះអង្គ, លុះត្រឡប់ទៅផ្ទះ ពួកព្រាហ្មណ៍ទាំងឡាយដែលអង្គុយជុំវិញនេះ នាំគ្នាចាប់វាយខ្ញុំព្រះអង្គបណ្តើរទៅឲ្យព្រាហ្មណ៍ចៅ ហ្វាយរបស់ខ្ញុំព្រះអង្គៗ បានវាយថែមទៀតដរាបដល់ស្លាប់ ។ បន្ទាប់មកនាងក៏បានថ្លែងរៀបរាប់អំពី ទិព្វសម្បត្តិរបស់នាងក្នុងឋានសួគ៌ដោយសព្វគ្រប់ លុះចប់ហើយព្រះសម្ពុទ្ធ បរមគ្រូទ្រង់សំដែង​នូវធម្មកថា ពន្យល់អំពីអរិយសច្ចធម៌៤ប្រការ នាងទេពធីតាក៏បានសម្រេចដល់សោតាបត្តិផល ក្នុងពេលនោះ ទើបថ្វាយបង្គំលាព្រះមានព្រះភាគទៅស្ថានត្រៃត្រិង្សវិញ ។ ពួកព្រាហ្មណ៍ក្នុង​ថូនគ្រាមក៏បាន យល់ច្បាស់នូវលទ្ធិពុទ្ធសាសនាក្នុងពេលនោះ ។
នាំមកអំពីនិទានជាតត

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក