Social Icons

19 January 2011

ប្រភពអ្នកតាក្នុងសង្គមខ្មែរ

ប្រភពអ្នកតាក្នុងសង្គមខ្មែរ
រូបសំណាកអ្នកតាដំបងដែក ដែលត្រូវបានស្ថាបនាឡើង នៅឯតុលាការកូនកាត់សំរាបកាត់ទោសខ្មែរក្រហម ។ បច្ចុប្បន្នប្រជាជនខ្មែរចំនួនដ៏ច្រើនលើសលប់ មានជំនឿលើព្រះពុទ្ធសាសនា ។ ប៉ុន្តែមុននឹងសាសនាព្រះពុទ្ធចូលមកក្នុងប្រទេសកម្ពុជា ប្រជាជនខ្មែរធ្លាប់មានជំនឿលើសាសនាព្រាហ្មណ៍ ហើយនៅសម័យដើមមុននឹងទទួលយកសាសនាព្រាហ្មណ៍ដែលនាំចូលដោយជនជាតិឥណ្ឌា នោះ ជនជាតិខ្មែរដើមជាម្ចាស់ស្រុកមានអរិយធម៌និងជំនឿ ផ្ទាល់ខ្លួនរួចទៅហើយ ដូចជាការជឿលើកម្លាំងធម្មជាតិ, កម្លាំងក្រៅខ្លួន ដែលហៅថា “ជំនឿជីវចលនិយម” ។ តាមឯកសារខ្លះសរសេរថា៖
ប្រពៃណីអ្នកកាន់សាសនាព្រាហ្មណ៍នៅប្រទេសឥណ្ឌា តែងចាត់ទុកវត្ថុបីយ៉ាងគឺ ព្រះព្រហ្ម,ព្រះសិវៈ
(ឥសូរ), ព្រះវិស្ណុ (នារាយណ៍) ថាជាព្រះអម្ចាស់របស់គេ ប្រហែលគ្នានឹងអ្នកកាន់ព្រះពុទ្ធសាសនា ដែលតែងចាត់ទុកវត្ថុបី យ៉ាង គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ជាទីសក្ការៈដែរ ។ ពួកព្រាហ្មណ៍ទុកព្រះព្រហ្មជាព្រះកសាងលោក, ព្រះសិវៈជាព្រះបង្កើតលោក និងបំផ្លាញលោក, ព្រះវិស្ណុជាព្រះរក្សាលោក គឺពុំឃើញមានទុកព្រះសិវៈជាអ្នកតាទេ ។ តែនៅស្រុកខ្មែរ ឃើញមានទុកព្រះសិវៈជាអ្នកតា ខ្លះហៅថា អ្នកតាព្រះនារាយណ៍ និងទុកព្រះកាឡី(នាងខ្មៅ) ទេពីព្រះសិវៈជាអ្នកតា ខ្លះហៅថាអ្នកតានាងខ្មៅ ។ ចំពោះព្រះព្រហ្ម មិនឃើញមានទុកជាអ្នកតាទេ។ ដូចនេះយើង ឃើញថាពាក្យ“អ្នកតា” គ្មាននៅក្នុងសាសនាព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ឡើយ។ តាមសៀវភៅ“ព្រះរាជពិធីទ្វារទសមាស”បានបង្ហាញថា ពាក្យ“អ្នកតា”ពុំមានក្នុងសិលាចារិក ឬរឿងបុរាណផ្សេងៗឡើយ។គេឃើញមានពាក្យនេះតែក្នុងរឿងរ៉ាវ ដែលតាក់តែងឡើងក្នុងសម័យក្រោយៗ ប៉ុណ្ណោះ។ ពាក្យ“អ្នកតា”គូគ្នានឹងពាក្យ “អ្នកដូន” ដែលសម្គាល់ភេទខុសគ្នា ។ ប៉ុន្តែពាក្យ “អ្នកដូន” គេពុំសូវយកមកប្រើប្រាស់ឡើយ។ ទោះបីជាអ្នកតាភេទប្រុស ឬភេទស្រីក៏ដោយ គេប្រើតែពាក្យ “អ្នកតា”ជាសម្គាល់ដូចគ្នា ។ ឧទាហរណ៍ដូចជា “អ្នកតាជំទាវម៉ៅ” ។
តើអ្នកតាមានប្រភពមកពីណា? អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើន បានបញ្ចោញយោបល់ខុសៗគ្នាអំពីបញ្ហានេះ ។ មតិខ្លះយល់ថាអ្នកតាគឺជាព្រលឹងរបស់បុព្វបុរសឬជំពូកមនុស្សជាវីរបុរស(អ្នក ខ្លាំង ពូកែ)ប្រចាំស្រុកឬតំបន់ណាមួយ។ បើមានសេចក្តីជំពាក់ចិត្តដោយកិច្ចការណាមួយក្នុងលោក លុះស្លាប់ហើយតែងតែកើតទៅជាអ្នកតា,ដូចជាឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្តពោធិ៍សាត់ ដែលស្លាប់ក្នុងពេលធ្វើសឹកព្រះចន្ទរាជានោះ គេថាទៅកើតជាអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់សព្វថៃ្ងនេះ ។ ឯអ្នកខ្លះយល់ថា៖ ពួកបុព្វបុរសមានជីតាជាដើម(ពុំចាំបាច់ជាមនុស្សមានមហិទ្ធប្ញទ្ធិទេ) នៅពេលស្លាប់ហើយ តែងទៅកើតជាខ្មោចមួយពួកនៅចាំថែរក្សាកូនចៅដែលនៅរស់។ ដូច្នេះពាក្យ“អ្នកតា”បានក្លាយទៅជាខ្មោចមួយពួក ដែលនៅរក្សាមនុស្ស ។ មតិខ្លះទៀតថា៖ “អ្នកតា”ក្លាយចេញមកពីពាក្យថា“ទេវតា” ។នៅជំនាន់ដើមប្រហែល ជាហៅថា “អ្នកតាទេវតា” យូរៗមកកាត់ចោល“ទេវ” ចេញនៅត្រឹមតែ“អ្នកតា” ហើយហៅជាប់រៀងមកដល់សព្វថៃ្ងនេះ ដោយហេតុ មនុស្សបុរាណកាលនៅពេលនិយាយហៅឈ្មោះអ្នកធំច្រើនដាក់ពាក្យថា “អ្នក”នៅខាងដើម ។ ដូចយ៉ាងហៅព្រះសង្ឃថា“អ្នកយើង”ហៅស្តេច ថា“អ្នកព្រះបាទជាអម្ចាស់”។ ដូចច្នេះពាក្យ“អ្នកតា”ក្នុងទីនេះចាស់បុរាណសំដៅយកភូមិទេវតា គឺទេវតាជាន់ទាបដែលអាស្រ័យនៅស្ថានមនុស្សលោកនេះ ។
ហេតុអ្វីបានជាប្រជាជនខ្មែរមានជំនឿលើអ្នកតា?តាមសៀវភៅ “ទំនៀមទម្លាប់ និងពិធីបុណ្យផ្សេងៗ”បានសរសេរបកស្រាយថា៖ មូលហេតុដែលរាប់អានអ្នកតា រហូតដល់ទៅខ្មោច,អារក្ស,បិសាចផ្សេងៗ ជាប់មកពីទំនៀមទម្លាប់មនុស្សក្នុងជាន់ដើម ពីក្នុងសម័យដែលមិនទាន់កើតមានអ្នកប្រាជ្ញ ព្រះពុទ្ធជាដើមក្នុងលោក មានអ្នកល្ងង់ខ្លៅច្រើន ជាអ្នកប្រកបដោយសេចក្តីតក់ស្លុតក្នុងរឿងស្លាប់ និងរឿងដែលមិនសមប្រកបច្រើន។ ហេតុនោះកាលណាគេឃើញអ្វីប្លែកចម្លែកអស្ចារ្យក្នុងចិត្ត គេក៏ស្មានថារបស់នោះ គង់មានអានុភាពជួយខ្លួនបាន ទើបនាំគ្នាបន់បួងសួងសុំឱ្យសម្រេចតាមសេចក្តីប្រាថ្នាជាទីពឹងទៅ។
អ្នកតាមានពីរប្រភេទផ្សេងគ្នាគឺ៖
១- ពួកទេវតារក្សាព្រះនគរប្រជាជនខ្មែរតែងហៅថា “អ្នកតាព្រះស្រុក” សម័យក្រុងឧដុង្គមានអ្នកតាឃ្លាំងមឿងនៅខាងត្បូងព្រះបរមរាជវាំង និងអ្នកតាដំបងដែកនៅភ្នំព្រះរាជទ្រព្យជាអ្នកតាព្រះស្រុក ។ សម័យក្រុងភ្នំពេញ មានអ្នកតាព្រះចៅនៅវត្តភ្នំជាអ្នកតាព្រះស្រុក ។
២- អ្នកតារក្សាខេត្តស្រុកទាំងឡាយគេហៅថា “អ្នកតាចាស់ស្រុក” ។ អ្នកតាក្រុមនេះជាចន្ទល់ចម្ពាមរបស់ អ្នកតាព្រះស្រុក។នៅក្នុងប្រទេសខ្មែរ មានអ្នកតាជាច្រើននៅពាសពេញតាមភូមិ,ស្រុក,ខេត្ត
ដូចជាអ្នកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់,អ្នកតាដំបងដែកនៅភ្នំជីសូរ(ក្នុងខេត្តតាកែវ),អ្នកតាជំទាវ
ម៉ៅនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ភ្នំពេញ ទៅក្រុងព្រះសីហនុ)ជាដើម។អាស្រ័យដោយមានអ្នក
តាជាច្រើនបែបនេះ ទើបពុទ្ធសាសនបណ្ឌិត្យសម័យដើម បានចងក្រងទុកក្នុងសៀវភៅប្រជុំរឿងព្រេង
ខ្មែរភាគទី៨ ដែលមាន រៀបរាប់ចាប់តាំងពីដើមកំណើតដំបូងរបស់អ្នកតានីមួយៗ។ ចំពោះរូបតំណាង
អ្នកតាខ្លះវិញ ពុំប្រាកដថា ជារូបបុព្វបុរសកាលនៅរស់ទេគឺគេគ្រាន់ តែធ្វើរូបសន្មតិ, អ្នកតាខ្លះទៀត
មានរូបតំណាងជាដុំថ្មតែប៉ុណ្ណោះ ។ ចំពោះការគោរពបូជាមានខុសប្លែកគ្នាទៅតាមតំបន់នីមួយៗ ។ យើងសូមលើកយកឧទាហរណ៍មួយដែលក្រុមស្រាវជ្រាវទំនៀមទម្លាប់នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានចុះទៅឃើញនិងសាកសួរផ្ទាល់ កាលពីថ្ខៃទី២៣ខែមីនាឆ្នាំ២០០២ ។ នៅក្នុងភូមិរកា ឃុំស្រយ៉ូវ
ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានប្រាសាទចាស់បុរាណមួយ ដែលបាក់បែកស្ទើរបាត់បង់រូបរាងទៅ
ហើយ។ប្រជាជននៅទីនោះ តែងហៅប្រាសាទនេះថា “ប្រាសាទរកា” ហើយគេមានជំនឿថា នៅក្នុង
ប្រាសាទនេះ មានអ្នកតាចាំថែរក្សាបងប្អូនអ្នកភូមិទាំងអស់។ អាស្រ័យដោយមានជំនឿបែបនេះ ទើប
អ្នកភូមិ តែងប្រារឰធ្វើការសែន ព្រេនអ្នកតាតៗគ្នារហូតមកដល់បច្ចុប្បន្ន ។ ការសែនព្រេននោះមាន
លក្ខណៈសាមញ្ញជាទីបំផុត គឺជារៀងរាល់ថៃ្ងសៅរ៍ គេតែងនាំគ្នាសែនព្រេនអ្នកតា ដើម្បីសុំសេចក្តីសុខ
សេចក្តីចម្រើន ដល់អ្នកភូមិទាំងអស់ កុំឱ្យមានជំងឺឈឺថ្កាត់អ្វីឡើយ ។ ប៉ុន្តែបើស្ថិតក្នុងករណីខ្លះដូច
ជាមាននរណាម្នាក់ឈឺ ឬមានគ្រោះធម្មជាតិផ្សេងៗក្នុងភូមិ គេក៏មានការសែនព្រេនអ្នកតាខុសពីវេលា
ថៃ្ងសៅរ៍នោះដែរ ។រហូតមកដល់បច្ចុប្បន្ន ទោះបីវិទ្យាសាស្ត្រមានការរីកចម្រើនជឿនលឿនយ៉ាងណា
ក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រពុំអាចប្រឆាំង ឬធ្វើការបកស្រាយអំពីជំនឿក្រៅខ្លួនរបស់ប្រជាជននៃប្រទេស
នីមួយៗឱ្យ បានជ្រះស្រឡះបានដែរ តួយ៉ាង ដូចជាបញ្ហា “អ្នកតា”ជាដើម ។ អ្នកតាដែលស្ថិតជាប់
ក្នុងផ្នត់គំនិត និងដួងព្រលឹងខ្មែរជានិច្ច ទោះតិចឬច្រើនក៏ដោយ ដូចជា នៅពេលអ្នកណាមានជំងឺ ឬ
ហៅថាអ្នកតាកាច់អាសន្នអន្ធក្រ ឬជួបប្រទះនូវមហន្តរាយផ្សេងៗ គេតែងរកគ្រឿងសំណែនទៅសែន
អ្នកតា ។ នៅពេលគេកើតទុក្ខព្រួយចិត្តខ្លាំង គេរមែងរំលឹកគុណដល់អ្នកតាដោយឧទានអំពាវនាវថា
“អ្នកតា អ្នកដូនអើយ! ជួយខ្ញុំផង”៕

មង្គលឡើងផ្ទះថ្មី

មង្គលឡើងផ្ទះថ្មី

តាមធម្មតា ប្រពៃណីពីបុរាណរបស់ប្រជាពលរដ្ឋខ្មែរ កាលណាគេបានសង់ផ្ទះថ្មីរួចហើយ គេតែងតែប្រកបពិធីជាមង្គល ដើម្បីទៅនៅលើផ្ទះថ្មីនោះ ឲ្យបានត្រជាក់ត្រជំ សុខដុមរមនាមានជោគជ័យសិរីមង្គល ។
ជាបឋម អ្នកម្ចាស់ផ្ទះគប្បីរកហោរគន់គូរ ឫក្សជតារាសី ដើម្បីរកថ្លៃ នឹងឡើងទៅនៅលើផ្ទះនោះ ។ កាលបើបានពេលាល្អហើយ គេក៏រៀបចំវត្ថុផ្សេងៗ ដើម្បីប្រកបពិធីដែលមានជាការចាំបាច់គឺ :
១- ភ្លុកដំរី ឬ កុយរមាស
២- គ្រឿងអលង្ការ
៣- សំពត់អាវសាវស្បៃ
៤- សាច់ប្រាក់សុទ្ធ ឬប្រាក់ណែន
៥- ថ្មបិទមាសមួយដុំ
៦- ដូងទុំបិទមាសមួយផ្លែ
៧- ត្រឡាចបិទមាសមួយផ្លែ
៨- ល័ក្ខជុំកន្លង់
៩- ស្រូវគង់
១០ - ឆ្មាញីសម្បុរបី
១១- កន្ទេល ខ្នើយថ្មី មួយសម្រាប់
លុះបានឫក្សពារពេលាហើយ ត្រូវរៀបចំហែរបស់ដែលបានរៀបរាប់មកនេះ ជាក្បួនតាមលំដាប់លំដោយឲ្យមានអ្នកកាន់ទ្ររបស់របរ ប្រកបដោយលក្ខណៈផង ដូចពណ៌នាខាងក្រោមនេះ :
១- អាចារ្យចាស់ទុំម្នាក់ដើរនាំមុខ កាន់សក្ការបូជា
២- ប្រុសមានគូស្រករម្នាក់ កាន់ភ្លុកដំរីឬកុយរមាស តម្កល់លើពានឬតោក
៣- ស្រីមានគូស្រករម្នាក់ កាន់ពានតម្កល់គ្រឿងអលង្ការ
៤- ស្រីម្នាក់កាន់ពានដាក់សំពត់អាវសាវស្បៃ
៥- ស្រីម្នាក់កាន់ពានសាច់ប្រាក់ច្រកក្នុងថង់ ឬប្រាក់ណែន
៦- ប្រុសម្នាក់កាន់ថ្មមណីសិលា បិទមាស មួយដុំ
៧- ស្រីម្នាក់កាន់ដូងទុំបិទមាសមួយផ្លែ
៨- ប្រុសម្នាក់កាន់ត្រឡាចបិទមាសមួយផ្លែ
៩- ក្មេងប្រុសជំទង់ម្នាក់កាន់ពានដាក់ល័ក្ខជុំកន្លង់
១០- ក្មេងស្រីព្រហ្មចារីយ៍ម្នាក់កាន់ស្រូវគង់ដាក់ក្នុងពាន ឬ តុ
១១- គព្ភីនី ស្រីមានគភ៌ បីឆ្មាញី សម្បុរបី ពាក់ចង្រ្កងមាស ឬប្រាក់ ។
១២- មនុស្សប្រុស - ស្រី កាន់កន្ទេលខ្នើយ
ឯក្បួនហែ ត្រូវជុំវិញផ្ទះថ្មីជាទក្ខិណាពត៌ គឺហែពីស្ដាំទៅឆ្វេងចំនួន ៣ ជុំ ។
កាលណាហែបានមួយជុំ មកដល់ជើងជណ្ដើរមុខអាចារ្យនាំមុខ ត្រូវស្រែកសួរអ្នកម្ចាស់ថា :
អឺ ! លោកម្ចាស់ផ្ទះ
ពេលនេះ អ្នកនៅលើផ្ទះមិនទាន់ឆ្លើយ ។ ក្បួនហែបានគ្រប់ពីរជុំ អាចារ្យសួរម្ដងទៀត តែអ្នកនៅលើផ្ទះមិនទាន់ឆ្លើយទៀត ។ លុះគ្រប់បីជុំ ទើបអាចារ្យហៅទៀតថា :
អឺ លោកម្ចាស់ផ្ទះ
ម្ដងនេះអ្នកម្ចាស់ផ្ទះត្រូវឆ្លើយថា :
អើ ចុះអ្នកណា ទៅណាមកណា នាំគ្នាអ៊ូអរយ៉ាងនេះ
សូមទោស លោក យើងខ្ញុំមកពីឆ្ងាយណាស់ សូមជ្រាប
ចុះមកពីណា អ្នកថាឆ្ងាយ តើអ្នកមកពីនាយ មកពីនគរណា
បាទ យើងខ្ញុំមកពីនគររាជគ្រឹះ
ចុះអ្នកមកមានចិត្តប៉ងបំណងកិច្ចការអ្វី
បាទ យើងខ្ញុំបានលេចឮរន្ទឺដឹងដំណឹងដល់ថា លោកស្រី លោកប្រុស បានសង់ផ្ទះថ្មីយ៉ាងធំទ្រនំខ្ពស់ មែនឬមិនមែន ?
មែន តើអ្នកមានការយ៉ាងណា សូមអ្នកថ្លែងការណ៍ប្រាប់មកចុះ
ដោយយើងខ្ញុំបានដំណឹងនេះ ទើបនាំគ្នាយកគ្រឿងត្រជាក់ត្រជុំ ចម្រុងចម្រើនមកជូនជាជោគជ័យ សិរីមង្គល មានទាំងកុយពុក ភ្លុកស្អុយ មាសប៉ុនដូងទុំ ប៉ុនត្រឡាច គ្រឿងសំពត់អាវសាវស្បៃ មាសប្រាក់ កែវ កងពិទូសូរ្យកាន្ត មានឆ្មាវិឡារីសប្បុរបី ពាក់ជីដាំត្បូង បើលោកត្រូវការខ្ញុំមានប្រាថ្នាជូនដោយឥតថ្លៃ សុំតែបាយអាស្រ័យមួយពេលប៉ុណ្ណោះ ។
ឯរឿងបាយទឹកមិនមានខ្វះអី បើពិតដូចសំដី សូមអញ្ជើញនាំគ្នាឡើងមកចុះ ។
នៅវេលាអ្នកម្ចាស់អនុញ្ញាតឲ្យឡើងហើយ អាចារ្យត្រូវរៀបចំសែន ក្បាលជណ្ដើរ ។
ឯគ្រឿងក្រយាបូជានោះមានដូចតទៅ
ចំអាបមួយថាស
បង្អែមមួយថាស
ក្បាលជ្រូកស្ងោរមួយ
ផ្តិលទឹកមួយផ្តិល ដាក់អម្បោះចំណងដៃ
បាយសីប៉ាកឆាមមួយគូ
ស្លាធម៌មួយ
ការរៀបចំហើយ អាចារ្យត្រូវសំបួងសម្រូង ប្ដឹង ទេពតា ទេព្រ័ក្ស ជំនាងផ្ទះ សុំឲ្យជួយអភិបាលរក្សា ចំរើនស័ព្ទសារធុការពរតទៅ ។
ឯពាក្យសំបូងសង្រូងនេះយើង លើកមកជូនជាសណ្ដាប់ដូចតទៅ :
ឱ ! តេជៈម្ចាស់ថ្លៃ ថ្ងៃនេះថាតាមានឫក្ស អធិមង្គល ខ្ញុំសូមប្ដឹងដល់ អស់ព្រះភូមិម្ករ ទេវតា រក្សាភូមិឋាន វិមានថ្មី ត្បិតពេលនេះលោក .....អ្នក ...... បានសង់ផ្ទះរួចហើយៗ រៀបចំឡើងនៅក្នុងថ្ងៃនេះ សូមទេព្ដារក្សាផ្ទះថ្មីនេះ ជួយពិភ័ក្តិរក្សាឲ្យស័ព្ទសារធុការសិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រការ ចំរើនលាភាតាំងពីពេលនេះរៀងតទៅ ។
និយាយសំបូងសង្រូងរួចហើយ អាចារ្យត្រូវចាប់ម្ហូបចំណីកាត់ត្រចៀកជ្រូកមួយចំណិត ដាក់ក្នុងកន្ទោងមួយ រួចច្រូចទឹកបន្តិច ដាក់សែននៅក្បែរគល់ឈើមួយក្នុងរបងផ្ទះថ្មីនោះ ។
លុះចប់ការសែនហើយ ត្រូវយកអម្បោះចងក្បាលជណ្ដើរ រួចច្រូចទឹកសុំពរជ័យ ។ កាលអ្នកហែបានឡើងទៅដល់លើផ្ទះហើយ អាចារ្យត្រូវរៀបចំចងដៃប្រសិទ្ធពរដល់ម្ចាស់ផ្ទះ គឺត្រូវក្រាលកន្ទេលឈមមុខទៅរកទិសដង្ហើមរស់ រៀបរបស់ភស្តុភារ នៅទីជាមួយ រួចអញ្ជើញម្ចាស់ផ្ទះមកអង្គុយក្រាបលើខ្នើយ ហើយចងដៃឲ្យពរស័ព្ទសារធុការប្រសិទ្ធឲ្យបាន ត្រជាក់ត្រជុំចម្រុងចម្រើនជាភិយ្យោភាព ។
តពីនេះ ទៅត្រូវនិមន្តព្រះសង្ឃចំរើន ពុទ្ធមន្ត តាមប្រពៃណីពុទ្ធសាសនា ដើម្បីបញ្ជៀស ឧបទ្ទវន្តរាយទាំងឡាយទាំងពួង នឹងដើម្បីចម្រើនសុខសួស្ដីសិរីមង្គលដល់ម្ចាស់ផ្ទះថ្មីនោះតទៅ ។ លុះចប់កិច្ចចំរើនបរិត្ត អ្នកម្ចាស់ផ្ទះតែងតែរៀបចំលៀងភោជនាហារតាមការគួរ ។
លោក ឆយ - ស៊ីផាត រៀបរៀង

ពិធីបួងសួងសុំទឹកភ្លៀង

ពិធីបួងសួងសុំទឹកភ្លៀង

តាមបវេណីពីបូរាណកាលមក នៅប្រទេសកម្ពុជាយើងនេះ បព្វបុរសរបស់យើងលោកតែងបានរៀបតាក់តែងធ្វើពិធីបួងសួងសុំភ្លៀង ឬហៅថាពិធីវរុណសាស្ត្រ នៅក្នុងឆ្នាំណាដែលរាំងភ្លៀង ។ ក៏ប៉ុន្តែតាមប្រក្រតីធម្មតានោះ ច្រើនតែក្នុងខែជេស្ឋ ព្រោះតាមរដូវកាលនៅប្រទេសយើង រដូវភ្លៀងធ្លាក់ចាប់តាំងពីខែពិសាខមក តែបើខែពិសាខផុតទៅហើយក៏នៅតែគ្មានភ្លៀង គេក៏រៀបចំធ្វើពិធីវរុណសាស្ត្រ បួងសួងសុំទឹកភ្លៀងឲ្យធ្លាក់ចុះ ដើម្បីជាប្រយោជន៍ដល់កសិករ បានប្រកបការងារចិញ្ចឹមជីវិត ។
ពិធីបួងសួងសុំភ្លៀងនេះ អ្នកប្រាជ្ញពីបូរាណបានប្រតិដ្ឋឡើងស្របទៅតាមលក្ខណៈ គតិពុទ្ធសាសនា ដោយសំអាងយកគុណានុភាពនៃព្រះរតនត្រ័យ អាស្រ័យទេវានុភាពនឹងវត្ថុស័ក្តិសិទ្ធិក្នុងលោក ដើម្បីជាផ្លូវចិត្តប្រព្រឹត្តទៅតាមបំណង ។

ពិធីការ តាមទំនៀមបូរាណ អ្នករៀបចំពិធីត្រូវជីកដីជម្រៅមួយហត្ថជារាងបួនជ្រុងស្មើប្រវែងមួយជ្រុងៗ២ហត្ថ១ចំអាម រួចព័ន្ធព័ទ្ធ ដោយរាជវតិ ដោយឆត្ររួតលំអដោយទង់ជ្រុង ធ្វើរូបព្រះឥន្ទមួយព្រះហស្ថស្ដាំចង្អុលទៅមេឃ ព្រះហត្ថឆ្វេងសំយុងចុះ រូបព្រះសុភូតិត្ថេរគង់ពែនភ្នែនព្រះហស្ថស្ដាំចង្អុលទៅមេឃ ព្រះហស្ថឆ្វេងដាក់លើរណ្ដៅ នឹងរូបព្រះគន្ធារគីរូបព្រះពុទ្ធជាតំណាងព្រះអង្គកាលទ្រង់ចុះស្រង់ទឹកមានអាការៈសណ្ឋិតឈរព្រះហស្ថស្ដាំបត់ហៅភ្លៀង ព្រះហស្ថឆ្វេងទទួលទឹក ។ រូបសំណាក់ទាំងនេះត្រូវយកទៅដាក់នៅមាត់រណ្ដៅ ។ រួចយកស្រីរ៉ស់១ទៅដាក់ក្នុងរណ្ដៅហើយចាក់ទឹកបន្តិចល្មមកុំឲ្យតែងាប់ ទើបនិមន្តព្រះសង្ឃ៤អង្គមកស្វាធ្យាយធម៌សុភូតិសូត្រ ។ ចំពោះព្រះសង្ឃដែលនិមន្តកាន់វិធីនេះ ត្រូវជម្រះអាបត្តិឲ្យបានបរិសុទ្ធសិន ។ ចំណែកពេលវេលាគឺគេប្រារព្ធនៅវេលាថ្ងៃត្រង់ ហើយហាមផ្ដាច់មិនឲ្យអ្នកដែលមករួមពិធី ទាំងព្រះសង្ឃទាំងឧបាសក មិនឲ្យបាំងឆ័ត្រឬទទូរអ្វីការពារកំដៅឡើយ ។
នៅពេលចាប់ផ្ដើមពិធីអាចារ្យត្រូវសូត្រ ភោន្តោ អញ្ជើញទេព្តាខ្មោចព្រាយ បិសាច អារ័ក្ស អ្នកតា ក្នុងស្រុកព្រៃភ្នំក្រមថ្ម សាគរ គិរីបព្វតា ស្រែចំការ ទួទាំងសកលមណ្ឌលព្រហ្មលោក ឲ្យចុះមកកំចាត់បង់អពមង្គលកោលាហល សឹកសាមសង្គ្រាមជ័យទុរ័្ភក្សអត់បាយ នឹងជម្ងឺតម្កាត់វិបត្តិដល់ស្រុក ជាទុក្ខក្នុងនគររួចហើយទើបនិមន្តលោកស្វាធ្យាយធម៌តទៅ ។
ទៅតាមស្រុកខ្លះគេនិយម ចាប់ឆ្មាស្រោចទឹក ឬហែអ្នកតាយកទៅទំលាក់ទឹកឧបកិច្ចជាអ្នកតាក្ដៅស្អុះ នេះជាតម្រាព្រៃប្រពៃណីនិយម ។

និទានទាក់ទងនឹងពិធីសុំភ្លៀង

ពិធីវរុណសាស្ត្រនេះ ជាទំនៀមប្រពៃណីបូរាណប្រមាណជាគតិពុទ្ធនិយមដែលបូរាណាចារ្យ ប្រារព្ធឡើងដោយអាស្រ័យរឿងរ៉ាវក្នុងគម្ពីរពុទ្ធនិយមជាគោលដែលជាប់ទាក់ទងនឹងហេតុដែលរាំងភ្លៀងដូចជារឿងនិទានខ្លះខាងក្រោមនេះ៖

១-រឿងទឡបជាតកៈ
និទាននេះមានសេចក្ដីដំណាលថាគ្រាមួយនោះ នៅដែលកោសល គ្មានភ្លៀងធ្លាក់សោះ ម្ល៉ោះហើយបឹងបួត្រពាំងរីងហួតស្ងួតអស់ ស្រះបោក្ខរណីមុខវត្តជេតពនមានតែភក់ ត្រីនៅក្នុងស្រះស្លាប់ជាច្រើន ហើយត្រូវហ្វូងក្អែកចឹកស៊ីរាល់ថ្ងៃ ។ ព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ទតឃើញដូច្នោះ ទ្រង់មានព្រះមហាករុណាចំពោះត្រី ទើបទ្រង់ចុះទៅកាន់ស្រះ ហើយឲ្យអានន្ទពុទ្ធោបដ្ឋាកៈ យកសាដកមកផ្លាស់ស្រង់ក៏ក្ដៅដល់អាសនាព្រះឥន្ទ្រាធិបតី ស្ដេចក៏ប្រើវស្សវលាហក បណ្ដាលឲ្យភ្លៀងធ្លាក់ចុះមក ។ ភិក្ខុទាំងឡាយឃើញហេតុដូច្នោះ ក៏សរសើរថាអស្ចារ្យណាស់ ទើបព្រះដ៏មានព្រះភាគត្រាស់ថាអស្ចារ្យអ្វីពេលនេះ ដែលតថាគតបានត្រាស់ហើយ កាលពីតថាគតកើតជាស្ដេចត្រីរ៉ស់ឈ្មោះនប្បបៈនៅវស្សបូរីក៏បានធ្វើឲ្យកើតអស្ចារ្យដូច្នេះដែរ ដោយសច្ចៈកិរិយាដើម្បីអនុគ្រោះដល់ពួកត្រីទាំងឡាយជាញាតិ ។ ឯសច្ចកិរិយានោះ គឺតថាគតបានពោលថា ចាប់តាំងពីតថាគតកើតជាត្រីវេលាណា តថាគតមិនដែលក្លែងបៀតបៀនសូម្បីតូចមួយដោយខ្លួនឯងម្ដងសោះឡើយ ។ ដោយសច្ចកិរិយានេះហើយ ភ្លៀងក៏ធ្លាក់ចំមកដោយប្រពៃ ។

២-សុត្តជាតកទានានិសង្ស
និទានមានដំណាលមានព្រះអរហន្តមួយព្រះអង្គព្រះនាម សុភូតិត្ថេរ គង់នៅក្នុងព្រៃ ។ មានពេលមួយ លោកក៏និមន្តចូលទៅកាន់ក្រុងរាជគ្រឹះ ពេលនោះព្រះបាទពិម្ពិសាលប្តេជ្ញានឹងធ្វើកុដិប្រគេន តែព្រះអង្គទ្រង់ភ្លេចទៅ ព្រះសុភូតិត្ថេរក៏គង់នៅកណ្ដាលវាល ក៏បណ្ដាលឲ្យរាំងភ្លៀង តើបព្រះបាទពិម្ពិសាលទ្រង់ព្រះតម្រិះរកហេតុកណ្ដាលឲ្យរាំង ក៏ទ្រង់ជ្រាបថាព្រះអង្គភ្លេចពាក្យប្តេជ្ញាក៏ចាត់ឲ្យរាវវឌ្ឍកីធ្វើកុដិប្រគេនលោកភ្លាម លុះសង់កុដិរួចហើយភ្លៀងក៏ចង្អុរចុះ មកមួយរំពេច ។

៣-សុភូតិសូត្រ
សូត្រនេះមាននៅក្នុងភាណវារៈ ដែលមានដំណាលថា សម័យមួយព្រះដ៏មានព្រះភាគទ្រង់យាងទៅកាន់ដែនមគធៈ ជាមួយភិក្ខុ៥០០ រូប លុះស្ដេចទៅដល់អង្គុត្តរនិគមទ្រង់ក៏ឆៀងចូលទៅ ។ ពេលនោះជារដូវភ្លៀង ក៏ប៉ុន្តែឥតមានភ្លៀងធ្លាក់សោះ បណ្ដាលឲ្យអ្នកនិគមនោះ លំបាកវេទនាជាខ្លាំង ទើបព្រះដ៏មានបុណ្យទ្រង់ត្រាស់ហៅសុំភូតិត្ថេរ ឲ្យចម្រើនអោកសិណគឺប្រារព្ធយកទឹកជាអារម្មណ៍ ។ ព្រះសុភូតិត្ថេរក៏ទទួលតាមពុទ្ធតម្រាស់ ក៏សំឡឹងមើលអាកាសចូលកាន់អបោកសិណ ហើយបន្លឺឧទានចំពោះព្រះ ឥន្ទព្រះព្រហ្មយកយក្ខនាគកុម្ភណ្ឌភូត អារក្សចតុលោកបាល ឲ្យរឭកនូវធម៌របស់ព្រះសម្មាសម្ពុទ្ធមានសច្ចៈ បួនប្រការជាដើម ដែលព្រះអង្គសំដែងហើយ ដោយអំណាចចេតោវិមុត្តប្រកបដោយមេត្តាកើតឡើងអំពីអាបោកសិណ សូមឲ្យសត្វទាំងឡាយកុំមានពៀរនឹងគ្នា កុំមានទុក្ខភ័យ ហើយចូរឲ្យវស្សាវលាហកបង្អុរភ្លៀងឲ្យធ្លាក់ចុះមកដោយស្រួលតាមរដូវកាល ។
ដោយមានរឿងរ៉ាវដូចពណ៌នាមកនេះ ក៏កើតទៅជាមូលហេតុដើមនៃពិធីវរុណសាស្ត្រឬពិធីបួងសួងសុំភ្លៀងរហូតមកដល់សព្វថ្ងៃនេះ ។
លោក ឆយ ស៊ីផាត រៀបរៀង

អំពីពុទ្ធទំនាយសោឡសនិម្មិត

អំពីពុទ្ធទំនាយសោឡសនិម្មិត

មានរឿងតំណាលមកថា នៅនាវេលានោះឯង ព្រះបាទបសេនទិកោសល ទ្រង់យាងចូលព្រះទែនសយនាក្រឡាព្រះបន្ទំដូចសព្វមួយដង។ ក្នុងរាត្រីនោះព្រះអង្គទ្រង់ផ្ទុំលក់យ៉ាងសែនស្កប់ស្កល់ក្នុងព្រះបន្ទំ តាំងពីវេលារំលងអធ្រាត្រ ទ្រង់យល់ព្រះសុបិននិម្មិតឃើញ ១៦ ប្រការយ៉ាងច្បាស់ទែង ហាក់បីដូចជាទ្រង់បានទតឃើញនិងព្រះនេត្រស្រស់ដូច្នោះដែរ។ លុះព្រះអង្គតើនដឹងព្រះស្មារតីឡើងនៅនាវេលាទៀបភ្លឺនោះ ព្រះ អង្គទ្រង់នៅចាំព្រះសុបិនទាំង១៦ យ៉ាងច្បាស់ ឥតមានភ្លេចភ្លាំងដោយប្រការណាមួយឡើយ។ ព្រះអង្គទ្រង់ព្រះចិន្តាថា "ព្រះសុបិននេះ ហាក់បីដូចជាចម្លែកពន់ពេកណាស់ នេះច្បាស់ជាប្រផ្នូលអ្វីខ្លះមិនលែងឡើយ"។ កាលបើត្រង់ព្រះតម្រិះដូច្នេះហើយ ព្រះបាទបសេនទិកោលស ក៏ទ្រង់ត្រាស់ហៅពូករាជអាមាត្យឲ្យទៅអញ្ជើញអស់លោកជាព្រាហ្មណ៍បុរោហិត បណ្ឌិតហោរា មកកាន់ព្រះរាជរោងរម្យជាបន្ទាន់។ បន្ទាប់ពីទ្រង់ស្រង់ព្រះវារីរួចហើយ ព្រះអង្គទ្រង់ព្រះពស្ត្រតាមទម្លាប់ ប្រញាប់យាងទៅកាន់ព្រះរាជរោងរម្យ ជួបជុំអស់លោកបរោហិតព្រាហ្មណ៍ព្រឹទ្ធ បណ្ដិតហោរា ដែលបានអញ្ជើញមកចាំគាល់ត្រៀបត្រារួចជាស្រេច។ ព្រះបាទសម្ដេចបសេនទិកោសល ទ្រង់ត្រាស់ទៅអស់លោកនាហ្មឺនទាំងនោះ ពីព្រះបំណងរបស់ព្រះ អង្គក្នុងការបើកអង្គប្រជុំជាវិសាមញ្ញមួយនេះ។ រួចហើយព្រះអង្គក៏រៀបរាប់ជូនអង្គប្រជុំទាំងមូលអំពី "ព្រះមហាសុបិននិម្មិត១៦ ប្រការ" នោះ។ ក្នុងចំណោមព្រះរាជហោរាក្ដី ព្រះរាជបុរោហិតក្ដី ដែលបានរៀនពីវិជ្ជានេះ ពុំមានអ្នកណាម្នាក់អាចកាត់យល់បាននូវប្រផ្នូល មានហោរាម្នាក់ទស្សន៍ទាយទាំងស្មានៗថ្វាយព្រះមហាក្សត្រ ថាព្រះអង្គនឹងត្រូវជួបគ្រោះថ្នាក់ណាមួយ ក្នុងគ្រោះថ្នាក់បីយ៉ាងដូចតទៅ៖
"ព្រះអង្គអាចខូចរាជសម្បត្តិ, ពុំនោះសោតត្រូវខូចមហេសី, ឬបើមិនដូច្នោះទេ ព្រះអង្គនិងត្រូវសោយទិវង្គតហើយ"។
កាលបើទ្រង់សណ្ដាប់ឮទំនាយនោះហើយ ព្រះបាទបសេនទិកោសល ក៏ត្រាស់សួរយោបល់បុរោហិតថ្វាយយោបល់ថា តើត្រូវធ្វើដូចម្ដេច ដើម្បីរំដោះគ្រោះនេះបាន។ បុរោហិតថ្វាយយោបល់ថា មានតែត្រូវប្រារព្ធពិធីបូជាយញ្ញប៉ុណ្ណោះ។ ដោយហេតុថាពិធីបូជាយញ្ញ តម្រូវឲ្យមានការសម្លាប់មនុស្ស និងសត្វជាច្រើន ទើបព្រះនាងមល្លិកាជាព្រះអគ្គមហេសីទ្រង់ថ្វាយយោបល់ជំទាល់ថា " ដែលព្រះអង្គចង់រស់ខ្លួនឯងហើយទៅសម្លាប់គេដើម្បីបូជាយញ្ញនុ៎ះ វាមិនត្រឹមត្រូវទាល់តែសោះ! ៗ។ ព្រះអគ្គមហេសី ក៏បានណែនាំព្រះស្វាមីឲ្យទៅទូលសូរព្រះសម្មាសម្ពុទ្ធមើល ដើម្បីចង់ដឹងថាតើន័យមហាសុបិននេះ វាពិតដូចបុរោហិតបានទូលថ្វាយមែន ឬមិនមែន។
ព្រះបាទបសេនទិកោសល ក៏ទ្រង់ស្ដេចយាងទៅកាន់សំណាក់ នៃព្រះបរមសាស្តាសម្មាសម្ពុទ្ធ ដែលកំពុងគង់នៅវត្តជេតពន។ លុះយាងទៅដល់ហើយព្រះបាទបសេនទិកោសល ក៏លើកករប្រណម្យធ្វើអភិវន្ទនកិច្ចចំពោះព្រះបរមសាស្តាទាំងទូលព្រះបរមសាស្ដាពីវត្ថុបំណងនៃការយាងរបស់ព្រះអង្គមកកាន់ទីនេះ។ ដោយអានុភាពនៃទិព្វញាណរបស់ព្រះអង្គ ព្រះសម្មាសម្ពុទ្ធទ្រង់បានជ្រាបអំពីដំណើររឿងនេះរួចជាស្រេចទៅហើយ។ ព្រះបាទបសេនទិកោសល ទ្រង់លើកពីព្រះមហាសុបិន្តរបស់ព្រះអង្គ ម្ដងមួយៗ ទូលព្រះបរមសាស្តា។ ចំណែកឯព្រះបរមសាស្តាវិញ ព្រះអង្គក៏ទ្រង់ថ្វាយសេចក្ដីថា "បពិត្រមហារាជ, រឿងយល់សប្តនេះ មិនមានន័យ អ្វីទាក់ទងទៅនឹងព្រះអង្គផ្ទាល់ ដូចបុរោហិតទូលថ្វាយទេ។ រឿងទាំងអស់វានិងកើតមានឡើងនៅនាអនាគតឯណោះ សម្រាប់មនុស្សលោកជាទូទៅផង និងសម្រាប់សាសនាតថាគតផង" ។ រួចហើយ ព្រះសម្មាសម្ពុទ្ធទ្រង់កាត់ព្រះមហាសុបិននិម្មិតទាំងអស់នោះ ថ្វាយព្រះបាទបសេនទិកោសល តាមលំដាប់លំដោយ ដូចតទៅនេះ៖

សុបិនជាគម្រប់១, ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញគោឧសុភរាជបោលពីទិសទាំង៤ សំដៅមកព្រះលាន ក្នុងកិរិយាសង្ខើញពីចម្ងាយមកថានឹងជល់គ្នា។ លុះបោលមកដល់ជួបគ្នានៅលើទីព្រះលានខាងមុខព្រះបរមរាជវាំង គោឧសុភរាជទាំងនោះ បែរជាមិនជល់គ្នាវិញ។
ព្រះសម្មាសម្ពុទ្ធបរសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មេឃ អាកាស នឹងប្រែប្រួល លក្ខណៈខុសពីធម្មតា។ ដោយសារមនុស្សមិនសូវកាន់ធម៌ គឺទាំងព្រះរាជា ទាំងនាម៉ឺន ទាំងប្រជាជន ទាំងសមណព្រាហ្មណ៍ច្រើនតែខ្វះសីលធម៌ នាំឲ្យទេព្តាពុំសប្បាយព្រះទ័យ ក៏បណ្ដាលឲ្យធាតុអាកាសប្រែប្រួលភ្លៀងបង្អុរមកពុំបានគ្រប់គ្រាន់ ដំណាំ និងឈើផងទាំងឡាយ ឲ្យផលានុផលមិនបានបរិបូណ៌។ ជួនកាលមេឃមីរងងឹតអួរអាប់ ដាបដោយពពកខ្មៅ ដែលតាមចំណាំថាបន្តិចទៀតទៅនឹងមានភ្លៀងបង្អុរធ្លាក់ចុះមក។ មនុស្សម្នាប្រញាប់នាំគ្នាទៅសាស្រូវសាសម្លៀកបំបាក់ រីឯអ្នកដំណើរនាំគ្នារត់រកជម្រកតែរៀងៗខ្លួន ។ ស្រាប់តែគេពុំបានឃើញភ្លៀងធ្លាក់ទៅវិញ។ មានពេលខ្លះ មេឃភ្លឺស្រឡះ ដែលតាមការចំណាំថា និងគ្មានភ្លៀងធ្លាក់ទេ។ ប៉ុន្តែ បន្តិចក្រោយមក ក៏ស្រាប់តែមានភ្លៀងបង្អុរចុះមកយ៉ាងជោគជាំ។

សុបិនជាគម្រប់២-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញឈើមួយដើម ទើបនឹងដុះបានកម្ពស់ប្រហែលមួយហត្ថ ក៏ស្រាប់តែបែកមែកត្រសុំត្រសាយសាខា មានផ្កា មានផ្លែរណេងរណោង។
ព្រះសម្មាសម្ពុទ្ធបរមសាស្ត្រាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សម្នាចេះស្រឡាញ់គ្នា និងយកគ្នាជាប្ដីប្រពន្ធនៅក្មេងៗណាស់ ព្រោះតែគេមានកិលេសច្រើនពេក គឺអាយុបាន១៣,១៤,១៥ ឆ្នាំ គេនឹងរៀបការគ្នាជាប្ដីប្រពន្ធ មានកូន មានចៅ អាយុក៏កាន់តែខ្លី ឯក្មេងស្រីឆាប់មានរដូវណាស់។

សុបិនជាគម្រប់៣-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញមេគោធំៗបង្កើតកូនមកហើយក្នុងថ្ងៃហ្នឹង រួចក៏សុំបៅដោះកូនរបស់ខ្លួន។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សកាន់តែបាត់បង់សីលធម៌ច្រើន មិនសូវចេះគោរពមាតាបិតាគ្រូបាអាចារ្យរបស់ខ្លួនទេ ហើយយូរទៅមុខទៀតទៅ មាតាបិតាត្រូវអង្វរករកូនត្រូវផ្គាប់ចិត្តកូនរបស់ខ្លួន ដើម្បីឲ្យកូនចិញ្ចឹមខ្លួនជាឪពុកម្ដាយ ឲ្យបាយទទួលទាន។

សុបិន្តជាគម្រប់៤-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញគេមិនទឹមគោធំៗទេ តែគេបែរជាទឹមគោតូចៗទៅវិញ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សអ្នកចេះអ្នកដឹង មានការពិសោធន៍គេមិនឲ្យទទួលធ្វើការងារធំដុំទេ គឺគេយកតែក្មេងៗដែលខ្វះការពិសោធន៍ឲ្យធ្វើការវិញ ម្ល៉ោះហើយធ្វើការទៅមានត្រូវខ្លះខុសខ្លះ ដែលបង្កឲ្យមានការលំបាកជាពន់ពេកហោង។

សុបិន្តជាគម្រប់៥-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញមានសេះមួយនោះមានមាត់ពីរ គេឲ្យស៊ីប៉ុន្មាន ក៏វាមិនចេះឆ្អែតដែរ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ក្រឡាផ្ទៃក្រោមធ្វើអំពើអធម្មកម្មពេកណាស់ហោង។ ពួកតុលាការផង គេកាត់ក្ដីប្រកបដោយសេចក្ដីសុចរិត យុត្តិធម៌បន្តិចណាសោះឡើយ គឺគេតែងឆ្លៀតយកការកាត់ក្ដីធ្វើជាឱកាសសម្រាប់ជំរឹតយកមាសប្រាក់ ឬទ្រព្យសម្បត្តិរបស់គូក្ដីទាំងសងខាង ដោយឥតមានត្រាប្រណីឡើយ ហើយទោះបីជាគូវិវាទទាំងសងខាងសូកប៉ាន់អស់ប៉ុន្មានៗ ក៏ចៅក្រមមិនចេះឆ្អែតឆ្អន់ដែរ គឺគេនៅតែប្រព្រឹត្តដូច្នេះជារហូត។ ឯអ្នកកាត់ក្ដីនោះទៀតសោត ច្រើនតែជាមនុស្សក្មេងៗ ជាអ្នកមិនសូវមានចំណេះវិជ្ជាអ្វីជ្រៅជ្រះទេ។

សុបិន្តជាគម្រប់៦-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ គេយកភាជន៍មាស តម្លៃមួយសែនតម្លឹងទៅត្រង់ទឹកនោមឆ្កែចកក។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ អ្នកដែលធ្លាប់មានត្រកូលខ្ពង់ខ្ពស់នឹងធ្លាក់ខ្លួនទៅជាទ័លក្រ លំបាកតោកយ៉ាកថោកទាប ព្រោះឥតមានយសសក្តិនឹងគេ ។ចំណែកឯអ្នកដែលធ្លាប់នៅក្នុងត្រកូលទាបថោកវិញ គេត្រូវបាន ឡើងធ្វើជាអ្នកដឹកនាំ មានស័ក្តិយសខ្ពស់ត្រដែតត្រដឹមម្ល៉ោះហើយ ពួកអ្នកត្រកូលខ្ពស់ទាំងនោះ ត្រូវបង្ខំចិត្តលើកកូនស្រីរបស់ខ្លួនឲ្យទៅធ្វើជាភរិយានៃអ្នកត្រកូលថោកទាប ដែលមានស័ក្តិយស មានអំណាច ដើម្បីឲ្យបានងាយស្រួលក្នុងការរស់នៅ។

សុបិន្តជាគម្រប់៧-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ ឆ្កែចចកស៊ីខ្សែ ដែលបុរសវេញហើយនោះទាល់តែអស់។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ស្រីៗមានរាគៈ គឺមានតម្រេកយ៉ាងខ្លាំងក្លា ចូលចិត្តផឹកស្រា ស្រឡាញ់តែគ្រឿងអលង្ការ ចូលចិត្តតាក់តែងរាងកាយ សប្បាយតែខាងការត្រាច់ចរតាមចក្រល្ហករកប្រុសសាហាយ ឥតគិតគូររក្សាសីលទានសោះ សូម្បីតែការងារក្នុងផ្ទះសម្បែង ក៏ពុំសូវធ្វើឲ្យបានដិតដល់ដែរ, ឯប្ដីលំបាកចិត្តណាស់ ឥតបានសុខសាន្តទេ ព្រោះហេតុតែទុកប្រាក់កាសមិនចេះគង់ ដោយសារតែប្រពន្ធក្បត់ចិត្ត គិតតែពីចាយវាយខ្ជះខ្ជាយ។

សុបិន្តជាគម្រប់៨-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញក្អមធំមួយមានទឹកពេញព្រៀប និងក្អមទទេតូចៗ ជាច្រើននៅព័ទ្ធជុំវិញ ។ ព្រះអង្គទ្រង់ឃើញមានមនុស្សមកពីទិសទីទៃៗនាំគ្នាដងទឹកចាក់ចូលទៅតែក្នុងក្អមធំ មានទឹកពេញស្រាប់ដែលនៅត្រង់កណ្ដាលនោះ ឥតមាននរណាចាប់ភ្លឹកថា នឹងចាក់ទឹកទៅក្នុងក្អមទទេតូចៗទាំងនោះផងឡើយ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ នៅក្រឡាផ្ទៃក្រោមនឹងមានកើតការប្រែប្រួល ដោយអ្នកកម្សត់ទុរគតនាំគ្នាជញ្ជូនប្រាក់កាសទៅបំពេញតែទូ និងហឹប របស់អ្នកមានធនធានស្រាប់ៗ ថែមទាំងត្រូវកំណែនឲ្យទៅធ្វើស្រែចម្ការច្បារដំណាំឲ្យអ្នកធំ ឲ្យអ្នកមានស្ដុកស្តម្ភ ចោលមុខរបររបស់ខ្លួនអស់ ខំបេះយកផលជញ្ជូនដាក់ឃ្លាំងរបស់អ្នកមានសម្បត្តិ ឥតឱកាសនិង ធ្វើការងាររបស់ខ្លួនឡើយ។

សុបិន្តជាគម្រប់៩-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញស្រះបោក្ខរណីមានទឹកល្អក់ត្រង់កណ្ដាល ដែលពុំមាននរណាទៅប៉ះពាល់សោះនុ៎ះ ឯទឹកតាមឆ្នេរនៅច្រាំងជុំវិញ ដែលមនុស្សសត្វផងតែងតែចុះអាស្រ័យ បែរជាថាស្អាតល្អ ឥតមានកករល្អក់បន្តិចណាសោះឡើយ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ពួកមន្ត្រីអ្នករាជការមានចិត្តមិនបរិសុទ្ធ រមែងប្រកបដោយអគិតទាំង៤យ៉ាង គឺកាត់ក្ដីមិនត្រឹមត្រូវតាមច្បាប់នេះ១, សម្លឹងចង់បានទ្រព្យសម្បត្តិរបស់គេនេះ១, គ្មានព្រហ្មវិហារធម៌ចំពោះបណ្ដារាស្ត្រសោះនេះ១, មានចិត្តកាចឃោរឃៅនេះ១, គឺគេធ្វើបាបរាស្ត្រខ្លាំងពេក រហូតដល់បណ្ដារាស្ត្ររត់ចោលស្រុកកំណើត រត់ចោលការងារជាមុខរបរ នាំគ្នាទៅនៅតាមដោយចុងកាត់មាត់ញក នាព្រៃភ្នំក្រំថ្ម ឯណោះទៅវិញ ទើបបានសុខស្រួល បានរួចរំដោះអស់ពីទុក្ខភ័យ ផុតក្ដីលំបាក ។

សុបិន្តជាគម្រប់១០-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ បាយមួយឆ្នាំង មានឆ្អិនផង, មានឆៅផង, មានជ្រាយផង។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខស្រុកទេសនិងមានកើតហេតុភេទ ៣យ៉ាងដូចតទៅ៖

ទី១-មនុស្សផងទាំងឡាយគឺ ពួកមន្ត្រីរាជការ គហបតីនិងសមណជីព្រាហ្មណ៍ទាំងឡាយ មិនប្រកបដោយសីលធម៌សោះឡើយ។

ទី២-ពួករុក្ខទេវតា, អារក្ខទេវតា, អាកាសទេវតាទាំងអម្បាលម៉ាន មិនកាន់សីល កាន់ធម៌ឡើយ។

ទី៣- នៅភូមិភាគខ្លះ មានភ្លៀងធ្លាក់ច្រើនហួសពេក ទាល់តែរលួយសំណាប រលួយសន្ទូងអស់ ដំណាំដាំដុះឲ្យផលមិនបានគ្រប់គ្រាន់ធួនល្មមនិងសេចក្ដីត្រូវការឡើយ។

សុបិន្តជាគម្រប់១១-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ គេយកខ្លឹមចន្ទន៍តម្លៃមួយតម្លឹងទៅដូរយកទឹកដោះគោជូរ ផ្អូម ហើយស្អុយទៅវិញ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខពួកភិក្ខុសង្ឃដេលជាអ្នកបួសក្នុងសាសនាតថាគត គិតតែពីខាងលោភលន់ ចង់បានបច្ច័យ៤ ហួសហេតុ ព្រមទាំងចង់បានឋានៈខ្ពង់ខ្ពស់ ឥតបើមានអៀនខ្មាសសោះឡើយ។ ធម៌វិន័យដែលតថាគតទេសនាទូន្មាននោះ គឺមិនឲ្យត្រេកអរនឹងបច្ច័យ៤ ទេ មិនឲ្យចង់បានឋានៈអ្វីឡើយ ឲ្យខំតែកម្ចាត់បង់នូវលោភៈ ទោសៈមោហៈ ចេញឲ្យផុតពីសន្តានចិត្ត ឲ្យខំប្រព្រឹត្តតែត្រៃសិក្ខាគឺ សីល, សមាធិ, បញ្ញា ឲ្យបានមុតមាំ មែនទែន ដើម្បីជាផ្លូវទៅកាន់ព្រះនិព្វាន។ ប៉ុន្តែ លុះដល់តថាគតចូលបរិនិព្វានអស់កាលកន្លងទៅជាយូរអង្វែងពួកភិក្ខុទាំងឡាយទៅជានាំគ្នាប្រែក្លាយធម៌ របស់តថាគត ដោយទេសនាបញ្ចេញបញ្ចូលឲ្យតែខាងបានពីរោះល្បីល្បាញលើសគេ ដើម្បីឲ្យបានលាភសក្ការៈច្រើន មានឋានៈខ្ពង់ខ្ពស់ឥតខ្លាចបាបសោះ គឺ "ពួកភិក្ខុទាំងនោះហ៊ានយកធម៌សម្រាប់ព្រះនិព្វានទៅដូរយកបច្ច័យ៤"។

សុបិន្តជាគម្រប់១២-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញឃ្លោកលិច អំបែងអណ្តែត។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខនិងមានការប្រែប្រួលនៅក្រឡាផ្ទៃក្រោម ដោយហេតុថា អ្នកល្ងង់ខ្លៅ ត្រូវបានឡើងធ្វើជាអ្នកដឹកនាំ មានស័ក្តិយសខ្ពង់ខ្ពស់ត្រដែតត្រដឹម មានអំណាច រួចហើយគេលើកតំកើងតែមនុស្សល្ងង់ខ្លៅដូចគ្នា ឲ្យស្រដីលើអ្នកប្រាជ្ញបណ្ដិត តម្រូវឲ្យអ្នកប្រាជ្ញ បណ្ឌិតស្ដាប់បង្គាប់អ្នកល្ងង់ខ្លៅវិញ។

សុបិន្តជាគម្រប់១៣-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញថ្មមួយដុំធំប៉ុនផ្ទះ អណ្ដែតទឹកដូចជាទូក រួចរសាត់បាត់ទៅតាមខ្យល់ទៅ ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខយសស័ក្តិខ្ពង់ខ្ពស់នឹងត្រូវបានទៅតែខាងពួកអ្នកឥតត្រកូល ពោលគឺពួកអ្នកត្រកូលថោកទាប អវិជ្ជា ត្រូវបានឡើងធ្វើជានាហ្មឹនធំៗ ចំណែកឯពួកមានត្រកូលល្អត្រឹមត្រូវសុចរិត យុត្តិធម៌ពិតៗ ត្រឡប់ទៅជាធ្លាក់ខ្លួនក្រខ្សត់ អ្នកផងលែងគោរពកោតក្រែង គឺគេនាំគ្នាគោរពកោតខ្លាចតែអ្នកឥតត្រកូលទៅវិញ ។ ម្យ៉ាងវិញទៀតគេនឹងលែងធ្វើគារវកិច្ចចំពោះព្រះសង្ឃដែលមានសីលល្អបរិសុទ្ធ តែគេបែរជាគោរពរាប់អានភិក្ខុអលជ្ជីដែលទ្រុស្ដសីលទៅវិញ។ ពួកព្រះសង្ឃដែលប្រតិបត្តិត្រឹមត្រូវតាមធម៌-វិន័យ ត្រឡប់ជាខ្ចាត់ព្រាត់ពីទីប្រជុំសង្ឃ ទៅនៅឯក្រៅបាត់អស់ទៅ។

សុបិន្តជាគម្រប់១៤-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញសត្វកង្កែបតូចៗ លោតដេញខាំពស់វែកធំៗ ហើយទំពាស៊ីលេបបាត់ទៅ។
ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខលោកនឹងអាប់ឱនទៅនៅក្នុងគ្រាដែលមនុស្សទាំងឡាយសឹងទៅដោយកម្លាំងកាមរាគដ៏ខ្លាំងក្លា មានកិលេសតណ្ហាគ្របសង្កត់ជាប់ បណ្ដាលឲ្យប្តីសីសុខចិត្តនៅក្រោមអំណាចប្រពន្ធក្មេងៗ ទាំងទ្រព្យសម្បត្តិសព្វសារពើរសោត ក៏នៅក្នុងកណ្ដាប់ដៃប្រពន្ធក្មេងៗទាំងនោះដែរ។ កាលបើប្ដីសួរនាំពីទ្រព្យសម្បត្តិផ្សេងៗប្រពន្ធក្មេងៗ តែងស្ដីបន្ទោស ជេរ តបតទៅវិញ កំហែងប្ដីឲ្យលុះក្នុងអំណាចរបស់ខ្លួននោះ ស្មើខ្ញុំកំដរ។

សុបិន្តជាគម្រប់១៥-ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញរាជហង្សហើរហែហមសត្វក្អែក បើក្អែកទៅទីណា រាជហង្សក៏ទៅទីនោះដែរ។
ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខពួកព្រះរាជាក្នុងខត្តិយត្រកូល និងពួកអ្នកដែលធ្លាប់នៅក្នុងត្រកូលខ្ពង់ខ្ពស់ មានចំណេះវិជ្ជា បែរជាទៅហែហមពួកល្ងង់ខ្លៅនៅក្នុងត្រកូលទាបៗ ដែលមានអំណាចដើម្បីទៅសុំបុណ្យ សុំសក្តិយសពីពួកត្រកូលទាបៗនោះវិញ។

សុបិន្តជាគម្រប់១៦-ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ទូលទៅព្រះបរមសាស្តាថា "ខ្ញុំម្ចាស់យល់សប្តឃើញពពែដេញខាំខ្លា។ បើតាមសុបិននេះតើនឹងមានកើតហេតុភេទទៅជាប្រែប្រួលយ៉ាងណាដែរទៅ ព្រះអង្គ? ឱ! ព្រះជាម្ចាស់ខ្ញុំអើយ! តាំងពីកើតមក ខ្ញុំព្រះអង្គធ្លាប់តែបានដឹង បានឮថា ធម្មជាតិជាសត្វខ្លា វាតែងខាំ តែងតែស៊ីពពែ។ ប៉ុន្តែ ខ្ញុំព្រះអង្គបែរជាឃើញពពែដេញខាំស៊ីខ្លាវិញ។ មិនតែប៉ុណ្ណោះ ខ្ញុំព្រះអង្គបានឃើញទៀតថា ហ្វូងខ្លាគ្រាន់តែឃើញពពែលឹមៗ ពីចម្ងាយក៏នាំគ្នាដាក់មេផាយបោលយ៉ាងលឿនចូលទៅក្នុងព្រៃធំ ខំលាក់ខ្លួនពួនសំងំ ព្រោះខ្លាចពពែខាំស៊ី ។
ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់មានព្រះពុទ្ធដីកាកាត់ព្រះមហាសុបិននេះថ្វាយព្រះបាទបសេនទិកោសលថា" ថ្វាយព្រះពរ មហារាជ, លុះចំណេរចីរកាលតទៅមុខទៀតទៅ ពួកបណ្ដាជនជាអ្នកឥតត្រកូល ហើយអវិជ្ជាត្រូវទទួលបានសេចក្ដីប្រោសប្រាណឲ្យឡើងធ្វើជានាហ្មឺនធំ។ ឯជនដែលមានពូជ មានត្រកូលខ្ពង់ខ្ពស់បែរទៅជាអ័ព្ទយសសក្តិ ធ្លាក់ខ្លួនទៅជាអ្នកកម្សត់វិញ។ អ្នកធំគេជឿតាមតែសេចក្ដីវិនិច្ឆ័យរបស់មន្ត្រីក្មេងៗ ដែលកេងប្រវ័ញ្ចយកមាស ប្រាក់ យកស្រែចម្ការ ជារបស់បណ្ដារាស្ត្រធ្វើជារបស់ខ្លួន ថែមទាំងឲ្យចាប់រាស្ត្រខ្លះធ្វើទារុណកម្ម ទាំងកំហែងថា "ឯងម៉េចបានជាហ៊ានបៀតបៀននឹងនាហ្មឺន!"។ ជួនកាល មានដល់ទៅធ្វើទោសពៃកាត់ដៃ កាត់ជើង វាយខ្នងផង ម្ល៉ោះហើយ អ្នកមានពូជ មានត្រកូលខ្ពង់ខ្ពស់ចេះតែភ័យព្រួយបារម្ភ ខ្លាចគេរកឃើញ គេនឹងចាប់ចងយកខ្លួនទៅធ្វើទោសពៃរ៍។ ម្យ៉ាងទៀត ក្នុងសាសនាតថាគត ក៏មានកើតហេតុភេទដូចគ្នាដែរ គឺពួកភិក្ខុទ្រុស្ដសីលចេះតែរករឿងហេតុចាប់ទោស ចាប់កំហុសពួកភិក្ខុជាអ្នកមានសីលល្អបរិសុទ្ធទៅវិញ ។ ដូច្នេះ ពួកភិក្ខុដែលមានសីលស្អាតល្អបរិសុទ្ធទាំងនោះ ក៏នាំគ្នារត់រកទីពឹងនៅតាមដងព្រៃភ្នំក្រំថ្មអស់ទៅ ។
ថ្វាយព្រះពរ មហារាជ, ព្រះសុបិននិម្មិតទាំង១៦ ប្រការនេះ ឥតមានឲ្យកើតទោសជាទុក្ខ ជាភយន្តរាយ អ្វីដល់ព្រះអង្គសោះឡើយ។ សូមមហារាជ កុំទ្រង់ព្រួយព្រះរាជហឫទ័យ!។

ចប់ ពុទ្ធទំនាយ សោឡសនិម្មិត ស្ដីពីព្រះមហាសុបិន ១៦ ប្រការតែប៉ុណ្ណះ
ដោយ ធន់ ហ៊ិន
សម្គាល់ៈ មានច្បាប់ខ្លះចែងថា ព្រះបាទបសេនទិកោសលទ្រង់ព្រះសុបិនឃើញពស់វែកមួយលូនចេញចាប់កង្កែប ។ លុះពស់ដេញទាន់កង្កែប ស្រាប់តែកង្កែបបែរជាលេបពស់នោះទៅវិញ ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ព្យាករតាមសុបិននិម្មិតនេះថា អំណឹះទៅនៅក្រឡាផ្ទៃក្រោមពួកចៅក្រម ប្រព្រឹត្តអំពើអយុត្តិធម៌ ពេកណាស់ គឺគេពុំកាន់ធម៌សុចរិតបន្តិចណាឡើយ ។ គេកាត់ក្ដីឲ្យអ្នកដែលត្រូវឈ្នះទៅជាចាញ់ រីឯអ្នកដែលត្រូវមានទោសទ័ណ្ឌពិតប្រាកដត្រូវចាញ់គេ បែរជាចៅក្រមកាត់ឲ្យឈ្នះក្តី ទៅវិញ ដោយសារតែចៅក្រមនោះទទួលសំណូក គេ ។
សុបិននេះ ជាជំនួសសុបិនឃើញ "គេទឹមគោតូចៗ មិនទឹមគោធំៗ "។

(កម្ពុជសុរិយា លេខ ៤ ឆ្នាំ ១៩៩៩)

ប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ

ប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ

តាមដែលបានស្រាវជ្រាវមកឃើញថា សាស្ត្រា ឬគម្ពីរក្នុងកម្ពុជរដ្ឋនេះ ដែលជាប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ មាន ៣ បែប ដូចបានស្រង់យកមកសំដែងដោយសង្ខេប

១- សាស្ត្រាវិជ្ជាធរ មានសេចក្ដីថា " មានព្រះមហាថេរ ១រូប ឈ្មោះព្រះឧបគុត្តត្ថេរ លោកហោះជ្រែកក្រឡាមហាប្រឹថពីទៅកាន់ឋាននរក។ ដោយអំណាចឫទ្ធិ៍របស់លោក មានផ្កាឈូកមាសប៉ុនកង់រាជរថផុសឡើងទទួលព្រះបាទលោក លោកក៏គង់ពែនលើផ្កាឈូកនោះអណ្ដែតលើពពួកនរក ។ ហេតុតែអានុភាពព្រះថេរៈ ពួកសត្វពួកនរកបានដកដង្ហើមចេញចូលស្រួលមួយពេលនោះ ទើបនាំគ្នាសំពះព្រះថេរៈ ៗ មានព្រះទ័យករុណាសំដែងធម៌ឲ្យស្ដាប់, កាលពួកសត្វនរកបានស្ដាប់ធម៌ហើយក៏ផ្ដាំព័ត៌មានមកកាន់ញាតិសន្ដានរបស់ខ្លួនទីទៃ ៗ ថា " បពិត្រព្រះមហាថេរបើព្រះករុណានិមន្តត្រឡប់ទៅកាន់មនុស្សលោកវិញ សូមមេត្តាប្រាប់ម្ដាយឪពុកបងប្អូនកូនចៅ ញាតិផៅសន្ដានរបស់យើងខ្ញុំ មានឈ្មោះដូច្នេះ ៗ នៅស្រុកឈ្មោះនេះ ៗ សូមឲ្យអាសូរករុណាមកដល់យើងខ្ញុំធ្វើបុណ្យឲ្យទានឧទ្ទិសផលមកឲ្យយើងខ្ញុំផង" ។
កាលព្រះឧបគុត្តត្ថេរទទួលបណ្ដាំពពួកសត្វនរកហើយ ក៏ហោះត្រឡប់មកកាន់មនុស្សលោកវិញ បានចូលទៅថ្វាយព្រះពរព្រះមហាក្សត្រ ១ ព្រះអង្គ ព្រះមហាក្សត្រទ្រង់នាំនាហ្មឺនសព្វមុខមន្ត្រី សេដ្ឋីគហបតី នឹងអ្នកនគរជាច្រើននាក់ចូលទៅក្រាបបង្គំទុលព្រះដ៏មានបុណ្យថា "បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ! បើគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន កូនចៅ ញាតិមិត្តរបស់យើងខ្ញុំ អ្នកខ្លះមិនបានធ្វើបុណ្យឲ្យទានរក្សាសីលឡើយ ធ្វើតែអំពើបាប លុះអស់អាយុទៅ ៗ ទៅកើតក្នុងនរករងទុក្ខវេទនា អស់យើងខ្ញុំជាបងប្អូន កូនចៅ នៅឯក្រោយតើនឹងត្រូវធ្វើបុណ្យដូចម្ដេច ទើបឧទ្ទិសផលជូនទៅសត្វនរកទាំងនោះ ឲ្យលដោះចាកទុក្ខបាន ? " ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់តបថា " បើមហារាជចង់ធ្វើអំពើបុណ្យកុសលឧទ្ទិសផលជូនទៅសត្វនរកទាំងនោះឲ្យលដោះរួចមក ត្រូវធ្វើដូច្នេះ គឺចាប់ពីដើមថ្ងៃ ១ រោច ខែភទ្ទបទទៅ ត្រូវធ្វើបាយបិណ្ឌ បាយបិតបូររាល់ថ្ងៃ ហើយត្រូវធ្វើអង្គព្រះពុទ្ធរូប ១ អង្គ ១ ថ្ងៃ ដរាបដល់ថ្ងៃ ១៥ រោច ខែភទ្ទបទនោះឯង ត្រូវចងពិតាន ពាសរនាំងវាំងនន ក្រាលកម្រាល ត្រូវសមានទានចាំសីលឲ្យបរិសុទ្ធប្រាកដ ត្រូវបោសច្រាសគ្រវាសវត្តអារាមព្រះវិហារ ត្រូវរៀបរណ្ដាប់គ្រឿងបណ្ណាការ មានភ្ញីផ្កា គន្ធពិដោរជាដើម ហើយត្រូវនិមន្តព្រះគម្ដែងសង្ឃដ៏ទ្រង់សីលបរិសុទ្ធសូត្រធម៌មហាសម័យ ត្រូវប្រកាសបួងសួងអញ្ជើញគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន ញាតិកាលដែលចែកឋានទៅហើយទាំងប៉ុន្មាន មួយអន្លើដោយទេវតា ហើយត្រូវនិមន្តលោកទេសនាសាស្ត្រាវិជ្ជាធរជាតកក្នុងយប់នោះ លុះព្រឹកឡើងត្រូវធ្វើបាយបិណ្ឌ បាយបិត្តបូរ មានទាំងចង្ហាន់ផ្លែឈើនឹងសារពើភោជនាហារផង ផ្គូផ្គាប់រណ្ដាប់អង្គាសដាក់បាត្រព្រះសង្ឃឧទ្ទិសផលជូនទៅដល់អស់ពួកសត្វនរកទាំងនោះ ។
ដោយអានុភាពនៃអំពើកុសលផលបុណ្យនោះ សត្វនរកផងទាំងឡាយ នឹងបានរំដោះ ចេញអំពីទុក្ខភ័យឰដ៏កាលនោះ បានទៅកើតឰដ៏សួគ៌ទេវលោកនាយ ហើយសឹងឲ្យពរសព្ទសាធុការ មកញាតិសន្ដានដែលបានធ្វើបុណ្យឲ្យទានឧទ្ទិសស្មោះចំពោះជូនទៅនោះ ឲ្យមានសុខសួស្ដីទីឃាយុយឺនយូរទីទៃៗ ឰដ៏កាលនោះហោង " ។

២- សាស្ត្រាអានិសង្សបិណ្ឌ មានសេចក្ដីថា " ព្រះដ៏មានបុណ្យទ្រង់ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋី ថា អស់ម្ដាយឪពុកញាតិកាវង្សាបងប្អូនកូនចៅរបស់ជនទាំងឡាយ ដែលស្លាប់ទៅអំពីមុនៗនោះ ទោះទៅកើតឯណាៗក្ដី តែដល់រនោចខែភទ្ទបទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំនៅពេលនោះ ។ ហេតុតែតេជៈអានិសង្សនៃបុណ្យដែលអស់ញាតិសន្ដានបានធ្វើបាយបិណ្ឌបាយបិត្តបូរនាខែភទ្ទបទ ហើយឧទ្ទិសផលជូនទៅនោះក៏បានរំដោះរួចចេញអំពីនរកប្រេតនោះហោង " ។
រីឯសត្វនរកប្រេតផងទាំងឡាយ ដែលមកកាន់មនុស្សលោកក្នុងខែភទ្ទបទនោះ ប្រេតខ្លះមកកើតជាកណ្ដូបខ្មោចទំយំនៅដំបូលផ្ទះ ខ្លះមកទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ មាត់ទ្វារផ្ទះ ជើងជណ្ដើរផ្ទះ ដើមឈើក្បែរផ្ទះ ប្រេតខ្លះមកដល់ពាក់កណ្ដាលផ្លូវ ខ្លះមកចំអើតមើលទៅមក ខ្លះបាំងដៃមើលមកអំពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា " ឱរូបអញអើយ ! អភ័ព្វអ្វីម្ល៉េះមកកើតជាប្រេតនរករងទុក្ខវេទនាទូរាទូរន់ពន់ប្រមាណ យូរឆ្នាំហើយ កើតសម្រេកគម្លានក្រៃពេក " ។
សត្វនរកប្រេតទាំងនោះ កាលបើដល់ខែភទ្ទបទ ដែលជនទាំងឡាយបានរៀបរណ្ដាប់បាយបិណ្ឌបាយបិត្តបូរ ឧទ្ទិសផលានិសង្សបញ្ជូនទៅ ក៏សឹងតែបានលដោះរួចមកហោង ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា៖ ហៃអនាថបិណ្ឌិក ! នៅថ្ងៃភ្ជុំបិណ្ឌនោះត្រូវចងរំយោលចងទង់-ពិតាន ដាសពាសនូវរនាំងវាំងននជាដើម ហើយរៀបរណ្ដាប់គ្រឿងបណ្ណាការ គឺទៀនធូបភ្ញីផ្កាស្លាម្លូនឹងគ្រឿងគន្ធពិដោរ ព្រមទាំងផ្លែឈើតូចធំនំចំណីភោជនាហារផង បូជាព្រះសង្ឃ ។
ផលានិសង្សនៃបុណ្យនោះ ក៏ជូនទៅដល់ជីដូនជីតាម្ដាយឪពុកបងប្អូនកូនចៅញាតិផៅទាំង៧ សន្ដាន ដែលស្លាប់ទៅ ៗ កើតជាប្រេតនរករងទុក្ខវេទនានោះ ឲ្យបានសម្បត្តិសួគ៌សម្បត្តិនិព្វានជាឋានបរមសុខប្រសើរហោង។
ហៃអនាថបិណ្ឌិក! នរូបុរសបុគ្គលប្រុស - ស្រីឯណានីមួយបើនឹងរៀបកាន់បិណ្ឌនោះ ត្រូវអញ្ជើញអស់មេបាចាស់ទុំផងទាំងឡាយមកអង្គុយជុំវិញ ហើយទុកលង្វែកចន្លោះកណ្ដាលប្រមាណ ១ ហត្ថ យកត្រីសាច់អាហារភោជននឹងផ្លែឈើតូចធំ អន្សមនំគមនូវចេកអំពៅត្រាវដំឡូងដូងត្នោតព្រមទាំងគ្រឿងបណ្ណាការផង គឺយកទៀនធូបភ្ញីផ្កា ស្លាម្លូប្រេងម្សៅមកបូជាព្រះរតនត្រ័យ ហើយឲ្យមេបាចាស់ទុំស្មាលាទោសឲ្យ ដ្បិតប្រេតនោះ ផ្ដាំមកថា ឲ្យអស់ញាតិកាមេបាចាស់ទុំជីដូនជីតា ម្ដាយឪពុក បងប្អូនកូនចៅ ស្មាលាទោសឲ្យផង កុំឲ្យមានវេរាកម្មតាមទៅឡើយ។
បើក្នុងខែភទ្ទបទនោះ មិនមានអ្នកណារៀបរណ្ដាប់បាយបិណ្ឌ បាយបិត្តបូរបូជាព្រះរតន-ត្រ័យបញ្ជូនផលទៅទេ អស់ប្រេតនរកអំបាលនោះ ក៏អត់បាយអត់ទឹកស្រេកឃ្លានរងទុក្ខវេទនាក្រៃពេក ម៉្លោះហើយប្រេតទាំងនោះ ក៏ជេរប្រទេចផ្ដាសាមកញាតិកាទាំងឡាយឲ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ម្ដាយឪពុកប្ដីប្រពន្ធកូនចៅញាតិផៅទាំង ៧ សន្ដានជាដើម ។ល។

៣- គម្ពីរបេតវត្ថុ មានសេចក្ដីថា " មានព្រានម្នាក់នៅក្នុងក្រុងពារាណសីតែងទៅបាញ់សត្វក្នុងព្រៃចិញ្ចឹមជីវិតរាល់ថ្ងៃ វេលាត្រឡប់មកផ្ទះវិញ ពួកក្មេងៗ តែងចោមរោមសុំសាច់រាល់ដង ។ ថ្ងៃ ១ ព្រាននោះទៅបាញ់មិនបានសត្វក៏បេះផ្កាត្របែកព្រៃ (អាចារ្យខ្លះថាផ្ការាជព្រឹក្ស) ប្រដាប់ខ្លួន នឹងរែកយកមកផ្ទះជាច្រើន លុះដល់ទ្វារភូមិ ពួកក្មេងៗ មកសុំសាច់ដូចសព្វដងទៀត ព្រានក៏ចែកផ្កាត្របែកព្រៃឲ្យម្នាក់ ១ ស្មែង ។ លុះព្រាននោះស្លាប់ទៅ ៗ កើតជាប្រេតអាក្រាត មានផ្កាត្របែកព្រៃប្រដាប់ក្បាល ដើរទៅក្នុងទឹក សំដៅទៅផ្ទះញាតិរបស់ខ្លួនដើម្បីរកអាហារបរិភោគ ។ វេលានោះ កោសិយអាមាត្យ ជាអាមាត្យព្រះបាទពិម្ពិសារជិះទូកទៅបង្ក្រាបស្រុកបច្ចន្តគ្រាមបានឃើញប្រេតនោះ សួរដឹងសេចក្ដីហើយក៏មានសេចក្ដីអាណិត ទើបនិយាយថា " សត្តូវរបស់យើងមានធ្វើម្ដេចអ្នកនឹងទទួលបរិភោគបាន ? " ។ ប្រេតឆ្លើយថា " ក្នុងទូកនេះបើមានឧបាសកអ្នកដំកល់ខ្លួននៅក្នុងត្រៃសរណគមន៍ សូមលោកឲ្យសត្តូវដល់ឧបាសកនោះ ហើយឧទ្ទិសចំណែកកុសលឲ្យខ្ញុំចុះ " ។ កោសិយអាមាត្យធ្វើតាម ប្រេតបានទទួលអនុមោទនាហើយ បានសេចក្ដីសុខ ទើបផ្ដាំថា " សូមឲ្យលោកមេត្តាដល់ប្រេតឯទៀតៗ ផង កាលលោកធ្វើកុសលឯណានីមួយហើយ សូមឲ្យឧទ្ទិសចំណែកកុសលឲ្យប្រេតខ្លះផង " ។ កាលអាមាត្យនោះត្រឡប់មកដល់ស្រុកវិញ បានថ្វាយទានចំពោះព្រះពុទ្ធ នឹងព្រះភិក្ខុសង្ឃ ហើយក្រាបទូលរឿងប្រេតនោះថ្វាយទ្រង់ជ្រាប ។ ព្រះបរមសាស្ដាទ្រង់អធិដ្ឋានឲ្យពុទ្ធបរិស័ទមកប្រជុំគ្នា ហើយទ្រង់សំដែងបេតនិកាយ ( រឿងពួកប្រេត ) ឲ្យប្រាកដឡើង ដូចដែលបានពោលមកខាងលើនេះ ។

បទពិចារណាអំពីរបៀបបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ

កាលពិចារណាតាមរូបរឿងក្នុងសាស្ត្រា នឹងគម្ពីរដែលពោលមកនោះ ឃើញថា៖ របៀបបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌក្នុងកម្ពុជរដ្ឋយើងនេះ ត្រូវតាមសេចក្ដីក្នុងសាស្ត្រាវិជ្ជាធរខ្លះ សាស្ត្រាអានិសង្សបិណ្ឌខ្លះ គម្ពីរបេតវត្ថុខ្លះ គឺត្រង់របៀបរៀបចំការបុណ្យហើយនឹងកំណត់ថ្ងៃ-ខែ នឹងពេលដែលធ្វើ ត្រូវតាមសាស្ត្រាវិជ្ជាធរ នឹងសាស្ត្រាអានិសង្សបិណ្ឌទាំងអស់, របៀបធ្វើផ្កាបិណ្ឌ នឹងកិច្ចឧទ្ទិសផលបញ្ជូនទៅប្រេតតាមគម្ពីរបេតវត្ថុដោយច្រើន គឺផ្កាបិណ្ឌដែលគេធ្វើឧទ្ទិសឲ្យប្រេត គេធ្វើប្រដាប់ដោយផ្កាឈើស្ពាន់ក្រាប់ ឬក្រដាសពណ៌នោះប្រហែលនឹងអាការរបស់ប្រេតដែលគម្ពីរបេតវត្ថុ ចែងថា " ប្រេតមានផ្កាត្របែកព្រៃ ប្រដាប់ក្បាល ដើរមករកអាហារឯផ្ទះញាតិរបស់ខ្លួននោះឯង " ។
ការដែលពុទ្ធិកជនជាតិខ្មែរ នាំគ្នាធ្វើបុណ្យកាន់បិណ្ឌរាល់ឆ្នាំ មិនហ៊ានខាន គឺតែដល់ថ្ងៃ ១ រោច ខែភទ្ទបទ តែងនាំគ្នាទៅកាន់បិណ្ឌក្នុងទីអារាមរាល់ថ្ងៃ ដរាបដល់ថ្ងៃ ១៥ រោច ហៅថា " ភ្ជុំបិណ្ឌ " នោះ ទោះបីអ្នកក្រីក្រលំបាក ឬអ្នកផឹកប្រមឹកយ៉ាងណា ក៏ធ្វើឲ្យបានយ៉ាងតិចណាស់ ត្រឹមថ្ងៃភ្ជុំជាថ្ងៃបង្ហើយពុំហ៊ានខាន, ទាំងនេះក៏ដោយហេតុគេជឿតាមសាស្ត្រាវិជ្ជាធរនឹងសាស្ត្រាអានិសង្សបិណ្ឌ ហើយនឹងជឿតាមសណ្ដាប់ចាស់ៗ ដែលធ្លាប់ធ្វើឲ្យឃើញរៀងមក ប្រកាន់មាំក្នុងចិត្ត គិតអាណិតផង ខ្លាចផង, ឯអាណិតនោះ គឺអាណិតដល់ជីដូនជីតា ដែលនាំគ្នាមកទទួលយកផល ឯខ្លាចនោះ គឺខ្លាចប្រេតដែលមក បើមិនឃើញម្ដាយឪពុកបងប្អូនកូនចៅញាតិផៅទៅធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌទេនឹងជេរប្រទេចផ្ដាសាឲ្យហិនហោចខ្លោចផ្សាវិនាសទ្រព្យសម្បត្តិ ។
ឯសាស្ត្រាវិជ្ជាធរ នឹងសាស្ត្រាអានិសង្សបិណ្ឌ ក្នុងកម្ពុជរដ្ឋយោងនេះ មានតែសម្រាយភាសាខ្មែរ គ្មានភាសាបាលី ហើយគ្មានឈ្មោះអ្នកតែង មិនដឹងជាតែងក្នុងសម័យណា ។ ចំណែកឯគម្ពីរបេតវត្ថុមានទាំងភាសាបាលី ភាសាខ្មែរ ហើយគម្ពីរនេះ ជាអដ្ឋកថាព្រះត្រៃបិដកខុទ្ទកនិកាយ ព្រះអាចារ្យធម្មបាលតែងក្នុងសតវត្សជាមួយនឹងអដ្ឋកថាទាំងពួង ។
ឯសាស្ត្រា ឬគម្ពីរដែលចែងអំពីការធ្វើបុណ្យឧទ្ទិសផលឲ្យដល់បេតជនដែលលះលោកនេះទៅកាន់បរលោកនោះ ទោះជាសាស្ត្រាសម្រាយក្ដី មិនជាប្រមាណទេ គឺយកតែត្រង់ពុទ្ធានុញ្ញាតឲ្យធ្វើទក្ខិណានុប្បទានឧទ្ទិសផលទៅឲ្យសត្វគ្រប់ជំពូក ដើម្បីឲ្យរួចលដោះចាកអបាយទុក្ខទាំងពួង នោះឯង ជាប្រមាណ ។

បទពិចារណាអំពីរបៀបឧទ្ទិសផល នឹងសែន

គម្ពីរនានារបស់ពុទ្ធសាសនា ចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតក្នុងកំណើតនានា មនុស្សចិត្តអាក្រក់បានធ្វើបាបផ្សេង ៗ ដល់ស្លាប់ទៅតែងទៅកើតក្នុងកំណើត ១ហៅតាមភាសាបាលី ថា "បេត" ភាសាសំស្ក្រឹតថា " ប្រេត " ប្រែជាខ្មែរថា " ជនដែលធ្វើមរណកាលទៅកាន់បរលោក " ។
ពុទ្ធសាសនា កាលបើសំដែងដល់រឿងប្រេត ច្រើនស្រដៀងគ្នានឹងសាសនាព្រាហ្មណ៍ ដែលជាសាសនាចាស់របស់ប្រទេសឥណ្ឌៀ ព្រោះពុទ្ធសាសនា ជាសាសនាថ្មីកើតក្រោយសាសនាព្រាហ្មណ៍ គ្រាន់តែបំបែរតម្រែតម្រង់ឲ្យត្រឹមត្រង់ឡើងតាមមតិរបស់ព្រះពុទ្ធប៉ុណ្ណោះ ។ គម្ពីរមហាវិភង្គ (អាទិកម្ម) ផ្នែកវិនយបិដក ត្រង់ចតុត្ថបារាជិកកណ្ឌ សំដែងពីប្រភេទរបស់ប្រេតថា មាន ១២ ពួក, គម្ពីរមិលិន្ទបញ្ហាបំព្រួញថា មាន ៤ ពួក គឺ ឧតូបជីវី ប្រេតចិញ្ចឹមជីវិតដោយមន្ទិលគភ៌នឹងខ្ទុះឈាម ១ ពួក ខុប្បបាសិកៈ ប្រេតស្រេកឃ្លានអាហារជានិច្ច ១ ពួក និជ្ឈាមតណ្ហិកៈ ប្រេតភ្លើងឆេះជានិច្ច ១ ពួក បរទត្តូបជីវី ប្រេតចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ ១ ពួក គឺពួកបរទត្តូបជីវីប្រេតនេះហើយ ដែលយើងតែងធ្វើបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ឧទ្ទិសផល ឬសែនឲ្យ ។
របៀបឧទ្ទិសផល ពោលដោយសង្ខេប គឺយកបង្អែមចម្អាបដែលហៅថា "បិណ្ឌ" នោះទៅប្រគេនព្រះសង្ឃ វេរប្រគេនចំពោះព្រះសង្ឃហើយឧទ្ទិសផលដោយវាចាមានដើមថា " ផលទាននៃយើងខ្ញុំទាំងឡាយនេះ សូមឲ្យបានទៅដល់អ្នកមានគុណទាំងឡាយ មានមាតាបិតាជាដើមដែលទោកាន់បរលោកហើយ " ។ ធ្វើបែបនេះរាល់ព្រឹក គ្រប់ថ្ងៃដាក់បិណ្ឌ នឹង ថ្ងៃភ្ជុំ ។
របៀបសែន ពោលដោយសង្ខេប គឺគេធ្វើតែម្ដងក្នុងថ្ងៃបង្ហើយត្រង់វេលាយប់ថ្ងៃ ១៥ រោច ខែភទ្ទបទ ជាថ្ងៃភ្ជុំបិណ្ឌ ។ វេលាសែនបើជាទំនៀមរាស្ត្រ មហាជនគ្រប់ផ្ទះតែងរៀបក្រាលកន្ទេល កម្រាលមានខ្នើយ ១ ដាក់ក្បាលកន្ទេល មានសំពត់សពាសពីលើខ្នើយ មានផ្តឹលទឹក ពានស្លា បារី តុថាសបង្អែម ចំអាប ឆ្វេង-ស្ដាំ រួចម្ដាយឪពុកប្រមូលបងប្អូនកូនចៅនៅក្នុងផ្ទះមកជួបជុំ ហើយនិយាយប្រតិស្ឋអទិស្ឋានថា " សូមអញ្ជើញជីដូនជីតាពិសាក្រយាទាំងនេះឲ្យបរិបូណ៌ " ។
ទំនៀមព្រះរាជា ក៏មានលំនាំប្រហែលគ្នានឹងរាស្ត្រដែរ ប្លែកតែខាងព្រះរាជពិធីធ្វើនៅល្ងាចថ្ងៃ ១៤ រោច ដោយមានគ្រឿងប្រដាប់ល្អៗ នឹងហៅរបៀបសែននោះតាមរាជសព្ទថា " ថ្វាយព្រះបិតរ " ដូចបរិយាយក្នុងកំណត់ព្រះរាជពិធីថ្វាយព្រះបិតរខាងដើមមកហើយ នឹងមាននាម៉ឺនសព្វមុខមន្ត្រីគាល់ចាក់ទឹកដូងថ្វាយជាឧឡារិកអធិកអធំជាងរាស្ត្រប៉ុណ្ណោះ ។
បទវិនិច្ឆ័យរឿងសែន
ពិធីសែននំចំណីឲ្យផ្ទាល់ទោខ្មោច ឬ ប្រេត ជាពិធីខាងសាសនាព្រាហ្មណ៍ ។ ឯពុទ្ធសាសនាមិនមានពិធីដូច្នោះទេ មានតែពិធីប្រគេនទានចំពោះព្រះសង្ឃ ឬឲ្យទានដល់ឧបាសក អ្នកមានត្រៃសរណគមន៍ នឹងមានសីល ហើយបញ្ចេញវាចាឧទ្ទិសផលទៅ ដែលហៅតាមភាសាបាលី " ទក្ខិណានុប្បទាន " ប៉ុណ្ណោះ ។ ប៉ុន្តែស្រុកខ្មែរយើង តាំងពីសម័យបុរាណរហូតដល់សម័យបច្ចុប្បន្ន ទាំងព្រះរាជាទាំងប្រជារាស្ត្រ នៅវេលាដែលទ្រង់ធ្វើនឹងធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាបុណ្យបញ្ជូនផលទៅដូនតានោះ តែងទ្រង់ធ្វើ នឹងធ្វើទានទាំង ២ បែប គឺទាំងពិធីប្រគេនទានចំពោះព្រះសង្ឃឧទ្ទិសផលទៅផង ទាំងពិធីសែនផង ។
ទំនៀមសែនដូនតា ជាទំនៀម ១ យ៉ាង ដែលពុទ្ធិកជនខេមរជាតិទួទៅទាំងប្រទេសកម្ពុជា ធ្លាប់ប្រព្រឹត្តជាយូរយារណាស់មកហើយតែទំនៀមនេះ ខេមរជនមិនមែនផ្ដើមធ្វើខ្លួនឯងមុនគេបំផុតទេ គឺធ្វើតាមទំនៀមឥណ្ឌូនៅប្រទេសឥណ្ឌៀ ដ្បិតប្រវត្តិសាស្ត្រខ្មែរពោលថា " ជាតិខ្មែរ មានពូជពង្សតមកពីប្រទេសឥណ្ឌៀ ព្រោះហេតុនេះទើបខ្មែរធ្វើបុណ្យកាន់បិណ្ឌ នឹងភ្ជុំបិណ្ឌមានធ្វើទាំងកិច្ចសែនផង ជាប់ជាប្រពៃណីទាំងព្រះរាជាទាំងប្រជារាស្ត្រ ដរាបមកដល់សម័យបច្ចុប្បន្ន ។
បុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ ក្នុងកម្ពុជរដ្ឋ ផ្ដើមធ្វើពីក្នុងរជ្ជកាលណា ? ពុទ្ធសករាជប៉ុន្មាន ?
បណ្ហារឿងដើមពីកំណើតបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ ក្នុងប្រទេសកម្ពុជានេះ ជាបញ្ហាលំបាកដោះស្រាយ មិនងាយនឹងសម្រេចឲ្យប្រាកដថា ផ្ដើមធ្វើពីរជ្ជកាលណា ឬពុទ្ធសករាជប៉ុន្មាន ឲ្យប្រាកដបានទេ ដ្បិតពង្សាវតារក្រុងកម្ពុជា ពុំមានចែងឲ្យច្បាស់ឡើយ ឃើញមានតែរាជពង្សាវតារមួយ ក្នុងរជ្ជកាលព្រះករុណាបរមកោដ្ឋ ( ព្រះអង្គឌួង ព.ស. ២៣៩១ - ២៤០៤ គ.ស. ១៨៤៨ - ១៨៥៩ ) ឈ្មោះរាជពង្សាវតារក្រុងកម្ពុជា រជ្ជកាលព្រះបរមកោដ្ឋ អក្សរខ្មែរច្បាប់សរសេរដៃរបស់អ្នកឧកញ៉ាយោមរាជ ឈុន ដែលមានក្នុងបណ្ណាល័យ នៃពុទ្ធសាសនបណ្ឌិត្យ លេខ គ.២៨ និយាយបន្តិចថា " ថ្ងៃ ១ រោច ខែភទ្ទបទ កាន់បិណ្ឌក្នុងព្រះរាជវាំង ថ្ងៃ ១៤ រោច ខែភទ្ទបទ ព្រះរាជាទ្រង់ចេញថ្វាយព្រះបិតរ ថ្ងៃ ១៥ រោច ខែភទ្ទបទ ទេសនាគាថាពាន់ " ប៉ុណ្ណោះ ។

ដកស្រង់អត្ថបទទាំងស្រុងពីសៀវភៅ ព្រះរាជពិធីទ្វារទសមាស ភាគទី ២
បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ

14 January 2011

ឥទ្ធិលពលរបស់សត្វ មកលើជីវភាពមនុស្សខ្មែរ

ឥទ្ធិលពលរបស់សត្វ មកលើជីវភាពមនុស្សខ្មែរ

តាំងពីយូរលង់ណាស់មកហើយ មនុស្សនិងសត្វតែងតែរស់នៅដោយផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ។ ម្ល៉ោះហើយ ទំនាក់ទំនងរវាងភាគីទាំងបីនេះ តែងតែជះឥទ្ធិពលដល់គ្នាទៅវិញទៅមក ។
រហូតមកដល់សព្វថ្ងៃនេះ វត្តមានសត្វនៅទីកន្លែងណា សម្រែកសត្វរាត្រីចរ មានប្រផ្នូលយ៉ាងណានោះ ក៏នៅតែមានមនុស្សខ្មែរជឿ និងយកចិត្តទុកដាក់ជាពិសេសនៅឡើយ ។ បន្ទាប់ទៅនេះ ខ្ញុំសូមលើកយកបាតុភូតមួយចំនួនមកបង្ហាញជូនដើម្បីជ្រាប និងទុកជាការយល់ដឹងខ្លះ ៗ អំពីជំនឿរបស់ខ្មែរ ពីបុរាណ ។

១/ សម្រែកខ្លែងស្រាក ខ្មែរយើងធ្លាប់ជឿថា ខ្លែងស្រាក មៀម លលកខ្មោច សុទ្ធសឹងជាអ្នកបំរើ ឬជាអ្នកនាំសាររបស់ខ្មោច ព្រាយ បិសាច ។ សម្រែកសត្វទាំងនេះនៅពេលយប់ ច្រើនតែធ្វើឲ្យមនុស្សម្នាក្មេងចាស់ ភ័យ ខ្លាចញ័ររន្ធត់ ។ គេធ្លាប់ចំណាំថា បើកាលណាខ្លែងស្រាកទំយំនៅលើដំបូលផ្ទះណា ឬក៏ទំនៅលើមែកឈើជិតផ្ទះណា មនុស្សក្នុងផ្ទះនោះនឹងឈឺធ្ងន់ ឬស្លាប់ផងក៏សឹងមាន ។

២/ សំឡេងសត្វឪឡយំ ចាស់ៗ ធ្លាប់និយាយថា មានសត្វឪឡ ពីរប្រភេទគឺ ឪឡគោ និងឪឡស្លឹក ។
ឪឡស្លឹក ជាធម្មតាមានមាឌតូច ឯសម្រែករបស់វាក៏ពុំបណ្ដាលឲ្យមានគ្រោះមហន្តរាយអ្វីដែរ ។ តែចំពោះឪឡគោវិញ មានមាឌធំជាងត្មាត ជាងកេងកងទៅទៀត ។ វាយំឮសូរ (ម៉ ! !...) ដូចសំឡេងគោយំអញ្ចឹង ។ វាកម្រនឹងយំណាស់ ។ ពេលយប់ វាច្រើនតែយំនៅលើដើមឈើធំដែលដុះលើកំពូលភ្នំ ។ ដូចនេះហើយ សម្រែករបស់វាលាន់ឮទៅឆ្ងាយបង្គួរដែរ ។ កាលណាឮសម្រែករបស់វានៅពេលយប់ស្ងាត់ អ្នកផងតែងតែមានអារម្មណ៍ភ័យរន្ធត់ ព្រោះតាមឮចាស់ ៗ និយាយតៗ គ្នាមកថា បើសត្វឪឡគោនេះយំបែរមុខឆ្ពោះទៅទិសណា ស្រុកភូមិនៅទីនោះច្បាស់ជាជួបគ្រោះវិបត្តិភ័យអន្តរាយ ដូចជា ជំងឺអំបល់ ស្លាប់រង្គះរង្គាលដូចយ៉ាងជំងឺអុតធំ ជំងឺអាសន្នរោគ ទុរ្ភិក្សអត់ឃ្លានជាដើម ។

៣/ ឈ្លូសចូលភូមិ ឈ្លូសជាសត្វព្រៃ ផ្លាងបំផុត ។ តាមចរិតធម្មជាតិរបស់វា វាខ្លាចមនុស្សខ្លាចស្រុកភូមិណាស់ ហើយមិនងាយនិងហ៊ានដើរមកកាន់ទីជិតៗ លំនៅរបស់មនុស្សឡើយ ។ ប៉ុន្តែ ដោយចៃដន្យ ប្រសិនបើវារត់ចូលមកក្នុងភូមិ ទោះរត់កាត់ទទឹងភូមិ ឬបណ្ដោយភូមិក្ដី ទោះរត់ឆ្លងផុតរួចខ្លួនក្ដី ទោះត្រូវអ្នកស្រុកវាយសម្លាប់បានក្ដី ចាស់បុរាណតែងតែទស្សន៍ទាយថា ស្រុកភូមិនោះនិងកើតមានវិបត្តិ ចលាចល ភ័យភិត ឬមានហេតុឧបទ្រពចង្រៃបែបណាមួយកើតឡើងជាមិនខាន ដូចជាឈ្លោះទាស់ទែង បែកបាក់សាមគ្គីគ្នា មានភិតភ័យត្រូវឃ្លាតចាកចោលស្រុក ភូមិ ឬមានកើតហេតុចង្រៃផ្សេងៗ ទៀត ។

៤/ ព្រួត ឃ្មុំចូលផ្ទះ ព្រួតឃ្មុំ ជាបាណកសត្វ ក្រេបលំអងផ្កាធ្វើទឹកដែលមានរស់ជាតិផ្អែមស្អិត ដូចស្ករ ។ ក្រៅពីផ្ដល់ផ្លិត ទឹកឲ្យមនុស្ស វាក៏មានចរិតអវិជ្ជាមានខ្លះ ៗ ដែរ ។ ចាស់ ៗ ខ្មែរមានជំនឿថា បើឃ្មុំចូលផ្ទះ និងនាំមកនូវលាភសក្ការៈដល់ម្ចាស់ផ្ទះ តែកុំបុករុកវា ។ ចំពោះសត្វព្រួតវិញ វាមិនមែនចូលមកនៅដោយកសាងជាផ្លិត ជាក្បាលទឹកដូចឃ្មុំទេ គឺវាគ្រាន់តែហើរចូលផ្ទះមួយរយៈខ្លីហើយក៏ហើរឆ្លងផុតទៅ ។ បើវាចូលផ្ទះណា ហើយមានទិចមនុស្ស សត្វក្នុងផ្ទះនោះ តាមទំនាយចាស់ ៗ ពីបុរាណថា នឹងមានឧបទ្រព្យចង្រៃ វិនាសទ្រព្យសម្បត្តិក្នុងផ្ទះនោះជាប្រាកដ មានកូនចៅក្នុងផ្ទះឈឺ ឬងាប់គោ ក្របីជាដើម ។

៥/ ក្រៀលយំ ក្រៀលជាសត្វស្លាបរកស៊ីតាមបឹងបួរ ថ្លុកត្រពាំង ។ វាមានសម្បុរខ្មៅ មាឌ ធំ ហើយខ្ពស់ ។ គេអាចយកស្លាបវាមកធ្វើជាផ្លិតយ៉ាងធំ ។ បណ្ដាជនខ្មែរធ្លាប់ពោលត ៗ គ្នាមកថា កាលណាគេឃើញសត្វក្រៀលមួយគូ ឬច្រើន ហើរយ៉ាងខ្ពស់ជារង្វង់មូល ហើយយំឮសូរ (ក្រ្កល ៗ...) បន្លឺស្នូរយ៉ាងក្រលួចនោះ គេនាំគ្នាសន្មតថា នៅក្នុងស្រុកភូមិនាតំបន់នោះ និងមានក្រមុំកំម្លោះពង្រត់គ្នា ។

៦/ សសេះយំ= (ប្រយាបតឿន) សត្វសសេះជាបក្សីរស់ក្នុងព្រៃឬក៏នៅជិតៗ លំនៅឋានរបស់មនុស្សផងដែរ ។ វាមានដុះរោមក្រញាងនៅលើក្បាលដូចជាកំប៉ោយ ។ វាមានសម្បុរលឿងស្រអាប់ ។ វាស្វះស្វែងរកអាហារដោយចោះឈើពុក ដើម្បីចឹកស្រមោច ឬសត្វល្អិតផ្សេង ៗ ស៊ីជាអាហារ ។ វាចឹកយ៉ាងញាប់ទៅលើឈើពុក ឮសូរ (ត្រុល ៗ...) អ្នកស្រុកអ្នកភូមិនៅតំបន់ស្រុកគិរីវង្ស តែងតែនាំគ្នាចំណាំត ៗ គ្នាមកថា កាលណាគេឮវាយំ កិក ! កិក ! កិក ! បែបញាប់រន្ថិននោះ គេយល់ថានេះជាប្រផ្នូលល្អ ទំនាយទាយថា នឹងមានលាភអ្វីម្យ៉ាងមិនខាន ។ ជនណាដែលនៅជិតកន្លែងវាយំ (តឿន) ឮកិក ៗ ! នេះតែងតែបន្លឺសំឡេងតបទៅវិញយ៉ាងខ្លាំង ៗ ថា "ប្រយាប ! មានលាភ ! " ។ គេថារបៀបនេះទាល់តែសសេះលែងយំទើបគេឈប់ថា ។ លុះវាយំកិក ៗ ! របៀបនេះអស់ចិត្តហើយ វាក៏ហើរទៅកាន់ទីផ្សេងបាត់ទៅ ។ យំរបៀបនេះ គេនិយមហៅថា "ប្រយាបតឿន"

៧/ ក្អែកបូល ក្អែកជាបក្សីសម្បុរខ្មៅរលើប ។ សត្វនេះ រស់នៅមិនឆ្ងាយពីស្រុកភូមិទេ ព្រោះវាចូលចិត្តឆាប ឆក់ ពងមាន់ កូនមាន់ ឬត្រី សាច់ ដែលអ្នកស្រុក អ្នកភូមិហាលនៅតាមស្នួរក្បែរផ្ទះ ។ សត្វនេះមានចរិតផ្អើល ខ្លាច ភ័យសស្លើតសស្លក់ ។ សត្វនេះថ្វីបើវាផ្អើលខ្លាចមនុស្ស តែវារស់នៅមិនដាច់ឆ្ងាយពីមនុស្សទេ ។ ដូច្នេះហើយបានជាធ្លាប់មានរឿងដំណាលផ្សេង ៗ និយាយដល់រឿងក្អែក ដូចជារឿងល្បើកលោកឡាហ្វុនតែន ដំណាលអំពី "ក្អែក និងកញ្ជ្រោង... " ចំរៀងខ្មែរបុរាណ មានចំណងជើងថា "បង្គងក្អែក" ដែលមានអត្ថន័យកំសត់ស្រងេះស្រងោច សឹងជាចំរៀងបកស្រាយអំពីទុក្ខចំបែងនៃការនិរាសបែកបាក់គ្នា ។ តាមជំនឿតៗ គ្នាមក កាលណាគេឮក្អែកបូល អកវ៉ូវៗ ! ឡូវ ៗ ! ក្រវ៉ាក ៗ ! គេតែជឿថា បងប្អូនគ្រួសារដែលឃ្លាតទៅឆ្ងាយនោះ និងវិល ត្រឡប់មកវិញ ។ ម្យ៉ាងទៀត បើវាបន្លឺសូរថា អកវ៉ូវ ! អកវ៉ូវ ! អកវ៉ូវ ! ញាប់រន្ថើនដដែល ៗ ច្រើនដងនោះ គេជឿថាមានមនុស្សជាភ្ញៀវ ឬជាសាច់ញាតិមកដល់ភ្លាម ៗ ឥឡូវនេះហើយ ។ ប៉ុន្តែ គួរឲ្យស្ដាយពន់ពេកណាស់ បច្ចុប្បន្ននេះ ក្មេងៗសាក្រោយមួយចំនួនពុំស្គាល់ក្អែកទាល់តែសោះ ព្រោះតាំងពីស្រុកយើងកើតមានសង្គ្រាម ក្អែកនៅស្រុកខ្មែរទាំងប៉ុន្មាន ត្រូវគេចខ្លួនហើរទៅបាត់អស់ ដើម្បីទៅរស់នៅទីតំបន់ណា ដែលមានសេចក្ដីសុខស្ងប់ ។

៨/ កុកទំផ្ទះ នៅស្រុកខ្មែរយើងមានពូជកុកជាច្រើនប្រភេទ ដូចជាកុកគ្រោង កុកក្រសា កុកននាល កុកស កុកសាប់ ។ល។ ប៉ុន្តែនៅទីនេះគេច្រើនសំដៅទៅលើកុកតែពីរប្រភេទទេ គឺកុកស និងកុកសាប់ ។ គេតែងតែកត់សម្គាល់ថា កាលណាកុកណាមួយ នៃប្រភេទកុកទាំងពីរ ទំលើដំបូលផ្ទះ ចាស់ៗ ប្រាប់ត ៗ គ្នាមកថា "ចង្រៃ" ខ្លាំងណាស់ ។ គេតែងចងក្រងជាពាក្យទំនៀមថា "...ចង្រៃដូចកុកទំផ្ទះ ដូចរន្ទះបាញ់ភូមិ..." បានន័យថា អព្ភូតហេតុទាំងពីរយ៉ាងនេះ ចង្រៃដូចគ្នា ។ ដូច្នេះ កាលណាមានហេតុបែបនេះកើតឡើង ខ្មែរ ៗ ដែលមានជំនឿ គេតែងតែនិមន្តព្រះសង្ឃមកចំរើនព្រះបរិត្តបណ្ដេញឧបទ្រពចង្រៃ ឬក៏អញ្ជើញគ្រូមកបង្កក់ ប្រោះព្រំ កំចាត់នូវឧបទ្ទវហេតុនេះ ដើម្បីឲ្យម្ចាស់ផ្ទះរស់នៅក្នុងសុភមង្គលឡើងវិញ ។

៩/ ពស់ ឬថ្លាន់ចូលផ្ទះ សត្វលូនទាំងពីរបែបនេះ ជាធម្មតាមិនសូវចូលចិត្តនិងមនុស្សម្នា ឬមិនដែលរស់នៅក្នុងផ្ទះមនុស្សទេ លើកលែងតែពស់សង់សឿ ដែលវាចូលមកលំនៅស្ថានមនុស្សម្ដងម្កាល ដើម្បីចាប់កណ្ដុរស៊ីជាអាហារ ។ ពស់ដែលគេធ្លាប់ឃើញចូលផ្ទះ ដោយចៃដន្យនោះ គឺពស់ព្រៃ និងពស់ថ្លាន់ ។ ពស់ទាំងពីរប្រភេទនេះ មានចរិតស្លូតបូត មិនសាហាវដូចពស់អសិរពិសផ្សេង ៗ ទៀតឡើយ ។ បើកាលណាវាចូលមកនៅលើផ្ទះ ក្រោមផ្ទះនោះ ចាស់ពីបុរាណកំណត់ថាវាមកឲ្យសុខសប្បាយទេ មិនបង្កនូវភ័យអន្តរាយបែបណាមួយឡើយ ។ កាលណាឃើញវាចូលមក គេត្រូវចាប់វាថ្នម ៗ ហើយបបោសអង្អែលលាបប្រេង លាបម្សៅរួចដុតធូប និយាយដូចនេះថា "ឯងចូលមកផ្ទះយើងនេះ សូមឯងនាំយកមកនូវលាភជ័យ សេចក្ដីសុខ សេចក្ដីចំរើន សុភមង្គលដល់យើង យើងលែងឯងឲ្យមានសេរីភាព ចូរឯងទៅរស់នៅក្នុងព្រៃឲ្យបានសេចក្ដីសុខចុះ " ។

១០/ អំពិលអំពែកចូលផ្ទះ អំពិលអំពែកជាសត្វដង្កូវម្យ៉ាង មានជាតិហ្វូសហ្វ័រភ្លឺភ្លិបភ្លែត ៗ នៅត្រង់ពោះរបស់វា ។ នៅពេលយប់ ជាពិសេសនៅរដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំ អំពិលអំពែកកើតកូនកើតចៅជាច្រើន ។ លុះពេលព្រលប់មកដល់ វាហើរ ព្រោងព្រាតបញ្ចេញពន្លឺភ្លិបភ្លែត ៗ ពាសពេញព្រៃ ឬពាសពេញភូមិ ។ សត្វអំពិលអំពែកចូលចិត្តហើរលេងសប្បាយតាមវាលស្មៅ នៅទីធ្លាក្បែរផ្ទះក្នុងភូមិ ។ ប្រការដែលគួរឲ្យកត់សំគាល់ គឺវាកម្រនឹងហើរចូលមកក្នុងផ្ទះណាស់ ។ ប៉ុន្តែ ជាចៃដន្យបើវាហើរចូលក្នុងផ្ទះ ទោះបីលើ ឬក្រោមផ្ទះក្ដី ចាស់បុរាណទាយថាវានាំយកលាភសក្ការៈមកឲ្យម្ចាស់ផ្ទះនោះ ។ ជួនកាលអំពិលអំពែកនៅហើរវីវក់ឆ្វែលចុះឆ្វែលឡើងក្នុងផ្ទះអស់ពេលយ៉ាងយូរ ។ ជួនកាលវាចូលមកតែមួយភ្លែតក៏ចេញទៅវិញ ។ យោលទៅតាមបាតុភូតបែបនេះ ទំនាយក៏ទាយទៅតាមនោះដែរគឺថា បើវាចូលមកហើរចុះ ហើរឡើងអស់រយៈពេលយូរ គេជឿថានិងមានលាភធំណាស់ ។ តែបើចូលមកតែមួយភ្លែត ហើរចេញបាត់ទៅវិញ ទំនាយទាយថា មានលាភដែរ តែបានបន្តិចបន្តួចប៉ុណ្ណោះ ។ អ្នកភូមិខ្លះ ៗ នៃខេត្តកំពង់ធំ កាលបើឃើញអំពិលអំពែកហើរចូលផ្ទះ គេហាមកូនហាមចៅមិនឲ្យចាប់វាលេងឡើយ ព្រោះគេជឿថា បើកាលណាវាងាប់ដោយក្មេងចាប់ដៃធ្ងន់ពេកនោះ នឹងនាំឲ្យមានគ្រោះមហន្តរាយវិញ ។ គេបង្គាប់កូនចៅឲ្យសូត្រជាបទស្មើ ៗ ថា "អំពិលអំពែកអើយកុំទៅផ្ទះគេ គេចាប់គេចង មកផ្ទះបង បងឲ្យកងពាក់ បាក់មួយទៅ បងឲ្យមួយទៀត ..." យ៉ាងនេះជាដើម ។

១១/ តុកកែយំ តុកកែជាសត្វមួយប្រភេទ ដែលរស់នៅតាមដើមឈើឬក្នុងលំនៅឋានរបស់មនុស្ស ត្រាច់ចរតាមសសរ តាមផ្លាន ផ្ទោង ដើម្បីស្វែងរកចាប់ចំណីស៊ីជាអាហារ ។ វាក៏ពងហើយភ្ញាស់កូនបន្តពូជពង្សនៅទីនោះផងដែរ ។ ចាស់ ៗ ធ្លាប់ប្រាប់ត ៗ គ្នាមកថា បើតុកកែណាយំតិចជាង ៧ ម៉ាត់ នោះពុំល្អឡើយព្រោះវាបកស្រាយនូវឋានមពលខ្សោយ (រាសីដាក់, វាសនាតិច) ដែលចាស់ ៗ ប្រាប់ឲ្យដេញវាចេញពីផ្ទះ ។ បើតុកកែ ណាដែលយំចាប់ពីប្រាំពីរម៉ាត់ រហូតទៅដល់ ១៥ ឬ ១៨ ម៉ាត់នោះ លោកទាយថា ល្អពន់ពេកណាស់ គួរលៃថែរក្សាវាឲ្យនៅជាប្រចាំនៅក្នុងផ្ទះ ព្រោះតាមរយៈចំនួនម៉ាត់ដែលវាយំបានច្រើនយ៉ាងនេះ វាជាការបកស្រាយនូវឋាមពលខ្លាំងក្លា (រាសីខ្ពស់ ជោគជតាល្អវិសេស) ។

១២/ អំពីព្រាបចូល ឬព្រាបចេញ ព្រាបជាសត្វព្រៃ មានចរិតស្លូតបូត ហើយគេងាយនិងផ្សាំងវាណាស់ ។ ក្នុងករណីទូទៅ វាហាក់សំដែងការស្និទ្ធស្នាលជាមួយមនុស្ស រូបរាងល្អល្អះគួរឲ្យស្រឡាញ់ណាស់ ។ សំឡេងយំរបស់វាឮសូរដូចសំឡេងថ្ងូររបស់អ្នកជំងឺ សមដូចពាក្យទំនៀមលោកពោលថា "ថ្ងូរដូចព្រាប" ម្យ៉ាងទៀតមានពាក្យអ្នកស្រុកធ្លាប់ចំអន់លេងថា "ព្រាបណាពូកែថ្ងូរព្រាបនោះពិតជាធាត់" ។ ចាស់ៗ ធ្លាប់ចំណាំថា បើកាលណាគេឃើញសត្វព្រាបហើរទាំងហ្វូងមកអាស្រ័យនៅលើផ្ទះណា នោះជាសញ្ញាប្រាប់ឲ្យដឹងថា គ្រួសារនោះនឹងមានជោគជតារាសីល្អ គួរថែរក្សាការពារនោះឲ្យវារស់នៅជារៀងរហូតតទៅ វាពិតជាបានល្អ ត្រជាក់ត្រជុំមិនខាន ។ ផ្ទុយទៅវិញ បើកំពុងតែរស់នៅលើផ្ទះណាមួយសុខៗ ស្រាប់តែនាំគ្នាហើរចេញពីផ្ទះលែងនៅតទៅទៀត នោះជាសញ្ញាប្រាប់ឲ្យដឹងថា រាសីម្ចាស់ផ្ទះនឹងធ្លាក់ចុះ និងមានហេតុភេទមិនល្អតទៅថ្ងៃមុខ ។

១៣/ វត្តមានសត្វចាបដូនតា សត្វបក្សីដែលមានមាឌតូចជាងចាបធម្មតានេះ ជាសត្វមានចរិតរពឹសពន់ពេកណាស់ ។ បើវាទំនៅលើមែកឈើណានោះ វាមិនដែលនៅស្ងៀមបានមួយភ្លែតឡើយ វាលោតចុះលោតឡើង ហើយយំឮសូរចាច់ ៗ ! ។ ជាធម្មតា វាចូលចិត្តរស់នៅលើដើមឈើជិត ៗ ផ្ទះមនុស្ស ហើយហក់ចុះ ហក់ឡើង យំចាច់ ៗ ឥតឈប់ឈរ ។ សត្វនេះ មានវត្តមានតាមពេលតាមកាល (Oiseau passager) ពោលគឺមិនមែនរស់នៅជាអចិន្ត្រៃយ៍ដូចអស់សត្វបក្សាបក្សីផ្សេងឯទតឡើយ ។ ខ្មែរយើងធ្លាប់ជឿត ៗ គ្នាតាំងពីរយូរមកហើយថាៈ សត្វចាបដូនតានេះ ចាតំណាងព្រលឹងដូនតាខ្មែរទាំងអស់ មានទីស្នាក់អាស្រ័យនៅជាអចិន្ត្រៃយ៍នៅឯព្រៃហេមពាន្តឯណោះ ។ តែកាលណាចូលដល់ជិតពាក់កណ្ដាលខែភទ្របទហើយនោះ សត្វចាបដូនតាបានធ្វើដំណើរពីព្រៃហេមពាន្តមកដល់ប្រទេសខ្មែរ ។ ត្រង់នេះស្របនឹងជំនឿខ្មែរថា នៅវស្សានរដូវ ពេលដែលមេឃមានពពកខ្មៅមីដេរដាស មានភ្លៀងធ្លាក់ជោគជាំទាំងយប់ថ្ងៃឥតស្រាក មានផ្គរលាន់ឮសូរគគ្រឹមឰដ៏អាកាសនោះ ស្ដេចយមបាលបានបើកលែងព្រលឹងខ្មោចដូនតាដែលមានទោសជាប់នៅឯស្ថាននរកនោះ ឲ្យមករកកូនចៅដើម្បីបានទទួលអាហារភោជន ដែលកូនចៅតែងនាំគ្នាទៅធ្វើបុណ្យបញ្ចូនកុសលនៅតាមវត្តអារាមនានា ។ តាមចំណាំ សត្វចាបដូនតាមកកាន់ស្រុកខ្មែរយើងក្នុងកាលវេលាមួយទៀងទាត់ណាស់ គឺចូលដល់ជិតពាក់កណ្ដាលខែភទ្របទមកដល់ លុះចប់រដូវភ្ជុំបិណ្ឌ ហើយក៏ស្រាប់តែទៅបាត់អស់គួរឲ្យកត់សំគាល់ពន់ពេកណាស់ ។ ចាស់ ៗ ធ្លាប់និទានថា លុះផុតរដូវភ្ជុំបិណ្ឌហើយ សត្វចាបដូនតាដែលជាតំណាង ព្រលឹងដូនតា បានលាយើងជាកូនចៅ វិលត្រឡប់ទៅលំនៅឋានឯព្រៃហេមពាន្តវិញ ។ លុះដល់ខែភទ្របទ រដូវភ្ជុំបិណ្ឌឆ្នាំក្រោយ ទើបមកម្ដងទៀត ។

១៤/ ឆ្មា ឆ្កែ ចូលផ្ទះ សត្វទាំងពីរប្រភេទនេះ សុទ្ធសឹងតែជាសត្វស្រុក ។ ជួនកាល ពួកវាមានម្ចាស់គ្រប់គ្រងថែរក្សា ។ ជួនកាលវាក៏ត្រាច់ចរ ម្ដងទៅត្រង់នេះ ម្ដងទៅត្រង់នោះ ឥតទីដៅច្បាស់លាស់ឡើយ ។ មានជួនកាលទៀតពួកវាដែលរស់នៅក្រោមដំបូលផ្ទះណាមួយ ហើយដោយមានហេតុបច្ច័យជាអាថ៌កំបាំងក្ដី ដោយត្រូវម្ចាស់វាយធ្វើបាបបង្អត់អាហារក្ដី វាក៏សំរេចចិត្តចេញពីផ្ទះនោះដើម្បីធ្វើការផ្សងព្រេងទៅរកទីថ្មីទៀត ។ ចំពោះសត្វអស់នេះ ចាស់ ៗ ធ្លាប់មានពាក្យស្លោកខ្លះ ៗ ដែរ ដូចជាពោលថា "ពុតសិស្សគ្រូបី ពុតស្រីប្ដីលែង ពុតគោជ្រលែង ពុតឆ្កែបង់ម្ចាស់1 " ។ ឯ ពាក្យស្លោកមួយឃ្លាទៀតនោះ ពាក់ព័ន្ធដល់សត្វឆ្មា "ឆ្មាសម្បុរបី ស្រីគ្រប់ល័ក្ខណ៍" ពាក្យស្លោកខាងក្រោមនេះ មានអត្ថន័យល្អ ។ ចាស់ ៗ តែងតែមានជំនឿត ៗ គ្នាមកថា កាលណាឆ្មា ឬឆ្កែ ចូលមកនៅក្នុងផ្ទះយើងនោះ ចាត់ទុកជាប្រផ្នូលល្អណាស់ ។ គេសន្មតថា ប្រហែលជាអានុភាពជាអាថ៌កំបាំងអ្វី បណ្ដាលចិត្តឲ្យសត្វទាំងនេះចូលមកនៅក្នុងផ្ទះយើង ក្នុងន័យនាំយកទ្រព្យសម្បត្តិលាភជ័យល្អមកឲ្យយើង ។ អាចគិតថា ប្រហែលជាផ្ទះនោះ ជាទីត្រជាក់ត្រជំសុខក្សេមក្សាន្តហើយបានជាសត្វទាំងនេះសុំមកជ្រកកោននៅជាមួយ ដើម្បីសុំសេចក្ដីសុខ ។ ដូច្នេះ កាលបើមានហេតុភេទបែបនេះ ទោះបីយើងមានឆ្កែឆ្មាក្នុងសេចក្ដីសុខ ។ ដូច្នេះ កាលបើមានហេតុភេទបែបនេះ ទោះបីយើងមានបឆ្កែឆ្មាក្នុងផ្ទះយើងស្រាប់ហើយក្ដី គួរកុំធុញទ្រាន់ទើសទាល់ គួរទទួលវាឲ្យនៅផងចុះ កាលបើឃើញវាចូលមកនៅដោយមានអាកប្បកិរិយាស្លូតបូត ឱនលំទោន សុភាពរាបសា តទៅថ្ងៃមុខអ្នកច្បាស់ជាបានជួបវាសនាល្អជាមិនខាន ។ ធម្មតាសត្វឆ្កែឆ្មាក៏តែងមានពីរសណ្ឋានជាដរាប គឺខ្លះល្អ ខ្លះទៀតអាក្រក់ ។ ឆ្មាសូម្បីវាមានសម្បុរបីក៏ដោយ ក៏មានអាក្រក់ដែរ ។ ប៉ុន្តែ ជួនកាលខ្លះ ពួកវាមិនមានចរិតអាក្រក់មក ពីកំណើតនោះទេ ប៉ុន្តែចំណុះទៅនិងការអប់រំបង្ហាត់បង្រៀនរបស់ម្ចាស់វា ។ ចាស់ៗ ធ្លាប់ពោលថា ឆ្មាវាបន់ឲ្យតែម្ចាស់មាននឹងបានដេកពូក ។ ឯសត្វឆ្កែបន់ឲ្យតែម្ចាស់ងាប់ និងបានស៊ីចំណី ពោរពាសក្នុងពេលគេធ្វើបុណ្យឲ្យខ្មោចម្ចាស់វា។

១៥/ ឆ្កែលូនៅពេលយប់ស្ងាត់ តាមធម្មតា ឆ្កែវាតែងព្រុះមនុស្សចម្លែក ព្រុះដេញសត្វឆ្កែផងគ្នាដែលវាពុំធ្លាប់ឃើញ ។ ប៉ុន្តែ គេកម្រឮវាលូ ណាស់លើកលែងតែស្ថិតក្នុងករណី ដែលត្រូបវម្ចាស់វាយកទៅប្រោសចោល (បំបរបង់) រកផ្លូវវិលមកផ្ទហវិញមិនឃើញប៉ុណ្ណោះ ហើយឆ្កែប្រភេទនេះលូតែ ពេលថ្ងៃទេ ។ ប៉ុន្តែ ប្រសិនបើនៅពេលយប់ស្ងាត់ គេឮវាលូយ៉ាងវែង បន្លឺសូរគ្រលួ៏ចបែបលន្លង់លន្លោច សូរគួរឲ្យ ព្រឺក្បាល គឺលូបញ្ចេញសំឡេងបែបនេះហើយដែល ចាស់ៗ ខ្មែរយើងកំណត់ថា ជាប្រផ្នូលមិនល្អសំរាប់ស្រុកភូមិទៅថ្ងៃមុខ ។ ចាស់តែងតែជឿថា ស្រុកទេសយើងមានចម្បាំងរាំងជល់ ទុរ្ភិក្សអត់ឃ្លាន ឬមានជំងឺរាតត្បាត ។

១៦/ គោក្រយៅក្រឡាច់ ជាទូទៅ គោជាសត្វមានផលប្រយោជន៍ចំពោះមនុស្ស ដោយផ្ដល់នូវកំលាំងអូសទាញ ផ្ដល់សាច់ជាអាហារ ផ្ដល់ទឹកដោះ និងផ្ដល់កូនសំរាប់បន្តពូជពង្ស ។ ខ្មែរយើងចំណាំដឹងថា គោទាំងអស់ពុំមានលក្ខណៈដូចៗ គ្នាទាំងអស់ទេ ។ ពួកខ្លះមានលក្ខណៈល្អ ដែលគេជឿថា បើវាមិនចំរុងចំរើន យ៉ាងហោចណាស់ក៏វាមិនឲ្យទោសដល់ម្ចាស់ដែរ ។ ឯមួយ ពួកទៀត វាមានលក្ខណៈខុសប្លែកពីប្រក្រតី ។ គេមើលដឹងលក្ខណៈល្អ អាក្រក់នេះដោយសារក្រយៅរបស់វា ។ ក្រយៅដែលអាក្រក់នោះ គឺក្រយៅក្រឡាច់ ក្រយៅឈ្ងោកក្រោល ក្រយៅរំភាយខ្ចាត់ ក្រយៅធាក់លាញ ។ល។ គោណាដែលមានក្រយៅមានភិនភាគដូចពោលមកនេះ គេចាត់ទុកជាសត្វចង្រៃ គេរិះរកគ្រប់វិធីដើម្បីលក់ ឬដូរចេញឲ្យផុតពីផ្ទះ ។ បើកាលណានៅតែរឹងរូសប្រើប្រាស់ ឬចិញ្ចឹមគោប្រភេទនេះ គេជឿថា នឹងមានហេតុអន្តរាយ វិនាសទ្រព្យសម្បត្តិ ឬមនុស្សក្នុងគ្រួសារឈឺថ្កាត់ ស្លាប់ព្រាត់ប្រាសក៏សឹងមាន ។ អំពីលក្ខណៈចង្រៃបែបនេះ ខ្មែរយើងធ្លាប់មានពាក្យស្លោកពោលថា "អំពិលឯត្បូង អណ្ដូងឯលិច គោក្រយៅក្រឡាច់ ប្រពន្ធដោះញ" ។ មានន័យថាបើមានដើមអំពិលនៅពីខាងត្បូងផ្ទះ បើមានអណ្ដូងនៅខាងលិចផ្ទះ បើមានគោក្រយៅក្រឡាច់ បើមានប្រពន្ធដោះញ នោះបុរាណាចារ្យលោកចំណាំថា ចង្រៃពន់ពេកណាស់ ។

១៧/ ត្រដេវវ៉ិចចាល់ ត្រដេវវ៉ិចជាបក្សីដែលរកស៊ីដោយមិនសូវបង្ហាញខ្លួនឲ្យមនុស្សម្នាឃើញងាយ ៗ នោះឡើយ ។ វាយំឮសូរ តេ ៗ វ៉ិច ! ៗ... យំផងហើរផង ហាក់ដូចជាភិតភិយណាស់ ។ ចំពោះសត្វត្រដេវវ៉ិចនេះ ចាស់ៗ ខ្មែរធ្លាប់និយាយជាពាក្យទំនឹមទំនៀមថា "ដេកយកជើងទ្រមេឃ ដូចសត្វត្រដេវវ៉ិច" មានន័យថា ជាមនុស្សប្រយ័ត្នប្រយែង មានការភ័យបារម្ភច្រើន ។ តែចំពោះចាស់បុរាណគាត់ធ្លាប់ចំណាំត ៗ គ្នាមកថា បើនៅពេលយប់ស្ងាត់ មានសត្វត្រដេវវ៉ិចចាល់ទាំងហ្វូងឮសូរ តេ ៗ វ៉ិច ៗ ... ទ្រហឹងអឹងអាប់ នោះច្បាស់ជាមានពពួកចោរមកលួចប្លន់នៅភូមិណាមួយក្នុងតំបន់នោះហើយ គេត្រូវនាំគ្នាប្រុងប្រយ័ត្នឡើង ។

១៨/ សត្វជើងបី តាមធម្មតា សត្វពាហនៈជាចតុប្បាន ដូចជាគោ ក្របី សេះ ដំរី ជ្រូក ឆ្កែ ឆ្មា ជាដើម តែងតែមានជើងបួនជាដរាប ។ ដូច្នេះ បើគេនាំគ្នាកំនត់ថា សត្វជើងបីនោះ តើគេសំគាល់ត្រង់លក្ខណៈបែបណាទៅវិញ ? ។ គេសំគាល់ថា សត្វជើងបី ចំពោះតែសត្វដែលជើងទាំងបួនរបស់វាមានសម្បុរមិនដូចគ្នា ។ ឧទាហរណ៍ ជើងបីសម្បុរខ្មៅ ជើងមួយសម្បុរស ឬផ្ទុយមកវិញ ជើងបីសម្បុរសជើងមួយសម្បុរខ្មៅ នេះគេចាត់ថា សត្វនោះមានជើងបីហើយ ។ បើសត្វដែលគេចិញ្ចឹមណា ដែលមានលក្ខណៈដូចពោលខាងលើនេះ គេមិនចិញ្ចឹមទេ គេចាត់ទុកថាជាសត្វចង្រៃនាំមកនូវទុក្ខទោស ឧបទ្រពចង្រៃដល់ម្ចាស់ជាមិនខាន ។

១៩/ កូនក្របីឃ្លៀច តាមពូជរបស់វា ក្របីមានពីរពណ៌គឺសម្បុរខ្មៅនិងសម្បុរឃ្លៀច (ពណ៌កុលាប) ។ តាមការសង្កេត គេឃើញមានក្របីឃ្លៀចតិចបំផុត ។ កសិករខ្មែរមិននិយមចិញ្ចឹមក្របីឃ្លៀចទេ គេថាវាចាញ់កំដៅថ្ងៃជាងក្របីខ្មៅ ។ ចំពោះអ្នកដែលចិញ្ចឹមក្របីខ្មៅទាំងហ្វូង ៗ ឲ្យដេករួមគ្នានៅក្នុងក្រោលតេមួយនោះ បើកាលណាហើយមានបាតុភូតចម្លែកមួយ គឺឃើញមេក្របីខ្មៅ ណាមួយកើតកូនមកជាឃ្លៀច នោះគេជឿថាជាបុព្វនិមិត្តប្រាប់ឲ្យដឹងអំពីការស្លាប់រង្គាល នៃហ្វូងក្របីឃ្លៀច នោះគេជឿថាជាបុព្វនិមិត្តប្រាប់ឲ្យដឹងអំពីការស្លាប់រង្គាល នៃហ្វូងក្របីដោយសារជំងឺអំបល់ ។

២០/ មនុស្សមានគភ៌មិនអាចជិះដំរីបាន ដូចសត្វពាហនៈដទៃទៀតដែរ វាតែងតែមានការពាក់ព័ន្ធទៅនិងជីវភាពមនុស្សដែលយើងសូមលើកយកមកពណ៌នាដូចតទៅ ហ្មដំរីទាំងឡាយតែងតែមានការប្រយ័ត្នប្រយែង មិនអនុញ្ញាតឲ្យមនុស្សមានគភ៌ (ផើម) ជិះលើខ្នងដំរីឡើយ ។ បើគេនៅតែបំពារបំពានទៅលើតំណមនោះ ដំរីនិងរលាស់ជម្រុះមនុស្សផើមនោះឲ្យធ្លាក់ពីលើខ្នងវា ។

២១/ ហាមសាសងស្នេហានៅលើខ្នងដំរី ដោយឡែកពីតំណមមិនឲ្យមនុស្សផើមជិះលើខ្នង ការសាសងតាមផ្លូវស្នេហាប្រឡូកប្រឡែងគ្នានៅលើខ្នងដំរីក៏ជាប្រការមួយពុំអាចអនុញ្ញាតបានដែរ ។ យើងរាល់គ្នាដែលធ្លាប់ដឹងអំពីប្រពៃណីនេះ រួមទាំងហ្មដំរីផង នៅពុំទាន់បានស្រាវជ្រាវរកឃើញអំពីមូលហេតុច្បាស់លាស់នៅឡើយ ។ រហូតមកទល់ ពេលនេះ យើងគ្រាន់តែដឹងតាមរយៈចាស់ ៗ និយាយថា បើកាលណាគេនៅតែបំពារបំពានទៅលើតំណមនេះ ដំរីនិងស្រុត (ស្លាប់) ដោយពុំអាចព្យាបាលឲ្យជាបានឡើយ ។

២២/ ដំរីចូលរួមចំណែកក្នុងការនាំមកនូវភាពត្រជាក់ត្រជំ នឹងព្យាបាលក្មេងអារ៉ឹះ ក្មេងអារ៉ឹះជាប្រភេទក្មេងដែល ពិបាកចិញ្ចឹម ព្រោះវាមានជំងឺរ៉ាំរ៉ៃជាប្រចាំ គឺជំងឺចំរុះច្រើនមុខ ឈឺនេះផង ឈឺនោះផង ពិបាកព្យាបាលជាទីបំផុត ។ ហេតុការណ៍វាឲ្យចម្លែក នៅត្រង់វាស្គមរីងរៃ ឈឺឥតមានថ្ងៃស្រាកស្រាន្ត តែវាមិនស្លាប់ ។ ចាស់បុរាណធ្លាប់ព្យាបាលក្មេងអារ៉ឹះនេះតាមវិធីប្លែកៗ ជាច្រើន មានដាក់វាឲ្យអង្គុយក្នុងឈ្នាង ហើយយកទៅធ្វើពិធីឧបកិច្ចនៅត្រង់ផ្លូវបំបែកជាបួន ដាក់វានៅចំផ្លូវព្រះសង្ឃនិមន្តបិណ្ឌបាត ដើម្បីឲ្យព្រះសង្ឃទស្សន៍ ឬក៏យកទៅប្រគេនលោកធុតុង្គឲ្យលោកព្យាបាល ឬក៏ឧបកិច្ចធ្វើជាឲ្យទៅលោកអាចារ្យចិញ្ចឹមជានិមិត្តរូប រួចទៅលោះយកមកវិញ ។ល។ និង ។ល។ តែនៅពេលនោះ យើងសូមលើកយកវិធីមួយមកពណ៌នានោះគឺ ការព្យាបាលដោយមានអន្តរាគមន៍ពីដំរី ។ តាំងពីបុរមបុរាណរៀងដរាបមក ខ្មែរយើងតែងតែចាត់ទុកដំរីថាជាសត្វត្រជាក់ត្រជំ ជាសត្វនាំមកនូវសុភមង្គល ជាសត្វតំណាងឲ្យទឹក និងភាពសំបូររុងរឿង ។ ជំនឿនេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងអារម្មណ៍ខ្មែរ រហូតដល់នាំ គ្នាជឿត ៗ មកថា បើកាលណាយល់សប្តឃើញដំរីនោះ ច្បាស់ជាមានភ្លៀងជាមិនខាន ។ ខ្មែរខ្លះជឿថា ដំរីនាំមកនូវជោគវាសនាល្អ ធ្វើអ្វី ៗ តែងតែកើតចំរើនផលកាក់កបជានិច្ច ។ ដូច្នេះហើយបានជាស្រី ៗ នៅស្រុកស្រែខ្លះដែលចង់ចិញ្ចឹមនាងឲ្យបានផលចំរើន គេតែងទៅនិយាយអង្វរហ្មដំរីឲ្យជួយគេឲ្យបានស្ទាបបបូរមាត់ក្រោមរបស់ដំរី ។ ជួនកាលគេយកស្បែកដំរី (ដែលងាប់) មកធ្វើជាជ្រញ់ហាន់ស្លឹកមកឲ្យដង្កូវនាងស៊ី ដើម្បីឲ្យលទ្ធផលល្អក្នុងការចិញ្ចឹម ។ ខ្មែរភាគច្រើនពិសេសគ្រួសារអ្នកមាន ច្រើនតែយកភ្លុកដំរីទាំង គូរមកដាក់តាំងលើតុកិត្តយស ឬលើខ្នងទូ ទុកជាគ្រឿងលំអផ្ទះផង និងទុកជាទ្រព្យត្រជាក់នៅក្នុងផ្ទះផង ។
ចំពោះក្មេងអារ៉ឹះ គេយកវាទៅដាក់ពីក្រោមពោះដំរី ឬដាក់ពីក្រោមមាត់ដំរី យកប្រមោយវាឲ្យស្ទាបក្បាលក្មេងនោះ ឬក៏ឲ្យវាព្រួសទឹកដាក់ខ្លួនប្រាណក្មេងនោះ ក្នុងក្ដីសង្ឃឹមថាធ្វើយ៉ាងនេះ ក្មេងនិងបានជាសះស្បើយពីជំងឺរ៉ាំរ៉ៃរបស់វា ហើយវានឹងមានសុខភាពល្អ មានកម្លាំងពលំ មានប្រាជ្ញាស្មារតីល្អឡើងវិញ ។
សូមជំរាបអស់លោកអ្នកអានថា អ្វីដែលខ្ញុំបានសរសេររៀបរាប់អំពីជំនឿផ្សេង ៗ ដូចពោលខាងលើនេះ គឺជាជំនឿ ជាការចំណាំ ជាប្រផ្នូលរបស់ខ្មែរនៅក្នុងស្រុកគិរីវង្ស ខេត្តតាកែវ ។ ខ្ញុំបានសាកសួរចាស់ព្រឹទ្ធាចារ្យក្នុងភូមិជាច្រើននៃឃុំតាអូរ ឃុំព្រៃអំពក ឃុំព្រៃរំដេង ឃុំព្រះបាទជាន់ជុំ អំពីការកំណត់ចំណាំផ្សេង ៗ រួមជាមួយនឹងបទពិសោធន៍ ការសង្កេតផ្ទាល់ខ្លួនខ្លះ ៗ ។ ចំពោះជំនឿផ្សេងៗ ទៀត ដូចជាអំពិលអំពែកចូលផ្ទះ ក្រៀលហើរខ្ពស់យំលើអាកាស ប្រហែលជាមានប្រជាជននៅខេត្តកំពង់ធំខ្លះជឿដូចនៅខេត្តតាកែវដែរ ។ ជំនឿបុរមបុរាណ មិនមែនមានដូចគ្នាសុទ្ធសាធដូចគេចាក់ពុម្ពនោះទេ ប៉ុន្តែ វាអាចខុសប្លែកគ្នាទៅតាមតំបន់ទៅតាមស្រុកខេត្ត ។ ដូច្នេះ ប្រសិនបើអស់លោកអ្នកអាននៅតំបន់ផ្សេង ចេះដឹងអ្វីអំពីជំនឿប្រពៃណីខុសប្លែកពីនេះ សូមមេត្តាសរសេរផ្ញើទៅពុទ្ធសាសនបណ្ឌិត្យដើម្បីស្រាវជ្រាវពិនិត្យផ្ទៀងផ្ទាត់ និងចងក្រងរក្សាទុកជាឯកសារឲ្យបានច្រើនសំរាប់ឲ្យកូនចៅយើង ជំនាន់ក្រោយ ៗ សិក្សាស្រាវជ្រាវជាបន្ត ។

ដោយ មៀច ប៉ុណ្ណ

សិរី នៃកបិលមហាព្រហ្ម

រាល់តែពេលចូលឆ្នាំថ្មី រឿងកបិលមហាព្រហ្មដែលចោទបញ្ហាអំពីសិរីចំពោះធម្មបាលមាណព គេតែងលើកឡើងមសំដែងជាសាធារណៈ អស់កាលយូរលង់មកហើយ, តើយើងបានចាប់ភ្លឹកនឹកនាដល់ន័យដ៏មានខ្លឹមសាររបស់ពាក្យថា សិរី នេះដែរឬទេ ? បើបាននឹកនាដែរ, តើអ្វីទៅដែលហៅថា សិរី ?
តាមប្រភពរឿងព្រេងកបិលមហាព្រហ្មនេះ បានឲ្យដំណឹងដល់យើងថា សម័យកាលនោះ ពិភពមនុស្សលោក ឋិតនៅក្រោមទេវបញ្ជារបស់ព្រហ្មដែលនៅឯព្រហ្មលោក ។ ព្រះព្រហ្មបានចាត់ឲ្យកបិលមហាព្រហ្មមកគ្រប់គ្រង ដឹកនាំមនុស្សលោកឲ្យប្រតិបត្តិតាមនូវអ្វីអ្វីគ្រប់​យ៉ាង​តាមទេវបញ្ជា ដោយហេតុគេយល់ថា មនុស្សលោក ជាកូនបង្កើតរបស់ព្រះព្រហ្ម គឺព្រះព្រហ្មហ្នឹងឯង ជាអ្នកបង្កើតពិភពលោកទាំងមូល ព្រមទាំងមនុស្សសត្វ និងសារពើធម្មជាតិទួទៅ ។ ប៉ុន្តែ ពិភពមនុស្សលោកនេះ ត្រូវបានផ្លាស់ប្ដូរបរិនាយកថ្មីដែលមានជាតិជាមនុស្សដូចគ្នាវិញ ចាប់តាំងពីខណៈដែលមាណពម្នាក់មានសញ្ជាតជាមនុស្សឈ្មោះ ធម្មបាល បានជោគជ័យលើ កបិល មហាព្រហ្មក្នុងការដោះស្រាយបញ្ហា ហើយកបិលមហាព្រហ្មប្រគល់កិច្ចការដឹកនាំ​មនុស្សលោក​ឲ្យដល់ជាតិមនុស្ស រួចលោកកាត់ព្រះសិរៈក្ស័យព្រះជន្មនោះមក ។
សេចក្ដីនេះ សឲ្យដឹងថា ប្រហែលជាពេលពីមុនមក ពុំទាន់មានជាតិមនុស្សណាម្នាក់ដែលមាន​សតិបញ្ញា អាចនឹងដឹកណាំពីភពលោកយើងនេះបានឡើយ ទើបភារកិច្ចដឹកនាំនេះ ឋិតនៅក្នុងកណ្ដាប់​ព្រះហស្ដរបស់ព្រះព្រហ្ម ។ លុះក្រោយមក ជាតិមនុស្ស កាន់តែចំរើនការចេះដឹងឡើងជាលំដាប់ រហូតដល់អាចគ្រប់គ្រងពិភពលោកដោយខ្លួនឯងបាន ទើបព្រះព្រហ្ម ទ្រង់ផ្ទេរក្រសួងគ្រប់គ្រងដឹកនាំ​ពិភពលោកនេះ មកឲ្យមនុស្សលោកកាន់កាប់ផ្ទាល់ដោយខ្លួនឯងវិញ ។ការកាត់ផ្ដាច់នូវសិរៈ​របស់​ព្រះព្រហ្ម គឺជានិមិត្តរូបនៃការផ្ទេអំណាចសព្វយ៉ាង, បានសេចក្ដីថា ព្រះព្រហ្ម លោកផុតអំណាចដឹកនាំ​ពិភពមនុស្សលោក ចាប់តាំងពីត្រឹមនោះមក ។ ដើម្បីជាអនុស្សាវរីយ៍ និងដើម្បីសំដែងនូវកតញ្ញុតា​ចំពោះព្រះរាជហឫទ័យដ៏សប្បុរសរបស់ព្រះព្រហ្ម ដែលបានប្រគល់អំណាច និងសិទ្ធគ្រប់យ៉ាងក្នុង​កិច្ចគ្រប់គ្រងដឹកនាំពិភពលោក មកឲ្យមនុស្សលោកដោយមេត្តាករុណានេះ ទើបបានជាមនុស្សលោក តែងតែធ្វើពិធីយ៉ាងអធិករំឭកជីវប្រវត្តិរបស់លោក ជារៀងរាល់ពេលចូលឆ្នាំថ្មីនេះឯង ។ រីឯបញ្ហា ដែលព្រះព្រហ្មលើកមកចោទសួរជាតិមនុស្ស ដើម្បីស្ទាបស្ទង់មើលសតិបញ្ញាការចេះដឹងនោះ គឺ បញ្ហាសិរី ។
ពាក្យថា សិរី នេះ បើនិយាយឲ្យខ្លីថា អ្វី ៗ ដែលជាប៉ែកខាងល្អប្រសើរ ហៅថា សិរី ទាំងអស់ ព្រោះវចនានុក្រមខ្មែរបានបញ្ជាក់ថា សិរី គឺ លំអ, លំអដែលគួរឲ្យស្រឡាញ់ ; សួស្ដី, ស្រីសួស្ដី, មង្គល, ជោគ, សេចក្ដីសុខ, សេចក្ដីចំរើន, បុណ្យ, ភ័ព្យបុណ្យ, ភព្វព្រេង, សំណាងល្អ, ព្រេងសំណាងល្អ, ទ្រព្យ, ការមានបាន, លាភ, ឥស្សរភាព, តេជះ, អំណាច, រាជស័ក្តិ, ទិព្វស័ក្តិ, ភគវតី, លក្ស្មី ។ល។ ដូច្នេះ គប្បីយល់ថា បានជាព្រះព្រហ្មលើយកសិរីមកចោទសួរមនុស្ស ព្រោះសិរីនេះ អាចចាត់ទុកបានថា ជានិមិត្តរូបនៃឥស្សរភាពរបស់មនុស្សលោកហ្នឹងឯង ។
ឥឡូវ យើងចង់ដឹងន័យខាងចំឡើយ របស់ធម្មបាលមាណព ដែលលើកយកទឹកមកឲ្យឈ្មោះថា​សិរី​វិញ, ចំឡើយនោះថា សិរី នេះ ពេលព្រឹកឋិតនៅត្រង់មុខ ព្រោះពួកមនុស្សតែងភ្ញាក់ឡើងពីដេក ហើយ​យកទឹកមកលុបមុខរាល់តែពេលព្រឹក, ពេលថ្ងៃត្រង់ឋិតនៅត្រង់ដើមទ្រូង ព្រោះពួកមនុស្សកាលណា​តែក្ដៅខ្លាំង តែងតែយកទឹកមកលាបស្រឡាបដើមទ្រូង, ពេលល្ងាចឋិតនៅត្រង់ជើង ព្រោះពួក​មនុស្សតែងយកទឹកមកលាងជើងមុនទើបចូលដំណេក ។ បានសេចក្ដីថា បើទឹក ទៅទទឹកនឹងអវយវៈ​ណា, សិរី ក៏ឋិតនៅត្រង់អវយវៈនោះដែរ គឺ ទឹក ហ្នឹងឯងជា សិរី ។
តើសមទទេ ? ចំពោះចំឡើយធម្មបាលមាណពនេះ ដែលលើក ទឹក មកឲ្យឈ្មោះថា សិរី ។
តាមយោបល់ខ្ញុំ ថាសមហើយ ព្រោះសម័យនោះ នៅប្រទេសឥណ្ឌា មានសាស្ដាច្រើនណាស់ ដែល​ប្រកាស​លទ្ធោប្លែក ៗ ពីគ្នា ។ បណ្ដាលទ្ធិទាំងនោះ, មានលទ្ធិខ្លះ គោរពភ្លើង, ខ្លះ គោរពសត្វអាសិរ្ពិស, ខ្លះ គោរពដី, ខ្លះ គោរពខ្យល់ ។ល។ខ្លះ គោរពទឹក ។ ដើម្បីឲ្យបានចំណេញឥទ្ធិពលរៀងខ្លួន, សាស្ដាទាំងនោះក៏ខំសំដែងរឿងរ៉ាវក្នុងលទ្ធិរបស់ខ្លួនឲ្យឃើញអស្ចារ្យផ្សេង ៗ ជាប្រភពបញ្ជាក់ថា លទ្ធិរបស់ខ្លួន ពិតជាលទ្ធិត្រឹមត្រូវប្រាកដមែន ។ ដូចលទ្ធិគោរពគោញី, មេលទ្ធិខំប្រឹងអួតសរសើរ អំពីគុណសម្បត្តិគោញីថាជាព្រះនៃមនុស្សលោក, លទ្ធិគោរពភ្លើង, ក៏ប្រឹងពណ៌នា អំពីលទ្ធិនៃ​ព្រះ​ភ្លើងថា ជាព្រះនពិភពលោកមនុស្សយើងដែរ ។
ឯលទ្ធិគោរពទឹក ក៏ខំប្រឹងឆ្លៀតបញ្ចូលព្រះទឹក ទៅក្នុងទេវប្រវត្តិលើកតំកើងទឹកថា ជាវត្ថុពិសេសបំផុតក្នុងលោក ដូចគ្នាដែរ ។ យ៉ាងហ្នឹងហើយ បានជាទឹកក្នុងរឿងមហាព្រហ្មនេះ លោក​ចាត់ទុកថាជាសិរីរបស់ពិភពលោក គឺគេចាត់ទឹកនេះទុកថា ជាវត្ថុស័ក្តិសិទ្ធិបំផុត រហូតដល់មាន​តេជះ​អាចនឹងរំដោះយកឥស្សរភាពនៃមនុស្សលោក អំពីព្រះព្រហ្មដែលជាកំពូល​ត្រៃលោក​បានទៀតផង ។
ម្យ៉ាងទៀត ទឹក នេះ ជារបស់យ៉ាងចាំបាច់របស់មនុស្សសត្វ ព្រោះមនុស្សសត្វត្រូវការទឹក ដើម្បីរស់ ហើយក៏ជារបស់ចាំបាច់ម្យ៉ាងទៀត គឺមនុស្សត្រូវការប្រើប្រាស់ទឹកសំរាប់ងូតជំរះកាយ, លាងសំអាតនូវអ្វី ៗ ដែលប្រឡាក់ និងសំរាប់លាបស្រឡាបឲ្យត្រជាក់ ។ល។ ដូច្នេះ ល្មមតែចាត់ ទឹក ទុកថា ជា សិរី បានមែន ។ ប៉ុន្តែ បើឲ្យរឹតតែឲ្យសមជាងនេះទៅទៀត គឺទឹកដែលចាត់ទុកថាជា សិរី នេះ សំដៅយក ទឹកចិត្ត ដ៏ត្រជាក់របស់មនុស្សលោក ។ មនុស្សក្នុងលោកនេះ តែងមានភាពពុំស្មើគ្នា ដូចជាខ្លះមានកម្លាំងច្រើន, ខ្លះខ្សោយ, ខ្លះចេះ, ខ្លះល្ងង់, ខ្លះមានប្រាជ្ញា, ខ្លះអប្បប្រាជ្ញា, ខ្លះមាន​ទ្រព្យ​ច្រើន, ខ្លះក្រីក្រ, ខ្លះមានតេជះអំណាច, ខ្លះអាប់រស្មី ។ល។ ខ្លះជាមហាអំណាច, ខ្លះនៅទន់ខ្សោយ ។ ការខុសសភាពពីគ្នានេះ បើមនុស្សក្នុងលោកពុំយកទឹកចិត្តដ៏ត្រជាក់ មកប្រើស​ម្រាប់​លាងជំរះ​ដោះ​ស្រាយបញ្ហាផ្សេង ៗ រវាងគ្នាទេ ពិភពលោកនេះ នឹងដើរទៅរករណ្ដៅភ្លើងអន្ដរកប្បយ៉ាងឆាប់រហ័ស ព្រោះតែភ្លើងចិត្តដ៏ក្ដៅ ដឹកប្រទាញទៅ ។ ដូច្នេះ សិរី សំដៅយក ទឹកចិត្ត ដ៏ត្រជាក់នេះ ឃើញថា ត្រូវហើយ​សម​ទៀតផង ដែលពុំចាំបាច់កែប្រែទៀតឡើយ ព្រោះទឹកចិត្តដ៏ត្រជាក់ ជាសភាវៈ​អាចគ្រប់គ្រងពិភពលោក ឲ្យបានសេចក្ដីសុខ សេចក្ដីចំរើន ជោគ មង្គល តេជះ អំណាច ឥស្សរភាព ។ល។ រីឯភ្លើងភ្លើងចិត្តដ៏ក្ដៅវិញ ជាសភាវៈពុំមែនជាកត្តានៃសិរី គឺវាពុំអាចគ្រប់គ្រងពិភពលោក ឲ្យកើតសិរីដូចបំណងព្រះព្រហ្មបរមទេវៈនោះបានឡើយ ។ហេតុដូច្នោះហើយ បានជា ទឹក នេះ លោកចាត់ទុកថាជា សិរី ។

សហជីវិន ផល - ទិត នៅពុទ្ធសាសនបណ្ឌិត្យ

អំពីការបកសករាជ

អំពីការបកសករាជ
១- សំនួរ .- ព្រះធម្មកថិកលោកអ្នកសំដែងធម៌ទេសនាគ្រប់អង្គមុននឹងចាប់ផ្ដើមសំដែងធម៌ លោកតែងតែមកសករាជសិន ចុះពាក្យថា "បកសករាជ" នេះតើប្រែថាម៉េច ?
១- ចម្លើយ .- ប្រែថា "ប្រាប់សករាជ" គឺប្រាប់ថ្ងៃ - ខែ - ឆ្នាំ ។
២- ស .- ម៉េចក៏លោកចាំបាច់ប្រាប់ថ្ងៃ - ខែ - ឆ្នាំទៀត បើមានច្បាប់ប្រតិទិនដែលគេបោះពុម្ពផ្សាយជាច្រើន ពេញស្រុកទេសហើយ, ដែលលោកប្រាប់នោះតើ ដោយលោកប្រាថ្នាយកហេតុប៉ុន្មានយ៉ាង ?
២- ច .- បានជាលោកប្រាប់ថ្ងៃ - ខែ - ឆ្នាំនោះ ដោយលោកប្រាថ្នាយកហេតុ ២ យ៉ាងគឺៈ
ក .- ដើម្បីប្រកាសគុណនៃព្រះពុទ្ធសាសនាឲ្យពួកពុទ្ធបរិស័ទកើតសទ្ធាជ្រះថ្លាយល់ឃើញជាមុនថា សាសនារបស់ព្រះពុទ្ធជាម្ចាស់នោះ សូម្បីព្រះអង្គបរិនិព្វានទៅយូរអង្វែងរាប់ពាន់ឆ្នាំហើយ ពាក្យប្រៀនប្រដៅរបស់ព្រះអង្គដែលហៅថាសាសនា ក៏គង់តែមាននៅស្ថិតស្ថេរចេរកាលមកជាប្រាកដដល់សព្វថ្ងៃនេះ មិនបាត់បង់ទៅឯណា បើប្រសិនជាព្រះពុទ្ធសាសនាគ្មានផលប្រយោជន៍ ដល់អ្នកដែលរាប់អានប្រកាន់ប្រតិបត្តិតាមទេ ម្ល៉េះសមព្រះពុទ្ធសាសនាអន្ដរអានសាបសូន្យបាត់បង់ទៅជាយូរយារណាស់មកហើយ មិនមែនគង់ទ្រង់នៅរហូតមកដល់សព្វថ្ងៃនេះទេ អ្នកដែលកើតមកខាងក្រោយមុខជាខានបានជួបប្រទះនឹងព្រះពុទ្ធសាសនា ព្រោះគ្មានអ្នកណានាំត ៗ គ្នាមក ប៉ុន្តែបានជាមិនបាត់បង់ទៅដូច្នោះ ព្រោះព្រះពុទ្ធសាសនាឲ្យផលប្រយោជន៍ដល់អ្នកប្រតិបត្តិតាមគ្រប់យុគគ្រប់សម័យ ធ្វើឲ្យអ្នកប្រតិបត្តិតាមសម្រេចផលប្រយោជន៍តាមសមគួរដល់សេចក្ដីប្រតិបត្តិរបស់ខ្លួន ហេតុនេះបានជានាំគ្នាប្រកាន់ត ៗ មកតាមលំដាប់រហូតដល់សព្វថ្ងៃនេះ កាលបើពួកពុទ្ធបរិស័ទយល់ឃើញដូច្នេះហើយ មុខជារនឹងតាំងចិត្តថា គួរតែអាត្មាអញប្រកាន់រាប់អានប្រតិបត្តិព្រះពុទ្ធ-សាសនាតទៅទៀតតាមកំឡាំងរបស់ខ្លួន ដើម្បីឲ្យបានជាប្រយោជន៍ដល់ជនអ្នកកើតមកខាងក្រោយទៀត ។
ខ- ដើម្បីឲ្យពួកពុទ្ធបរិស័ទអ្នកបានស្ដាប់ធម៌ទេសនាហើយកើតសេចក្ដីសង្វេគតក់ស្លុតចិត្តគិតដល់​អាយុសង្ខារបស់ខ្លួនថា អាត្មាអញដែលបានរួចរស់ជីវិតនៅរហូតមកដល់ថ្ងៃដែលបានស្ដាប់ធម៌នេះ រាប់អានចំនួនប៉ុន្មានឆ្នាំហើយ ក្នុងឆ្នាំដែលកន្លងរំលងមកហើយទាំងប៉ុណ្ណោះ អាត្មាអញ​បានធ្វើប្រយោជន៍ខ្លះដែរឬទេ បើនឹករឭកឃើញថា ខ្លួនអញបានធ្វើប្រយោជន៍រួចខ្លះ​មកហើយ ឬដឹងថាកំពុងតែធ្វើ មុខជានឹងខំធ្វើបន្ថែមឲ្យរឹតតែច្រើនឡើងទៀត មិនហ៊ានបណ្ដែតបណ្ដោយឡើយ ព្រោះយល់ឃើញ​ថា ថ្ងៃ ខែ ឆ្នាំដែលកន្លងទៅនោះ មិនមែនកន្លងទៅតែឯងទេ អាយុជិវិតរបស់អាត្មាអញ ក៏កន្លងទៅជាមួយផងដែរ បើដឹងថាខ្លួនខ្លួនមិនបានធ្វើប្រយោជន៍អ្វីសោះ មុខជានឹងខំប្រឹងធ្វើយ៉ាងរួសរាន់ មិនហ៊ានបង្អែបង្អង់ឡើយ ។ មួយទៀត នឹងយល់ឃើញថា ព្រះពុទ្ធសាសនាដែលបានគង់នៅហើយចំរើនរុងរឿងរហូតមកដល់សព្វថ្ងៃនេះ ដោយសារតែអាស្រ័យបុព្វបុរសអ្នកមុន ៗ បានប្រតិបត្តិរក្សាត ៗ គ្នាមក ឯអាត្មាអញមានអាយុរស់នៅ​ដរាបមកដល់ថ្ងៃនេះហើយ មិនទាន់បានប្រតិបត្តិសិក្សាព្រះពុទ្ធសាសនានៅឡើយសោះ បើដូច្នេះគួរតែអញតាំងចិត្តនឹងប្រតិបត្តិសិក្សាព្រះពុទ្ធ-សាសនាឲ្យបានមាំមួនតទៅ បើដឹងថាខ្លួន​ជាអ្នកធ្លាប់បានប្រតិបត្តិសិក្សាព្រះពុទ្ធសាសនាពីកាលមុនមកខ្លះហើយ មុខជាខិត​ខំធ្វើប្រតិបត្តិ​ឲ្យទ្វេច្រើនឡើងលើសមុខទៅទៀត កាលបើពួកពុទ្ធបរិស័ទ​បានពិចារណា​ឃើញយ៉ាងនេះហើយ ចិត្តក៏នឹងកើតសទ្ធាជ្រះថ្លាក្នុងសាសនធម៌ពាក្យប្រៀនប្រដៅ​របស់ព្រះបរមសាស្ដា ហើយនឹងមានចិត្ត​សំវេគតក់ស្លុតដល់អាយុសង្ខារបស់ខ្លួន នឹងធ្វើខ្លួនឲ្យសមគួរដល់ការស្ដាប់ធម៌តទៅ ។
ព្រោះហេតុតែលោកជាធម្មកថិកប្រាថ្នាប្រយោជន៍ទាំង ២ ប្រការដូចបានឆ្លើយមកនោះឯងហើយ បានជាមុននឹងសំដែងធម៌ទេសនា លោកតែងតែបកសករាជសិន ដោយសេចក្ដីសង្ខេបឬពិស្ដារ ទោះបីអ្នកស្ដាប់កំណត់ចាំថ្ងៃ - ខែ - ឆ្នាំជាអតីតអនាគតនឹងបច្ចុប្បន្នបានក្ដី មិនបានក្ដី ក៏លោកចេះតែប្រាប់ដែរ ។ ហេតុនេះបានជាព្រះធំ្មកថិកតែងតែបកសករាជមុនទេសនាជាប់ជាទំនៀមទម្លាប់ត ៗ គ្នាមករហូត​ដល់សព្វថ្ងៃនេះ ។
សរុបសេចក្ដីឲ្យខ្លីថា អ្នកដែលបានស្ដាប់លោកបកសករាជ​ហើយ អាចនឹងញ៉ាំងចិត្តកើតសទ្ធាជ្រះថ្លា​ក្នុងគុណព្រះពុទ្ធសាសនា ១ យ៉ាង ដើម្បីនឹងញ៉ាំងចិត្តឲ្យកើតសំវេគតក់ស្លុតដល់អាយុសង្ខាររបស់ខ្លួន ១ យ៉ាង រួមជា ២ យ៉ាងដូច្នេះឯង ។
៣- ស .- ចុះក្នុងប្រទេសកម្ពុជាមានប្រើសករាជប៉ុន្មានយ៉ាងក្នុងសម័យបច្ចុប្បន្ននេះ (គ. ស. ១៩៥២) ?
៣- ច .- មានប្រើសករាជ ៤ យ៉ាងគឺ ពុទ្ធសករាជ ១ គ្រឹស្ដសករាជ ១ មហាសករាជ ១ ចុល្លសករាជ ១ ។ ឯសករាជទាំង ៤ យ៉ាងនេះ មានដើមកំណើតកើតនៅប្រទេសណា មានការកំណត់រាប់ប្លែក​គ្នាយ៉ាងណា នោះនឹងមានសេចក្ដីអធិប្បាយក្នុងសៀវភៅកម្ពុជសុរិយាខ្សែខាងមុខឯណោះ ។

ចប់
ឃុនបណ្ណានុរក្ស ប៊ូ - ប៉ូ នៅពុទ្ធសាសនបណ្ឌិត្យ ប្រែរៀបរៀង

13 January 2011

របៀបធ្វើគម្ពីរស្លឹករឹត

របៀបធ្វើគម្ពីរស្លឹករឹត
គម្ពីរនេះ កើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ ។ តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជាកាលណា គេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក ។ ក្នុងសម័យដើម, ព្រះពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្ដី ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេង ៗ សម្រាប់គ្រប់គ្រងប្រទេស មានច្បាប់ "ជ័យជេដ្ឋា" ជាដើមក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេចារចុះលើស្លឹករឹត ឬ ក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ តម្កល់ទុកបានយូរអង្វែង ។
ឯរបៀបដែលធ្វើស្លឹករឹតអោយបានចារជាអក្សរ កើតមានដូចតទៅនេះ
ក- មុនដំបូងស្វែងរកដើមស្លឹករឹត
ស្លឹករឹត ជារុក្ខជាតិព្រៃ ដុះនៅលាយឡំជាមួយនឹងឫស្សី និងរុក្ខជាតិផ្សេង ៗ ជារុក្ខជាតិមានតែដើម ធាង ស្លឹក ដុះចេញមកជាកំពូលប៉ុណ្ណោះ គ្មានមែកទេ (សម្បូរជាងគេនៅខេត្តក្រចេះ) ។ កាលណាគេត្រូវការប្រើប្រាស់ គេកាប់យកតែកំពូលរបស់វា មកកាត់ជាបីកំណាត់
- កំណាត់ខាងគល់ គេយកទ្រនុងចេញ, ទ្រនុងយកទៅធ្វើជាខ្នួច ឬចំណងផ្សេង ៗ រីស្លឹក គេយកទ្រនុងរបស់វាមកដេរភ្ជាប់ធ្វើជារនាំង សម្រាប់បាំង ឬ ប្រក់ ។
- កំណាត់ខាងកណ្ដាល ធ្វើជាស្លឹករឹត សម្រាប់ចារ ឬសរសេរអក្សរជាគម្ពីរ ឬក្បួនច្បាប់ផ្សេង ៗ ពីព្រោះវាស្មើ មិនរៀវ មិនក្រាស់ - ស្ដើង ។
- កំណាត់ខាងចុង គេដេរភ្ជាប់ដោយទ្រនុងរបស់វាធ្វើជាភ្ជល់ ។
ចំពោះស្លឹករឹត ដែលគេយកមកចារជាអក្សរ ចារឹកជាគម្ពីរ ឬក្បួនច្បាប់ផ្សេង ៗ, មុនដំបូង គេត្រូវយកស្លឹករឹតទៅសក សកអោយអស់ទ្រនុង ចៀរអោយស្មើ យកទៅហាលថ្ងៃអោយស្ងួត រួចហើយយកទៅហាលសន្សើមពេលយប់ ដើម្បីអោយវាលាកត្រង់មកវិញ ។ រួចគេធ្វើប្រដាប់សម្រាប់ចោះប្រហោង ២ លែជា ៣ ភាគ ចម្ងាយពីគ្នា ២០ សង្ទីម៉ែត្រ ចោះប្រហោង ២ ចម្ងាយពីគ្នាដូចស្លឹករឹតដែរ យកឆ្អឹងឆត្រ ១ គូ សម្រួចអោយត្រង់ ដោតនៅប្រហោងក្របខាងក្រោម រួចយកស្លឹករឹតដែលចោះប្រហោង ២ ហើយ ទៅចុះស៊កចំដែកស្រួចទាំង ២ ។ លុះស៊កបាន ចំនួន ២០០ សន្លឹកហើយ ត្រូវយកក្របមួយទៀត ទៅដាក់ពីលើ ស៊កអោយចំប្រហោងទាំងពីរ រួចបញ្ចូលទៅក្នុងផ្នោះ - ឃ្នាប ។ ផ្នោះនោះ គេធ្វើដោយឈើមានខ្លឹម រឹង មានប្រហោងទាំងពីរខាង ទំហំល្មមដាក់ស្លឹករឹតចូល បណ្ដោយក៏ប្រវែងស្លឹករឹតដែរ ។ លុះបញ្ចូលទាំងស្លឹករឹត ទាំងក្របហើយ គេរឹតដោយដែកអង្គំ ឬ ស្នៀតអោយណែនរឹងដូចឈើ រួចហើយផ្ដេកផ្នោះច្រឹបស្លឹករឹតដែលលើសចោលទុកត្រឹមតែប្រវែង ៥៥ សង់ទីម៉ែត្រ រួចយកដែលឈូសដ៏មុត ឈូសអោយស្មើបណ្ដោះអាសន្នទើបដោះចេញពីផ្នោះ យកខ្សែទ្រនុងរឹតមកចងបណ្ដោះអាសន្នរួចយកទៅ ឆ្អើរភ្លើង ឆ្អើរល្មមហើយទើបបកពង្រាយយកទៅវាយបន្ទាត់ ជា ៥ ឬ តាមតែលៃលក ។

ខ- របៀបវាយបន្ទាត់
មុននឹងចារ គេត្រូវវាយបន្ទាត់លើស្លឹករឹតជាមុនសិន ទើបចារទៅវាត្រង់ ។ ឯរបៀបវាយបន្ទាត់ ដូចខាងក្រោមនេះ៖
គេយកឈើបន្ទះទំហំ ទោល ២ សង់ទីម៉ែត្រ បន្ទារ ៣ សង់ទីម៉ែត្រ ឈូសអោយស្អាត យកមកវាយជាផ្នោះរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង ៧០ សង់ទីម៉ែត្រ ទទឹងប្រវែង ២០ សង់ទីម៉ែត្រ អោយរឹងមាំ រួចអារ - ក្រិត ៦ គំនូសឃ្លាតពីគ្នា ១ សង់ទីម៉ែត្រ ។ នៅចុងសងខាងផ្នោះ ត្រូវចោះប្រហោងទាំង ២ ខាងអោយធំ ខាងដើមមាន ៦ ខាងចុងមានតែ ១ យកឫស្សីបិតអោយមូលស្អាត ធ្វើរបួតស៊កចូលក្នុងប្រហោងនៅចុងសងខាងផ្នោះនោះ រួចយកខ្សែអំបោះដែលគេវេញអោយរឹងមាំ អោយឆ្មារល្មមធ្វើ បន្ទាត់បាន ទៅចងរបួតម្ខាងដែលមានតែ ១ រួចយកចុងខ្សែម្ខាងទៀតទៅចងនឹង របួតទាំង ៦ ដែលនៅចុងផ្នោះម្ខាងទៀត ។ គេចងរបៀបនេះ ដើម្បីងាយរឹតខ្សែទាំង ៦ អោយតឹងស្មើគ្នា ។ បើខ្សែណាមួយធូរ គេរឹតតែរបួតដែលចងខ្សែនោះ ។ គេដាក់ខ្សែនីមួយ ៗ អោយចំកម្រិតដែលអារអង្កន់ជាស្នាម រួចយកធ្យូងយ៉ាងខ្មៅ មកបុកអោយម៉ដ្ឋលាយជាមួយទឹកអោយខាប់ យកស្រកីដូងដំអោយទក់ជ្រលក់ទៅនឹងទឹកធ្យូង រួចលាបខ្សែបន្ទាត់ទាំង ៦ កូតទៅកូតមក អោយសព្វ រួចយកស្លឹករឹត ទៅដាក់តម្រៀបលើក្ដារស្មើ រៀបអោយត្រឹមលើខ្សែបន្ទាត់ ទាំងផ្នោះដាក់ទទឹងស្លឹករឹតខាងដើមខាងចុង លៃទុក ៤ សង់ទីម៉ែត្រ វាយបន្ទាត់ ១ ទុកជាខ្នាតសិន រួចហើយទើបចាប់វាយបណ្ដោយស្លឹករឹត ៥ បន្ទាត់ ឬ ៦ បន្ទាត់ តាមតែពេញចិត្ត ។

គ- របៀបចារអក្សរ
មុននឹងចារ ត្រូវមានឧបករណ៍ ៣ គឺៈ
១- ឈើទ្រនាប់ ឈើទ្រនាប់សំប៉ែតប្រវែង ៣០ សង់ទីម៉ែត្រ បន្ទារប៉ុនស្លឹករឹត ឈូសអោយស្អាត យកសាច់សំពត់ដេរស្រោបពីក្រៅ ដើម្បីចារទៅទន់ផង ទប់កុំអោយរអិលផង ។
២- ស្នាប់ដៃ ស្នាប់ដៃធ្វើដោយស្លឹករឹត ១ សន្លឹក រង្វង់ប៉ុនឈើទ្រនាប់សម្រាប់ស្រោបពីលើឈើទ្រនាប់ រួចច្រកស្លឹករឹតចូលក្នុងស្នាប់ដៃ ដើម្បីចារទៅកុំអោយរអិល ។
៣- ដែកចារ ដែលចារដងឈើមូល ស្រួចដើមស្រួចចុង គេបង្កប់ដែកទាំងពីរខាង សំលៀងនឹងថ្មអោយមូល - មុត ។ (គេច្រើនយកម្ជុលដេរយន្តខាងគល់ ពីព្រោះ វារឹងមុតស្អាតល្អ) ។
ចាប់ផ្ដើមចារ ត្រូវយកស្លឹករឹតមួយសន្លឹកម្ដង បញ្ចូលក្នុងស្នាប់ដៃដាក់ស្នាប់ដៃនៅខាងលើបង្គាបមេដៃខាងឆ្វេង យកដែកចារកាន់ដៃខាងស្ដាំ ដាក់សង្កត់លើ មៃដៃ ខាងឆ្វេងលៃអោយល្មមទើបចាប់ផ្ដើមចារតទៅ ចារម្ខាងអស់ហើយ ត្រឡប់ ចារម្ខាងទៀត ។ ចុះលេខរៀងនៅដើមសន្លឹកជួនកាលគេប្រើជាអក្សរ ។

ឃ- របៀបលុបអក្សរ
កាលណាគេចារអក្សរឡើងស្លឹករឹតហើយ គេលែងហៅថា ស្លឹករឹតទៀតហើយ គឺហៅថា "សាស្ត្រា" វិញ ។ ចារហើយត្រូវលុបអក្សរទៀត ទើបមើលបាន ។
លុះអក្សរ គឺធ្វើអក្សរអោយមើលឃើញច្បាស់ ។ គេត្រូវរកធ្យូងម្រែងភ្លើងយ៉ាងខ្មៅ លាយជាមួយជ័រទឹកយ៉ាង ថ្លាកូរអោយចូលគ្នាសព្វ រួចយកសាច់ក្រណាត់មកចងជាកញ្ចប់ជ្រលក់ក្នុងទឹកខ្មៅ យកជូតអក្សរលើស្លឹករឹត ជូតអោយពេញទាំងអស់ ទោះជាស្លឹករឹតទទេក៏ដោយ ។ ជូតសព្វហើយ ត្រូវយកដីខ្សាច់ល្អិតម៉ត់ស្អាត ទៅបាចលើស្លឹករឹត រួចយកក្រណាត់ទៅជូត ដៃម្ខាងទ្រាប់ក្រណាត់ទាញស្លឹកសាស្ត្រា ដៃម្ខាងទៀតទ្រាប់ក្រណាត់ទប់ ។ ធ្វើដូច្នេះ ទាល់តែអស់ជ័រទឹកស្អាតរលីង រួចយកទៅហាលថ្ងៃអោយស្ងួតស្រួល ទើបប្រមូលយកមកតម្រៀបស្លឹកតាមលេខទំព័រ មួយកណ្ឌម្ដង ៗ ដរាបដល់ចប់ ១ គម្ពីរ រួចហើយ រៀបចំឈូសដុសខាត់ អោយស្អាត ដើម្បីទឹបមាស ។

ង- របៀបឈូសសម្អាត
លុះដល់អក្សរមើលឃើញច្បាស់ហើយ គេត្រូវឈូស ដុសខាត់អោយស្អាតសម្រេច ដើម្បីទឹបមាស ។ មុនដំបូង គេត្រូវឈូសឈើធ្វើក្រប ២ ទៀត សម្រេចមានទំហំ ប្រវែង ៥៥ សង់ទីម៉ែត្រ បន្ទារ ៥,៥ សង់ទីម៉ែត្រ ទោល ២ សង់ទីម៉ែត្រ ២ បន្ទះ ចោះប្រហោង ២ ដូចមុន រួចយកទ្រនុងរឹតយ៉ាងរឹងមាំ ១ គូ បិតអោយមូលស្អាត សម្រួចចុងដោតក្នុងប្រហោងក្របខាងក្រោមបញ្ឈរឡើងរួចយកស្លឹកទទេពីរសន្លឹកសិន ទើបស៊កស្លឹកដែលមានអក្សរជាបន្តបន្ទាប់ដល់ចប់ លុះចប់ហើយ ត្រូវស៊កសន្លឹកទទេ ២ សន្លឹកទៀត រួចទើបបញ្ចូលទៅក្នុងផ្នោះ រឹតអោយណែនរឹងដូចឈើ សំលៀងដែកឈូសអោយមុតស្មើ ឈូសអោយស្មើនឹងក្របទាំងពីរខាង យកក្រដាសខាត់សាច់ល្អិត ខាត់អោយឡើងរលោង រួចហើយទើបយកទឹកម្រ័ក្សណ៍យ៉ាងថ្លា លាបពេញទាំងអស់ យកទៅហាលថ្ងៃមួយស្របក់ធំ រួចយកជាតិហិង្គុលពណ៌ក្រហម បុកអោយម៉ដ្ឋ លាយដោយម្រ័ក្សណ៍ លាបពីលើម្រ័ក្សណ៍ទៀត ទុកអោយស្ងួតល្អ ទើបចាប់ផ្ដើមទឹបមាស ។

ច- រៀបទឹបមាស
មុនដំបូង គេវាស់ចែកសាស្ត្រាជាបីភាគស្មើគ្នា ភាគខាងដើម និងខាងចុងគេទឹបមាស ភាគកណ្ដាល គេទុកនៅជាជាតិហិង្គុលក្រហមដដែល ។ មុននឹងទឹប គេយកមើមខ្ទឹមស ទៅមុខអោយល្អិតម៉ដ្ឋខៃ យកស្បៃមុងទៅខ្ចប់ រួចជូតអោយសព្វ ទើបយកមាសសន្លឹកសុទ្ធ ទៅបិទពីលើអោយរាបស្មើល្អ មួយសន្លឹកម្ដង ៗ រួចហើយគ្របអោយជិតចំនួន ៧ ទៅ ១០ ថ្ងៃ ទើបបករំគាយសន្លឹកចេញ រៀបចំស៊កខ្សែមួយកណ្ឌម្ដង ៗ ។

ឆ- របៀបធ្វើខ្សែសាស្ត្រា
ខ្សែសាស្ត្រា គេធញវើដោយអំបោះស្លាត់ ដែលមានជាតិរលោង - ទន់ គេយកទៅជ្រលក់អោយមានពណ៌ផ្សេង ៗ រួចក្រងចាក់ជាកន្ទុយកណ្ដុរ ៤ ឬ ៥ ធ្លុង រឹតអោយណែន ម្ខាងទៀតទុកអោយមានកន្ទុយរំភាយ ។ រួចហើយយកខ្សែទៅដោតនៅប្រហោងស្លឹកសាស្ត្រាខាងឆ្វេងតែមួយទេ ប្រហោងខាងស្ដាំទុកចោល ។ មុនដំបូង ត្រូវដោតស្លឹកចំណងជើង បន្ទាប់មក ស្លឹកទទេ ២ សន្លឹកទៀត ស្លឹកដែលមានអក្សរ ខាងចុងបំផុត ស្លឹកទទេ ២ សន្លឹកទៀត រួចបញ្ចូលកន្ទុយខ្សែក្នុងកន្លះ រឹតអោយស្មើគ្រប់កណ្ឌ ។ លុះចប់មួយគម្ពីរហើយ ត្រូវតម្រៀបពីកណ្ឌទី ១ ដល់ចប់ រួចយកក្របទាំងពីរ ដាក់គាបគ្នា យកខ្សែអំបោះវេញអោយតឹង ២ ខ្សែ ដែលម្ខាងមានកន្លុះស៊កកន្ទុយខ្សែក្នុងកន្លុះ ទាំងពីរឆ្វេងស្ដាំ ព័ទ្ធ ២ - ៣ ជុំ រឹតអោយណែនស្មើគ្នាចងអោយជាប់ រួចហើយយកសំបកគម្ពីរមករុំ ។

ជ- របៀបធ្វើសំបកគម្ពីរ
សំបកគម្ពីរ ជាគ្រឿងប្រដាប់ខាងក្រៅ គេធ្វើសម្រាប់រុំការពារគម្ពីរខាងក្នុងអោយល្អស្អាត ស្ថិតស្ថេរបានយូរ ។ គ្រឿងប្រដាប់នេះ គេថ្វើដោយ
- ដំបូង គេយកទ្រនុងរឹតរើសយកតែរឹង ៗ មកកាត់ប្រវែងគម្ពីរ បិតអោយស្មើស្អាត យកអំបោះមកវេញធ្វើខ្សែកម្រង ក្រងអោយញឹក អោយបានទំហំធំជាងគម្ពីរ ៣ ដង ។
- យកសាច់ក្រណាត់សស្ងាត ទៅដេរស្រោបកម្រងទ្រនុង រឹតទុកជាយទាំងពីរខាង ប្រវែងល្មមបត់មកទល់គ្នា ឬ លើសបន្តិចក៏បាន ។
- យកសាច់សំពត់ល្អមានពណ៌ផ្សេង ៗ ឬ ហូល ។ល។ ស្រេះអង្កាំខ្លះផងក៏មាន រុំពីខាងក្រៅទៀត ។
- មានខ្សែដែលដេរដោយសាច់សំពត់ល្អ - សំប៉ែតប្រហែលជា ១ សង់ទីម៉ែត្រ ប្រវែជាង ១ ម៉ែត្រ ដេរភ្ជាប់ទៅនឹងសាច់សំពត់ខាងក្រៅ សម្រាប់រុំ កុំអោយរាត់រាយ ។

រៀបរៀងដោយ
សម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម
អគ្គាធិការនៃពុទ្ធិកសិក្សា
ចៅអធិការវត្តមហាមន្ត្រី
រាជធានី ភ្នំពេញ

ការចាំវស្សារបស់ព្រះសង្ឃ

ការចូលវស្សា ឬចាំវស្សា ជាប្រពៃណីរបស់ព្រះសង្ឃពុទ្ធសាសនិកមានតាំងពីជំនាន់ពុទ្ធកាលរៀងមក ។ រឿងនេះ មានសំដែងទុកក្នុងគម្ពីរព្រះត្រៃបិដកភាគទី៧ ផ្នែកព្រះវិន័យ ។
I-មូលហេតុនៃការចូលវស្សា
សម័យនោះព្រះមានព្រះភាគទ្រង់គង់នៅវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯង ការចាំវស្សាព្រះមានព្រះភាគមិនទាន់បានអនុញ្ញាតដល់ភិក្ខុទាំងឡាយនៅឡើយទេ ។ ភិក្ខុទាំងនោះ ក៏ចេញដើរទៅកាន់ចារឹក1 ផ្សេងៗអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ។ មនុស្សទាំងឡាយក៏ពោលទោសតិះដៀលបន្តុះបង្អាប់ថា ពួកសមណជាសាក្យបុត្ត មិនសមបើនឹងដើរ (ខុសរដូវកាល) ជាន់ស្មៅស្រស់ ជាន់សត្វល្អិតៗ ឲ្យវិនាសសោះ ។ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃ ជាអ្នកពោលធម៌អាក្រក់ ម្ដេចគង់នឹងសំងំឈប់សម្រាកចាំវស្សាឬសូម្បីពួកសត្វស្លាបទៀតសោត ក៏គង់តែធ្វើសំបុកលើចុងឈើ ហើយសំងំឈប់សម្រាកចាំវស្សាដែរ ។ ពេលមនុស្សទាំងឡាយកំពុងលើកទោសបែបនេះ ពួកភិក្ខុទាំងនោះក៏បានឮច្បាស់នឹងត្រចៀកផ្ទាល់ហើយក៏នាំសេចក្ដីនោះ ទៅក្រាបទូលព្រះសម្ពុទ្ធ ។ ព្រះសាស្ត្រាទ្រង់ធ្វើធម្មិកថា ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា "អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុំ= ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សា ។
II-វស្សាមានពីរ គឺ
បុរិមិកាវស្សា (វស្សាខាងដើម) ១ មច្ឆមិកាវស្សា (វស្សាខាងខុង១) ។ ការចូលបុរីមិការវស្សា នៅថ្ងៃ១រោច ខែអាសាឍ ហើយចេញនៅថ្ងៃពេញបូរមី ខែអស្សុជ (បើឆ្នាំណាមានអធិកមាស ត្រូវចូលនៅថ្ងៃ១ រោច ខែទុតិយាសាឍ ព្រោះមានពុទ្ធានុញ្ញាតថា "អនុជានាមិ ភិក្ខវេ រាជូនំ អនុវត្តិតុំ= ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចូលវស្សានៅតាមការអនុវត្តលើកខែរបស់ព្រះរាជាចុះ" ។ ការចូលបច្ឆិមិកាវស្សា នៅថ្ងៃ១រោច ខែ ស្រាពណ៍ ហើយចេញនៅថ្ងៃពេញបូរមីខែកត្តិក ។
ប្រសិនបើភិក្ខុណាមានធុរៈ មិនបានប្ដេជ្ញាអធិដ្ឋានបាលីចូលបុរិមិកាវស្សាទេ ភិក្ខុនោះអាចប្តេជ្ញាអធិដ្ឋានបាលីចូលមច្ឆិមិកាវស្សាក៏បានដែរ ប៉ុន្តែភិក្ខុពុំអាចគេចវេះមិនចូលវស្សាណាមួយជាដាច់ខាត ដូចមានពុទ្ធប្បញ្ញត្តិថា "ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ ន ឧបគច្ចេយ្យ អាបត្តិ ទុក្កដស្ស= ម្នាលភិក្ខុទាំងឡាយភិក្ខកុំមិនចូលវស្សាឡើយ គឺត្រូវតែចូលវស្សា ភិក្ខុណាមិនចូលវស្សា ភិក្ខុនោះត្រូវអាបត្តិទុក្កដ" ។
III- សត្តាហករណីយ
ភិក្ខុ កាលបើបានប្ដេជ្ញាអធិដ្ឋានចូលវស្សាក្នុងអាវាសណាមួយហើយ ត្រូវស្ថិតនៅក្នុងបរិវេណអាវាសនោះគ្រប់បីខែ គឺមិនត្រូវចេញក្រៅអាវាសនោះឲ្យកន្លងរាត្រីណាមួយឡើយ ដូចមានពុទ្ធប្បញ្ញត្តិថា "ន ភិក្ខវេ វស្ស ឧបគន្តា បុរិមំ វា តេមាសំ បច្ឆិមំ វា តេមាសំ អវលិត្វា ចារិកា បក្កមិតព្វា យោ បក្កមេយ្យ អាបត្តិ ទុក្ខដស្ស= ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលវស្សាហើយ មិននៅចាំបុរិមិកាវស្សាអស់ខែបី ឬបច្ឆិមិកាវស្សាអស់ខែបីទេ មិនត្រូវចៀសចេញទៅកាន់ចារឹកឡើយ, ភិក្ខុណាចៀសចេញទៅត្រូវអាបត្តិទុក្កដ" ។ ប៉ុន្តែ បើភិក្ខុមានធុរៈចាំបាច់ អាចលើកសត្តាហៈ (សុំច្បាប់ព្រះ) ជាមុនហើយទើបចេញបាន តែត្រូវត្រឡប់មកអាវាសវិញឲ្យទាន់ចន្លោះថ្ងៃ៧ យ៉ាងយូរបំផុត ។
ឯធុរៈចាំបាច់ដែលភិក្ខុលើកយកមកធ្វើជាមូលហេតុដើម្បីលើកសត្តាហៈនោះគឺ
-ភិក្ខុ ភិក្ខុនី សិក្ខមានា2 សាមណេរ សាមណេរី ឧបាសក ឧបសិកា ចង់ធ្វើទាន ចង់ ស្ដាប់ធម៌ចង់ឃើញ ហើយគេបញ្ជូនបម្រើមក ភិក្ខុអាចលើកសត្តាហៈបាន ។
-ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី មាតាបិតា បងប្អូនប្រុសមានជំងឺ ឬក៏ មានសង្ឃកិច្ចត្រូវបំពេញ ភិក្ខុអាចលើកសត្តាហៈបាន ។
-បងប្អូនស្រី ញាតិ អ្នកធ្វើការឈ្នួល (វេយ្យាវច្ចៈ) មានជំងឺ ហើយគេបញ្ជូនបម្រើ យក ភិក្ខុអាចលើកសត្តាហៈទៅបាន ។
ឯវិធីលើកសត្តាហៈនោះគឺ ភិក្ខុត្រូវគ្រងចីពរឆៀងស្មាម្ខាងចូលទៅថ្វាយបង្គំព្រះ (ព្រះពុទ្ធរូប) អធិដ្ឋានបាលីលើកសត្តាហៈថា "សចេ មេ អន្តរាយោ នត្តិ សត្តាហព្ភន្តរេ បុន និវត្តិស្សាមិ= ប្រសិនគ្មានអន្តរាយកើតមានដល់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គនឹងវិលត្រឡប់មកអាវាសនេះវិញក្នុងចន្លោះនៃ៧ថ្ងៃ" សូត្របីដង) ។ បើភិក្ខុបានលើកសត្តាហៈបែបនេះហើយចេញទៅ ស្រាប់តែមានឧបសគ្គតាមផ្លូវធ្វើឲ្យភិក្ខុមិនអាចត្រឡប់មកអាវាសវិញក្នុងចន្លោះនៃ៧ថ្ងៃ ទេភិក្ខុនោះឈ្មោះថាដាច់វស្សា តែមិនត្រូវអាបត្តិ (ទោស ) ឡើយ ។
នៅមានអន្តរាយមួយចំនួនទៀត ដែលធ្វើឲ្យភិក្ខុត្រូវចេញចាកអាវាស (រត់ចោលវស្សា) តែមិនត្រូវអាបត្តិទេ គឺគ្រាន់តែដាច់វស្សាប៉ុណ្ណោះ ។ អន្តរាយទាំងនោះដូចជា សត្វសាហាវបៀតបៀន, សត្វមានពិសបៀតបៀន, ភ្លើងឆេះស្រុក និងទេសនាសនៈ, ទឹកជន់លិចស្រុក ចោរមកតាំងនៅក្នុងស្រុក, ពួកទាយកជាច្រើនឥតមានសទ្ធាជ្រះថ្លា, ខ្វះចង្ហាន់បិណ្ឌបាត, គ្មានឧបដ្ឋាកដ៏សមគួរ, ស្រីប្រលោមភិក្ខុ ស្រីផ្កាមាសប្រលោមភិក្ខុ, នាងថុល្លកុមារី 3 ប្រលោមភិក្ខុ, មនុស្សខ្ទើយប្រលោមភិក្ខុ ញាតិប្រលោមភិក្ខុ, ស្ដេចប្រលោមភិក្ខុ, ពួកចោរប្រលោមភិក្ខុ, អ្នកលេងប្រលោមភិក្ខុ, ភិក្ខុឃើញកំណប់ទ្រព្យ ភិក្ខុសង្ឃបែកគ្នា ។
IV- ក្នុងចំណោមពុទ្ធកាល ស្រុកភូមិណាដែលស្ថិតនៅឆ្ងាយដាច់ស្រយាល គ្មានវត្តអារាមនៅជិត គេតែងនាំគ្នារៀបចំធ្វើជាសាលានៅកន្លែងណាមួយក្បែរនោះ ហើយនិមន្តភិក្ខុសង្ឃតិច ឬច្រើនអង្គតាមសទ្ធាឲ្យគេងចាំវង្សា ដើម្បីងាយស្រួលក្នុងការធ្វើបុណ្យសុត្ធន៍ទានផ្សេងៗ ។ ភិក្ខុមុននឹងសម្រេចចិត្តទទួលនិមន្តចូលវស្សានៅកន្លែងណាមួយ ត្រូវពិនិត្យមើលកន្លែងនោះ ឲ្យបានម៉ត់ចត់ជាមុនសិន សឹមទទួលនិមន្ត ។ បើពិនិត្យឃើញថា កន្លែងដែលគេនិមន្តឲ្យនៅចាំវស្សានោះសមរម្យ គ្មានចង្អៀតទេ ភិក្ខុគប្បីទទួលនិមន្តចុះ ។ ទីកន្លែងដែលព្រះសម្ពុទ្ធទ្រង់ហាមមិនឲ្យចូលវស្សានោះគឺ ក្នុងរូងឈើ, លើប្រគាបឈើ, ក្នុងទីវាលគ្មានសេនាសនៈ, ក្នុងខ្ទមអ្នកតា, ក្រោមឆត្រ, ក្នុងអាងទឹក (និងទីកន្លែងមានរង្កៀស ) ។
V- ទិដ្ឋភាពនៃការចូលវស្សា
ក្នុងការចូលវស្សារបស់ភិក្ខុសង្ឃដែលព្រះសម្ពុទ្ធទ្រង់អនុញ្ញាត និងបញ្ញត្តទុកតមកនោះ ពុំមានពិធីអ្វីអបរួមផ្សំច្រើនទេ គឺបើកាលណាតិថីចូលវស្សាមកដល់ហើយ ភិក្ខុគ្រាន់តែអធិដ្ឋានបាលីចូលវស្សាប៉ុណ្ណោះជាការស្រេច ប៉ុន្តែក្នុងការចូលវស្សារបស់ភិក្ខុសង្ឃកម្ពុជា គេសង្កេតឃើញមានសកម្មភាព និងពិធីអមគួបផ្សំមួយចំនួន កើតមាននៅពេលជាមួយគ្នានោះដែរ,
ភិក្ខុសាមណេរ ដែលស្នាក់នៅរៀនសូត្រឆ្ងាយពីស្រុកកំណើតត្រូវបានឈប់សម្រាកចំនួនពីរសប្ដាហ៍មុនថ្ងៃចូលវស្សា ដើម្បីទៅសួរសុខទុក្ខញាតិញោម និងបិណ្ឌបាតចតុប្បច្ច័យត្រៀមទុកប្រើប្រាស់ក្នុងឱកាសចូលវស្សាអស់ខែបី ។
-មុនថ្ងៃចូលវស្សាមកដល់ អាចារ្យ គណៈកម្មការវត្ត តែងដើរប្រកូកប្រកាសដំណឹងអំពីថ្ងៃចូលវស្សា និងសុំឲ្យឧបាសក ឧបាសិកា ទាយក ទាយិកាចំណុះជើងវត្តជួយបរិច្ចាគចតុប្បច្ច័យតាមកម្លាំងសទ្ធា ដើម្បីឧបត្ថម្ភព្រះសង្ឃដែលនិងគង់ចាំវស្សាក្នុងវត្តរបស់ខ្លួននាឆ្នាំនេះ ។
-ជិតដល់ថ្ងៃចូលវស្សា ឧបាសក ឧបាសិកា តែងមកកាន់វត្តច្រើនកុះករប្លែកពីធម្មតា ដើម្បីសមាទានសីល ប្រគេនចង្ហាន់ព្រះសង្ឃ បោសច្រាសវត្តអារាមសិតទៀនវស្សា ចាត់ចែងសាដកប្រគេនព្រះសង្ឃ ។ តាមឯកសារនានា បានបញ្ជាក់ថា ព្រះអតីតមហាក្សត្រខ្មែរ ទ្រង់មានព្រះរាជសទ្ធាជ្រះថ្លាបំពេញព្រះរាជកុសលក្នុងឱកាសព្រះសង្ឃចូលវស្សានេះដែរ ចូលជាទ្រង់ឲ្យធ្វើពិធីខ្វាន់នាគ ពិធីសិតទៀនវស្សា និងពិធីនិមន្តទេវរូបចូលវស្សាជាដើម ។
-នៅល្ងាចថ្ងៃ១៥កើត ខែអាសាឍ គេឃើញឧបាសក ឧបាសិកា មកជួបជុំគ្នាក្នុងវត្ត ហែទៀនវស្សា ហែសាដក និងគ្រឿងសម្ភារៈប្រទក្សិណព្រះវិហារនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បវារណាព្រះសង្ឃចូលព្រះវស្សា វេរទៀនវស្សាសាដក ប្រគេនព្រះសង្ឃ ។ លុះព្រឹកឡើង មានការប្រគេនភត្តាហារចំពោះព្រះសង្ឃទៀត ។
-នៅល្ងាចថ្ងៃ១រោច ខែអាសាឍ គេឃើញព្រះសង្ឃនិមន្តជួបជុំនៅក្នុងព្រះវិហារ ។ ព្រះសង្ឃជាមហាថេរ បានប្រកាសអំពីការចូលវស្សា និងធ្វើការក្រើនរំលឹកអំពីក្រឹត្យវិន័យដែលទាក់ទងដល់ការចូលវស្សាថា "ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ ។ ទុតិយម្បិ ឥមស្មឹ... វស្សំ ឧបេមិ, តតិយម្បិ ឥមស្មឹ...ស វស្សំ ឧបេមិ=ខ្ញុំសូមនៅចាំវស្សាអស់ខែបីក្នុងអាវាសនេះអស់វារៈពីរដងផង អស់វារៈបីដងផង" ជាកិច្ចបញ្ចប់នៃពិធីចូលវស្សា ។
១-អំពីទៀនវស្សា ទៀនវស្សានេះ ឧបាសក ឧបាសិកា ធ្វើដើម្បីព្រះសង្ឃអុជថ្វាយព្រះរតនត្រ័យអស់ខែបី ទៀនវស្សានេះមានទទឹងមាត់មួយតឹក និងកម្ពស់ពីរហត្ថ ធ្វើដោយក្រមួនឃ្មុំ ឬក្រមួនចំបក់, នៅគល់ទៀនខាងក្រោមមានជើងទ្រ ធ្វើដោយឈើ មានក្បាច់ត្របកឈូក, តែនៅមាត់ខាងលើ គេច្រើនធ្វើឡតដែកចាក់ប្រេងដូង ឬប្រេងសណ្ដែកដាក់ប្រឆេះអុជ គឺមិនអុជទៀនផ្ទាល់ទេ ព្រោះក្រែងទៀននោះឆេះឆាបអស់មុនពេលចេញវស្សា ។ អ្នកខ្លះយកផ្កាមាសធ្វើដោយស្ពាន់គ្រប4 ទៅបិទជាលម្អលើតួទៀន ក៏មាន ។ របៀបធ្វើទៀនវស្សានេះ មានរចនាច្រើនបែបណាស់តាមការនិយមរបស់អ្នកស្រុក ។ បច្ចុប្បន្ន គេនិយមប្រើចង្កៀងប្រេងកាត សម្រាប់អុជថ្វាយព្រះរតនត្រ័យ គឺមិនសិតទៀនដោយក្រមួនឃ្មុំ ឬក្រមួនចំបក់ដូចជំនាន់មុនទេ ប៉ុន្តែត្រូវអុជឲ្យឆេះរហូតគ្រប់ខែបី មិនឲ្យរលត់ក្នុងខណៈណាមួយឡើយ ។ ទំនៀមធ្វើទៀនវស្សាបូជាព្រះក្នុងរយៈពេលចូលវស្សានេះ ពុំមាននិយាយក្នុងគម្ពីរព្រះពុទ្ធសាសនា (ព្រះត្រៃបិដក) ទេ ប៉ុន្តែមាននិយាយនៅក្នុងសាស្ត្រាអានិសង្សទៀនវស្សា ដែលខ្មែរយើងនិយមសំដែងនៅពេលចូលវស្សានេះឯង ។ គម្ពីរនេះ ពុំមានដាក់ឈ្មោះអ្នកតែង ហើយមិនដឹងជាតែងឡើងក្នុងរាជ្យណាដែរ ។ ឯសេចក្ដីក្នុងសាស្ត្រានេះ ដំណាលថា កាលព្រះសម្ពុទ្ធទ្រង់គង់ធរមាននៅឡើយ មានបុរសកម្សត់ម្នាក់រកស៊ីកាប់អុសលក់ជាមុខរបរប្រចាំថ្ងៃ។ គាត់តែងសង្កេតឃើញខ្លាឃ្មុំមួយធំ លោតចេញពីរូងថ្មីមួយរៀងរាល់ថ្ងៃ ។ ពេលដែលខ្លាឃ្មុំនោះលោតចេញផុតទៅ គាត់ក៏ដើរទៅមើលឃើញសុទ្ធតែអាចម៍ខ្លាឃ្មុំ ហើយក៏វេចយកមកបង្ហាញអ្នកជិតខាងឲ្យជួយមើល ។ អ្នកជិតខាងប្រាប់ថា "អាចម៍ខ្លាឃ្មុំនេះគេតែងយកមកស្ងោរធ្វើក្រមួន ធ្វើទៀនអុជ, ចូរអ្នកទៅយកឲ្យច្រើនមក" ។
បុរសកម្សត់នោះ នឹកគិតថា "ចុះបើអាចម៍ខ្លាឃ្មុំនេះ គេអាចយកមក ធ្វើជាទៀនអុជបាន តើគេអាចយកទៀននោះទៅអុជជាគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធ អង្គបានឬទេ? ឬមួយជាការមិនសមគួរគប្បី ព្រោះទៀននេះធ្វើអំពីសំណល់មិនស្អាត (អាចម៍) បែបនេះ ? ពេលដែលបុរសនោះកំពុងតែនឹកសង្ស័យមិនដាច់ស្រេចក្នុងចិត្តបែបនេះ ស្រាប់តែឃើញព្រះមហារោហន្ទត្ថេរនិមន្តមកដល់ ក៏ទូលសូរលោកតាមដំណើរ ។ ព្រះមហារោហន្ទត្ថេរមានពុទ្ធដីកាថា "ជាការប្រសើរណាស់ " ។ លុះបុរសនោះធ្វើបានជាទៀនច្រើនហយ ក៏នាំយកទៅថ្វាយព្រះមានបុណ្យ ។ ព្រះមហារោហន្ទត្ថេរដែលជាអ្នកដឹកនាំទៅនោះ បានទូលព្រះអង្គថា "បពិត្រព្រះអង្គដ៏ចម្រើន បុរសនោះបានទៅយកអាចម៍ខ្លាឃ្មុំមកស្ងោរយកក្រមួនលញ់ជាទៀនយកមកអុជបូជាព្រះអង្គ ហើយសង្ស័យថា ក្រែងពុំបានផលានិសង្សអ្វីទេដឹង ទើបខ្ញុំព្រះអង្គនាំគាត់ចូលមកនេះ" ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា "ម្នាលអាវុសោអើយ! បុរសនេះនឹងត្រូវបានទទួលផលានិសង្សច្រើនប្រការប្រាថ្នាអ្វីសឹងបានដូចបំណង ទាំងអស់" ។ បុរសនោះស្ដាប់ហើយ ត្រេកអរក្រៃលែង ។
នៅពេលដែលបុរសយកទៀនទៅថ្វាយព្រះពុទ្ធអង្គនោះ អានិសង្សបុណ្យកុសលនេះ បានបណ្ដាលឲ្យក្រៅក្រហាយដល់ព្រះឥន្ទ្រាធិរាជទ្រង់បើកទិព្វចក្ខុមើលមក ឃើញបុរសកម្សត់កំពុងប្រាថ្នាកុំឲ្យក្រលំបាក និងកុំឲ្យកំព្រីកំព្រាដូចជាតិនេះទៀត ក៏ប្រើព្រះ វិស្សកម្មទេវបុត្រឲ្យទៅជប់ជាប្រាសាទមាសប្រាសាទប្រាក់ ឃ្លាំងមាស ឃ្លាំងប្រាក់ ព្រមទាំងសួនប្រកបដោយដើមឈើពេញទៅដោយផ្កាផ្លែគ្រប់ពណ៌យ៉ាងល្អ មានទាំងអ្នកគាល់បម្រើច្រើនត្រៀបត្រា ពុំមានខ្វះកន្លះអ្វីឡើយ ។
លុះបុរសត្រឡប់ពីវត្តជេតពន រកខ្ទមស្លឹកមិនឃើញ ហើយបែរជាឃើញឯប្រាសាទភ្លឺរន្ទាលឆ្អិនឆ្អៅទៅវិញ ក៏ភ័យណាស់រត់ទៅទូលព្រះមហារោហន្ទត្ថេរ ។ ព្រះថេរៈមានពុទ្ធដីកាថា "ចូរអ្នកឡើងទៅនៅចុះ ព្រោះជាលទ្ធផលនៃបុញ្ញកម្មរបស់អ្នកហើយ" ។
ដោយសារមានរឿងនិទានដូច្នេះហើយបានជាខ្មែរយើងនិយមសិតតៀនវស្សាបូជាព្រះ នៅពេលព្រះសង្ឃចូលវស្សា ។ ក្នុងគម្ពីរពុទ្ធសាសនា គ្មាននិយាយទាក់ទងដល់ទៀនវស្សាទេ ប៉ុន្តែ មាននិយាយពី ប្រទីប ។ ប្រទីប ចាត់ទុកជាសក្ការបូជា មួយដែរ សម្រាប់បូជាព្រះរតនត្រ័យ ។ តាមការសន្និដ្ឋានរបស់អ្នកប្រាជ្ញខ្លះថា ការធ្វើទៀនវស្សាបូជាព្រះរតនត្រ័យនេះ បំណងជាមានទំនៀមជាប់មកពីព្រហ្មញ្ញសាសនា ព្រោះពួកព្រាហ្មណ៍ពេលប្រារព្ធធ្វើពិធីផ្សេងៗ តែងយកការអុជភ្លើងជាធំ ។ ពេលប្រារព្ធពិធី គេប្រុងប្រយ័ត្នណាស់មិនឲ្យរលត់ទេ ព្រោះយល់ថា បើទៀនឬភ្លើងរលត់ក្នុងពេលមិនទាន់ចប់ពិធីវាជាប្រផ្នូលអាក្រក់មួយ ។ ឯការអុជទៀនវស្សានេះក៏មានការប្រុងប្រយ័ត្នដែរ បើទៀនរលត់ក្នុងវស្សា គេយល់ថាជាការដាច់វស្សាហើយ ។
អ្នកប្រាជ្ញខ្លះសន្និដ្ឋានថា ការប្រុងប្រយ័ត្នមិនឲ្យរលត់ទៀនវស្សានេះ ជាប្រស្នាមួយពញ្ញាក់ស្មារតីភិក្ខុសង្ឃឲ្យខិតខំអនុវត្តតាមពុទ្ធប្បញ្ញត្តិ កុំឲ្យមានការថ្លស់ធ្លោយដាច់វស្សា ព្រោះវស្សាងាយដាច់ណាស់ ប្រៀបដូចជាភ្លើងទៀនដែរ បើយើងមិនប្រយ័ត្នប្រាកដជាដាច់ពុំខាន ។ អ្នកខ្លះទៀត សន្និដ្ឋានថា ទៀនវស្សានេះជានិមិត្តរូបនៃព្រះប្រាជ្ញាញាណព្រះមហាករុណាទិគុណរបស់ព្រះពុទ្ធអង្គ ដែលតែងតែភ្លឺស្វាងនិងមានជានិច្ចចំពោះសព្វសត្វ ឥតមានពេលណាអាក់ខាន ឬរលត់ឡើយ ។
២-អំពីសាដក៖ រឿងដែលឧបាសក ឧបាសិកា និយមធ្វើសាដកប្រគេនសង្ឃសម្រាប់ស្រង់ទឹកនោះ មានសម្ដែងទុកនៅក្នុងគម្ពីរព្រះត្រៃបិដក ភាគទី៨ (វិន័យបិដក) ផងនិងមាននិយាយក្នុងសាស្ត្រាអានិសង្សសាដកផង ។
ក/គម្ពីរព្រះត្រៃបិដក បានឮថា ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី ។ វេលានោះ នាងវិសាខាក្រាបបង្គំទូលព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់មេត្តាទទួលភត្តរបស់ខ្ញុំព្រះ អង្គក្នុងថ្ងៃស្អែកជាមួយនិងភិក្ខុសង្ឃ ។ ព្រះមានព្រះភាគទ្រង់ទទួលនិមន្តដោយតុណ្ហីភាព ។ នាងវិសាខា ក៏ក្រាបថ្វាយបង្គំលាព្រះសាស្ដាចេញទៅ ។ លុះរាត្រីកន្លងទៅ មានភ្លើងធំធ្លាក់ចុះសព្វទ្វីបទាំងបួន ។ គ្រានោះពួកភិក្ខុនាំគ្នាស្រាតងូតទឹក ។
ជួនពេលនោះ នាងវិសាខា បានប្រើទាសីឲ្យទៅនិមន្តព្រះពុទ្ធ និងភិក្ខុសង្ឃដើម្បីទទួលភត្ត ។ នាងទាសីក៏ ធ្វើដំណើរទៅដល់វត្តជេតពន រកមើលមិនឃើញពួកភិក្ខុសោះ ឃើញតែមនុស្សកំពុងងូតទឹកស្រាត ក៏គិតថា ក្នុងអារាមនេះគ្មានពួកភិក្ខុទេ មានតែពួកអាជីវកកំពុងងូតទឹកជម្រះកាយ រួចក៏ត្រឡប់មកកាន់សំណាក់នាងវិសាខាវិញ ហើយជម្រាបថា "បពិត្រអ្នកម្ចាស់! ក្នុងអារាមគ្មានពួកភិក្ខុទេ មានសុទ្ធតែពួកអាជីវករ កំពុងងូតទឹកជម្រះកាយ" ។ នាងវិសាខាជាស្ត្រីឈ្លាសវៃក៏យល់ភ្លាមថា "ច្បាស់ជាលោកម្ចាស់ទាំងឡាយដាក់ចីវរចេញ ហើយនាំគ្នាងូតទឹកភ្លៀងជម្រះកាយ តែទាសីនេះសម្គាល់ថា ពួកអាជីវកទៅវិញ " ។ នាងវិសាខាក៏ប្រើនាងទាសីនោះជាលើកទីពីរទៀត ។ នាងទាសី ក៏ទៅដល់វត្តហើយ រកមើលភិក្ខុទាំងឡាយមិនឃើញសោះ មានតែអារាមទទេ " ។ នាងវិសាខា រិះគិតថា "ច្បាស់ជាលោកម្ចាស់ទាំងឡាយងូតទឹក ហើយចូលទៅលំនៅវិញដូចដែល បានជានាងទាសីនេះមិនឃើញ " ។ នាងវិសាខាក៏ប្រើទៅជាលើកទីបី នាងទាសីនេះ ក៏ទទួលបង្គាប់ ហើយធ្វើដំណើរទៅវត្តជេតពនទៀត ។ គាប់ជួនដល់វេលាភត្តកាលហើយ ព្រះសាស្ដាក៏ទ្រង់ត្រាស់ឲ្យពួកភិក្ខុរៀបចំចេញដំណើរទៅផ្ទះនាងវិសាខាដើម្បីទទួលភត្តតាមការនិមន្ត ។
លុះព្រះមានព្រះភាគ និងភិក្ខុសង្ឃគ្រាន់តែឆាន់រួចភ្លាម នាងវិសាខាក៏ក្រាបទូលថា "បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមពរប្រាំបីប្រការអំពីព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា "ម្នាលនាងវិសាខា ធម្មតាព្រះតថាគតទាំងឡាយគ្មានពរទេ" ។ នាងវិសាខាក្រាបទូលថា "បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមតែពរណាដែលគួរ និងពរណាដែលឥតទោស" ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា "ម្នាលនាងវិសាខា ចូរនាងនិយាយមកចុះ, ។ នាងវិសាខា ក៏ក្របទូលថា "បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះ អង្គចង់ប្រគេន
១-វស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង)
២-អាគន្ទុកភត្ត (ភត្តសម្រាប់ភិក្ខុមកដល់ថ្មី)
៣-គមិកភត្ត (ភត្តសម្រាប់ភិក្ខុមានដំណើរចេញទៅឆ្ងាយ )
៤-គិលានភត្ត (ភត្តសម្រាប់ភិក្ខុមានជំងឺ
៥-គិលានុបដ្ឋាកភត្ត (ភត្តសម្រាប់ភិក្ខុអ្នកបំរើជំងឺ)
៦-គិលានភេសជ្ជៈ (ថ្នាំសម្រាប់ភិក្ខុមានជំងឺ)
៧-ធុវយាគូ (បបរសំរាប់ភិក្ខុឆាន់ជានិច្ច)
៨-ឧទកសាដិកា (សំពត់ងូត) សម្រាប់ភិក្ខុនី
ព្រះសាស្ដាទ្រង់ត្រាស់ថា "ម្នាលនាងវិសាខា ល្អហើយ! ល្អហើយ! នាងបានសូមពរប្រាំបីប្រការអំពីតថាគត ជាការប្រពៃពិត, ម្នាលនាងវិសាខា បើដូច្នេះតថាគតអនុញ្ញាតពរប្រាំបីដល់នាង" ។ ព្រោះមានដំណើរដើមដានបែបនេះហើយ ទើបពុទ្ធសាសនិកខ្មែរនិយមធ្វើសាដកសម្រាប់ប្រគេនភិក្ខុសង្ឃសម្រាប់ស្រង់ទឹកជៀសវាងស្រង់ទឹកអាក្រាតកាយ, រហូតមកដល់បច្ចុប្បន្ននេះ ។
ខ/សាស្ត្រាអានិសង្សសាដក៖ សេចក្ដីដំណាលថា មានទាសាទាសី ប្ដីប្រពន្ធពីរនាក់ ។ គាត់មានកូនក្រមុំម្នាក់ឈ្មោះ "នាងអមយ្យទាសី ។ ក្រោយមកឪពុកនាងក៏ទទួលមរណភាពទៅ ។ នាងក៏រស់នៅជាមួយម្ដាយ ហើយធ្វើជាទាសីគេទាំងពីរនាក់ម្ដាយកូនតទៅទៀត ។ ថ្ងៃមួយ នៅពេលចូលវស្សា នាងអមយ្យទាសីបានឃើញអ្នកស្រុកនាំគ្នាយកសាដកទៅប្រគេនព្រះភិក្ខុសង្ឃ ក៏កើតមានសេចក្ដីជ្រះថ្លាក្រៃលែង ប៉ុន្តែនាងគ្នាលទ្ធភាពរកលុយកាក់ ដើម្បីយកទៅទិញសាដកដូចអ្នកស្រុកឯទៀត ព្រោះនាងទ័លក្រពេកណាស់ ។ នាងគិតមិនលេចសោះ ក្នុងការស្វែងរកលុយកាក់សម្រាប់ធ្វើសាដក, នាង និងម្ដាយ ក៏សម្រេចចិត្តចុងក្រោយទៅសំពះ ម្ចាស់ (ថៅកែ) សុំបន្ថែមថ្លៃឈ្នួលខ្លួន តែម្ចាស់ប្រាក់ក៏ពុំព្រមថែមឲ្យ ព្រោះនាងជំពាក់គេក្រែលណាស់ទៅហើយ ។ នាងអស់តម្រិះ ក៏ថយមកគិតទៀតថា "ឱអញអើយ! កើតមកជាអ្នកទ័លក្រ លំបាកវេទនា ឃើញការកុសលនៅនិងមុខហើយឈោងចាប់យកដូចគេពុំបាន តើកាលណាឡើយនិងបានធ្វើបុណ្យនិងគេ, បើអញស្លាប់អំពីជាតិនេះទៅ ទៅចាប់កំណើតថ្មីមុខជានៅតែបម្រើគេពុំឃ្លាតឡើយ, ណ្ហើយចុះ ដើម្បីកុំឲ្យសល់ខានធ្វើបុណ្យដែលអញមានសេចក្ដីជ្រះថ្លាទាំងម្ល៉េះ អញសុខចិត្តខ្លាស់ (ខ្ទាស់) ស្លឹកឈើស្លៀក" ។ លុះនាងគិតហើយ ក៏ផ្លាស់សំពត់អំពីខ្លួនយកទៅបោកគក់ឲ្យជ្រះក្អែល ជ្រះក្លិនឆ្អេះឆ្អាប យកទៅជ្រលក់ទឹកអម្ចត់រួចយកទៅប្រគេនព្រះសង្ឃតាមចិត្តជ្រះថ្លា ហើយតាំងចិត្តអធិដ្ឋានថា "សេចក្ដីជ្រះថ្លាដែលញ៉ាំងចិត្តឲ្យនាំមកបូជានូវសំពត់សាដកក្នុងគ្រានេះ, លុះអនាគតជាតិទៅ សូមកុំឲ្យខ្ញុំស្គាល់ការខ្វះខាត ដូចជាតិនេះទៀតឡើយ " ។ ក្រោយមក ដោយអំណាចផលានិសង្សដែលនាងបានកសាងសំពត់សាដកនេះ នាងក៏បានទៅជាឯកអគ្គមហេសី នៃព្រះរាជាមួយព្រះអង្គ ។ ដោយសារមាននិទាននេះហើយ ទើបខ្មែរយើងនិយមធ្វើសំពត់សាដកប្រគេនព្រះសង្ឃ ជាទំនៀមមកដល់សព្វថ្ងៃ ។
គ/តំណមក្នុងឱកាសវស្សា៖
ក្នុងរយៈពេលបីខែនេះ ប្រជារាស្ត្រខ្មែរជាពុទ្ធសាសនិក មានទំនៀមតំណមផ្សេងៗ ដូចជាតំណមរៀមមង្គលការកូនចៅ តំណមសង់ផ្ទះសម្បែង ដោយចាត់ទុកថា "ជាថ្ងៃឃ្លុប" ។ ចំពោះតំណមនេះ អ្នកប្រាជ្ញខ្លះសន្និដ្ឋានថា "តំណមហាមមិនឲ្យរៀបអាពាហ៍ពិពាហ៍កូនចៅនោះ ព្រោះបុរាណាចារ្យយើងយល់ថា ខែវស្សាជាខែដែលភ្លៀងធ្លាក់ប៉ប៉ិចប៉ប៉ាច់ និងជាខែដែលយើងមមាញឹកបង្កបង្កើនផល " ។ ឯតំណមហាមមិនឲ្យសង់ផ្ទះសម្បែងនោះ ព្រោះលោកយល់ថា ខែវស្សាធ្វើឲ្យដីជ្រាយ និងធ្វើឲ្យឈើសើម ឬរីក ជាហេតុមិនអាចធ្វើផ្ទះសម្បែងបានល្អទេ ។
សេចក្ដីសន្និដ្ឋាន,
ថីរវេលានៃការចាំវស្សាបីខែនេះ ជារយៈពេលមួយមានតម្លៃពិសេសព្រោះវាជាសញ្ញា ដាស់ស្មារតីបព្វជិតពុទ្ធសាសនិក ឲ្យបង្កើនសេចក្ដីព្យាយាមបំពេញគន្ថៈធុរៈក្ដី វិបស្សនាធុរៈក្ដី ឲ្យបានខ្លាំងក្លាជាងពេលណាៗទាំងអស់ ។ រីឯឧបាសក ឧបាសិកា ក៏បានមើលឃើញច្បាស់អំពីខ្លឹមសារនៃការចាំវស្សារបស់ភិក្ខុសង្ឃដែរ ។ ដូច្នេះហើយបានជាគេខិតខំឧបត្ថម្ភចតុប្បច្ច័យផ្សេងៗ ចំពោះលោកយ៉ាងខ្លាំងប្លែកពីធម្មតា ដូចជាទៀនវស្សា (ប្រេង) សាដក, ដាក់បិណ្ឌ, ភ្ជុំបិណ្ឌ... ដើម្បីសំដែងនូវសមានចិត្ត, ចូលរួមអបអរសាទរ រំលែកនូវការលំបាកខ្វះខាត និងដើម្បីជាផលានិសង្សសម្រាប់ខ្លួនផង ។

រៀបរៀងដោយ ម៉ែន ប្រាង្គ និង អាំ ឆន
ពិនិត្យសម្រួលដោយ ឱម ខែម

អត្ថបទពេញនិយម

សមាជិក