Social Icons

30 March 2011

ពុទ្ធរតនប្រណាម

យោ សន្និសិន្នោ វរពោធិមូលេ មារំ សសេនំមហតឹ វិជេយ្យោ សម្ពោធិមាគច្ឆិ អនន្តញាណោ លោកុត្តមោ តំ បនមាមិ ពុទ្ធំ


ប្រែថា ព្រះសម្មាសម្ពុទ្ធអង្គឯណាទ្រង់គង់ចំរើននូវព្រះអាណាបានស្សតិ កម្មដ្ឋានលើរតនបល័ង្គក្រោមម្លប់ពោធិព្រឹក្សដ៏ប្រសើរ បានផ្ចាញ់នូវមារាធិរាជព្រមទាំងសេនា ដ៏ច្រើនហើយទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញាណ មានប្រាជ្ញារកទីបំផុតគ្មាន ព្រះអង្គប្រសើរជាងសត្វលោក ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធអង្គ នោះដោយគោរព។

ថ្វាយបង្គំម្តង

យេ ច ពុទ្ធា អតីតា ច យេ ច ពុទ្ធា អនាគតាបច្ចុប្បន្នា ច យេ ពុទ្ធា អហំ វន្ទាមិ សព្វទា។


ប្រែថា ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធនិពា្វនកន្លងទៅហើយក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធក្នុង កាលខាងមុខនេះក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធក្នុងភទ្រក័ល្បនេះក្តី ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយនោះគ្រប់កាលទាំងពួង។

ក្រាបថ្វាយបង្គំម្តង រួចហើយតាំងចិត្តរលឹកដល់ពុទ្ធគុណ១០ព្រះនាម ដោយបង្អោនកាយវាចាថា

ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ​ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថាទេវមនុស្សានំ ពុទ្ធោ ភគវាតិ។

ប្រែថា ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគអង្គនោះទ្រង់ព្រះនាមថាអរហំព្រោះ ព្រះអង្គឆ្ងាយចាកសឹកសត្រូវពោលគឺ កិលេសព្រមទាំងវាសនាគឺកាយបយោគ និង វិចីយបយោគ សម្មាសម្ពុទ្ធោ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹង នូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណាប្រដៅ ព្រះអង្គឡើយ វិជ្ជាចរណសម្បន្នោ ទង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយវិជ្ជា៣ និងវិជ្ជា៨ និងចរណ១៥ សុគតោ ទ្រង់ព្រះនាម ថាសុគតោ ព្រោះព្រះអង្គ មានដំណើរល្អយាងទៅកាន់សុន្ទរថាន គឺអមតមហានិព្វាន លោកវិទូ ទ្រង់ព្រះនាមថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក អនុត្តរោទ្រង់ព្រះ នាមថាអនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន បុរិសទម្មសារថិ ទ្រង់ព្រះនាមថាបុរិសទម្មសារថិ ព្រោះព្រះអង្គ អ្នកទូន្មាននូវ បុរសបុគ្គល ដែលមានឧបនិស្ស័យគួរនឹងទូន្មានបាន សត្ថាទេវមនុស្សានំ ទ្រង់ព្រះនាមថា សត្ថាទេវមនុស្សានំព្រោះព្រះអង្គជាសាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ពុទ្ធោទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ហើយ ញ៉ាំងអ្នកដទៃអោយត្រាស់ដឹងផង ភគវា ទ្រង់ព្រះនាមថាភគវា ព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ គឺថាព្រះអង្គមិនត្រឡប់កើតទៀតឡើយ។

រលឹកដល់ពុទ្ធគុណរួចហើយ គួរប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថា


នត្ថិ មេ សរណំ អញ្ញាំ ពុទ្ធោ មេ សរណំ វរំ ឯតេន សច្ចវជ្ជេន ហោតុមេ ជយមង្គលំ

ប្រែថា នត្ថិ មេ សរណំ អញ្ញាំ វត្ថុដទៃជាទីពឹងទីរលឹកនៃខ្ញុំព្រះករុណាមិនមានឡើយ ពុទ្ធោ មេ សរណំ វរំ មានតែព្រះពុទ្ធជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជ័យមង្គលចូរមានដល់ ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ។


ប្តេជ្ញាដូច្នេះហើយ គប្បីសូត្រខមាទោសនឹងព្រះពុទ្ធជាម្ចាស់ថា


ឧត្តមង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ ពុទ្ធេ យោខលិតោ ទោសោ ពុទ្ធោ ខមតុ តំ មមំ ឧត្តមង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ


ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវល្អងធូលីព្រះបាទនៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរខ្ពង់ខ្ពស់ ដោយអវយវដ៏ឧត្តមគឺត្បូង ពុទ្ធេ យោ ខលិតោទោសោ ទោសឯណាដែលខ្ញុំព្រះករុណាធ្វើអោយភ្លាំងភ្លាត់ហើយក្នុងព្រះពុទ្ធ ពុទ្ធោ ខមតុ តំ មមំ សូមព្រះពុទ្ធជាម្ចាស់អត់នូវទោសនោះដល់ខ្ញុំព្រះករុណា។


ក្រាបថ្វាយបង្គំម្តង

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក