Social Icons

21 May 2009

បុណ្យកឋិនទាន

បុណ្យកឋិនទាន

***********
ពាក្យថា “ កឋិន” ជាភាសាបាលី សំដៅយកក្របក្តារ ដែលភិក្ខុសង្ឃសម័យបូរាណឥណ្ឌា ប្រើសម្រាប់ដេរសំពត់ឆ្វើជាស្បង់ចីវរ ។ សំពត់ ដែលបានរៀបចំតាក់តែងឡើងនោះ មានឈ្មោះថា “ សំពត់កឋិន “ ។
បើតាមអដ្ឋកថា សំដៅយកពុទ្ធដីកាដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាៈ កឋិន គឺការប្រជុំរួបរួម រូបធម៌និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺ៖

១• “ រស់បានដោយកម្រ “ សមដូចវិគ្គហៈថា “ កថតិ កិច្ឆេន ជីវតីតិ កឋិនោ។“ ប្រែថា “ សភាវឯណារស់នៅបានដោយកម្រ សភាវនោះហៅថា កឋិន” ។ ព្រោះលោកប្រៀបប្រដូចជាឈើស្នឹងដែលបុគ្គលកាត់ចាកចេញពីដើម ហើយយកទៅបោះ ភ្ជាប់នឹងដី រមែងដុះលូតលាស់ឬរស់នៅដោយកម្រយ៉ាងណា ឯកិច្ចដែលនឹងកើតឡើង ឬក៏តាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ ក៏យ៉ាងនោះដែរ ។
២. “ ពោលសរសើរ ” ព្រោះចីវរទាន ដែលយើងបានកសាងជាកឋិននោះ ជាទានពិសេសជាងទានដទៃ ដែលព្រះអរិយទាំងឡាយ មានព្រះសម្ពុទ្ធជាប្រធាន តែងពោលសរសើរថា ជាទានវិសេស អាចរួបរួមឬសង្គ្រោះ នូវអានិសង្ស៥យ៉ាង របស់ភិក្ខុអ្នកក្រាលគ្រង មិនអោយទៅគ្រងនៅទីដទៃបាន សមដូចវិគ្គហៈថា “ បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កថិតិ សង្គណ្ហាតីតិ កឋិនំ ។” ប្រែថា “ ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះនូវអានិសង្សទាំង៥ មិនអោយទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថា “ កឋិន ។“
កឋិន នេះ អាចអោយសម្រេចផលដល់បុគ្គលទាំងពីរផ្នែក គឺ៖
(១). ទាយក ឬ ទាយិកា ដែលជាអ្នកអោយ ត្រូវបានទទួលអានិសង្សច្រើន បានទទួលផលច្រើន ក្នុងអនាគតកាល មានការទទួលនូវសម្បត្តិ ក្នុងឋានទេវលោកជាដើម។
(២). បដិគាហកៈ ដែលជាភិក្ខុអ្នកក្រាលគ្រងកឋិន ឬបុគ្គល ឬគណៈ ឬសង្ឃ ដែលបានអនុមោទនា ក៏ត្រូវបានសម្រេចនូវអានិសង្ស៥យ៉ាង ពេញលេញគ្រប់ក្រាន់ ដរាបដល់រយៈកាលនៃកឋិនខេត្ត។
ពិធីដែលទាយកនិងទាយិកានាំយកសំពត់កឋិនទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា អស់មួយត្រៃមាស(៣ខែ) ក្នុងអវាស(វត្ត)ណាមួយ ក្នុងកំណត់២៩ថ្ងៃ(ចាប់តាំងពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើតពេញបូណ៌មី ខែកក្តឹក) អោយលោកក្រាលគ្រង មាន ឈ្មោះថា “ បុណ្យកឋិន ” ឬ “ កឋិនទាន “ ។
ចីវរកឋិន មិនខុសគ្នាអំពីចីវរទាន ដទៃទៀតទេ គ្រាន់តែការធ្វើបុណ្យកឋិនចីវរ មានកំណត់កាលបរិច្ឆេទច្បាស់លាស់ និងមានប្រជាប្រិយភាពច្រើន ដែលហៅថា “ កាលទាន”។ បុណ្យកឋិនមានលក្ខណៈប្លែក៥យ៉ាង អំពីបុណ្យផ្សេងៗ និងក្លាយជាបុណ្យដ៏មានសារៈសំខាននៅក្នុងវត្តពុទ្ធសាសនា និងនៅក្នុងចំណោមពុទ្ធបរិស័ទទូទៅ ។
លក្ខណៈប្លែក៥យ៉ាងនោះគឺ៖
១. ប្លែកដោយកាល
ព្រះពុទ្ធទ្រង់អនុញាតកឋិនកាល មានតែចំនួន២៩ថ្ងៃ គឺៈ ១៤ថ្ងៃក្នុងខែអស្សុជ(កំណត់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោចឬខែដាច់) និង១៥ថ្ងៃក្នុងខែកក្តឹក (កំណត់ពីថ្ងៃ១កើត ដល់ថ្ងៃ១៥កើត ពេញបូណ៌មី)។ រយៈពេលនេះ ហៅតាមពាក្យសាមញថា “ រដូវកឋិន “ ។ បុណ្យកឋិនធ្វើបានតែម្តងគត់ ក្នុងមួយឆ្នាំ សាំរាប់វត្តមួយ និងត្រូវធ្វើតាមពេលកំណត់ មិន មានមុន និង មិនមានក្រោយ។ ភិក្ខុអាចទទួលសំពត់កឋិនបាន តែមួយដងគត់ក្នុងមួយរដូវកឋិន។
២. ប្លែកដោយវត្ថុ
សំពត់ដែលជាអង្គកឋិន នោះមានៈ ស្បង់ ចីវរ និងសង្ឃាដី ដេលបានធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ។ យោងតាមវិន័យបញ្ញត្តិ ទោះបីជាទាយកឬទាយិកា នាំសំពត់មួយត្រៃមកប្រគេនភិក្ខុសង្ឃ ក៏ភិក្ខុសង្ឃអ្នកក្រាលគ្រង លោករើសយកតែមួយមុខ មកធ្វើជាអង្គកឋិន។ តាមធម្មតាភិក្ខុច្រើនតែរើសយកសង្ឃាដីធ្វើជាអង្គកឋិន ពីព្រោះសង្ឃាដីជាសំពត់ធំជាងគេបង្អស់ ក្នុងត្រៃចីវរ ហើយអាចប្រើសម្រាប់ដណ្តប់ដូចជាភួយ នៅពេលរងា ក៏បាន។
៣. ប្លែកដោយអំពើ
តាមទំនៀមទម្លាប់ ពុទ្ធបរិស័ទតែងតែមានជំនឿថា ការធ្វើបុណ្យចំពោះភិក្ខុមួយអង្គៗ ពុំសូវមានអានិសង្សច្រើន ដូចជាធ្វើនឹង សង្ឃ ទេ ( សង្ឃ សំដៅយកភិក្ខុ ចំនួនពី៤អង្គឡើងទៅ)។ យោងតាមវិន័យបញ្ញត្តិ អង្គកឋិនអាចវេរប្រគានចំពោះសង្ឃ យ៉ាងហោចណាស់ ក៏មានវត្តមានភិក្ខុ៥អង្គដែរ ដើម្បីអោយកើតជាកឋិនពេញលក្ខណៈបាន។
៤. ប្លែកដោយបដិគ្គាហកៈ (ដោយអ្នកទទួល)មានតែភិក្ខុទេ ដែលអាចទទួលសំពត់កឋិនបាន ( រីឯសាមណេរនិងអ្នកដទៃទទួលពុំបាន )។ ភិក្ខុនោះត្រូវតែគង់ចាំវស្សាគម្រប់៣ខែ ក្នុងវត្តឬអាវាសណាមួយ។ ភិក្ខុមិនបានគង់ចាំវស្សាគ្មានសិទ្ធិទទួលអង្គកឋិនទេ។
៥. ប្លែកដោយអានិសង្ស
នៅក្នុងការធ្វើបុណ្យកឋិន ទាយកនិងទាយិកា តែងទទួលបានអានិសង្សច្រើន។ យោងតាមវិន័យបិដក ភាគ៨ ត្រង់កឋិនក្ខន្ធកៈ ភិក្ខុសង្ឃដែលជាអ្នកអនុមោទនា និងក្រាលគ្រងកឋិន ត្រូវបានទទួលអានិសង្ស៥យ៉ាង ក្នុងរយៈពេល៥ខែ។ អានិសង្ស៥យ៉ាងនោះគឺៈ

(១). អនាមន្តចារោ : ភិក្ខុត្រាចទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នាបាន និងមិនមានទោស(ត្រូវអាបត្តិ)ឡើយ។
(២). អសមាទានចារោ : ភិក្ខុត្រាច់ទៅដោយមិនបាច់យកសំពត់ណាមួយ ឬត្រៃចីវរគ្រប់ប្រដាប់ ជាប់ជាមួយបាន។
(៣). គណភោជនំ : ភិក្ខុអាចឆាន់គណភោជនបាន។
(៤). យាវទត្ថចីវរំ : ភិក្ខុអាចទុកអតិរេកចីវរ (ចីវរដែលលើសអំពីសេចក្តីត្រូវការ) ចំនួនប៉ុន្មានក៏បាន។
(៥). យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ : ចីវរណាកើតឡើងក្នុងអាវាសនោះ ចីវរនោះនិងមានដល់ភិក្ខុនោះ។


វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែងអំពីប្រភពនៃបុណ្យកឋិនថាៈ “ នៅក្នុងសម័យពុទ្ធកាល ព្រះសម្ពទ្ធជាម្ចាស់ ទ្រងពុទ្ធានុញ្ញត្តិឱ្យភិក្ខុប្រើប្រាសតែបង្សុកូលចីវរ ទ្រង់ពុំទាន់បានអនុញត ឱ្យប្រើគហបតីចីវរ នៅឡើយ។

សម័យមួយនោះ នៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះពុទ្ធកំពុងគង់ចាំព្រះវស្សា ក្នុងវត្តជេតពន ដែលជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីសាងថ្វាយ នៅទៀបក្រុងសាវត្ថី។ គ្រានោះ មានភិក្ខុ៣០រូប ឈ្មោះថា “ ភទ្ទវគ្កិយត្ថេរ “ ក្នុងដែនបាថេយ្យ ជាអ្នកប្រព្រឹត្តធម៏នៅក្នុងព្រៃ។ល។ បាននាំគ្នាចេញអំពីទីនោះ មកកាន់ក្រុងសាវត្ថី ដើម្បីចូលគាល់បំរើព្រះដ៏មានព្រះភាគ។ ប៉ុន្តែ ភិក្ខុទាំងអស់ បានមកដល់តែត្រឹមសាកេត(ភូមិមួយជាប់នឹងទីក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់ និងស្រូតមកទៀតមិនទាន់ ក៏នាំគ្នាផ្អាកធ្វើដំណើរ ស្វែងរកទីសេនាសនៈនៅចាំវស្សា៣ខែ នាពាក់កណ្តាលផ្លូវនោះតែម្តងទៅ។ ភិក្ខុសង្ឃទាំង៣០រូបមានសេចក្តីអផ្សុក កើតទុក្ខតូចព្រះទ័យជាខ្លាំង ដោយគិតឃើញថាព្រះដ៏មានព្រះភាគទ្រង់គង់នៅទីនោះ ចម្ងាយតែ៦យោជន៍ទៀតសោះមិនសមយើងទាំងឡាយស្កុនដំណើរ មិនបានគាល់បំរើព្រះអង្គដូចបំណងសោះ។
លុះដល់ថ្ងៃចេញវស្សា បវរណាស្រេចហើយ ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់ចូលទៅកាន់ក្រុងសាវត្ថី។ នៅទីនោះ ភិក្ខុសង្ឃទាំងអស់បានចូលធ្វើសាវនាការជាមួយនឹងព្រះពុទ្ធ ដោយមានស្បង់ចីវរទទឹកជោក។
ព្រះមានព្រះភាគទ្រង់មានបន្ទូលរាក់ទាក់ទៅកាន់ភិក្ខុទាំងនោះថា៖ “ ម្នាលភិក្ខុទាំងឡាយ! សរីរយន្តរបស់អ្នកទាំងឡាយល្មមអត់សង្កត់បានឬទេ? ល្មមប្រព្រឹត្តទៅបានឬទេ? តើអ្នកទាំឡាយមានសេចក្តីព្រមព្រៀងស្មោះស្មើ អត់មានវិវាទទាស់ទែងគ្នា ទេឬ? អ្នកទាំងឡាយនៅចាំវស្សាសោត ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាត ទេឬ?

ភិក្ខុទាំងឡាយនោះ ក៏ក្រាបបង្គំទូល នូវសេចក្តីលំបាករបស់ខ្លួនដែលមានមកតាមផ្លូវ ដោយសព្វគ្រប់តាមដំណើរ។
លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់សំដែងធម្មីកថា ប្រារពអំពីសង្សារវដ្តមិនមានទីបំផុត ប្រោសប្រទានដល់ភិក្ខុទាំងនោះ។ លុះចប់ធម៌ហើយ ភិក្ខុទាំងអស់នោះ បានជាអរហន្តទាំងអស់អង្គ រួចហើយក៏នាំគ្នាក្រាបថ្វាយបង្គំលាព្រះសម្ពុទ្ធ វិលទៅកាន់លំនៅរបស់ខ្លួនវិញ។

បន្ទាប់អំពីនោះមក ព្រះមានព្រះភាគទ្រង់ព្រះតម្រិះថា បើប្រសិនជាតថាគតបានតែងតាំងកឋិនត្ថារកិច្ច ទុកពីគ្រាមុន ម្លេះសមភិក្ខុទាំងឡាយនោះបានលះចីវរមួយទុកនៅទីកន្លែង ជាប់មកតែស្បង់ចីវរតែប៉ុណ្ណោះ មានអត្ថភាពស្រាលមិនលំបាកយ៉ាងនេះសោះឡើយ។ ហើយកឋិនត្ថារកិច្ចនេះ ព្រះពុទ្ធរាល់ព្រះអង្គ ក៏តែងអនុញ្ញាតទុកដល់សាវក ពុំដែលលះបង់ផង។ ព្រះដ៏មានព្រះភាគទ្រង់ព្រះតម្រិះដូច្នេះហើយ ទើបទ្រង់ហៅភិក្ខុទាំងឡាយមក រួចហើយក៏ទ្រង់អនុញ្ញាតកថិនត្ថារកិច្ច ដោយព្រះពុទ្ធដីកាថា៖ “ អនុជានាមិ ភក្ខវេ វស្សំ វុដ្ឋានំ ភិក្ខុនំ កឋិនំ។ អត្ថរិតុំ អត្ថតំ កឋិនទានំ វោ ភក្ខវេ បញ្ច កប្បិស្សន្តិ។ “ ប្រែថា “ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលបាននៅចាំវស្សារួចហើយ ទទួលក្រាលគ្រងកឋិន។ ម្នាលភិក្ខុទាំងឡាយ! កាលបើភិក្ខុទាំងឡាយ បានក្រាលគ្រងកឋិនហើយ នឹងបានសម្រេចអានិសង្ស៥ប្រការ។”

បន្ទាប់មក ព្រះសម្ពុទ្ធទ្រង់ពុទ្ធានុញ្ញាត ឱ្យភិក្ខុទទួលស្បង់អំពីពុទ្ធបរិស័ទ និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ពីថ្ងៃ១រោចខែអស្សុជ រហូតដល់ថ្ងៃ១៥កើតពេញបូណ៌មី ខែកក្តឹក(រវាងពាក់កណ្តាលខេតុលា រហូតដល់ពាក់កណ្តាលខេវិច្ឆកា)។ ព្រះដ៏មានព្រះភាគទ្រង់ព្រះមេត្តាប្រោសអនុញ្ញាត ភិក្ខុសង្ឃដែលអនុមោទនា និងក្រាលគ្រង កឋិននោះ បាននូវអានិសង្ស៥ប្រការ។ ជនមានសទ្ធា ដែលបានធ្វើកឋិនទាន ឈ្មោះថា ជាអ្នកបានគោរពនូវព្រះពុទ្ធដីកាដែលទ្រង់បានអនុញ្ញាតអោយភិក្ខុសង្ឃបានទទួលនូវអានិសង្ស៥ប្រការផង ជាអ្នកមានចិត្តអាណិតអាសូរចំពោះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់មួយត្រៃមាសនោះផង និងជាអ្នកតអាយុព្រះពុទ្ធសាសនាអស់កាលជាយូរអង្វែងទៅផង។

ព្រះសម្ពុទ្ធទ្រង់សំដែងថា៖ “ សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ។ “ ប្រែថា “ ជនដ៏មានប្រាជ្ញា(ណាមួយ) បានធ្វើនូវសេចក្តីសុខស្រួល(ដល់អ្នកដទៃ) ជននោះឯង រមែងបានជួបប្រទះនឹងសេចក្តីសុខស្រួល(ជាពិតប្រាកដពុំខានឡើយ)។ “ សេចក្តីអធិប្បាយយ៉ងនេះថា៖ ជនណាបានធ្វើកឋិនទាន ដែលនាំអោយព្រះភិក្ខុសង្ឃ បានអានិសង្ស៥យ៉ាង ក្នុងរវាង៥ខែ បានឈ្មោះថា ជាអ្នកអោយសេចក្តីសុខស្រួលដល់អ្នកដទៃ នៅក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងតែបានសុខ ក្នុងមនុស្សលោកនិងទេវលោក ក្នុងពេលអនាគត។
ដោយអំណាចផលានិសង្សនៃកឋិនទាននោះ ក្នុងអនាគតកាលជននោះនឹងបានជាឯហិភិក្ខុឬឯហិភិក្ខុនី ដេលមានត្រៃចីវរកើតឡើងឯកឯង ដោយឫទ្ធិ នៅពេលបព្វជ្ជាជាបព្វជិតក្នុងសាសនាព្រះពុទ្ធអង្គណាមួយ ហើយក៏នឹងបានសំរេចមគ្គផល និព្វានក្នុងពេលបច្ចុប្បន្ននោះ ជាពិតប្រាកដពុំខានឡើយ។
តាំងពីពេលនោះមក បុណ្យកឋិនបានក្លាយជាបុណ្យទំនៀមមួយរបស់ពុទ្ធបរិស័ទ ដើម្បីបំពេញនូវសេចក្តីត្រូវការស្បង់ចីវរដ៏វិសេសនេះ។

វេលារាត្រី មុនថ្ងៃបុណ្យកឋិន ទាយក-ទាយិកាម្ចាស់ដើមបុណ្យនិងញាតិមិត្ត នាំគ្នា យកត្រៃចីវរ និងគ្រឿងបរិក្ខារផ្សេងៗ ទៅកាន់ទីវត្តដែលគេបានទាក់ទងស្និទ្ធស្នាល រួចមកហើយ និងធ្វើកុសលខ្លះៗដូចជាៈ ថ្វាយបង្គំព្រះរតនត្រ័យ អារធនាព្រះសង្ឃចំរើនព្រះបរិត និងស្តាប់ព្រះសង្ឃសំដែងធម្មទេសនា(ស្តីអំពីអានិសង្សកឋិន)។
លុះព្រឹកស្អែកឡើង ទាយក-ទាយិកា និងពុទ្ធបរិស័ទ ម្ចាស់ដើមបុណ្យនាំគ្នាទៅកាន់វត្តម្តងទៀត។ គេប្រារព្ធពិធីថ្វាយបង្គំព្រះរតនត្រ័យសមាទានសីល៥ ឬសីល៨ ដាក់បាត្របង្សុកូល និងវេរភត្តប្រគេនព្រះសង្ឃ។
បន្ទាប់ពីថ្ងៃត្រង់ ទាយកទាយិកា ម្ចាស់ដើមបុណ្យនិងញាតិមិត្ត នាំគ្នាទូលពានត្រៃចីវរ និងកាន់ទ្រនូវគ្រឿងបរិក្ខារជាបរិវារកឋិនផ្សេងៗ ដើរប្រទក្សិណព័ទ្ធជុំវិញរោងឧបោសថ(ឬព្រះវិហារ) ចំនួន៣ជុំ។ អ្នកទាំងអស់ត្រូវបាននាំមុខដោយក្រុមភ្លេងកំប្លែងឆៃយ៉ាំ និងភិក្ខុសង្ឃសូត្រធម៌ ព្រមទាំងមានពុទ្ធបរិស័ទទាំងហ្វូងដង្ហែតាមពីខាងក្រោយ។

បន្ទាប់មក ត្រៃចីវរ និងគ្រឿងបរិក្ខារជាបរិវារកឋិន ត្រូវបានវេរប្រគេនចំពោះភិក្ខុសង្ឃ ដោយអនុលោមតាមក្បួននិងទម្រង់ការដែលបានបញ្ញត្តិទុកមក។
ពេលពិធីវេរអង្គកឋិនបានចប់សព្វគ្រប់ហើយ គឺជានាទីរបស់សង្ឃដើម្បីជួបជុំសារជាថ្មីឡើងវិញ នៅក្នុងរោងឧបោសថឬព្រះវិហារ និងដើម្បីប្រារព្ធពិធីឆ្លងកឋិនទាន(សម្ពោធកឋិន) ទៅតាមវិន័យបញ្ញត្តិ។
តាមធម្មតា គ្រូចៅអធិការឬថេរភិក្ខុ នៅក្នុងវត្តត្រូវធ្វើសំណូមពរអោយមានភិក្ខុមួយរូប ជាតំណាងសង្ឃ ដើម្បីអនុមោទនានិងក្រាលគ្រងអង្គកឋិន។ ជាយថាហេតុ ភិក្ខុអង្គណាដែលមានស្បង់ចីវររហែកដាចនិងត្រូវជ្រើសរើសឡើង។ រោងឧបោសថ ឬ ព្រះវិហារ គឺជាកន្លែងសម្រាប់ធ្វើសង្ឃកម្មពិសេស(សម្ពោធកឋិន)នេះ។ ពិធីនេះ ដោយឡែកសម្រាប់តែសង្ឃ ពួកគ្រហស្ថមិនអាចចូលរួមជាមួយបានឡើយ។

ពុទ្ធបរិស័ទមានជុំនឿថា ការធ្វើបុណ្យកឋិន នៅវត្តដែលមានព្រះវិហារបញ្ចុះសីមារួចហើយ ទើបបានអានិសង្សច្រើន។
នៅប្រទេសខ្មែរ បុណ្យកឋិន គឺជាបុណ្យសប្បាយអឹកធឹក មានពណ៌ចំរុះឆើតឆាយមានទិដ្ឋភាពជាបុណ្យពុទ្ធសាសនាយ៉ាងមហោឡារឹក។
ជាការពិតណាស់ បុណ្យកឋិន គឺជាឱកាសមួយ សម្រាប់បណ្តុះបណ្តាលអំពើល្អ និងគុណធម៌ នៅក្នុងដួងចិត្តយើងគ្រប់ៗគ្នា។

ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ២០០០

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក