Social Icons

15 April 2010

រឿងគុត្តិលមាណព

រឿងគុត្តិលមាណព
(ចាក វិ. ខុ)
(ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក)
​ ក្នុងកាលកន្លងទៅហើយ មានព្រះមហាក្សត្រិយ៍មួយព្រះអង្គ ព្រះនាមព្រហ្មទត្តសោយរាជ សម្បត្តិ ក្នុង ក្រុងពារាណសី ។ កាលនោះព្រះបរមគ្រូទ្រង់សោយព្រះជាតិក្នុងត្រកូលអ្នករបាំមាននាមប្រាកដថា គុត្តិល មាណព ព្រះអង្គខំសិក្សាសិល្បសាស្រ្តរបស់អ្នករបាំ បានចេះដឹងស្ទាត់ពិតប្រាដក​កិត្តិស័ព្ទរបស់ព្រះអង្គ ក៏ល្បី ទូទៅពេញសកលលោក ។ ព្រះបាទព្រហ្មទត្តបានជ្រាបដំណឹងថា គុត្តិលមាណពចេះដឹងនូវ​ចម្រៀង​តូរ្យតន្ត្រី ល្បីល្បាញដូច្នោះហើយ ក៏ហៅមកឲ្យដេញពិណថ្វាយ, ឯពិណរបស់គុត្តិលមាណព​នោះ​មានខ្សែ ៧ បើដេញ កាលណា សំឡេងពិណ​នឹងចម្រៀង​វេញចូលគ្នា​តែមួយពិរោះ​ក្រៃពេកហាក់​ដូចជាតូរ្យតន្ត្រីទិព្វ ។ ព្រះបាទ ព្រហ្មទត្តទ្រង់ព្រះសណ្តាប់​ហើយមាន​ព្រះទ័យត្រេកអរណាស់ បានតាំង​គុត្តិលមាណពនោះជាអាចារ្យធំបំផុត ក្នុងនគរពារាណសី ឲ្យឈ្មោះថា គុត្តិលាចារ្យ ទ្រង់ព្រះរាជ​ទាន​រង្វាន់​បៀវត្សឲ្យជានិច្ចរាល់ខែដរាបដល់អស់ជីវិត ។គុត្តលាចារ្យកាលបើ បានប្រាក់រង្វាន់បៀវត្សនោះ​ជា​រឿយៗមក ជាខាងក្រោយមកមាន​បុរសម្នាក់ឈ្មោះ មុសិលៈនៅក្នុងនគរឧជ្ជេនី បានឮដំណឹង​ថាគុត្តិលា​ចារ្យ​ចេះសិល្បសាស្ត្រ​ខាងរបាំតូរ្យតន្ត្រីយ៉ាងឯកដូច្នោះហើយ ក៏ចូលទៅសុំរៀន ។ គុត្តិលាចារ្យចេះ សិល្បសាស្ត្រ​ខាងរបាំតូរ្យតន្ត្រីយ៉ាងឯកដូច្នោះហើយ ក៏ចូលទៅសូមរៀន ។ ឯគុត្តលាចារ្យបានឃើញ​លក្ខណៈ​របស់មុសិលមាណពនោះក៏ដឹងច្បាស់ថាមាណពជាមនុស្សមិនល្អ អញមិនគួរ ឲ្យរៀនឡើយ ទើបប្រាប់ទៅសុសិលមាណពថា ខ្ញុំគ្មានឱកាសបង្រៀនទេចូរអ្នកទៅរកអាចារ្យរៀនទៀតចុះ ។ ពេលនោះមុសិលមាណពមិនព្រមទៅណាសោះក្រាញនៅបម្រើមាតាបិតារបស់គុត្តិលាចារ្យ បាននិយាយអង្វរឲ្យ មាតាបិតានោះជួយសុំឲ្យបានរៀន ។ គុត្តិលាចារ្យ កាលបើមាតាបិតា​របស់ខ្លួន​និយាយសុំឲ្យមុសិលមាណព រៀនដូច្នោះហើយក៏ព្រមឲ្យរៀន ។ ឯមុសិល មាណពជាមនុស្សមាន​បញ្ញា​អាចរៀននូវសិល្បសាស្ត្រនោះ ចេះស្ទាត់ ជំនាញដូចអាចារ្យរបស់ខ្លួន ។ ថ្ងៃមួយមុសិលមាណពគិតថា ក្នុងលោកទាំងមួលមានតែព្រះបាទព្រហ្មទត្តដែល សោយរាជ្យក្នុងក្រុងពារាណសីនេះ ជាមហារាជា​ធិរាជ​ធំចម្បងជាងស្តេចទាំងពួង គួរតែអញទៅសំដែងសិល្ប សាស្ត្រថ្វាយ ដល់ស្តេចដើម្បី​ឲ្យមាន​កេរ្តិ៍ឈ្មោះល្បីទូទៅក្នុងលោក ដូចជាអាចារ្យរបស់អញ លុះគិតដូច្នេះហើយក៏ និយាយអង្វរសុំឲ្យ​គុត្តិលាចារ្យ​ជូនទៅនៅបំរើព្រះបាទព្រហ្មទត្តដើម្បីចិញ្ចឹមជីវិតតទៅ ។ ឯគុត្តិលាចារ្យជាអ្នកមាន សេចក្តីសង្គ្រោះ បានឮដូច្នោះហើយក៏នាំមុសិលមាណពទៅថ្វាយព្រះបាទព្រហ្មទត្តហើយ ក្រាបទូលថាបពិត្រ ព្រះសម្មតិទេព សូមព្រះករុណាជាម្ចាស់ជីវិតលើត្បូង​ជួយសង្គ្រោះ​ដល់មុសិល​មាណព​នេះឲ្យទាន ព្រោះជាកូន សិស្សរបស់ទូលព្រះបង្គំ មួយទៀតមាណពនេះចេះដេញ​ពិណវិសេសណាស់ ។ ព្រះបាទព្រហ្មទត្តទ្រង់ព្រះ សណ្តាប់ដូច្នោះហើយទ្រង់ប្រើមុសិលមាណព​នោះឲ្យដេញពិណថ្វាយ, ទ្រង់សព្វព្រះរាជហឫទ័យនឹងសំឡេង ពិណនោះក៏ទទួលឲ្យនៅ ។ ក្នុងកាល​ជា​ខាង​ក្រោយមក មុសិលមាណពបានចូលទៅសូមលាព្រះបាទព្រហ្មទត្ត ទៅកាន់ជាតិភូមិរបស់ខ្លួន ។ ព្រះបាទព្រហ្មទត្តទ្រង់ឃាត់ថាអ្នកកុំទៅណា ចាំអញឲ្យយសសក្តិនិងបៀវត្ស៍ ពាក់កណ្តាលបន្ទាប់​ពីអាចារ្យរបស់អ្នក ។ ឯមុសិលមាណពជាមនុស្សអកតញ្ញូលុះទៅក្នុងអំណាចនៃសេចក្តី លោភ បានឮដូច្នោះហើយក៏ទូលតបវិញថា គុត្តិលាចារ្យគាត់ចេះស្មើនឹងទូលព្រះបង្គំដែរ បើព្រះមហារាជពុំជឿ ហៅគាត់ឲ្យមកដេញពិណប្រឡងមើល ។ ព្រះរាជាត្រាស់ថា អើបើដូច្នោះចាំអញឲ្យដំណឹង​ទៅគុតិ្តលា​ចារ្យ​ កំណត់៧ថ្ងៃទៀតឲ្យ មកដេញប្រឡងនៅមុខព្រះរាជវាំង ។ ដំណឹងប្រឡងពិណ​នោះក៏ល្បី​ទូទៅ​ពេញសកល លោក, ឯគុត្តិលាចារ្យ កាលបើបានទទួលព្រះរាជសារហើយក៏កើតសង្វេគក្នុងចិត្តគិតថា មុសិលមាណពនេះ ជាមនុស្សនៅក្មេងកំពុងមានកម្លាំងច្រើន បើអញទៅដេញពិណភ្នាល់នឹងវាមុខ​តែចាញ់​វាមិនខាន ព្រោះចំណេះ ទាំងប៉ុន្មានបានបង្រៀនវាអស់ឥតមានសល់ អញពុំគួរទៅភ្នាល់នឹងវា​ឡើយ ​ណ្ហើយចុះស៊ូស្លាប់ទៅកើតទៀត ល្អជាង កុំទៅឲ្យឃើញមុខអកតញ្ញូ គិតដូច្នេះហើយក៏ដើរទៅ​ចងកក្នុងព្រៃ រៀបនឹងចងកបាននឹកឃើញមាតាបិតា ចាស់ជរាក៏ត្រឡប់មកវិញ, មកដល់ផ្ទះហើយនឹក​ឃើញសព្វ​គ្រប់ក៏ទៅចងកទៀត ។ គ្រាន់តែទៅមកៗយ៉ាងនេះ អស់៦ថ្ងៃ ដោយសេចក្តីអាល័យចំពោះ​មាតាបិតា ដល់ថ្ងៃជាគម្រប់៧ទៅចងកទៀត ដោយអំណាចកតញ្ញុតាចិត្ត ក៏ក្តៅក្រហាយដល់ពិភព​សក្កទេវរាជៗ បានជ្រាបថា ឱ! គុត្តិលាចារ្យនេះមានទុក្ខធ្ងន់ណាស់តើ! ថ្ងៃនេះត្រូវទៅ ដេញពិណភ្នាល់​នឹងមុសិលមាណព ម៉្យាងទៀត គាត់ត្រូវជាអាចារ្យរបស់អញក្នុងជាតិមុន អញត្រូវតែទៅជួយគាត់ ខានពុំបានក៏ហោះចុះមកបង្ហាញខ្លួនដល់គុត្តិលាចារ្យហើយសួរថា លោកអាចារ្យមានទុក្ខដូចម្តេច? ចាំខ្ញុំជួយ ។ គុត្តិលាចារ្យដំណាលរឿងរ៉ាវប្រាប់សព្វគ្រប់ សក្កទេវរាជបានជ្រាបហើយក៏និយាយថា សូមលោកអាចារ្យទៅ ដេញពិណភ្នាល់នឹងមុសិលមាណពចុះ ឥឡូវជិតដល់ពេល​ហើយលោកអាចារ្យកុំព្រួយឲ្យសោះ ខ្ញុំនេះជាព្រះឥន្ទ ត្រូវជាកូនសិស្សលោកអាចារ្យក្នុងជាតិមុន អ្នកដែលមានកូនសិស្សប្រហែលនឹងខ្ញុំនេះហើយ កុំព្រួយសោះឡើយ ទៀងតែឈ្នះពុំខាន ។ ឯគុត្តលាចារ្យ កាលបើដល់ពេលហើយក៏ស្លៀក ពាក់សំពត់សអាវសល្អស្អាត លីពិណមាន ខ្សែ៧ ចូលទៅកាន់ទីប្រជុំថ្វាយបង្គំព្រះបាទព្រហ្មទត្តហើយ ឡើងទៅលើតាំងខ្ពស់ជាមួយនឹងមុសិលមាណព ។ ក្នុងពេលនោះមនុស្សទាំងឡាយជាច្រើនលាននាក់ បានមកប្រជុំគ្នានៅមុខព្រះបរមរាជ​វាំង​ដើម្បីមើលពិធីភ្នាល់ ពិណ ។ គុត្តិលាចារ្យមុននឹងលោកពិណ ឡើងដេញបានអើតមើល​ទៅអាកាសឃើញព្រះឥន្ទកាន់ពិណមាស មានពណ៌ដូចព្នៅទុំ ស្ថិតនៅពីលើក៏នឹងសង្ឃឹមថា ជ័យជំនះនឹងមានដល់អញពុំខាន ។ ឯមនុស្សទាំងឡាយមើល ព្រះឥន្ទនោះមិនឃើញឡើយ ។ គុត្តិលាចារ្យនិងមុសិលមាណព ចាប់ដេញពិណមួយបទដម្បូងស្មើគ្នា ដល់បទ ទីពីរព្រះឥន្ទ្រ ឲ្យសញ្ញាដល់គុត្តិលាចារ្យឲ្យបណ្តាច់ខ្សែពិណរបស់ខ្លួនមួយចេញ សំឡេងពិណរបស់គុត្តិលា ចារ្យក៏កាន់តែឮពីរោះឡើងៗ ព្រះឥន្ទចេះតែឲ្យបណ្តាច់ខ្សែពិណម្តងមួយៗ ដរាបដល់នៅ​សល់តែខ្សែមួយ សំលេងពិណក៏រឹងរឹតតែពីរោះឡើងជាអស្ចារ្យឮសូគ្រលួចទៅព្ធដ៏អាកាស គ្របសង្កត់សំលេងពិណរបស់មុសិល មាណព ដោយអំណាចឫទ្ធិរបស់ព្រះឥន្ទ ។ ចំណែកឯមុសិល​មាណព កាលបើបានឃើញ គុត្តិលាចារ្យបណ្តាច់ ខ្សែពិណ នៅសល់តែមួយហើយមានសំឡេង​ពីរោះដូច្នោះ ក៏បណ្តាច់តាម, បណ្តាច់ខ្សែមួយអន់បន្តិច ពីរអន់បន្តិច ដរាបដល់នៅសល់តែខ្សែមួយ​ក៏លែងឮជាបែបបទអ្វីសោះ ។ ពួកមហាជនទាំងឡាយក៏ស្រែកហ៊ោរឲ្យពរស័ព្ទ សាធុការដល់​គុត្តិលាចារ្យ ​មានសំឡេង​គឹកកងហាក់ដូចជាទ្រុឌផែនដី ។ ពេលនោះ ព្រះបាទព្រហ្មទត្តបានប្រើ រាជ អាមាត្យ ឲ្យយកច្រវាក់ទាក់កមុសិល មាណព អូសបញ្ចេញទៅខាងក្រៅទីប្រជុំ។ ពួកមហាជន​ទាំងឡាយ ក៏ទាត់ធាក់វាយមុសិលមាណព ដរាបដល់ស្លាប់ក្នុងពេលនោះទៅ ។ ឯគុត្តិលាចារ្យ​ក៏បាននូវរង្វាន់ក្នុងពេលនោះ ជាច្រើន, កាលបើព្រះបាទព្រហ្មទត្តបានបូជារង្វាន់ដល់គុត្តិលាចារ្យហើយ សក្កទេវរាជក៏ត្រឡប់ទៅស្ថាន ទេវលោកវិញ ។ ពួកទេវតាទាំងឡាយនាំគ្នាចូលទៅសួរសក្កទេវរាជថា បពិត្រមហារាជ អម្បាញ់មិញនេះស្តេច យាងទៅទីណា? សក្កទេវរាជប្រាប់ថាទៅ​មើលលោក​អាចារ្យ​របស់​ខ្ញុំដេញពិណភ្នាល់នឹងមុសិលមាណព ឯក្រុង ពារាណសី ។ ពួកទេវតាទាំងឡាយ​បានដឹងថា ព្រះរាជារបស់ខ្លួនមានគ្រូអាចារ្យចេះដេញពិណដូច្នោះចង់ស្តាប់ ណាស់ ទើបនាំគ្នាអង្វរសក្កទេវរាជ សុំឲ្យអញ្ជើញគុត្តិលាចារ្យទៅដេញពិណឲ្យស្តាប់ ។ ព្រះឥន្ទក៏ប្រើមាតលិទេវ បុត្រឲ្យយកវេជ្ជយន្តរតន៍ ចុះមកអញ្ជើញគុត្តិលាចារ្យទៅស្ថានត្រៃត្រិង្ស ទៅដល់ពពួកទេវបុត្រទេវធីតាក៏នាំគ្នាមក ចោមរោមជុំជិត ហើយអញ្ជើញឲ្យដេញពិណឲ្យស្តាប់ ។ គុត្តិលាចារ្យនិយាយថា ខ្ញុំតាំងពីចេះពិណមកពុំដែល ដេញអត់​ឈ្នួលទេ ព្រោះខ្ញុំតែងចិញ្ចឹមជីវិតដោយ សារតែថ្លៃឈ្នួលដេញពិណប៉ុណ្ណោះ ។ ព្រះឥន្ទបានឮហើយ សួរថា លោកអាចារ្យត្រូវការរបស់អ្វី? ខ្ញុំបូជា ។ គុត្តិលាចារ្យឆ្លើយថា ខ្ញុំមិនត្រូវការដោយទ្រព្យសម្បត្តិទេ ខ្ញុំសុំឲ្យទេវបុត្រទេវធីតាទាំងនេះ ប្រាប់បុព្វកម្មរបស់ខ្លួនដល់ខ្ញុំសិនចាំខ្ញុំដេញ​ពិណឲ្យស្តាប់ជា​ខាងក្រោយ​ ។ ពេលនោះទេវបុត្រទេវធីតា ទាំងឡាយក៏ថ្លែងបុព្វកម្មរបស់ខ្លួន ប្រាប់ដល់គុត្តិលាចារ្យ​គ្រប់ៗ​គ្នា ទើបគុត្តិលាចារ្យ ដេញពិណឲ្យស្តាប់ លុះចប់ហើយមាតលិទេវបុត្រ​ក៏ជូនគុត្តិលាចារ្យ​មក​មនុស្ស​លោកវិញ ។

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក