Social Icons

25 May 2011

វិយោគកថា

វិយោគកថា
 យើងខ្ញុំខេមរា ជុលីហត្ថា លើកកប្រណម្យ បង្គំនឹកគុណ មហាថេរឧត្តម មេគណជាធំ អគ្គមេធា ។
 ព្រះនាមបវរ កន្តធម្មោ មហាវិរា សមណនាយក ប្រកបសម្បទា ឆ្នើមលើសជនា អ្នកបដិវត្តន៍ ។
 សង្គមវិលវក់ ព្រះគុណឈរមុខ ព្រះទ័យអំណត់ ពុះពារឆ្លងកាត់ ដោះជាតិឲ្យផុត ពីនឹមចក្រពត្តិ អាណានិគម ។
 ទោះមានឧបសគ្គ បន្ទប់បង្អាក់កិច្ចការតូចធំ ព្រះអង្គជំនះ ពួកពាលអធម នាម៉ឺននិយម ឥតស្លត់ចិន្តា ។
 ប្រកបព្រះគុណ ថ្លៃថ្លាលើសលន់ ធ្ងន់ឥតឧបមា ទាំងផែនការជាតិ ព្រះពុទ្ធសាសនា រាជរដ្ឋសីមា ពុំមានរសាយ ។
 បំផុសចលនា បើកវត្តសិក្សា ធម៌អាថ៌វិន័យ គ្រប់ឃុំនិគម ជនបទជិតឆ្ងាយ ពុំមានិនណាយ ធុញទ្រាន់សោះឡើយ ។
 ព្រះទ័យសន្តោស ស្ទួយជាតិឲ្យរស់ ផុតគុកកម្មហើយ
ឆ្លងផុតមរណៈ ទុក្ខៈបានស្បើយ ឆ្ពោះទៅកាន់ត្រើយ សុខាភិវឌ្ឍន៍ ។
 ទេសនាបរមត្ថ ដាស់ពុទ្ធបរិស័ទ ដែលជ្រុលភ្លាំងភ្លាត់ អប់រំតម្រង់ ត្រង់ដូចបន្ទាត់ ព្រះសង្ឃរាល់វត្ត មានស្មារតីខ្ពស់ ។
 ការកិច្ចឧត្តម ព្រះគុណខិតខំ ពុះពារទម្លុះ ពន្យល់ដោះស្រាយ ប្រាយប្រាប់ទាំងអស់ ពេញជាប្រាជ្ញប្រុស ឯកអគ្គវិទូ ។
 ព្យាករណ៍ព្រះសង្ឃ សាមគ្គីកាត់ឆ្លង ខ្យល់ព្យុះជំនោរ ដើម្បីលើកស្ទួយ ជាតិឲ្យថ្លៃថ្នូរ សាសន៍សព្វញ្ញូ រុងរឿងថ្កើងថ្កាន ។
 ឥឡូវព្រះគុណ ប្រសើរលើសជន ទ្រង់លាសន្តាន ក្នុងពន្ធនាគារ ជាតិចោរសាមាន្យ យើងខ្ញុំលែងបាន យល់ព្រះភ័ក្ត្រា ។
 ពីថ្ងៃនេះទៅ យើងខ្ញុំរស់នៅ ចុកចាប់ពើតផ្សា អាល័យអាលោះ ស្រណោះកាយា អង្គព្រះគុណមហា វីរសមណៈ ។
 ខានបានត្រងត្រាប ដីកាសាស័ព្ទ ព្រះគុណជាម្ចាស់ តទៅទៀតហើយ ខេមរាក្មេងចាស់ សែនស្ដាយខ្លាំងណាស់ ស្ដាយឥតឧបមា ។
 ស្ដាយាកាលគង់នៅ ត្រួសត្រៃប្រាប់ផ្លូវ ចង្អុលប្រាប់ការ ឧត្តមប្រយោជន៍ ដូចយានភេត្រា សិរីខេមរា ថ្លៃថ្លាពិសិដ្ឋ ។
 ព្រះកាយបាត់ទៅ ព្រះកេរ្តិ៍គង់នៅ សាវតារចារផ្តិត វីរសមណៈ ខែត្រព្រះត្រពាំងពិត ឯកអគ្គបណ្ឌិត សតវត្សទីម្ភៃ ។
 ក្រោយពេលព្រះគុណ រំលត់ព្រះជន្ម ខេមរាប្រុសស្រី រស់រងទុក្ខា ខ្លោចផ្សាពេកក្រៃ ក្រោមក្រញ៉ាំបី- សាច់ចោរទុយ៌ស ។
 គ្រប់វត្តនានា ត្រូវបិទអាគារ សិក្សាទាំងអស់ សិក្ខាកាមជន យុវវ័យស្រីប្រុស ទាំងសង្ឃគ្រហស្ថ ធ្លាក់ជ្រោះអវិជ្ជា ។
 គម្ពីរដីកា ព្រះពុទ្ធសាសនា ក៏ត្រូវពួកមារ ទមិឡទុច្ចរិត ចោរចិត្តពាលា ជំរិតទាមទា រ យកស្ទើគ្មានសល់ ។
 អ្នកជាតិនិយម ព្រាត់ប្រាស់ទ្រនំ ធ្លាប់រស់សុខកល់ ខ្លះត្រូវក្សិណក្ស័យ ខ្លះកាយទុព៌ល គ្រាំគ្រាវិកល ឡែបឡប់ស្មារតី ។
 អ្នកដែលនៅរស់ ក្រឹក្រៃក្រៀមក្រោះ បាត់ប់សួស្តី បាក់ស្បាត់លែងហ៊ាន វាចាហាស្ដី ព្រោះពាលអប្រិយ រិតត្បិតព្យាបាទ ។
 ខ្លះទៀតឃ្លាតឆ្ងាយ ភៀសខ្លួនគេចកាយ ជៀសគ្រោះវិបត្តិ សម្ងំលាក់ខ្លួន ពួនក្នុងព្រៃស្ងាត់ ខ្លាចរោគឧត្បាត ពិសសង្គមពុក ។
 រីជនសាមញ្ញ ទុក្ខម្នោទោម្នេញ គ្មានបានសាន្តសុខ ចោរអន្យតិរ្ថិយ កាយកេះរកមុខ ចាប់ចងដាក់គុក គក់តប់ប្រហារ ។
 ឳពុកខ្លាចកូន ចៅខ្លាចជីដូន ពុំហ៊ានចរចារ ទាំងពុទ្ធបរិស័ទ អ្នកកាន់សាសនា បាត់ស្មារតីក្លា ខ្លាចវត្តអារាម ។
 សិស្សខ្លាចអាចារ្យ គ្រូខ្លាចសាលា ត្បិតព្រាយក្បាលប្រាំ សម្លុតគម្រាម ព្រួសភេរវកម្ម គ្រូសិស្សប្រេះស្រាំ បាត់ស្បាត់ស្មារតី ។
 សមាគមព្រះសង្ឃ បែកខ្ញែកលិចលង់ បាត់បត់សេរី អធិបតេយ្យធ្លាក់ចុះ រងរស់ទុក្ខី សកម្មភាពអ្វី ៗ លែងហ៊ានចលនា ។
 ឱ!ព្រះគុណថ្លៃ យើងខ្ញុំសោកស្ដាយ ស្ដាយឥតឧបមា សោកសៅតក់ ស្រយុតចិន្តា ក្ដួលក្ដៅខ្លោចផ្សា ពុំមានស្រាកឡើយ ។
 ស្ដាយអ្វីមាល្បាយ ស្ដាយព្រះគុណថ្លៃ ដែលឃ្លាតទៅហើយ យើងខ្ញុំបច្ឆា- ជនពុំកន្តើយ ប្ដេជ្ញាឆ្លងត្រើយ ជ្រោះទុក្ខមរណៈ ។
 រៀនសូត្រគំរូ វីរភាពថ្លៃថ្នូរ នៃអង្គសមណៈ ពង្រឹងស្មារតី សំរួចឆន្ទៈ ការពារបូរណៈទឹកដីដូនតា ។
 ប្ដេជ្ញាថែទាំ មត៌កឧត្តមអនគ្ឃថ្លៃថ្លា ឲ្យបានគង់វង់ យូរលង់អមតា វប្បធម៌អរិយា ភ្លឺថ្លាពណ្ណរាយ ។
 សាមគ្គីសហការ ស្មាប្រកៀកស្មា លាងឈាមចង្រៃ ដើម្បីជាតិរស់កិត្តិយសខ្ចរខ្ចាយ រុងរឿងទៅឆ្ងាយ សាយពេញលោកា ។
ហេតុខ្ញុំប្រុសស្រី ជាទំពាំងថ្មី ចំណីខេមរា ប្ដេជ្ញារៀនសូត្រ តាមព្រះគុណមហា ស្ទួយជាតិសាសនា លុះជីវិតបង់ ។
នៅទីបំផុត យើងខ្ញុំលំអុត លើកហត្ថឱនអង្គ បង្គំវិញ្ញាណ ថ្លៃយសវីរវង្ស បារមីទ្រើសទ្រង់ ដោយអាទរភាព ៕ (កំណាព្យនេះនិពន្ធដោយលោកគ្រូថាច់សុភី (ជោតញ្ញាណោ) វត្តផ្នោរដូង ស្រុកកញ្ចោង ទុកសម្រាប់សូត្រក្រើនរំលឹកសតិដល់សមណសិស្សមុនពេលចូលរៀនរាល់ថ្ងៃ)

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក