Social Icons

10 January 2010

ពុទ្ធប្រវត្តិសង្ខេប

ពុទ្ធប្រវត្តិសង្ខេប


រាជវង្សកំណើត


ព្រះបាទ សុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរ
កបិលពស្តុ ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុ ។ ព្រះនាង សិរិមហាមយា ទ្រង់បាន សុបិន្និមិត្តឃើញដំរីសមួយ មានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះឧទ័រ ព្រះនាង ផ្នែកខាងស្តាំ ទំនាយថាព្រះនាង នឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមី យ៉ាង លើសលុបខ្ពស់អស់ សព្វសត្វទាំងពួង ។ តាមរឿងនិទានខ្លាះថា ទេវបុត្តសន្តុសិត យាង ចុះពី ឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង ។ ព្រះនាងសិរិមហាមយាទ្រង់ធ្វើដំណើរយ៉ាងទៅកាន់ នគរ ទេវទហៈ ដើម្បីរៀបចំប្រសូតបុត្រ ព្រោះតាមទំនៀមទម្លាប់ នៃព្រះរាជានាសម័យនោះ ភរិយាត្រូវទៅប្រសូត្របុត្រនៅនគរ រឺ ផ្ទះ ខាងភរិយា ។ ព្រះនាងទ្រង់ធ្វើព្រះរាជដំណើរមកដល់ ព្រំដែននៃនគរទាំងពីរ ក្នុងព្រៃ លុម្ពិនី ទ្រង់ក៏ប្រសូតបុត្រនៅក្រោមសាលព្រឹក្ស ព្រះពុទ្ធទ្រង់ ប្រសូត្រ នៅថ្ងៃសុក្រ ១៥កើត ពេញបូណមី ខែពិសាខ ឆ្នាំច ។
ពិធីថ្វាយព្រះនាម

ក្រោយពីព្រះរាជអោរសប្រសូតបានប្រាំថ្ងៃ ពិធីរៀបចំថ្វាយ
ព្រះនាមថា សិទ្ធត្ថ ប្រែថា អ្នកសំរេច ប្រយោជន៏គ្រប់យ៉ាង ត្រូវបានរៀបចំធ្វើឡើងដោយព្រាហ្មណ៍ ៨នាក់ ព្រាហ្មណ៍ ៧ម្នាក់លើ ម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងបានជាស្តេច ចក្រពត្តិ បើ ព្រះអង្គ ចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ ព្រាហ្មណ៍ម្នាក់នៅ ក្មេងជាង គេឈ្មោះ កោណ្ឌញ្ញ ព្រាហ្មណ៍លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារប្រាកដជាបាន ត្រាស់ជាព្រះពុទ្ធ ជាក់ជាមិនខាន ។ ប្រសូត្របាន៧ថ្ងៃព្រះមាតា ព្រះនាងសិរិមហាមយាទ្រង់សោយទីវង្គត់ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះនាម មហាបជាបតីគោតមី បីបាច់រក្សាតមក ។
រាជពិសេក
ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន ១៦ឆ្នាំទ្រង់បានរៀបអភិសេកជាមួយ
បុត្រីស្តេចសុប្បពុទ្ធ ព្រះនាម ពិម្ពាយសោធរា ដែលជានារីល្អអែកលើសអស់សព្វនារីទាំងពួង ។ ដោយចង់អោយ ព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបីតាព្រះបាទ សុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់ នៅជាស្តេចព្រះអង្គទ្រង់ចាត់អោយ គេសង់ប្រាសាទ បី តំរូវទៅតាមកាមរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ រដូវរំហើយ ។ ព្រះសិទ្ធត្ថ និងព្រះនាង ពិម្ពា មានព្រះរាជបុត្រមួយ អង្គព្រះនាម រាហុល ។
ទេពនិមិត្ត ៤យ៉ាង

ដោយចង់អោយព្រះសិទ្ធត្ថបាន ជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ
ព្រះសុទ្ធោទន ទ្រង់ចាត់អោយគេយាម មិនអោយមានមនុស្សចាស់ ជរា ឈឺ រឺស្លាប់ អោយ ព្រះសិទ្ធត្ថ ទ្រង់យល់ ឃើញឡើយ អ្នកបំរើភិលៀតនៅក្នុងដំណាក់ របស់ព្រះអង្គមាន សុទ្ធសឹងយុវវ័យទាំងអស់ ។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយ កាមលោកីយគ្រប់ប្រការ ។ នៅក្នុង រាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណ ដូចជា អង្គត់ឈើមួយដុំ ធ្វើអោយព្រះអង្គទ្រង់មានការ ខ្វល់ខ្វាយអផ្សុកក្នុងព្រះកាយយ៉ាង ខ្លាំង ។ ព្រះអង្គក៏ចេញទៅក្រសាលក្នុងឧទ្យាននាបរមរាជ វាំងដែលព្រះអង្គទ្រង់បានជួប ទេពនិមិត្ត ៤ប្រការដូចនេះ៖
• ទេពនិមិត្ត ជាមនុស្សចាស់ ទេព្តាបាននិមិត្តខ្លួនជាមនុស្សចាស់អោយ
ទ្រង់ទត ឃើញព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យថា នេះជាអ្វី? ពួកសេនាមាត្យក៏ទូលព្រះអង្គថា ព្រះករុណាលោកម្ចាស់នេះគឺជា «មនុស្សចាស់» ។
• ទេពនិមិត្ត ជាមនុស្សឈឺ ការក្រសាលនៅក្នុងសួនឧទ្យានបានបន្ត
ទៅមុខទៀត ទេពនិមិត្តទ្រង់និមិត្តជាមនុស្សកំពុងឈឺ ក្តៅក្រហល់ក្រហាយនៅក្នុងខ្លួន ដោយ អាការរោគផ្សេងៗ ព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យទៀតថា ចុះនេះជាមនុស្ស យ៉ាងម៉េច ពួកសេនាមាត្យក្រាបទូលថា ព្រះករុណាលោកម្ចាស់ «មនុស្សនេះ កំពុងមានជំងឺ» ។
• ទេពនិមិត្ត ជាមនុស្សស្លាប់ ទេពនិមិត្តនៅក្នុងសួនឧទ្យានមក
និមិត្តជាមនុស្ស កំពុងដេកស្លាប់ហើមស្អុយរលួយគួរជាទីខ្ពើមរអើមក្រៃពេក ដោយព្រះអង្គមិនដែល ទ្រង់បានទតឃើញក៏សួរទៅសេនាមាត្យដូចមុនដែរ សេនាមាត្យក៏ក្រាបទូលថា មនុស្សយើងតែងមានការបែកធ្លាយរូបកាយស្លាប់យ៉ាងនេះ ព្រះករុណាលោកម្ចាស់ ។
• ទេពនិមិត្ត ជាអ្នកបួស ទេពនិមិត្តបីប្រការ គឺ ចាស់ ជរាឈឺ ស្លាប់
ធ្វើអោយ ព្រះសិទ្ធត្ថ ទ្រង់សង្វេគជាពន់ពេក ទ្រង់ធ្វើការពិចារណាទៅលើរូបកាយដោយព្រះអង្គ ឯងថា បណ្តារូបកាយនៃសត្វលោកទាំងឡាយនេះ នឹងមានសភាវ ចាស់ ឈឺ និង ឈានដល់ ការបែកធ្លាយស្លាប់ ទៅវិញយ៉ាងនេះឯងហ្ន៎ តើមានថ្នាំឯណា មានផ្លូវ ឯណាគេចអោយ រួចផុតពីការ ចាស់ ឈឺស្លាប់នេះបានទេ? កំពុងតែគិតសង្វេគដូច នេះ ទេពនិមិត្តនិមិត្ត ជាសមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃ សត្វលោកទាំងឡាយអោយព្រះអង្គទតឃើញទៀត ព្រះអង្គទ្រង់មានសទ្ធាពេញ ហរទ័យ ត្រេកអជាក្រៃពេក ចំពោះ សមណភេទនេះ ។
សាងផ្នួស

​​
ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើម
រូបសង្ខារ និង លោកសន្និវាស នេះយ៉ាងខ្លាំង ហើយព្រះអង្គសព្វព្រះហរទ័យដោះស្រាយបញ្ហាជិវិត ដោយ ការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មាសម្ពោធិញាណធម៌ ។ ។ កណ្តាលរាត្រី ស្ងាត់ ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែល រាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំលឹងទៅភរិយា ពិម្ពា កំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅ ស្ថានសន្តុសិតបានចុះមក ជួយ ព្រះសិទ្ធត្ថ ដោយធ្វើអោយព្រះនាងពិម្ពា និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បី កុំអោយភ្ញាក់ធ្វើការ រំខានដល់ការសំរេចចិត្តរបស់ព្រះអង្គ ហើយជប់សេះរាជរថ ជូនដំណើរ ព្រះសិទ្ធត្ថ ទៅដល់ព្រៃ ហោង ។ ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយ អធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធមែន ចូរកេសាទាំងឡាយ នៃ អាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសា ទាំងឡាយឡើងទៅលើអាកាស ហ្វូងទេវតា ទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយក ទៅទុកនៅស្ថានទេវលោក ក្នុងគ្រានោះទៅ ។ កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេង ជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាម បានទាយថាព្រះអង្គពិតជាបានត្រាស់ដឹងជា ព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថ ចេញសាង ផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយ សមណព្រាហ្មណ៍៤ អង្គទៀតចេញ ទៅបួសតាមបំរើ ព្រះអង្គដែរ អ្នកបួសទាំង ៥នាក់នោះ ហៅថា បញ្ចវគិយ៍ភិក្ខុ ។
ការសិក្សា និងទុក្ខរកិរិយា


កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បាន
ចូលទៅធ្វើការសិក្សាធម៌ ក្នុងសំណាក់ព្រាហ្មណ៍តាបសពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង ឧទកតាបស១ ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គពុំអាចស្វែងរកសម្មាសម្ពោធិញាណ នៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរក សច្ចៈធម៌ដោយព្រះអង្គឯវិញ ។ ព្រះអង្គទ្រង់ធ្វើទុក្ខរៈកិរិយា គឺការប្រតិបត្តិធម៌យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយ យ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូតរូបរាង កាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្ត ទុក្ខរៈកិរិយា អស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែ ស្វែងរកសច្ចៈធម៌ពុំបានឡើយ ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយ អោយព្រះអង្គ ទ្រង់បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញ ចាប់ផ្តើមរិតខ្សែពិន ហើយចាប់ផ្តើមដេញម្តងទៀត ដោយខ្សែពិនរិតតឹងពេក គ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែ ម្ដងទៅ ។ ទេពនិមិត្តជានាក់ដេញពិនរៀបចំដាក់ខ្សែពិន ជាថ្មី ហើយរៀបរិតអោយត្រូវ មិនតឹងពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើប ចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយ ព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់ ពិចារណាប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការ ធ្វើ ឋប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាច នាំមកនូវការត្រាស់ដឹងបានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់ដឹង បានឡើយ ។ លុះទ្រង់ពិចារណាហេតុផលដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើ ទុក្ខរៈកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ ។ ព្រះបញ្ចវគិយភិក្ខុឃើញ ដូចនោះក៏គិតគ្នាថា ឪ!.ព្រះសិទ្ធត្ថ គោតមអស់សេចក្តីព្យាយាមហើយព្រះអង្គមិនអាច ត្រាស់ ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នាឈប់តាមបំរើព្រះអង្គទៀត តាំងពីនោះមក ។
ការត្រាស់ដឹង

ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្ត
ប្រតិបត្តិតាម បែប មជ្ឈិមបដិបទាវិញ ព្រះអង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅ ដល់មាត់ស្ទឹងនរញ្ជរា ដ៏មានទឹកថ្លាគួរជាទីស្នាក់អាស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅ ក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យកស្បូវភ្លាំង ដែល សាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គមួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថ ទ្រង់គង់ភ្នែនពែនព្រះបាទ លើ រតនបល្ល័ង្គដោយសុខស្រួលហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គឯងថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអាត្មាអញមិនបានសំរេចការត្រាស់ ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ» ។ ព្រះអង្គទ្រង់ចាប់ផ្តើមចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេច ឈាន ជាលំដាប់ៗ ។ ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាម បណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេងយល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មាន ទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេ មនុស្សម្នាក់ៗមានជំនឿ ថា អ្វីៗដែលជារបស់ មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តា ថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះ ភាវៈខាង គំនិតប្រាជ្ញា ដែលជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។ សេចក្តីទុក្ខប្រភេទនេះ មាន ភាពផ្ទុយស្រលះ និងការពិចារណា ដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រភព ទុក្ខទាំងឡាយពិតជាកើតឡើង ដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវ អវិជ្ជា ហើយរុលចូលជ្រៅទៅ ក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹង ទាំង៥គឺ ៖
• រូបខន្ធ១
• វេទនាខន្ធ១
• សញ្ញាខន្ធ១
• សង្ខារខន្ធ១
• វិញ្ញាណខន្ធ១

ឥលូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ
អនិច្ចំ និង ភាពមិន មែនជារបស់ ខ្លួន អនត្តា គឺចាកលក្ខខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ គ្មានអ្វីអាចកើតឡើង ចំរើនលូតលាស់បានឡើយ ។
ទ្រង់ផ្ចាញ់មារ


ក្នុងពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្លង្គក្រោមពោធិព្រឹក្ស
ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំងបីនាក់គឺ នាងតណ្ហា១ នាងអរតី១ និង នាងរាគា១ មកបញ្ចូលចិត្ត ព្រះសមណគោតម ដើម្បីអោយព្រះអង្គលះបង់ ការស្វែងរកការត្រាស់ដឹងចោល តែព្រះ សមណគោតម ពុំមានការចាប់រម្មណ៏ឡើយ ធ្វើអោយនាងទាំងបីវិនាសអន្តរធានទៅ ។ បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតមមក ក្រុងមារនៅ តែមាន ចិត្តរិស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវ តូច ធំ ទាំងឡាយជាច្រើនអោយមកច្បាំងដណ្តើមយកបល័្លង្គពីព្រះអង្គទៀត ។ មារជិះលើ ដំរីឈ្មោះ គ្រីមេខលា កំពស់១៥០យោជន៍(១យោជន៍មាន១៦ គីឡូម៉ែត្រ) និមិត្តដៃមួយពាន់ កាន់ នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនា ដ៏ច្រើនតាន់តាប់ មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ ៩យោជន៍ ។ ទេវតាទាំងឡាយដែលជាអ្នកថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាឡ បានបញ្ចេញរិទ្ធធ្វើអោយកង ពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗ ខ្លួន។ កងពលមារមួយកងទៀតលើកមកពីទិសឧត្តរ មារាធិរាជ ដែលភ័យញញើតស្រែក ប្រាប់ពលរេហ៍ ថា នែពួកយើង សិទ្ធត្ថ នេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូល មកចំពីមុខ ។ មារចាប់ផ្លែងសអោយកើត ជាខ្យល់ព្យុះដែលមានកំលាំងបោកបក់ភ្នំអោយ រលំបាន តែខ្យល់នោះ មិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះអង្គបន្តិចឡើយ មារបង្កើតអោយមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះ មិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់ អាវុធ១ពាន់ចូលទៅជិតព្រះអង្គស្រែកគំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះ ភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះ សមណគោតម ទ្រង់ត្រាស់ពោលទៅកាន់មារវិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមី ទេតើ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ» ។ ក្រុងមាររិតតែខឹងខ្លាំង ឡើង ហើយក៏គ្រវែងចក្រាវុធ ដ៏មានមុខស្រួចសំដៅព្រះអង្គ ចក្រាវុធនោះក៏ក្លាយជាពិដាន ការពារព្រះអង្គទៅវិញ ឯក្រុមពលរេ ដែលដកភ្នំគ្រវែងមកលើ ព្រះអង្គពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជាព្រះអង្គទៅវិញ។ ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់ យកឈ្នះលើព្រះអង្គបាន មារសំលុតព្រះអង្គថា តើព្រះអង្គមានភស្តុតាង គុណធម៌អ្វីជា អាង ។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ ព្រះអង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ ប៉ុណ្ណោះ ទ្រង់ព្រះចិន្តា ដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ រតនបល្ល័ង្គនេះជា របស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយតបដោយខែងរែងថា «ពលរេហ៍យើង ទាំងអស់នេះ ជាបន្ទាល់» ចុះសិទ្ធត្ថអែងវិញ មានអ្វីជាសាក្សី ។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុលព្រះធរណី និងអំពាវនាវប្រាប់ធរណី អោយជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សី របស់យើង ។ មុទ្រ រឺកាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណី ធ្វើជាសាក្សី» គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើង ទទួល ខ្លួនជាសាក្សីបន្ទល់ ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្ត ពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុត ជង្គង់ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយក ដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏មហាមារអស់ជាច្រើន ។ មហាមារ ឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិត្រមហាបុរស អ្នកជាអ្នក មានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព» ។ ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើម ពោធិព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះ ។ មកដល់ដើម ពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធ នាងត្រេកអរប្រកបដោយ សទ្ធាជ្រះថ្លា ជាក្រៃពេក ហើយបានថ្វាយ មធុបាយះ ឮដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ ពូតមធុបាយះជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុង គង្គារ ដែលលិចទៅ ប៉ះទង្គិចភាជន៍មាសនៃព្រះពុទ្ធអង្គមុនៗ ធ្វើអោយនាគរាជដែលកំពុង ដេកលក់ភ្ញាក់ឡើង ហើយប្រកាសថា ឳ! មានព្រះពុទ្ធត្រាស់ដឹងមួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា ។
បឋមទេសនា


ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់ តថាគតអញនេះ រមែងមិន
ញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយ តថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់ សត្វលោកដោយប្រការយ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្ម ទ្រង់ចូលគាល់ ព្រះសាស្តាអោនសិរសីលើកដៃបង្គំ អារាធនាអោយព្រះអង្គទ្រង់ប្រោសប្រណីដល់ សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោលយល់ព្រមទទួលសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណា តាំងពីពេលនោះមក ។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃឥសីបបន មិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបានឃើញព្រះពុទ្ធទ្រង់យាងមក ពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡាយចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់ សេចក្តី ព្យាយាមរលីងហើយនោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែល ព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្ត ព្រះតថាគត ដោយ ជ្រះថ្លាក្រៃលែងទៅវិញ ។ ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសបញ្ចវគីយ៍បានសំរេច សោតាបត្តមគ្គក្នុងគ្រានោះឯង ។ តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គហើយ បានសំរេចមគ្គផលទៅតាមការគួររៀងៗខ្លួន ។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បិតា និង ព្រះនាងពិម្ពាយ ជាព្រះជយា ។ ព្រះនាង ពិម្ពា ទ្រង់បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់បិតា ព្រះពុទ្ធក៏ ទ្រង់បំបួស រាហុល ជាសាមេណរតាំងពីពេលនោះមក ។
ពុទ្ធកិច្ច

ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៣៥វស្សាគឺ៖

• នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត ។
• នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន ។
• នៅពេលព្រលប់ ទ្រង់ប្រទានអោវាទដល់ភិក្ខុសង្ឃទាំងឡាយ ។
• នៅពេលកណ្តាលអទ្រាត ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ ។
• នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វដែលមាននិស្ស័យ និងឥតនិស្ស័យ ។

ដាក់ព្រះអាយុសង្ខារ

ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើត
ពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដាក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វាន ក្នុងរយៈ ពេលបីខែទៀត ។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិសេសគឺ ព្រះអានន្ទ ជាអ្នកបំរើ ព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោកស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គចូលបរិនិពា្វនឡើយ ។
បរិនិពា្វន

ក្រោយពេលដាក់​ព្រះជន្ម​រួចហើយព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាត
គ្រប់ទិសទី ហើយនៅទី បំផុត ព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ ព្រៃសាលវន្ត ហើយ ទ្រង់ត្រាស់អោយអានន្ទ រៀបកន្លែងថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុ ទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយា មិនប្រមាថចុះ» ព្រះពុទ្ធទ្រង់ មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ ។ ព្រះពុទ្ធចូលបរិនិពា្វន នៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ឆ្នាំ ។

រួបរួមដោយភិក្ខុ ថាច់សំណាង

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក