Social Icons

19 October 2010

ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា

១. អារ្យធម៌ដែនជម្ពូទ្វីប

តាំងពី ២៦០០-១៥០០ឆ្នាំ មុនគ្រឹះសក្ករាជ ឬ (២០០០ដល់៩០០ឆ្នាំមុនពុទ្ធសក្ករាជ)
នាយុគអារ្យធម៌សណ្ដទន្លេសិន្ធុ ( Indus civilization ឬហៅថា Harappan civilization )មានការ​ គាស់ឃើញបូរាណស្ថានសំខាន់មួយនៅ Mohenjo Daro ភាគឦសាននៃក្រុងការាចី​ប្រទេស​បាកី​ស្ថាន​​​​និង Harappa ចម្ងាយពីកន្លែងដើមប្រមាណ ៥០ម៉ៃល៍ ជាអារ្យធម៌មានចំណាស់ជាងគេ​ក្នុង​ភូមិ​ភាគអា​ស៊ីខាងត្បូង នៃយុគស្ពាន់សំរឹទ្ធ (Bronze Age) ជាកម្លុងពេលជាមួយគ្នានៃអារ្យធម៌​អេហ្សីប​បូរាណ អារ្យធម៌​សោប៉ូតេនៀ​ និងអារ្យធម៌មិនូអ័ននៃកោះក្រេត​ (Crete) ។
អារ្យធម៌នាសម័យនេះមានការរីកចម្រើនឃ្លាំងណាស់ ទីក្រុងដែលមានការរចនាប្ល៉ង់ដ៏​ឆ្នើម ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ចេះសរសេរអក្សរ មានមាត្រា ថ្លឹង រង្វាស់ រង្វាល់ មានការគោរពបូជាព្រះអាទិទេពដែលមានលក្ខណៈប្រហែលគ្នានិងការគោរពព្រះសិវៈនាសម័យក្រោយមក ។ អា​រ្យ​ធម៌នេះបានពង្រីកខ្លួនយ៉ាងទូលំទូលាយ ភាគខាងលិចដល់ជាយដែនឥរ៉ង (Iran) ខាងជើងទៅដល់​អាហ្វហ្គានិស្ថាន (Afghanistan) ខាងកើតមកដល់ទីក្រុងដេលី (Delhi) បច្ចុប្បន្ន ។
តាំងពី ១៥០០ ដល់​ ១២០០ មុនគ.ស. (៩០០-៦០០ឆ្នាំ មុន ព.ស.) កុលសម្ពន្ធអារិយ័ន (អារិយកៈ) បានដណ្ដើមយកដំបន់ខ្ពង់រាបរបស់ឥរ៉ង (Iran) ឬប៉ើសៀ (Persia) ហើយ ចូលមករុករាន​គម្រប់​​គ្រង​រហូតដល់​ឆ្នេរ សមុទ្ទ្រគង្គារ​ ព្រមទាំងនាំសាសនាព្រាហ្មណ៍ ភាសាសំស្ក្រឹតនិងរបបវណ្ណៈ​មកជាមួយផង អារ្យធម៌ចាប់ផ្ដើមឈានមកដល់យុគលោហៈ ។
សម័យពុទ្ធកាល
ជម្ពូទ្វីបនិងព្រះពុទ្ធសាសនា

Ø អាណាខែត្រក្នុងជម្ពូទ្វីប
៦២៣ ឆ្នាំមុនគ.ស. ជម្ពូទ្វីបចែកចេញជា ១៦ខែត្រដែន (សោឡស មហាជនបទ) រាប់ពីទិស​បូព៌ា​ទៅ​​ដល់​ទិស​​ពាយ័ព្យ គឺ អង្គៈ មគធៈ កាសី កោសល វជ្ជី មល្លៈ ចេតី​ វង្សៈ កុរុ បញ្ចាលៈ មច្ឆៈ សុរសេនៈ អស្សកៈ អវន្តី គន្ធារៈ កម្ពោជៈ (ជួនកាលកម្ពោជៈ ប្រើគួបផ្សំជាមួយយោនៈទៅជា យោនក្កម្ពោជៈ)
ទាំង​១៦ ដែននេះ ដែនខ្លះសាបសូន្យអន់ថយអំណាច ដែនខ្លះរុងរឿងមានអំណាចឡើង ជាពិសេស គឺដែនមគធៈ ។

Ø ប្រសូតិ ត្រាស់ដឹង ផ្សព្វផ្សាយសាសនា

៨០ ឆ្នាំម.ព.ស.(៦២៣ ម.គ.ស. (ម.គ.ស.=មុនគ្រឹះសក្ករាជ )ឬ បរទេសពោលថា ៥៦៣ ម.គ.ស.) ព្រះសិទ្ថត្ថរាជកុមារ រាជឱរសរបស់ព្រះបាទសិទ្ធោទនៈនិងព្រះនាងសិរីមហាមាយានៃសក្យ​ត្រកូលបានប្រសូតិ នាព្រៃលុម្ពិនីចន្លោះនគរទាំងពី គឺកបិលព័ស្ថុនិងទេវទហៈ ក្រោយពីប្រសូតិបាន​៧ថ្ងៃព្រះពុទ្ធមាតាទ្រង់សោយវិលាល័យ ។
៥១ ​ឆ្នាំ ម.ព.ស. (៥៩៤ ម.គ.ស.) ព្រះរាជកុមារចេញទ្រង់ព្រះផ្នួស (មហាភិនិស្ក្រម) ក្នងព្រះជន្មាយុ ២៩​ព្រះវស្សា នា​ស្ទឹងអនោមានទី ។
៤៥ ឆ្នាំម.ព.ស. (៥៨៨ ម.គ.ស.) នាថ្ងៃពេញបូណ៌មីខែវិសាខ ព្រះសិទ្ធត្ថរាជកុមារ ទ្រង់បាន​ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ជាព្រះពុទ្ធជាម្ចាស់ នៅក្រោមដើមពោធិក្បែរឆ្នេស្ទឹងនេរញ្ជ​រា ស្រុកឧរុវេលសេនានិគម (បច្ចុប្បន្នហៅថា ពុទ្ធគយា) ​ដែនមគធ ក្នុងព្រះជន្មាយុ ៣៥ព្រះវស្សា ។
២ ខែក្រោយមក នៅថ្ងៃពេញបូណ៌មីខែអាសាធ ព្រះពុទ្ធអង្គទ្រង់សម្ដែងបឋមទេសនា ធម្មចក្កប្បវត្តនសូត្រ ប្រោសបញ្ចវគ្គី នាព្រៃឥសិបត្តនមិគ្គទាយវ័នក្រុងពារាណសី ។
នៅក្នុងព្រៃនោះក្រោយមកមិនយូរ ក្រៅពីមានយសកុលបុត្តម្នាក់និងសំឡាញ់ ៥៤ នាក់​ទៀត​ចេញបួសហើយនៅមានព្រះអរហន្តកើតឡើងក្នុងលោកទៀតផង ទើបព្រះអង្គទ្រង់បញ្ជូនចេញទៅ​ផ្សព្វផ្សាយព្រះពុទ្ធសាសនាដោយព្រះតម្រាស់ថា “ចរថ ភិក្ខវេ ចារិកំ ពហុជនហិតាយ ពហុជនសុខា​យ លោកានុកម្បាយ” ប្រែថា “ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរចារិកទៅកាន់ទីទាំងពួង​ដើម្បី​​ប្រយោជន៍ ដើម្បីសេចក្ដីសុខ និងដើម្បីអនុគ្រោះដល់សត្វលោកចុះ”

Ø ប្រតិស្ថានព្រះពុទ្ធសាសនានាមគធនគរ

បន្ទាប់ពីបានត្រាស់ដឹងបាន ៩ខែ ក្រោយពីប្រោសបញ្ចវគ្គីនាព្រៃឥសិបត្តនមិគ្គទាយវ័ន ទីក្រុងពារាណសីរួចហើយ ព្រះអង្គទ្រង់ធ្វើដំណើរទៅកាន់ក្រុងរាជគ្រឹះ ដើម្បីប្រោសជដិលបីនាក់​បងប្អូនរួមបរិវារ ១០០០ នាក់ ឯគយាសីសៈប្រទេស ហើយស្ដេចនិមន្តទៅប្រោសព្រះបាទពិម្ពិសារ ជាមួយរាជបរិពារ ក្រោយមកព្រះបាទពិម្ពិសារទ្រង់បានប្រគេនវត្តវេឡុវ័ន ជាអារាមមុន​ដំបូង​បំផុត​ក្នុង​ព្រះពុទ្ធសាសនា ។
ទ្រង់បំពេញពុទ្ធកិច្ចដើម្បីប្រតិស្ថានព្រះពុទ្ធសាសនាក្នុងដែនមគធៈ ទ្រង់ទទួលបាននូវ​អគ្គសាវកពីរអង្គគឺ ព្រះសារីបុត្រនិងព្រះមហាមោគ្គលាន (អតីតជាបរិពាជកឈ្មោះ ឧបតិសៈនិង​កោលិតៈ ) ព្រមទាំងបរិវារ ២៥០នាក់ទៀត ។
បន្ទាប់ពីព្រះសារីបុត្តបានបន្លុះព្រះអរហត្តផល លុះដល់ថ្ងៃពេញបូណ៌មីខែមាឃ ព្រះពុទ្ធ​អង្គ ទ្រង់ជំនុំព្រះអរហន្ត ១២៥០ អង្គ សម្ដែងឱវាទបាដិមោក្ខ ហៅថា ចតុរង្គសន្និបាត ។
លុះដល់ឆ្នាំទី ៣ នៃពុទ្ធកិច្ច អនាថបណ្ឌិកសេដ្ឋីបានថ្វាយខ្លួនជាឧបាសក មានបសាទសទ្ធា​ក្នុងព្រះពុទ្ធសាសនា បានសាងវត្តជេតពនប្រគេនព្រះពុទ្ធជាម្ចាស់ នៅក្រុងសាវត្ថីដែនកោសល ជាអារាមដែលព្រះពុទ្ធជាម្ចាស់ទ្រង់ប្រថាប់គង់នៅច្រើនជាងគេបង្អស់ ប្រមាណ ១៩ព្រះវស្សា ។ បន្ទាប់មក គឺវត្តបុព្វរាមក្រុងសាវត្ថីដែល សាងថ្វាយដោយនាងវិសាខាមហាឧបាសិកា ទ្រង់ចាំវស្សា​៦ ព្រះវស្សា ។

Ø ពុទ្ធកិច្ច ៤៥ ព្រះវស្សា

អស់កាល ៤៥ព្រះវស្សាព្រះពុទ្ធអង្គស្ដេចនិមន្តទៅចាំព្រះវស្សា ក្នុងទីផ្សេង ៗ ព្រមទាំងមាន​ហេតុការណ៍សំខាន់ ៗ មួយចំនួន ដែលកត់សំគាល់ដូចតទៅនេះ
· វស្សាទី ១ ព្រៃឥសិបត្តនមិគ្គទាយវ័ន ក្បែរក្រុងពារាណសី ប្រោសបញ្ចវគ្គី ។
· វស្សាទី ២-៣-៤ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ (រយៈពេលប្រកាសព្រះសាសនា ចាប់ផ្ដើម​តាំងពីប្រោសព្រះបាទពិម្ពិសារ បានអគ្គសាវក ។ល។ ស្ដេចនិមន្តទៅកាន់នគរកបិល​ព័ស្ថុលើកដំបូង ។ល។ អនាថបិណ្ឌិកសេដ្ឋីថ្វាយខ្លួនជាឧបាសកសាងវត្តជេតពន ។ តែ​បើគិតតាម ព្រះវិន័យបិដក វស្សាទី ៣ប្រហែលជាទ្រង់ចាំវស្សានៅវត្តជេតពនក្រុង​សាវត្ថី ។
· វស្សាទី ៥ កូដាគារ ក្នុងព្រៃមហាវនក្រុងវេសាលី (ប្រោសព្រះពុទ្ធបិតាដែលចូលកាន់​និព្វាននៅក្រុងកបិលព័ស្ថុ ប្រោសព្រះញាតិដែលវិវាទគ្នារឿងស្ទឹងរោហិណី និងព្រះ​នាងមហាបជាបតិគោតមី ចេញសាងផ្នូសបួសជាភិក្ខុនីមុនគេបង្អស់) ។
· វស្សាទី ៦ មកុលបព៌ត (ហើយក្រោយមកទ្រង់សម្ដែងយមកប្បដិហារិយ៍នា​ក្រុងសាវត្ថី) ។
· វស្សាទី ៧​ ស្ថានតាវតិង្ស សម្ដែងព្រះអភិធម្មទេសនាប្រោសពុទ្ធមាតា ។
· វស្សាទី ៨ ភេសកលាវ័ន ក្បែរក្រុងសុង្សុមារគិរី ដែនភគ្គៈ ទ្រង់បានជួបនឹងនកុលបិតា​និងនកុលមាតា ។
· វស្សាទី ៩ ឃោសិតារាម ក្រុងកោសម្ពី ។
· វស្សាទី ១០ ព្រៃបាលិលយកៈ ក្បែរក្រុងកោសម្ពី (ពេលភិក្ខុកើតវិវាទគ្នា) ។
· វស្សាទី ១១ ឯកនាលា ព្រាហ្មណគាម ។
· វស្សាទី ១២ ស្រុកវេរញ្ជា ។
· វស្សាទី ១៣ ចាលិយបព៌ត ។
· វស្សាទី ១៤ វត្តជេតពន ព្រះរាហុលទទួលឧបសម្បទា ។
· វស្សាទី ១៥ និគ្រោធារាម នគរកបិលព័ស្ថុ ។
· វស្សាទី ១៦ ទីក្រុងអាឡវី ទ្រង់ធ្វើទុក្ករកម្មចំពោះអាឡវកយ័ក្ស ។
· វស្សាទី ១៧ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ ។
· វស្សាទី ១៨-១៩ ចាលិយបព៌ត ។
· វស្សាទី ២០ វត្តវេឡុវ័ន ក្រុងរាជគ្រឺះ ទ្រង់ប្រោសអង្គុលិមារ និងទ្រង់តែងតាំងព្រះអា​នន្ទ​ ធ្វើជាពុទ្ធុប្បដ្ឋាក ។
· វស្សាទី ២១ -៤៥ ទ្រង់គង់ផ្លាស់ប្ដូរគ្នារវាង វត្តជេតពន និងវត្តបុព្វារាម ទីក្រុងសាវត្ថី រួមទាំងមុនទាំងក្រោយអត្ថកថា ពោលថា ព្រះពុទ្ធជាម្ចាស់ទ្រង់គង់នៅវត្តជេតវនារាម​១៩ ព្រះវស្សា និងវត្តបុព្វារាម ៦ ព្រះវស្សា ។
· វស្សាទី ៤៥ ទ្រង់គង់នៅវេឡុវគាម ក្បែរក្រុងវេសាលី ។

Ø ពុទ្ធកិច្ចប្រចាំថ្ងៃ

ក្រៅអំពីការទ្រង់ចាំវស្សាទាំង ៤៥ឆ្នាំ តាមវត្តនានាហើយ ព្រះអត្ថកថាចារ្យនៅបានរួបរួមពុទ្ធ​កិច្ចប្រចាំថ្ងៃរបស់ព្រះអង្គថែមទៀត ហៅថា ពុទ្ធកិច្ចប្រចាំថ្ងៃមាន ៥ គឺ
๑. បុព្វណ្ហេ បិណ្ឌបាតញ្ច ពេលព្រឹកទ្រង់បិណ្ឌបាត
๒. សាយណ្ហេ ធម្មទេសនំ ពេលរសៀលទ្រង់សម្ដែងព្រះធម៌ទេសនា
๓. បទោសេ ភិក្ខុឱវាទំ ពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុ
๔. អឌ្ឍរត្តេ ទេវបញ្ហានំ កណ្ដាលអាធ្រាតទ្រង់ដោះស្រ័យប្រស្នាពពួកទេវាតា
๕. បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកានំ ទៀបភ្លឺទ្រង់ប្រមើលមើលនូវវេនេយ្យសត្វ ។
ឯតេ បញ្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្គវោ ​ព្រះពុទ្ធមុនីដ៏ប្រសើរ ទ្រង់ញ៉ាំង​ពុទ្ធកិច្ចទាំង​ប្រាំ​នេះឲ្យសម្រេចហ្មត់ចត់ដោយបរិបូណ៌ពិត ។

Ø គំរូសង្គាយនា និងបច្ឆិមពុទ្ធវចនៈ


ឆ្នាំ ៥២​៧ ម.គ.ស. (តាមបស្ចឹមប្រទេស) មហាវីរៈ (និគ្រន្ថនាដបុត្រ) សាស្ដាជេន/ជិនៈ អស់​ព្រះជន្ម សាវកក៏កើតវិវាទទោះទែងគ្នាអំពីពាក្យប្រៀនប្រដៅរបស់សាស្ដាខ្លួន ជាហេតុនាំឲ្យ ព្រះពុទ្ធ​ជាម្ចាស់ទ្រង់ប្រារព្ភ ណែនាំឲ្យមានការសង្គាយនាព្រះធម៌វិន័យឡើង ហើយមានគ្រាមួយព្រះសារី​បុត្របានសម្ដែងសង្គីតិសូត្រទុកជាគំរូនៃការធ្វើសង្គាយនា ។
១ ឆ្នាំ ម.ព.ស.(=៥៤៣ ម.គ.ស.ខ្លះថា៤៨៣ម.គ.ស.) នាថ្ងៃពេញបូណ៌ខែវិសាខ ក្រោយពីបំពេញពុទ្ធ​កិច្ច ៤៥ ព្រះវស្សារួច ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះជន្មាយុ ៨០ព្រះវស្សា ព្រះអង្គ​ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ក្រោមដើមរាំងទាំងគូ ក្រុងកុសិណារា ។
បច្ឆិមពុទ្ធវចនៈ “...ខយវយធម្មា សង្ខារា អប្បមាទេន សម្បទេថ សង្ខារធម៌ទាំងឡាយមាន​កិរិយាអស់ទៅនិងសូន្យទៅជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យដល់ព្រមដោយសេចក្ដីមិន​ប្រមាទចុះ” ។



ប្រែសម្រួលដោយភិក្ខុ សញ្ជាតវិរិយោ ចាកកាលានុក្រមរបស់ព្រះតេព្រះគុណព្រះព្រហ្មគុណាភណ៌

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក