Social Icons

13 October 2010

បណ្ដាំចុងក្រោយ

បណ្ដាំចុងក្រោយ
ឆ្លៀតពេលក្នុងពិធីបុណ្យសម្ពោធ (ថេរសភា) ត្រូវនឹងថ្ងៃចន្ទ មួយរោចខែផល្គុន ព.ស.២៥១៦ គ.ស.១៩៧៣។
ភិក្ខុ កេសរវិនយោ មហាត្រឹងយន់ នាទីចៅអាវាសវត្តនោះ មានវត្ថុបំណង​ រៀបរៀងជា​សៀវភៅ​មួយ​ឲ្យឈ្មោះថា “ឱវាទចុងក្រោយនៃព្រះសមណគោតម” ដើម្បីចែកជាធម្មទាន​ក្នុងពិធីបុណ្យ​នោះផង ។
ខ្ញុំមានភារកិច្ចច្រើន, ទាំងសុខភាពមិនបរិបូណ៌ទៀតផង ទោះបីយ៉ាងនេះក៏ដោយ ការរៀបចំ​អត្ថបទតាមសមត្ថភាពដែលខ្លួនបានចេះដឹងបន្តិចបន្តួច ទុកជាទិដ្ឋានុគតិដល់ពុទ្ធបរិស័ទខ្មែរ ។ ត្បិតបូរាណបានផ្ដាំយើងថា “កុំចាំថ្ងៃស្អែក, ធ្វើអ្វីធ្វើឲ្យហើយ”។ ព្រះពុទ្ធបរមគ្រូបានបង្រៀនយើងថា ៖ កុំអាងហេតុ ៦​យ៉ាងគឺ ៖
១.ព្រឹកណាស់
២.ល្ងាចណាស់
៣.ស្រេកណាស់
៤. ឃ្លានណាស់
៥. ក្ដៅណាស់
៦. ត្រជាក់ណាស់
ព្រះបរមគ្រូទ្រង់រំឭកតទៅទៀតថា
“វិរិយេន ទុក្ខមច្ចេតិ “ចង់រួចចាកទុក្ខ​ត្រូវព្យាយាម”​​ ចំពោះការងារគ្រប់ចំពូក។
ភាសិតសម័យវិទ្យាសាស្ត្រថា “ខំស៊ូចំពោះធម្មជាតិ,..ក្ដៅ,ត្រជាក់,ឈឺចាប់”កុំទម្រន់ខ្លួន។
“តស៊ូចំពោះបុគ្គលដែលមានទ្រឹស្តី និងប្រាកដនិយម ផ្ទុយពីសាធារណច្រយោជន៍ នៃ​ពុទ្ធបរិស័ទ​ភាគច្រើន (គិតតែអត្តទត្ថប្រយោជន៍) ឯការតស៊ូចំពោះធម្មជាតិក្ដី ចំពោះបុគ្គលក្ដី, ទោះបី​ដំណើរ​តស៊ូនោះជួបគ្រោះថ្នាក់ដល់ស្លាប់រស់ វេទនា រាប់រយជំពូក គង់តែបានប្រវត្តិសាស្ត្រ​ចារឈ្មោះ​លើក្រាំងមាសមិនខាន, បើមិនដល់ថ្នាក់នោះទេ ក៏ត្រូវបាននាមាភិធេយ្យដ៏ត្រចះត្រចង់ថា “កូនប្រុសឪ”។
ហេតុនេះ ខ្ញុំខិតខំស្រាវជ្រាវពិនត្យពីច្ច័យ អំពីព្រឹត្តិកាណ៍ជិតឆ្ងាយ ពិសេសបញ្ហាជុំវិញខ្លួន​យើង និងពុទ្ធបរិស័ទរួម ព្រោះឆាកនយោបាយសកលកំពុងអន្ទោកអន្ទោល នាំឲ្យឧត្តមគតិរបស់​មនុស្ស​លោកផ្កាប់ផ្ងារ អណ្ដែតអណ្ដូង តាមចរន្តលទ្ធិរៀងខ្លួន ក្នុងដំណើរនោះ មានបរិស័ទ​យើងខ្លះ,​ រៀបជ្រុល,កំពូងជ្រុល, និងជ្រុលក្បាលក្រពើទៅតាមមនោគមវិជ្ជា បរទេសផ្លូវលោក ក្រែលណាស់ទៅហើយ រហូតដល់ឪនិងកូន គ្រូនិងសិស្ស មិនសូវស្ដាប់គ្នា ឬក៏​មិនចុះសម្រុងគ្នាសោះ ព្រោះ​សតិអារម្មណ៍របស់មនុស្សសម័យនេះ ជឿបុណ្យបាប គុណទោស ។ល។ មានភាគតិច​ណាស់​ ។ ខ្ញុំតាមដានស្រាវជ្រាវដោយគំនិតឯកជនឃើញមានគុណវិបត្តិ ៣ យ៉ាងគឺ ៖
១. ឪពុកម្ដាយខ្លះការអប់រំសុជីវធម៌ និងសីលធម៌លើបុត្រធីតា ដែលជ្រុលបំផុតត្រង់ប្រគល់​កូន​ប្រុសស្រី តាំងពីតូចឲ្យចូលទៅរៀនអក្សរនិងភាសាបរទេស មុននឹងអប់រំក្នុងគ្រួសារផ្ទាល់ ឯសាលារៀននោះច្រើនប៉ះចំលើលោកគ្រូនិងអ្នកគ្រូខ្លះប្រឆាំងចំពោះសាសនា លោកគ្រូខ្លះ​គ្មាន​សាសនាតែម្ដង។
២. ឪពុកម្ដាយខ្លះមិនព្រមឲ្យកូនខ្មែរ និយាយខ្មែរ ខ្លាចថោក ពិសេសទៀតចង់ឲ្យកូន​ប្រឡង​ជាប់​ធ្វើតន្ត្រី អុងអាង ។ល។ នេះគេហៅថា “ចាស់នាំក្មេងខូច ឬ ក៏ក្មេងខូចមកពីចាស់” ខ្លះទៀត​ខូចជ្រុលណាស់ រហូតដល់ហ៊ានផ្លាស់គោត្តនិងនាម ឲ្យក្លាយទៅជាឈ្មោះបរទេស ឲ្យត្រូវនិងអក្សរបរទេស ដើម្បីដូរយកងារស័ក្តិផ្ទាល់ខ្លួន ។
៣. ឪពុកម្ដាយខ្លះខំអប់រំកូនចៅប្រុសស្រីដែរតែកូនមិនព្រមទទូលសារភាពយកការទូន្មានពី​ឪពុក​ម្ដាយសោះដោយជ្រុលជាប់កៀកស្អិតញ៉ាំញ៉ៀនដោះដៃមិនរួច “អវជាតបុត្ត”។
ខ្ញុំបារម្ភណាស់ ! ត្រង់ខ្មែរមិនចេះនិយាយខ្មែរ មិនព្រមរៀនអក្សរខ្មែរ! មិនព្រមទទួល​ស្គាល់​ទំនៀមទម្លាប់ខ្មែរ ថែមទាំងមិនដឹង ។ មិនជឿថា៖ ជាតិខ្មែរមានប្រពៃណី មានវប្បធម៌ និងអារយធម៌​ដ៏ខ្ពង់ខ្ពស់ ហើយជាជាតិមានប្រវត្តិសាស្ត្រ ចម្បងជាងគេ ផ្នែកខាងអាស៊ីអាគ្នេយ៍យើងនេះ ។ ខ្មែររបៀបនេះ លង់ទ្រនេសហ៊ានជេរ ហ៊ានពេបជ្រាយជាតិខ្លួនទៅហើយខ្មែរនេះ, ចាស់ទុំច្រើន​ដំណាលថា “តម្រិះជិះកេង “ ប្រសិនណាបើគេយកខ្មែរភ្លេចជាតិខ្មែរនោះប្រើការវិញ, ប្រើក្នុងឋានៈជាកល្បិចគៀបកគៀបខ្លួន ប៉ុណ្ណោះ ឬ ដើម្បីជាថ្នាក់សម្រាប់រងាវដង្ហោយ​ហៅឲ្យជាបាវព្រាវគេតែប៉ុណ្ណោះឯង ។
ខ្មែរមួយបែបទៀត ត្រឹមតែ “ខ្ញុំព្រះបាទម្ចាស់ ៗ “ ត្រូវហើយៗ (ល្អហើយៗ)(ស្រួលហើយៗ)។
ខ្មែរនេះបូរាណហៅថា (ក្រុមទ្រជើងពាន) សម័យសក្តិភូមិ ។ខ្មែរមួយក្រុមទៀត បម្រើនាយ​ចៅហ្វាយឆាបទាន់ចិត្តផ្នែកខាងអបាយមុខ ដូចជាដើររកស្រី,ស្រាជូនម្ចាស់ញយ ៗ តម្រូវ​តាម​កិលេស​តណ្ហា សម្រាប់យួរកញ្ឆែ កំប្រោង កាកតាបតាមម្ចាស់ ដែលមានចរិតខិលខូចក្នុង​ខ្លួន ខ្មែរនេះ បូរាណលោកហៅថា (ក្រុមអាថោង អាម៉ី) រឿងខុនឆាងទាត់សី។
ខ្មែរមួយបែបទៀត ដើរចាក់រុកអុចអាល ទូលទាស់ បង្កាច់បង្កិន សជាខ្មៅ បាតដៃជាខ្នងដៃ ជួបមុខល្អ កំបាំងមុខដើរជេរ ស្ដីដើម ធ្វើឲ្យអ្នកដទៃ ទុក្ខវេទនាដោយសារខ្លួន ខ្មែរនេះបូរាណហៅថា (ក្រុមទូលទាស់) ចង់បានគាប់គួរពីនាយចៅហ្វាយ ។
ខ្មែរមួយបែបទៀត ធ្វើជាខ្ញុំនាយចៅហ្វាយដែរ, ប៉ុន្តែជាមនុស្ស មានគំនិតថ្លៃថ្នូរ, មានឧត្តមគតិ​ជ្រៅជ្រះ ស្គាល់ផលប្រយោជន៍រួម , រកសុចរិតយុត្តិធម៌ជូនសាធារណជន, ដឹងច្បាស់ជាតិសាសនា មិនងាករេក្នុងខួរក្បាលនេះបូរាណហៅថា (ក្រុមគំនិតជាតិ) មានគំនិតជាតិនៅក្នុងខ្លួន ។
មានខ្មែរមួយបែបទៀត គ្រាន់តែថយពីភូមិកំណើតចំនួន ៥០០​ម៉ែត្រ ទៅនៅទីក្រុងឬផ្សារ​តូច​តាចជិតបង្កើយ ស្រាប់តែលបធ្វើដូចជាភ្លេចនិយាយខ្មែរ រហូតដល់​ថ្នាក់លប​ធ្វើភ្លេចស្គាល់​ផ្កាអង្គាដី, កញ្ឆែត, កំពឹងពួយ រម្យ​ចេក ព្រលឹត ។ល។ ដែលខ្លួនធ្លាប់​អាស្រ័យជាមួយប្រហុករាល់ថ្ងៃនៅ​ស្រុក​ស្រែ ហើយជាម្ហូបប្រចាំគ្រួសាររាល់ថ្ងៃដ៏ទៀងទាត់ផង លុះចូលដល់ទីក្រុងត្រូវទឹកម៉ាស៊ីននិង​អគ្គិសនីយ ប្រែខ្លួនភ្លាម លបធ្វើឫកពាក្អេងក្អាង ប្រៀបដូចជាទើបតែចុះមកពីពពកខៀវថ្មី ៗ ។
វោហាបរិយាយនេះ គង់មានជូរចត់ ហឺរប្រៃ ល្វីងខ្លះមិនខាន , តែខ្ញុំយល់ថា ៣០% គង់បាន​ផ្លែផ្កា ជាជម្ងឺចុកផាលដោយសារឱសថនោះពុំខាន។
ព្រះបរមគ្រូទ្រង់ប្រដៅធម៌និងវិន័យដល់ពុទ្ធបរិស័ទ អស់ ៤៥ ព្រះវស្សា ទើបទ្រង់​អស់​ព្រះ​ជន្មាយុ​​សង្ខារ ទ្រង់ជាគ្រូមានបច្ចេកទេសដ៏ប៉ិនប្រសប់មានព្រះកិត្តិនាមដ៏​ល្បីល្បាញ់ ក្នុងការ​ដឹក​នាំ​បរិស័ទ តាមមាគ៌ាសុចរិតយុត្តិធម៌ ព្រះអង្គជាគ្រូត្រាយមុខគ្រប់ឧបសគ្គ ទ្រង់ទេសនា​ប្រាប់យើងថា (មុន​បង្រៀនគេត្រូវបង្រៀនខ្លួនឯងសិន,មុននឹងជួយគេត្រូវជួយខ្លួន​ឯង​សិន,​មុននឹងថា​គេពាល ត្រូវធ្វើខ្លួនឯងឲ្យជាបណ្ឌិតសិន) នេះជាច្បាប់ព្រះបរមគ្រូនៃយើង ដើម្បី​បញ្ជាក់​កុំឲ្យច្រឡំ នឹង​ពាក្យចាស់ទុំដំណាលថា (ហើមលក់ថ្នាំហើម) បានសេចក្ដិថា ៖ “ខ្លួនឯងមិន​ខ្មោចបែរ​ជាទូន្មាន​គេ​ព្រ​ងើយ” ។
ភាសិតទាំងអស់នេះ ទោះពុទ្ធភាសិត ចាស់ទុំភាសិត សម័យវិទ្យាសាស្ត្រភាសិត អត្តនោមតិ​ភាសិត សង្ខេបមកមានគោលបំណងធំតែមួយគឺ ក្រើនរំលឹកជាតិខ្មែរប៉ុណ្ណោះឯង។
ការខុសឆ្គងដោយចេតនាក្ដី អចេតនាក្ដី ប្រយោលក្ដី ផ្ទាល់ក្ដីចំពោះក្ដីមិនចំពោះក្ដីសូម​​បណ្ដិត​ ​​​អស់​លោកអ្នកពុទ្ធបរិស័ទខ្មែរមេត្តាអត់ឱនជួយផ្ដល់យោបល់ថែមព្រោះគំនិតខ្ញុំចង់ឲ្យ “ខ្មែរនៅជាខ្មែរ”ដដែល ៕
ស្ដាយឈើស្ដាយព្រៃចាស់លោកដាំ ទុកជាដំណាំក្នុងអារាម
កាលមានចាស់នៅចាស់លោកហាម អត់ពីចាស់ភ្លាមក្មេងបានដៃ។
ស្ដាយមិនបានដាំចាំតែកាប់ លក់ដូរប្រញាប់យកប្រាក់ចាយ
ចែកគ្នាមិនត្រូវកើតអន្តរាយ ជំនុំសព្វថ្ងៃមិនចេះចប់។

ធ្វើនៅវត្តលាវចន្ទស្សរារាម វត្តដីក្រហម ថ្ងៃសៅរ៍ប្រាំបីកើតខែមាឃ ព.ស.២៥១៦ គ.ស.១៩៧៣
ភិក្ខុ កេសរវិនយោ មហាត្រឹងយន់

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក