Social Icons

19 October 2010

និគមថ្កូវមានវត្តខ្មែរ៤៤

វត្តដែលកើតមានអធិករណ៍ ៣វត្តក្នុងឆ្នាំ៩២នេះ,ដោយឡែកវត្តទក្ខិណានិគ្រោធ(ចុងព្រៃ) ឃុំភឿកហឹងលេចឡើងរឿងរ៉ាវធំដុំបំផុត។ ហេតុដើមព្រះសង្ឃនិងញាតិញោមជើងវត្តបានឯកភាពលក់បាង១, ជើងតាំង៤, និងជើងតាំងខ្ពស់២ទៀត,របស់ទាំងអស់នោះដាំខ្យងមានតម្លៃ។លក់បាន៣០.០០០.០០០ដ (សាមសិបលានដុង)នោះជារបស់វត្តតាំងពីឆ្នាំ១៩៤៧ដល់ឆ្នាំ១៩៩២,គិតជា៤៥ឆ្នាំហើយ។
ប្រាក់៣០០.០០០.០០០ដ,គេដកយក២.០០០.០០០ដុង,ទិញស្រែបាន៥កុងកន្លះ,រួចយកទៅផ្ញើនិងរដ្ឋ២៨.០០០.០០០ដុង,ខេត្តត្រាវិញ,ត្រូវនិងថ្ងៃទី២០/១០/៩០,ប្រាក់នោះបំរុងកសាងព្រះវិហារដែលចាស់ទ្រុឌទ្រោមណាស់ទៅហើយ។រយះដ៏ខ្លីមានមនុស្ស២នាក់ប្តីនិងប្រពន្ធបានធ្វើសំបុត្រប្តឹងចោទប្រកាន់ទារយកប្រាក់វត្តពាក់កណ្តាល,ដោយសំអាងថារបស់នោះជាសម្បត្តិឪពុកម្តាយគេផ្ញើក្នុងវត្ត។ពីរនាក់នោះគឺប្តីឈ្មោះចូវឋាន់ង្វៀង,ប្រពន្ធឈ្មោះឡឹមធីណាំ,ពាក្យក្តីក្តាំចោទប្រកាន់លោកច្រើនយ៉ាង ។ល។
រឿងរ៉ាវនេះវែងអន្លាយពីគីវឡុងមកដល់ខេត្តត្រាវិញ។
លុះថ្ងៃ២៣/៦/៩២ សាលាដំបូងខេត្តត្រាវិញបាននិមន្តនិងអញ្ជើញទៅរួមស្តាប់រឿងរ៉ាវប្រាក់,អស់លោកធំតុលាការចេញអាជ្ញាក្រិត្យក្រមអារកាត់ពុះចែកប្រាក់វត្តឲ្យទៅគេក្រអេះរំលោភភ្នែកស្រស់របៀបកោរមិនដាក់ទឹក។នេះសុចរិត,យុត្តិធម៌ឋិតនៅត្រង់ណា?ព្រះសង្ឃយើងស្តាប់ហើយវាឈឺក្បាល,តឹងទ្រូងលើសជម្ងឺដទៃទៀតមួយរយដង៕
និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដី​ក្រហម
ថ្ងៃព្រហស្បតិ៍ ១ កើតខែបុស្ស ឆ្នាំវកចត្វាស័ក​ ព.ស.២៥៣៦ត្រូវនឹងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ១៩៩២៕

រឿងមនុស្សខ្វាក់ប្រាំមួយនាក់

សម័យថ្ងៃមួយមានព្រះមហាក្សត្រ១អង្គមានប្រាជ្ញាឈ្លាសវៃកើត
អផ្សុកអប្បសាន្តក្នុងព្រះទ័យទ្រង់បានប្រើអាមាត្យឲ្យដើរទៅរកមនុស្សខ្វាក់អំពីកំណើតឲ្យបានប្រាំមួយនាក់ដើម្បីចរចារឿងកំប៉ិកកំប៉ុកលេងក្នុងព្រះបរមរាជវាំង។ ព្រះរាជាបានឲ្យគេយកដំរីស្តមួយមកឈរនៅពីមុខមនុស្សខ្វាក់ទាំងប្រាំមួយនាក់នោះរួចហើយក៏ទ្រង់បង្គាប់ឲ្យស្ទាបដំរីនោះម្នាក់ម្តងៗ ។មនុស្សខ្វាក់ទីមួយស្ទាបចំជើង ក៏និយាយថាដំរីមានរាងដូចសសរផ្ទះ
។ មនុស្សទីពីរស្ទាបចំកន្ទុយក៏និយាយថាដំរីមានរាងដូចអំបោស“បោសផ្ទះ”។ មនុស្សខ្វាក់ទីបីស្ទាបចំស្លឹកត្រចៀកក៏និយាយថាមានរាងដូចចង្អេរអុំ។មនុស្សខ្វាក់ទីបួនស្ទាបចំត្រង់ពោះក៏និយាយថាមានរាងដូចធុងកាវស៊ូ។ មនុស្សខ្វាក់ទីប្រាំស្ទាបចំត្រង់ក្បាលក៏និយាយថាមានរាងដូចពាងដាក់ទឹក។ មនុស្សខ្វាក់ទីប្រាំមូយស្ទាបត្រង់ភ្លុកក៏និយាយថាមានរាងដួចទំពក់រនាស់។ មនុស្សខ្វាក់ទាំងប្រាំមូយនាក់នោះមកអង្គុយពិភាក្សាគ្នាថាតើដំរីមានរូបរាងដូចអ្វីនោះគ្មានអ្នកណាម្នាក់យល់ស្របតាមគំនិតអ្នកណាម្នាក់បានឡើយរហូតដល់កើតជម្លោះទាស់ទែងគ្នាយ៉ាងខ្លាំង៕

ថ្ងៃព្រហស្បតិ៍ ១កើតខែបុស្ស ឆ្នាំវកចត្វាស័ក ព.ស.២៥៣៦
​​ ត្រូវនឹងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ​ ១៩៩២៕

រឿងទេវទត្តបំបែកសង្ឃ

ព្រះសាស្ដាទ្រង់ត្រាស់សួរថា “ម្នាលទេវទត្ត!តថាគតបានឮថាអ្នកខំប្រឹងបំបែកសង្ឃ​ឬ?” ភិក្ខុទេវទត្តបង្គំទូលថា “បពិត្រព្រះអង្គដ៏ចម្រើនរឿងនេះពិតប្រាកដមែន”​ ។​ ព្រះដ៏មាន​ព្រះភាគទ្រង់ត្រាស់ថា “ម្នាលទេវទត្ត!ចូរអ្នកកុំបំបែកសង្ឃយ៉ាងដូច្នេះឡើយត្បិតអីការបំបែក​សង្ឃនេះមានទោសធ្ងន់ណាស់ ។ បើបុគ្គលណាធ្វើការបំបែកសង្ឃដែលកំពុងតែព្រមព្រៀង​គ្នា បុគ្គលនោះរមែងទទួលនូវទុក្ខទោសពៃរ៍ ដ៏អាក្រក់លាមកតាំងនៅអស់កាលមួយកប្បនិង​ឆេះរងកម្មនៅក្នុងឋាននរកមួយកប្បទៀត។
បើបុគ្គលណាធ្វើសង្ឃដែលកំពុងបែកបាក់គ្នាឲ្យព្រមព្រៀងជានានឹងគ្នាវិញ បុគ្គល​នោះរមែងបានសោយនូវបុណ្យក្នុងស្ថានសួគ៌អស់កាលមួយកប្ប ។ ណ្ហើយទេវទត្ត! ចូរអ្នក​កុំ​ចូលចិត្តបំបែកសង្ឃឡើយ ៕

និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដី​ក្រហម ថ្ងៃព្រហស្បតិ៍ ៧ កើតខែបុស្ស ឆ្នាំមមែចត្វាស័ក ព.ស.២៥៤៥ ត្រូវនឹងថ្ងៃទី ៩ មករា គ.ស.២០០២

អត្ថបទពេញនិយម

សមាជិក