Social Icons

19 October 2010

អាល្ងីល្ងើបួននាក់

កាលពីព្រេងនាយមានបុរសបួននាក់ត្រួវគេដាក់ឈ្មោះឲ្យថាអាល្ងីល្ងើបួននាក់ពីព្រោះតែពួក វាល្ងង់រកលេខដាក់គ្មាន។ ថ្ងៃមួយវាបាននាំគ្នាទៅរកអណ្តើកនៅក្នុងព្រៃ។ បន្ទាប់ពីរកមួយកំ​ណាត់​ ថ្ងៃមកពួកវារកបានអណ្តើកប្រាំក្បាល ។ ពេលវានាំគ្នាចែកអណ្តើកគ្នាវាចែកមិនដាច់សោះ យកម្នាក់មួយសល់មួយ យកម្នាក់២ខ្វះបី។មិនដឹងធ្វើម៉េចទេ ចែកអស់ពេលមួយល្ងាចទៀត។ គាប់ជួនចៃដន្យអីមានតាចាស់ម្នាក់បានដើរកាត់ ពួកគេក៏បានអង្វរតានោះជួយកាត់អារឲ្យ​។ ក្រោយពីគាត់បានដឹងរឿងគាត់ក៏បានជួយចែកឲ្យ​ដោយខ្លួនគាត់យកបានអណ្តើកមួយនឹងគេដែរ(យកបានអាធំជាងគេទៀត) ។ អាល្ងីល្ងើបួននាក់សប្បាយចិត្តជាខ្លាំងហើយដោយសារឃើញតាចំនាស់នោះជាមនុស្សឆ្លាត ពួកវាក៏បានសុំទៅនៅរៀនជាមួយតា ។ នៅបានប៉ុន្មានថ្ងៃតាចំនាស់ក៏បានប្រាប់ឲ្យ​អាល្ងីល្ងើទាំងបួននាក់ទៅរកឃ្មុំនៅ ក្នុងព្រៃ។ពេលពួកវាទៅដល់ក្នុងព្រៃអាល្ងីល្ងើទាំងបួននាក់បានឃើញឃ្មុំមួយនៅលើដើមឈើខ្ពស់មួយក្បែរមាត់ទឹក ។ អាល្ងីល្ងើទីមួយរៀបនឹងឡើងយក ស្រាប់តែអាល្ងីល្ងើទីពីរបន្លឺឡើង “វ៉ើយអាខាង ក្រោមនេះជិតស្រួលយកជាងកុំទៅឡើង​យកអាលើដើមឈើខ្ពស់នោះអីឲ្យតែពិបាក“(វាបានចង្អុលទៅ ក្នុងស្រមោលឃ្មុំដែលនៅក្នុងទឹក)។ ឮដូច្នេះអាល្ងីល្ងើទីមួយក៏លោតប្រូងទៅក្នុងទឹកហើយងើបមក វិញហើយនិយាយថា“ឃ្មុំនេះចេះបំបាំងកាយហើយមិនដឹងជាពួកវាប្រើកម្លាំងអីទេរុញអញឡើងមកលើវិញ“ ។ វាបានសាក​ជាច្រើនដងតែមិនបានសំរេច ។ ក្រោយពីគិតគ្នាមួយសន្ទុះមកពួកវាក៏បានសំរេចចិត្តចងខ្លួនពួកវានឹងដុំថ្មទាំងបីនាក់រួចលោតចុះទៅក្នុងទឹកដោយទុកអោយអាល្ងីល្ងើទីបួននៅ ចាំមើលស្ថានការណ៍ ។ អង្គុយចាំអស់បីថ្ងៃបីយប់នៅតែមិនឃើញសំឡាញ់វាត្រលប់មកវិញ ។ និយាយពីតាចំនាស់ដោយបាត់អាល្ងីល្ងើទាំងបួននាក់យូរពេក គាត់ក៏ដើរមករកពួកវានៅក្នុងព្រៃ ស្រាប់តែឃើញអាល្ងីល្ងើទីបួននៅអង្គុយម្នាក់ឯងហើយក៏សួររកគ្នាវាដ៏ទៃទៀត ។ វាក៏ឆ្លើយថា ”ពួកវា ចុះទៅយកឃ្មុំ” ចៃដន្យអីស្រាប់តែសាកសពទាំងបីនាក់នោះអណ្តែតឡើងមក។ វាក៏ភ្លាត់មាត់ស្រែក​ឡើងថា“នោះពួកវាត្រឡប់មកវិញហើយហាស់ហ៎ះហា៎!!!“ តាចំនាស់ហួសចិត្តរួចក៏បានពន្យល់វាថា “តែពេលណាហើមស្អុយអ៊ីចឹងបានន័យថាស្លាប់ហើយ” យល់អ៊ីចឹងហើយវាក៏បានសុំតាចំនាស់នោះ ទៅដើរផ្សងព្រេងនៅកន្លែងដ៏ទៃទៀតវិញ ។ ក្រោយពីធ្វើដំណើរហត់អស់មួយព្រឹកមកវាក៏អង្គុយ ឈប់សម្រាកក្រោមដើមឈើមួយ ។ ចៃដន្យអីស្រាប់តែវាលេចផោមធំក្លិនស្អុយមែនទែន ។​ ក្រោយ​ពីពិចារណាមួយសន្ទុះពីសំដីចុងក្រោយដែលតាចំនាស់បានប្រាប់វាមកវាក៏ស្រែកឡើងថា“ពុទ្ធោខ្ញុំស្អុយអ៊ីចឹងខ្ញុំពិតជាស្លាប់ហើយ ។ “ ហើយវាក៏ទៅដេកស្លាប់លើផ្លូវក្បែរនោះ។ ក្រោយមកមានអ្នកបររទេះគោម្នាក់បរកាត់តាមផ្លូវនោះក៏ស្រែកឡើងថា “ម៉េចបានមកដេកនៅកណ្តាលផ្លូវអ៊ីចឹងកិនស្លាប់ឥឡូវហើយ។“ វាក៏ឆ្លើយវិញថា“កិនស្លាប់កិនទៅព្រោះវាស្លាប់ស្រាប់ហើយនឹង“ អ្នកបររទេះមិនដឹងធ្វើម៉េចក៏យកខ្សែមោងគោមកចាក់ក្រឡេកវាពេញខ្លួន ។ ដោយទ្រាំមិនបាននឹងភាពរសើបវាក៏ស្ទុះឡើងហើយស្រែកឡើងថា “វាបានរស់ឡើងវិញហើយខ្សែតីមោងគោនេះពិតជាអស្ចារ្យមែន។“ វាក៏បានយករបស់របរដែលវាមានជាប់ខ្លួនទាំងប៉ុន្មានយកទៅដូរយកខ្សែតីវេទមន្តនោះ។ រួចក៏បានបន្តដំណើរទៅទៀតទៅដល់ភូមិមួយវាបានឮសំឡេងម្តាយកំពុងយំដោយ​សារកូនស្រ្តីនោះទើបតែស្លាប់ ។ វាបានចូលទៅមើលហើយប្រាប់អោយស្រ្តីនោះរៀបចំដាំបាយទឹកសំរាប់កូននោះទៅវានឹង ជួយឲ្យរស់ឡើងវិញ ។ វាក៏បានទាញខ្សែតីវេទមន្តរបស់វាមកចាក់ក្រឡេកកូននោះ ។ ចាក់យ៉ាងណាក៏កូននោះមិនកំរើកវាគិតតែនៅប្រឹងចាក់ ។ លុះស្រ្តីនោះត្រលប់ពីរៀបចំបាយទឹករួចមកឃើញ កូនខ្លួននៅស្លាប់ដដែលហើយគិតថាអាល្ងីល្ងើនេះគឺជាមនុស្សបោកប្រាស់ក៏ដេញវាយយ៉ាងសាហាវ ។ អាល្ងីល្ងើរត់យ៉ាងលឿនរវល់តែមើលក្រោយបុកដើមល្ហុងប៉ាំងធ្លាក់ផ្លែល្ហុងត្រូវក្បាលវាក៏លាន់មាត់ថាលេងដាក់អន្ទាក់ពីមុខហើយគប់ពីក្រោយចំក្បាលអត់ទាស់ ពិតជាដៃត្រង់មែនចម្ងាយឆ្ងាយប៉ុណ្ណឹងហើយគប់ត្រូវទៀត ៕

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក