Social Icons

14 January 2011

សិរី នៃកបិលមហាព្រហ្ម

រាល់តែពេលចូលឆ្នាំថ្មី រឿងកបិលមហាព្រហ្មដែលចោទបញ្ហាអំពីសិរីចំពោះធម្មបាលមាណព គេតែងលើកឡើងមសំដែងជាសាធារណៈ អស់កាលយូរលង់មកហើយ, តើយើងបានចាប់ភ្លឹកនឹកនាដល់ន័យដ៏មានខ្លឹមសាររបស់ពាក្យថា សិរី នេះដែរឬទេ ? បើបាននឹកនាដែរ, តើអ្វីទៅដែលហៅថា សិរី ?
តាមប្រភពរឿងព្រេងកបិលមហាព្រហ្មនេះ បានឲ្យដំណឹងដល់យើងថា សម័យកាលនោះ ពិភពមនុស្សលោក ឋិតនៅក្រោមទេវបញ្ជារបស់ព្រហ្មដែលនៅឯព្រហ្មលោក ។ ព្រះព្រហ្មបានចាត់ឲ្យកបិលមហាព្រហ្មមកគ្រប់គ្រង ដឹកនាំមនុស្សលោកឲ្យប្រតិបត្តិតាមនូវអ្វីអ្វីគ្រប់​យ៉ាង​តាមទេវបញ្ជា ដោយហេតុគេយល់ថា មនុស្សលោក ជាកូនបង្កើតរបស់ព្រះព្រហ្ម គឺព្រះព្រហ្មហ្នឹងឯង ជាអ្នកបង្កើតពិភពលោកទាំងមូល ព្រមទាំងមនុស្សសត្វ និងសារពើធម្មជាតិទួទៅ ។ ប៉ុន្តែ ពិភពមនុស្សលោកនេះ ត្រូវបានផ្លាស់ប្ដូរបរិនាយកថ្មីដែលមានជាតិជាមនុស្សដូចគ្នាវិញ ចាប់តាំងពីខណៈដែលមាណពម្នាក់មានសញ្ជាតជាមនុស្សឈ្មោះ ធម្មបាល បានជោគជ័យលើ កបិល មហាព្រហ្មក្នុងការដោះស្រាយបញ្ហា ហើយកបិលមហាព្រហ្មប្រគល់កិច្ចការដឹកនាំ​មនុស្សលោក​ឲ្យដល់ជាតិមនុស្ស រួចលោកកាត់ព្រះសិរៈក្ស័យព្រះជន្មនោះមក ។
សេចក្ដីនេះ សឲ្យដឹងថា ប្រហែលជាពេលពីមុនមក ពុំទាន់មានជាតិមនុស្សណាម្នាក់ដែលមាន​សតិបញ្ញា អាចនឹងដឹកណាំពីភពលោកយើងនេះបានឡើយ ទើបភារកិច្ចដឹកនាំនេះ ឋិតនៅក្នុងកណ្ដាប់​ព្រះហស្ដរបស់ព្រះព្រហ្ម ។ លុះក្រោយមក ជាតិមនុស្ស កាន់តែចំរើនការចេះដឹងឡើងជាលំដាប់ រហូតដល់អាចគ្រប់គ្រងពិភពលោកដោយខ្លួនឯងបាន ទើបព្រះព្រហ្ម ទ្រង់ផ្ទេរក្រសួងគ្រប់គ្រងដឹកនាំ​ពិភពលោកនេះ មកឲ្យមនុស្សលោកកាន់កាប់ផ្ទាល់ដោយខ្លួនឯងវិញ ។ការកាត់ផ្ដាច់នូវសិរៈ​របស់​ព្រះព្រហ្ម គឺជានិមិត្តរូបនៃការផ្ទេអំណាចសព្វយ៉ាង, បានសេចក្ដីថា ព្រះព្រហ្ម លោកផុតអំណាចដឹកនាំ​ពិភពមនុស្សលោក ចាប់តាំងពីត្រឹមនោះមក ។ ដើម្បីជាអនុស្សាវរីយ៍ និងដើម្បីសំដែងនូវកតញ្ញុតា​ចំពោះព្រះរាជហឫទ័យដ៏សប្បុរសរបស់ព្រះព្រហ្ម ដែលបានប្រគល់អំណាច និងសិទ្ធគ្រប់យ៉ាងក្នុង​កិច្ចគ្រប់គ្រងដឹកនាំពិភពលោក មកឲ្យមនុស្សលោកដោយមេត្តាករុណានេះ ទើបបានជាមនុស្សលោក តែងតែធ្វើពិធីយ៉ាងអធិករំឭកជីវប្រវត្តិរបស់លោក ជារៀងរាល់ពេលចូលឆ្នាំថ្មីនេះឯង ។ រីឯបញ្ហា ដែលព្រះព្រហ្មលើកមកចោទសួរជាតិមនុស្ស ដើម្បីស្ទាបស្ទង់មើលសតិបញ្ញាការចេះដឹងនោះ គឺ បញ្ហាសិរី ។
ពាក្យថា សិរី នេះ បើនិយាយឲ្យខ្លីថា អ្វី ៗ ដែលជាប៉ែកខាងល្អប្រសើរ ហៅថា សិរី ទាំងអស់ ព្រោះវចនានុក្រមខ្មែរបានបញ្ជាក់ថា សិរី គឺ លំអ, លំអដែលគួរឲ្យស្រឡាញ់ ; សួស្ដី, ស្រីសួស្ដី, មង្គល, ជោគ, សេចក្ដីសុខ, សេចក្ដីចំរើន, បុណ្យ, ភ័ព្យបុណ្យ, ភព្វព្រេង, សំណាងល្អ, ព្រេងសំណាងល្អ, ទ្រព្យ, ការមានបាន, លាភ, ឥស្សរភាព, តេជះ, អំណាច, រាជស័ក្តិ, ទិព្វស័ក្តិ, ភគវតី, លក្ស្មី ។ល។ ដូច្នេះ គប្បីយល់ថា បានជាព្រះព្រហ្មលើយកសិរីមកចោទសួរមនុស្ស ព្រោះសិរីនេះ អាចចាត់ទុកបានថា ជានិមិត្តរូបនៃឥស្សរភាពរបស់មនុស្សលោកហ្នឹងឯង ។
ឥឡូវ យើងចង់ដឹងន័យខាងចំឡើយ របស់ធម្មបាលមាណព ដែលលើកយកទឹកមកឲ្យឈ្មោះថា​សិរី​វិញ, ចំឡើយនោះថា សិរី នេះ ពេលព្រឹកឋិតនៅត្រង់មុខ ព្រោះពួកមនុស្សតែងភ្ញាក់ឡើងពីដេក ហើយ​យកទឹកមកលុបមុខរាល់តែពេលព្រឹក, ពេលថ្ងៃត្រង់ឋិតនៅត្រង់ដើមទ្រូង ព្រោះពួកមនុស្សកាលណា​តែក្ដៅខ្លាំង តែងតែយកទឹកមកលាបស្រឡាបដើមទ្រូង, ពេលល្ងាចឋិតនៅត្រង់ជើង ព្រោះពួក​មនុស្សតែងយកទឹកមកលាងជើងមុនទើបចូលដំណេក ។ បានសេចក្ដីថា បើទឹក ទៅទទឹកនឹងអវយវៈ​ណា, សិរី ក៏ឋិតនៅត្រង់អវយវៈនោះដែរ គឺ ទឹក ហ្នឹងឯងជា សិរី ។
តើសមទទេ ? ចំពោះចំឡើយធម្មបាលមាណពនេះ ដែលលើក ទឹក មកឲ្យឈ្មោះថា សិរី ។
តាមយោបល់ខ្ញុំ ថាសមហើយ ព្រោះសម័យនោះ នៅប្រទេសឥណ្ឌា មានសាស្ដាច្រើនណាស់ ដែល​ប្រកាស​លទ្ធោប្លែក ៗ ពីគ្នា ។ បណ្ដាលទ្ធិទាំងនោះ, មានលទ្ធិខ្លះ គោរពភ្លើង, ខ្លះ គោរពសត្វអាសិរ្ពិស, ខ្លះ គោរពដី, ខ្លះ គោរពខ្យល់ ។ល។ខ្លះ គោរពទឹក ។ ដើម្បីឲ្យបានចំណេញឥទ្ធិពលរៀងខ្លួន, សាស្ដាទាំងនោះក៏ខំសំដែងរឿងរ៉ាវក្នុងលទ្ធិរបស់ខ្លួនឲ្យឃើញអស្ចារ្យផ្សេង ៗ ជាប្រភពបញ្ជាក់ថា លទ្ធិរបស់ខ្លួន ពិតជាលទ្ធិត្រឹមត្រូវប្រាកដមែន ។ ដូចលទ្ធិគោរពគោញី, មេលទ្ធិខំប្រឹងអួតសរសើរ អំពីគុណសម្បត្តិគោញីថាជាព្រះនៃមនុស្សលោក, លទ្ធិគោរពភ្លើង, ក៏ប្រឹងពណ៌នា អំពីលទ្ធិនៃ​ព្រះ​ភ្លើងថា ជាព្រះនពិភពលោកមនុស្សយើងដែរ ។
ឯលទ្ធិគោរពទឹក ក៏ខំប្រឹងឆ្លៀតបញ្ចូលព្រះទឹក ទៅក្នុងទេវប្រវត្តិលើកតំកើងទឹកថា ជាវត្ថុពិសេសបំផុតក្នុងលោក ដូចគ្នាដែរ ។ យ៉ាងហ្នឹងហើយ បានជាទឹកក្នុងរឿងមហាព្រហ្មនេះ លោក​ចាត់ទុកថាជាសិរីរបស់ពិភពលោក គឺគេចាត់ទឹកនេះទុកថា ជាវត្ថុស័ក្តិសិទ្ធិបំផុត រហូតដល់មាន​តេជះ​អាចនឹងរំដោះយកឥស្សរភាពនៃមនុស្សលោក អំពីព្រះព្រហ្មដែលជាកំពូល​ត្រៃលោក​បានទៀតផង ។
ម្យ៉ាងទៀត ទឹក នេះ ជារបស់យ៉ាងចាំបាច់របស់មនុស្សសត្វ ព្រោះមនុស្សសត្វត្រូវការទឹក ដើម្បីរស់ ហើយក៏ជារបស់ចាំបាច់ម្យ៉ាងទៀត គឺមនុស្សត្រូវការប្រើប្រាស់ទឹកសំរាប់ងូតជំរះកាយ, លាងសំអាតនូវអ្វី ៗ ដែលប្រឡាក់ និងសំរាប់លាបស្រឡាបឲ្យត្រជាក់ ។ល។ ដូច្នេះ ល្មមតែចាត់ ទឹក ទុកថា ជា សិរី បានមែន ។ ប៉ុន្តែ បើឲ្យរឹតតែឲ្យសមជាងនេះទៅទៀត គឺទឹកដែលចាត់ទុកថាជា សិរី នេះ សំដៅយក ទឹកចិត្ត ដ៏ត្រជាក់របស់មនុស្សលោក ។ មនុស្សក្នុងលោកនេះ តែងមានភាពពុំស្មើគ្នា ដូចជាខ្លះមានកម្លាំងច្រើន, ខ្លះខ្សោយ, ខ្លះចេះ, ខ្លះល្ងង់, ខ្លះមានប្រាជ្ញា, ខ្លះអប្បប្រាជ្ញា, ខ្លះមាន​ទ្រព្យ​ច្រើន, ខ្លះក្រីក្រ, ខ្លះមានតេជះអំណាច, ខ្លះអាប់រស្មី ។ល។ ខ្លះជាមហាអំណាច, ខ្លះនៅទន់ខ្សោយ ។ ការខុសសភាពពីគ្នានេះ បើមនុស្សក្នុងលោកពុំយកទឹកចិត្តដ៏ត្រជាក់ មកប្រើស​ម្រាប់​លាងជំរះ​ដោះ​ស្រាយបញ្ហាផ្សេង ៗ រវាងគ្នាទេ ពិភពលោកនេះ នឹងដើរទៅរករណ្ដៅភ្លើងអន្ដរកប្បយ៉ាងឆាប់រហ័ស ព្រោះតែភ្លើងចិត្តដ៏ក្ដៅ ដឹកប្រទាញទៅ ។ ដូច្នេះ សិរី សំដៅយក ទឹកចិត្ត ដ៏ត្រជាក់នេះ ឃើញថា ត្រូវហើយ​សម​ទៀតផង ដែលពុំចាំបាច់កែប្រែទៀតឡើយ ព្រោះទឹកចិត្តដ៏ត្រជាក់ ជាសភាវៈ​អាចគ្រប់គ្រងពិភពលោក ឲ្យបានសេចក្ដីសុខ សេចក្ដីចំរើន ជោគ មង្គល តេជះ អំណាច ឥស្សរភាព ។ល។ រីឯភ្លើងភ្លើងចិត្តដ៏ក្ដៅវិញ ជាសភាវៈពុំមែនជាកត្តានៃសិរី គឺវាពុំអាចគ្រប់គ្រងពិភពលោក ឲ្យកើតសិរីដូចបំណងព្រះព្រហ្មបរមទេវៈនោះបានឡើយ ។ហេតុដូច្នោះហើយ បានជា ទឹក នេះ លោកចាត់ទុកថាជា សិរី ។

សហជីវិន ផល - ទិត នៅពុទ្ធសាសនបណ្ឌិត្យ

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក