Social Icons

19 January 2011

មង្គលឡើងផ្ទះថ្មី

មង្គលឡើងផ្ទះថ្មី

តាមធម្មតា ប្រពៃណីពីបុរាណរបស់ប្រជាពលរដ្ឋខ្មែរ កាលណាគេបានសង់ផ្ទះថ្មីរួចហើយ គេតែងតែប្រកបពិធីជាមង្គល ដើម្បីទៅនៅលើផ្ទះថ្មីនោះ ឲ្យបានត្រជាក់ត្រជំ សុខដុមរមនាមានជោគជ័យសិរីមង្គល ។
ជាបឋម អ្នកម្ចាស់ផ្ទះគប្បីរកហោរគន់គូរ ឫក្សជតារាសី ដើម្បីរកថ្លៃ នឹងឡើងទៅនៅលើផ្ទះនោះ ។ កាលបើបានពេលាល្អហើយ គេក៏រៀបចំវត្ថុផ្សេងៗ ដើម្បីប្រកបពិធីដែលមានជាការចាំបាច់គឺ :
១- ភ្លុកដំរី ឬ កុយរមាស
២- គ្រឿងអលង្ការ
៣- សំពត់អាវសាវស្បៃ
៤- សាច់ប្រាក់សុទ្ធ ឬប្រាក់ណែន
៥- ថ្មបិទមាសមួយដុំ
៦- ដូងទុំបិទមាសមួយផ្លែ
៧- ត្រឡាចបិទមាសមួយផ្លែ
៨- ល័ក្ខជុំកន្លង់
៩- ស្រូវគង់
១០ - ឆ្មាញីសម្បុរបី
១១- កន្ទេល ខ្នើយថ្មី មួយសម្រាប់
លុះបានឫក្សពារពេលាហើយ ត្រូវរៀបចំហែរបស់ដែលបានរៀបរាប់មកនេះ ជាក្បួនតាមលំដាប់លំដោយឲ្យមានអ្នកកាន់ទ្ររបស់របរ ប្រកបដោយលក្ខណៈផង ដូចពណ៌នាខាងក្រោមនេះ :
១- អាចារ្យចាស់ទុំម្នាក់ដើរនាំមុខ កាន់សក្ការបូជា
២- ប្រុសមានគូស្រករម្នាក់ កាន់ភ្លុកដំរីឬកុយរមាស តម្កល់លើពានឬតោក
៣- ស្រីមានគូស្រករម្នាក់ កាន់ពានតម្កល់គ្រឿងអលង្ការ
៤- ស្រីម្នាក់កាន់ពានដាក់សំពត់អាវសាវស្បៃ
៥- ស្រីម្នាក់កាន់ពានសាច់ប្រាក់ច្រកក្នុងថង់ ឬប្រាក់ណែន
៦- ប្រុសម្នាក់កាន់ថ្មមណីសិលា បិទមាស មួយដុំ
៧- ស្រីម្នាក់កាន់ដូងទុំបិទមាសមួយផ្លែ
៨- ប្រុសម្នាក់កាន់ត្រឡាចបិទមាសមួយផ្លែ
៩- ក្មេងប្រុសជំទង់ម្នាក់កាន់ពានដាក់ល័ក្ខជុំកន្លង់
១០- ក្មេងស្រីព្រហ្មចារីយ៍ម្នាក់កាន់ស្រូវគង់ដាក់ក្នុងពាន ឬ តុ
១១- គព្ភីនី ស្រីមានគភ៌ បីឆ្មាញី សម្បុរបី ពាក់ចង្រ្កងមាស ឬប្រាក់ ។
១២- មនុស្សប្រុស - ស្រី កាន់កន្ទេលខ្នើយ
ឯក្បួនហែ ត្រូវជុំវិញផ្ទះថ្មីជាទក្ខិណាពត៌ គឺហែពីស្ដាំទៅឆ្វេងចំនួន ៣ ជុំ ។
កាលណាហែបានមួយជុំ មកដល់ជើងជណ្ដើរមុខអាចារ្យនាំមុខ ត្រូវស្រែកសួរអ្នកម្ចាស់ថា :
អឺ ! លោកម្ចាស់ផ្ទះ
ពេលនេះ អ្នកនៅលើផ្ទះមិនទាន់ឆ្លើយ ។ ក្បួនហែបានគ្រប់ពីរជុំ អាចារ្យសួរម្ដងទៀត តែអ្នកនៅលើផ្ទះមិនទាន់ឆ្លើយទៀត ។ លុះគ្រប់បីជុំ ទើបអាចារ្យហៅទៀតថា :
អឺ លោកម្ចាស់ផ្ទះ
ម្ដងនេះអ្នកម្ចាស់ផ្ទះត្រូវឆ្លើយថា :
អើ ចុះអ្នកណា ទៅណាមកណា នាំគ្នាអ៊ូអរយ៉ាងនេះ
សូមទោស លោក យើងខ្ញុំមកពីឆ្ងាយណាស់ សូមជ្រាប
ចុះមកពីណា អ្នកថាឆ្ងាយ តើអ្នកមកពីនាយ មកពីនគរណា
បាទ យើងខ្ញុំមកពីនគររាជគ្រឹះ
ចុះអ្នកមកមានចិត្តប៉ងបំណងកិច្ចការអ្វី
បាទ យើងខ្ញុំបានលេចឮរន្ទឺដឹងដំណឹងដល់ថា លោកស្រី លោកប្រុស បានសង់ផ្ទះថ្មីយ៉ាងធំទ្រនំខ្ពស់ មែនឬមិនមែន ?
មែន តើអ្នកមានការយ៉ាងណា សូមអ្នកថ្លែងការណ៍ប្រាប់មកចុះ
ដោយយើងខ្ញុំបានដំណឹងនេះ ទើបនាំគ្នាយកគ្រឿងត្រជាក់ត្រជុំ ចម្រុងចម្រើនមកជូនជាជោគជ័យ សិរីមង្គល មានទាំងកុយពុក ភ្លុកស្អុយ មាសប៉ុនដូងទុំ ប៉ុនត្រឡាច គ្រឿងសំពត់អាវសាវស្បៃ មាសប្រាក់ កែវ កងពិទូសូរ្យកាន្ត មានឆ្មាវិឡារីសប្បុរបី ពាក់ជីដាំត្បូង បើលោកត្រូវការខ្ញុំមានប្រាថ្នាជូនដោយឥតថ្លៃ សុំតែបាយអាស្រ័យមួយពេលប៉ុណ្ណោះ ។
ឯរឿងបាយទឹកមិនមានខ្វះអី បើពិតដូចសំដី សូមអញ្ជើញនាំគ្នាឡើងមកចុះ ។
នៅវេលាអ្នកម្ចាស់អនុញ្ញាតឲ្យឡើងហើយ អាចារ្យត្រូវរៀបចំសែន ក្បាលជណ្ដើរ ។
ឯគ្រឿងក្រយាបូជានោះមានដូចតទៅ
ចំអាបមួយថាស
បង្អែមមួយថាស
ក្បាលជ្រូកស្ងោរមួយ
ផ្តិលទឹកមួយផ្តិល ដាក់អម្បោះចំណងដៃ
បាយសីប៉ាកឆាមមួយគូ
ស្លាធម៌មួយ
ការរៀបចំហើយ អាចារ្យត្រូវសំបួងសម្រូង ប្ដឹង ទេពតា ទេព្រ័ក្ស ជំនាងផ្ទះ សុំឲ្យជួយអភិបាលរក្សា ចំរើនស័ព្ទសារធុការពរតទៅ ។
ឯពាក្យសំបូងសង្រូងនេះយើង លើកមកជូនជាសណ្ដាប់ដូចតទៅ :
ឱ ! តេជៈម្ចាស់ថ្លៃ ថ្ងៃនេះថាតាមានឫក្ស អធិមង្គល ខ្ញុំសូមប្ដឹងដល់ អស់ព្រះភូមិម្ករ ទេវតា រក្សាភូមិឋាន វិមានថ្មី ត្បិតពេលនេះលោក .....អ្នក ...... បានសង់ផ្ទះរួចហើយៗ រៀបចំឡើងនៅក្នុងថ្ងៃនេះ សូមទេព្ដារក្សាផ្ទះថ្មីនេះ ជួយពិភ័ក្តិរក្សាឲ្យស័ព្ទសារធុការសិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រការ ចំរើនលាភាតាំងពីពេលនេះរៀងតទៅ ។
និយាយសំបូងសង្រូងរួចហើយ អាចារ្យត្រូវចាប់ម្ហូបចំណីកាត់ត្រចៀកជ្រូកមួយចំណិត ដាក់ក្នុងកន្ទោងមួយ រួចច្រូចទឹកបន្តិច ដាក់សែននៅក្បែរគល់ឈើមួយក្នុងរបងផ្ទះថ្មីនោះ ។
លុះចប់ការសែនហើយ ត្រូវយកអម្បោះចងក្បាលជណ្ដើរ រួចច្រូចទឹកសុំពរជ័យ ។ កាលអ្នកហែបានឡើងទៅដល់លើផ្ទះហើយ អាចារ្យត្រូវរៀបចំចងដៃប្រសិទ្ធពរដល់ម្ចាស់ផ្ទះ គឺត្រូវក្រាលកន្ទេលឈមមុខទៅរកទិសដង្ហើមរស់ រៀបរបស់ភស្តុភារ នៅទីជាមួយ រួចអញ្ជើញម្ចាស់ផ្ទះមកអង្គុយក្រាបលើខ្នើយ ហើយចងដៃឲ្យពរស័ព្ទសារធុការប្រសិទ្ធឲ្យបាន ត្រជាក់ត្រជុំចម្រុងចម្រើនជាភិយ្យោភាព ។
តពីនេះ ទៅត្រូវនិមន្តព្រះសង្ឃចំរើន ពុទ្ធមន្ត តាមប្រពៃណីពុទ្ធសាសនា ដើម្បីបញ្ជៀស ឧបទ្ទវន្តរាយទាំងឡាយទាំងពួង នឹងដើម្បីចម្រើនសុខសួស្ដីសិរីមង្គលដល់ម្ចាស់ផ្ទះថ្មីនោះតទៅ ។ លុះចប់កិច្ចចំរើនបរិត្ត អ្នកម្ចាស់ផ្ទះតែងតែរៀបចំលៀងភោជនាហារតាមការគួរ ។
លោក ឆយ - ស៊ីផាត រៀបរៀង

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក