Social Icons

19 January 2011

ប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ

ប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ

តាមដែលបានស្រាវជ្រាវមកឃើញថា សាស្ត្រា ឬគម្ពីរក្នុងកម្ពុជរដ្ឋនេះ ដែលជាប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ មាន ៣ បែប ដូចបានស្រង់យកមកសំដែងដោយសង្ខេប

១- សាស្ត្រាវិជ្ជាធរ មានសេចក្ដីថា " មានព្រះមហាថេរ ១រូប ឈ្មោះព្រះឧបគុត្តត្ថេរ លោកហោះជ្រែកក្រឡាមហាប្រឹថពីទៅកាន់ឋាននរក។ ដោយអំណាចឫទ្ធិ៍របស់លោក មានផ្កាឈូកមាសប៉ុនកង់រាជរថផុសឡើងទទួលព្រះបាទលោក លោកក៏គង់ពែនលើផ្កាឈូកនោះអណ្ដែតលើពពួកនរក ។ ហេតុតែអានុភាពព្រះថេរៈ ពួកសត្វពួកនរកបានដកដង្ហើមចេញចូលស្រួលមួយពេលនោះ ទើបនាំគ្នាសំពះព្រះថេរៈ ៗ មានព្រះទ័យករុណាសំដែងធម៌ឲ្យស្ដាប់, កាលពួកសត្វនរកបានស្ដាប់ធម៌ហើយក៏ផ្ដាំព័ត៌មានមកកាន់ញាតិសន្ដានរបស់ខ្លួនទីទៃ ៗ ថា " បពិត្រព្រះមហាថេរបើព្រះករុណានិមន្តត្រឡប់ទៅកាន់មនុស្សលោកវិញ សូមមេត្តាប្រាប់ម្ដាយឪពុកបងប្អូនកូនចៅ ញាតិផៅសន្ដានរបស់យើងខ្ញុំ មានឈ្មោះដូច្នេះ ៗ នៅស្រុកឈ្មោះនេះ ៗ សូមឲ្យអាសូរករុណាមកដល់យើងខ្ញុំធ្វើបុណ្យឲ្យទានឧទ្ទិសផលមកឲ្យយើងខ្ញុំផង" ។
កាលព្រះឧបគុត្តត្ថេរទទួលបណ្ដាំពពួកសត្វនរកហើយ ក៏ហោះត្រឡប់មកកាន់មនុស្សលោកវិញ បានចូលទៅថ្វាយព្រះពរព្រះមហាក្សត្រ ១ ព្រះអង្គ ព្រះមហាក្សត្រទ្រង់នាំនាហ្មឺនសព្វមុខមន្ត្រី សេដ្ឋីគហបតី នឹងអ្នកនគរជាច្រើននាក់ចូលទៅក្រាបបង្គំទុលព្រះដ៏មានបុណ្យថា "បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ! បើគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន កូនចៅ ញាតិមិត្តរបស់យើងខ្ញុំ អ្នកខ្លះមិនបានធ្វើបុណ្យឲ្យទានរក្សាសីលឡើយ ធ្វើតែអំពើបាប លុះអស់អាយុទៅ ៗ ទៅកើតក្នុងនរករងទុក្ខវេទនា អស់យើងខ្ញុំជាបងប្អូន កូនចៅ នៅឯក្រោយតើនឹងត្រូវធ្វើបុណ្យដូចម្ដេច ទើបឧទ្ទិសផលជូនទៅសត្វនរកទាំងនោះ ឲ្យលដោះចាកទុក្ខបាន ? " ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់តបថា " បើមហារាជចង់ធ្វើអំពើបុណ្យកុសលឧទ្ទិសផលជូនទៅសត្វនរកទាំងនោះឲ្យលដោះរួចមក ត្រូវធ្វើដូច្នេះ គឺចាប់ពីដើមថ្ងៃ ១ រោច ខែភទ្ទបទទៅ ត្រូវធ្វើបាយបិណ្ឌ បាយបិតបូររាល់ថ្ងៃ ហើយត្រូវធ្វើអង្គព្រះពុទ្ធរូប ១ អង្គ ១ ថ្ងៃ ដរាបដល់ថ្ងៃ ១៥ រោច ខែភទ្ទបទនោះឯង ត្រូវចងពិតាន ពាសរនាំងវាំងនន ក្រាលកម្រាល ត្រូវសមានទានចាំសីលឲ្យបរិសុទ្ធប្រាកដ ត្រូវបោសច្រាសគ្រវាសវត្តអារាមព្រះវិហារ ត្រូវរៀបរណ្ដាប់គ្រឿងបណ្ណាការ មានភ្ញីផ្កា គន្ធពិដោរជាដើម ហើយត្រូវនិមន្តព្រះគម្ដែងសង្ឃដ៏ទ្រង់សីលបរិសុទ្ធសូត្រធម៌មហាសម័យ ត្រូវប្រកាសបួងសួងអញ្ជើញគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន ញាតិកាលដែលចែកឋានទៅហើយទាំងប៉ុន្មាន មួយអន្លើដោយទេវតា ហើយត្រូវនិមន្តលោកទេសនាសាស្ត្រាវិជ្ជាធរជាតកក្នុងយប់នោះ លុះព្រឹកឡើងត្រូវធ្វើបាយបិណ្ឌ បាយបិត្តបូរ មានទាំងចង្ហាន់ផ្លែឈើនឹងសារពើភោជនាហារផង ផ្គូផ្គាប់រណ្ដាប់អង្គាសដាក់បាត្រព្រះសង្ឃឧទ្ទិសផលជូនទៅដល់អស់ពួកសត្វនរកទាំងនោះ ។
ដោយអានុភាពនៃអំពើកុសលផលបុណ្យនោះ សត្វនរកផងទាំងឡាយ នឹងបានរំដោះ ចេញអំពីទុក្ខភ័យឰដ៏កាលនោះ បានទៅកើតឰដ៏សួគ៌ទេវលោកនាយ ហើយសឹងឲ្យពរសព្ទសាធុការ មកញាតិសន្ដានដែលបានធ្វើបុណ្យឲ្យទានឧទ្ទិសស្មោះចំពោះជូនទៅនោះ ឲ្យមានសុខសួស្ដីទីឃាយុយឺនយូរទីទៃៗ ឰដ៏កាលនោះហោង " ។

២- សាស្ត្រាអានិសង្សបិណ្ឌ មានសេចក្ដីថា " ព្រះដ៏មានបុណ្យទ្រង់ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋី ថា អស់ម្ដាយឪពុកញាតិកាវង្សាបងប្អូនកូនចៅរបស់ជនទាំងឡាយ ដែលស្លាប់ទៅអំពីមុនៗនោះ ទោះទៅកើតឯណាៗក្ដី តែដល់រនោចខែភទ្ទបទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំនៅពេលនោះ ។ ហេតុតែតេជៈអានិសង្សនៃបុណ្យដែលអស់ញាតិសន្ដានបានធ្វើបាយបិណ្ឌបាយបិត្តបូរនាខែភទ្ទបទ ហើយឧទ្ទិសផលជូនទៅនោះក៏បានរំដោះរួចចេញអំពីនរកប្រេតនោះហោង " ។
រីឯសត្វនរកប្រេតផងទាំងឡាយ ដែលមកកាន់មនុស្សលោកក្នុងខែភទ្ទបទនោះ ប្រេតខ្លះមកកើតជាកណ្ដូបខ្មោចទំយំនៅដំបូលផ្ទះ ខ្លះមកទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ មាត់ទ្វារផ្ទះ ជើងជណ្ដើរផ្ទះ ដើមឈើក្បែរផ្ទះ ប្រេតខ្លះមកដល់ពាក់កណ្ដាលផ្លូវ ខ្លះមកចំអើតមើលទៅមក ខ្លះបាំងដៃមើលមកអំពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា " ឱរូបអញអើយ ! អភ័ព្វអ្វីម្ល៉េះមកកើតជាប្រេតនរករងទុក្ខវេទនាទូរាទូរន់ពន់ប្រមាណ យូរឆ្នាំហើយ កើតសម្រេកគម្លានក្រៃពេក " ។
សត្វនរកប្រេតទាំងនោះ កាលបើដល់ខែភទ្ទបទ ដែលជនទាំងឡាយបានរៀបរណ្ដាប់បាយបិណ្ឌបាយបិត្តបូរ ឧទ្ទិសផលានិសង្សបញ្ជូនទៅ ក៏សឹងតែបានលដោះរួចមកហោង ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា៖ ហៃអនាថបិណ្ឌិក ! នៅថ្ងៃភ្ជុំបិណ្ឌនោះត្រូវចងរំយោលចងទង់-ពិតាន ដាសពាសនូវរនាំងវាំងននជាដើម ហើយរៀបរណ្ដាប់គ្រឿងបណ្ណាការ គឺទៀនធូបភ្ញីផ្កាស្លាម្លូនឹងគ្រឿងគន្ធពិដោរ ព្រមទាំងផ្លែឈើតូចធំនំចំណីភោជនាហារផង បូជាព្រះសង្ឃ ។
ផលានិសង្សនៃបុណ្យនោះ ក៏ជូនទៅដល់ជីដូនជីតាម្ដាយឪពុកបងប្អូនកូនចៅញាតិផៅទាំង៧ សន្ដាន ដែលស្លាប់ទៅ ៗ កើតជាប្រេតនរករងទុក្ខវេទនានោះ ឲ្យបានសម្បត្តិសួគ៌សម្បត្តិនិព្វានជាឋានបរមសុខប្រសើរហោង។
ហៃអនាថបិណ្ឌិក! នរូបុរសបុគ្គលប្រុស - ស្រីឯណានីមួយបើនឹងរៀបកាន់បិណ្ឌនោះ ត្រូវអញ្ជើញអស់មេបាចាស់ទុំផងទាំងឡាយមកអង្គុយជុំវិញ ហើយទុកលង្វែកចន្លោះកណ្ដាលប្រមាណ ១ ហត្ថ យកត្រីសាច់អាហារភោជននឹងផ្លែឈើតូចធំ អន្សមនំគមនូវចេកអំពៅត្រាវដំឡូងដូងត្នោតព្រមទាំងគ្រឿងបណ្ណាការផង គឺយកទៀនធូបភ្ញីផ្កា ស្លាម្លូប្រេងម្សៅមកបូជាព្រះរតនត្រ័យ ហើយឲ្យមេបាចាស់ទុំស្មាលាទោសឲ្យ ដ្បិតប្រេតនោះ ផ្ដាំមកថា ឲ្យអស់ញាតិកាមេបាចាស់ទុំជីដូនជីតា ម្ដាយឪពុក បងប្អូនកូនចៅ ស្មាលាទោសឲ្យផង កុំឲ្យមានវេរាកម្មតាមទៅឡើយ។
បើក្នុងខែភទ្ទបទនោះ មិនមានអ្នកណារៀបរណ្ដាប់បាយបិណ្ឌ បាយបិត្តបូរបូជាព្រះរតន-ត្រ័យបញ្ជូនផលទៅទេ អស់ប្រេតនរកអំបាលនោះ ក៏អត់បាយអត់ទឹកស្រេកឃ្លានរងទុក្ខវេទនាក្រៃពេក ម៉្លោះហើយប្រេតទាំងនោះ ក៏ជេរប្រទេចផ្ដាសាមកញាតិកាទាំងឡាយឲ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ម្ដាយឪពុកប្ដីប្រពន្ធកូនចៅញាតិផៅទាំង ៧ សន្ដានជាដើម ។ល។

៣- គម្ពីរបេតវត្ថុ មានសេចក្ដីថា " មានព្រានម្នាក់នៅក្នុងក្រុងពារាណសីតែងទៅបាញ់សត្វក្នុងព្រៃចិញ្ចឹមជីវិតរាល់ថ្ងៃ វេលាត្រឡប់មកផ្ទះវិញ ពួកក្មេងៗ តែងចោមរោមសុំសាច់រាល់ដង ។ ថ្ងៃ ១ ព្រាននោះទៅបាញ់មិនបានសត្វក៏បេះផ្កាត្របែកព្រៃ (អាចារ្យខ្លះថាផ្ការាជព្រឹក្ស) ប្រដាប់ខ្លួន នឹងរែកយកមកផ្ទះជាច្រើន លុះដល់ទ្វារភូមិ ពួកក្មេងៗ មកសុំសាច់ដូចសព្វដងទៀត ព្រានក៏ចែកផ្កាត្របែកព្រៃឲ្យម្នាក់ ១ ស្មែង ។ លុះព្រាននោះស្លាប់ទៅ ៗ កើតជាប្រេតអាក្រាត មានផ្កាត្របែកព្រៃប្រដាប់ក្បាល ដើរទៅក្នុងទឹក សំដៅទៅផ្ទះញាតិរបស់ខ្លួនដើម្បីរកអាហារបរិភោគ ។ វេលានោះ កោសិយអាមាត្យ ជាអាមាត្យព្រះបាទពិម្ពិសារជិះទូកទៅបង្ក្រាបស្រុកបច្ចន្តគ្រាមបានឃើញប្រេតនោះ សួរដឹងសេចក្ដីហើយក៏មានសេចក្ដីអាណិត ទើបនិយាយថា " សត្តូវរបស់យើងមានធ្វើម្ដេចអ្នកនឹងទទួលបរិភោគបាន ? " ។ ប្រេតឆ្លើយថា " ក្នុងទូកនេះបើមានឧបាសកអ្នកដំកល់ខ្លួននៅក្នុងត្រៃសរណគមន៍ សូមលោកឲ្យសត្តូវដល់ឧបាសកនោះ ហើយឧទ្ទិសចំណែកកុសលឲ្យខ្ញុំចុះ " ។ កោសិយអាមាត្យធ្វើតាម ប្រេតបានទទួលអនុមោទនាហើយ បានសេចក្ដីសុខ ទើបផ្ដាំថា " សូមឲ្យលោកមេត្តាដល់ប្រេតឯទៀតៗ ផង កាលលោកធ្វើកុសលឯណានីមួយហើយ សូមឲ្យឧទ្ទិសចំណែកកុសលឲ្យប្រេតខ្លះផង " ។ កាលអាមាត្យនោះត្រឡប់មកដល់ស្រុកវិញ បានថ្វាយទានចំពោះព្រះពុទ្ធ នឹងព្រះភិក្ខុសង្ឃ ហើយក្រាបទូលរឿងប្រេតនោះថ្វាយទ្រង់ជ្រាប ។ ព្រះបរមសាស្ដាទ្រង់អធិដ្ឋានឲ្យពុទ្ធបរិស័ទមកប្រជុំគ្នា ហើយទ្រង់សំដែងបេតនិកាយ ( រឿងពួកប្រេត ) ឲ្យប្រាកដឡើង ដូចដែលបានពោលមកខាងលើនេះ ។

បទពិចារណាអំពីរបៀបបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ

កាលពិចារណាតាមរូបរឿងក្នុងសាស្ត្រា នឹងគម្ពីរដែលពោលមកនោះ ឃើញថា៖ របៀបបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌក្នុងកម្ពុជរដ្ឋយើងនេះ ត្រូវតាមសេចក្ដីក្នុងសាស្ត្រាវិជ្ជាធរខ្លះ សាស្ត្រាអានិសង្សបិណ្ឌខ្លះ គម្ពីរបេតវត្ថុខ្លះ គឺត្រង់របៀបរៀបចំការបុណ្យហើយនឹងកំណត់ថ្ងៃ-ខែ នឹងពេលដែលធ្វើ ត្រូវតាមសាស្ត្រាវិជ្ជាធរ នឹងសាស្ត្រាអានិសង្សបិណ្ឌទាំងអស់, របៀបធ្វើផ្កាបិណ្ឌ នឹងកិច្ចឧទ្ទិសផលបញ្ជូនទៅប្រេតតាមគម្ពីរបេតវត្ថុដោយច្រើន គឺផ្កាបិណ្ឌដែលគេធ្វើឧទ្ទិសឲ្យប្រេត គេធ្វើប្រដាប់ដោយផ្កាឈើស្ពាន់ក្រាប់ ឬក្រដាសពណ៌នោះប្រហែលនឹងអាការរបស់ប្រេតដែលគម្ពីរបេតវត្ថុ ចែងថា " ប្រេតមានផ្កាត្របែកព្រៃ ប្រដាប់ក្បាល ដើរមករកអាហារឯផ្ទះញាតិរបស់ខ្លួននោះឯង " ។
ការដែលពុទ្ធិកជនជាតិខ្មែរ នាំគ្នាធ្វើបុណ្យកាន់បិណ្ឌរាល់ឆ្នាំ មិនហ៊ានខាន គឺតែដល់ថ្ងៃ ១ រោច ខែភទ្ទបទ តែងនាំគ្នាទៅកាន់បិណ្ឌក្នុងទីអារាមរាល់ថ្ងៃ ដរាបដល់ថ្ងៃ ១៥ រោច ហៅថា " ភ្ជុំបិណ្ឌ " នោះ ទោះបីអ្នកក្រីក្រលំបាក ឬអ្នកផឹកប្រមឹកយ៉ាងណា ក៏ធ្វើឲ្យបានយ៉ាងតិចណាស់ ត្រឹមថ្ងៃភ្ជុំជាថ្ងៃបង្ហើយពុំហ៊ានខាន, ទាំងនេះក៏ដោយហេតុគេជឿតាមសាស្ត្រាវិជ្ជាធរនឹងសាស្ត្រាអានិសង្សបិណ្ឌ ហើយនឹងជឿតាមសណ្ដាប់ចាស់ៗ ដែលធ្លាប់ធ្វើឲ្យឃើញរៀងមក ប្រកាន់មាំក្នុងចិត្ត គិតអាណិតផង ខ្លាចផង, ឯអាណិតនោះ គឺអាណិតដល់ជីដូនជីតា ដែលនាំគ្នាមកទទួលយកផល ឯខ្លាចនោះ គឺខ្លាចប្រេតដែលមក បើមិនឃើញម្ដាយឪពុកបងប្អូនកូនចៅញាតិផៅទៅធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌទេនឹងជេរប្រទេចផ្ដាសាឲ្យហិនហោចខ្លោចផ្សាវិនាសទ្រព្យសម្បត្តិ ។
ឯសាស្ត្រាវិជ្ជាធរ នឹងសាស្ត្រាអានិសង្សបិណ្ឌ ក្នុងកម្ពុជរដ្ឋយោងនេះ មានតែសម្រាយភាសាខ្មែរ គ្មានភាសាបាលី ហើយគ្មានឈ្មោះអ្នកតែង មិនដឹងជាតែងក្នុងសម័យណា ។ ចំណែកឯគម្ពីរបេតវត្ថុមានទាំងភាសាបាលី ភាសាខ្មែរ ហើយគម្ពីរនេះ ជាអដ្ឋកថាព្រះត្រៃបិដកខុទ្ទកនិកាយ ព្រះអាចារ្យធម្មបាលតែងក្នុងសតវត្សជាមួយនឹងអដ្ឋកថាទាំងពួង ។
ឯសាស្ត្រា ឬគម្ពីរដែលចែងអំពីការធ្វើបុណ្យឧទ្ទិសផលឲ្យដល់បេតជនដែលលះលោកនេះទៅកាន់បរលោកនោះ ទោះជាសាស្ត្រាសម្រាយក្ដី មិនជាប្រមាណទេ គឺយកតែត្រង់ពុទ្ធានុញ្ញាតឲ្យធ្វើទក្ខិណានុប្បទានឧទ្ទិសផលទៅឲ្យសត្វគ្រប់ជំពូក ដើម្បីឲ្យរួចលដោះចាកអបាយទុក្ខទាំងពួង នោះឯង ជាប្រមាណ ។

បទពិចារណាអំពីរបៀបឧទ្ទិសផល នឹងសែន

គម្ពីរនានារបស់ពុទ្ធសាសនា ចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតក្នុងកំណើតនានា មនុស្សចិត្តអាក្រក់បានធ្វើបាបផ្សេង ៗ ដល់ស្លាប់ទៅតែងទៅកើតក្នុងកំណើត ១ហៅតាមភាសាបាលី ថា "បេត" ភាសាសំស្ក្រឹតថា " ប្រេត " ប្រែជាខ្មែរថា " ជនដែលធ្វើមរណកាលទៅកាន់បរលោក " ។
ពុទ្ធសាសនា កាលបើសំដែងដល់រឿងប្រេត ច្រើនស្រដៀងគ្នានឹងសាសនាព្រាហ្មណ៍ ដែលជាសាសនាចាស់របស់ប្រទេសឥណ្ឌៀ ព្រោះពុទ្ធសាសនា ជាសាសនាថ្មីកើតក្រោយសាសនាព្រាហ្មណ៍ គ្រាន់តែបំបែរតម្រែតម្រង់ឲ្យត្រឹមត្រង់ឡើងតាមមតិរបស់ព្រះពុទ្ធប៉ុណ្ណោះ ។ គម្ពីរមហាវិភង្គ (អាទិកម្ម) ផ្នែកវិនយបិដក ត្រង់ចតុត្ថបារាជិកកណ្ឌ សំដែងពីប្រភេទរបស់ប្រេតថា មាន ១២ ពួក, គម្ពីរមិលិន្ទបញ្ហាបំព្រួញថា មាន ៤ ពួក គឺ ឧតូបជីវី ប្រេតចិញ្ចឹមជីវិតដោយមន្ទិលគភ៌នឹងខ្ទុះឈាម ១ ពួក ខុប្បបាសិកៈ ប្រេតស្រេកឃ្លានអាហារជានិច្ច ១ ពួក និជ្ឈាមតណ្ហិកៈ ប្រេតភ្លើងឆេះជានិច្ច ១ ពួក បរទត្តូបជីវី ប្រេតចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ ១ ពួក គឺពួកបរទត្តូបជីវីប្រេតនេះហើយ ដែលយើងតែងធ្វើបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ឧទ្ទិសផល ឬសែនឲ្យ ។
របៀបឧទ្ទិសផល ពោលដោយសង្ខេប គឺយកបង្អែមចម្អាបដែលហៅថា "បិណ្ឌ" នោះទៅប្រគេនព្រះសង្ឃ វេរប្រគេនចំពោះព្រះសង្ឃហើយឧទ្ទិសផលដោយវាចាមានដើមថា " ផលទាននៃយើងខ្ញុំទាំងឡាយនេះ សូមឲ្យបានទៅដល់អ្នកមានគុណទាំងឡាយ មានមាតាបិតាជាដើមដែលទោកាន់បរលោកហើយ " ។ ធ្វើបែបនេះរាល់ព្រឹក គ្រប់ថ្ងៃដាក់បិណ្ឌ នឹង ថ្ងៃភ្ជុំ ។
របៀបសែន ពោលដោយសង្ខេប គឺគេធ្វើតែម្ដងក្នុងថ្ងៃបង្ហើយត្រង់វេលាយប់ថ្ងៃ ១៥ រោច ខែភទ្ទបទ ជាថ្ងៃភ្ជុំបិណ្ឌ ។ វេលាសែនបើជាទំនៀមរាស្ត្រ មហាជនគ្រប់ផ្ទះតែងរៀបក្រាលកន្ទេល កម្រាលមានខ្នើយ ១ ដាក់ក្បាលកន្ទេល មានសំពត់សពាសពីលើខ្នើយ មានផ្តឹលទឹក ពានស្លា បារី តុថាសបង្អែម ចំអាប ឆ្វេង-ស្ដាំ រួចម្ដាយឪពុកប្រមូលបងប្អូនកូនចៅនៅក្នុងផ្ទះមកជួបជុំ ហើយនិយាយប្រតិស្ឋអទិស្ឋានថា " សូមអញ្ជើញជីដូនជីតាពិសាក្រយាទាំងនេះឲ្យបរិបូណ៌ " ។
ទំនៀមព្រះរាជា ក៏មានលំនាំប្រហែលគ្នានឹងរាស្ត្រដែរ ប្លែកតែខាងព្រះរាជពិធីធ្វើនៅល្ងាចថ្ងៃ ១៤ រោច ដោយមានគ្រឿងប្រដាប់ល្អៗ នឹងហៅរបៀបសែននោះតាមរាជសព្ទថា " ថ្វាយព្រះបិតរ " ដូចបរិយាយក្នុងកំណត់ព្រះរាជពិធីថ្វាយព្រះបិតរខាងដើមមកហើយ នឹងមាននាម៉ឺនសព្វមុខមន្ត្រីគាល់ចាក់ទឹកដូងថ្វាយជាឧឡារិកអធិកអធំជាងរាស្ត្រប៉ុណ្ណោះ ។
បទវិនិច្ឆ័យរឿងសែន
ពិធីសែននំចំណីឲ្យផ្ទាល់ទោខ្មោច ឬ ប្រេត ជាពិធីខាងសាសនាព្រាហ្មណ៍ ។ ឯពុទ្ធសាសនាមិនមានពិធីដូច្នោះទេ មានតែពិធីប្រគេនទានចំពោះព្រះសង្ឃ ឬឲ្យទានដល់ឧបាសក អ្នកមានត្រៃសរណគមន៍ នឹងមានសីល ហើយបញ្ចេញវាចាឧទ្ទិសផលទៅ ដែលហៅតាមភាសាបាលី " ទក្ខិណានុប្បទាន " ប៉ុណ្ណោះ ។ ប៉ុន្តែស្រុកខ្មែរយើង តាំងពីសម័យបុរាណរហូតដល់សម័យបច្ចុប្បន្ន ទាំងព្រះរាជាទាំងប្រជារាស្ត្រ នៅវេលាដែលទ្រង់ធ្វើនឹងធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាបុណ្យបញ្ជូនផលទៅដូនតានោះ តែងទ្រង់ធ្វើ នឹងធ្វើទានទាំង ២ បែប គឺទាំងពិធីប្រគេនទានចំពោះព្រះសង្ឃឧទ្ទិសផលទៅផង ទាំងពិធីសែនផង ។
ទំនៀមសែនដូនតា ជាទំនៀម ១ យ៉ាង ដែលពុទ្ធិកជនខេមរជាតិទួទៅទាំងប្រទេសកម្ពុជា ធ្លាប់ប្រព្រឹត្តជាយូរយារណាស់មកហើយតែទំនៀមនេះ ខេមរជនមិនមែនផ្ដើមធ្វើខ្លួនឯងមុនគេបំផុតទេ គឺធ្វើតាមទំនៀមឥណ្ឌូនៅប្រទេសឥណ្ឌៀ ដ្បិតប្រវត្តិសាស្ត្រខ្មែរពោលថា " ជាតិខ្មែរ មានពូជពង្សតមកពីប្រទេសឥណ្ឌៀ ព្រោះហេតុនេះទើបខ្មែរធ្វើបុណ្យកាន់បិណ្ឌ នឹងភ្ជុំបិណ្ឌមានធ្វើទាំងកិច្ចសែនផង ជាប់ជាប្រពៃណីទាំងព្រះរាជាទាំងប្រជារាស្ត្រ ដរាបមកដល់សម័យបច្ចុប្បន្ន ។
បុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ ក្នុងកម្ពុជរដ្ឋ ផ្ដើមធ្វើពីក្នុងរជ្ជកាលណា ? ពុទ្ធសករាជប៉ុន្មាន ?
បណ្ហារឿងដើមពីកំណើតបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ ក្នុងប្រទេសកម្ពុជានេះ ជាបញ្ហាលំបាកដោះស្រាយ មិនងាយនឹងសម្រេចឲ្យប្រាកដថា ផ្ដើមធ្វើពីរជ្ជកាលណា ឬពុទ្ធសករាជប៉ុន្មាន ឲ្យប្រាកដបានទេ ដ្បិតពង្សាវតារក្រុងកម្ពុជា ពុំមានចែងឲ្យច្បាស់ឡើយ ឃើញមានតែរាជពង្សាវតារមួយ ក្នុងរជ្ជកាលព្រះករុណាបរមកោដ្ឋ ( ព្រះអង្គឌួង ព.ស. ២៣៩១ - ២៤០៤ គ.ស. ១៨៤៨ - ១៨៥៩ ) ឈ្មោះរាជពង្សាវតារក្រុងកម្ពុជា រជ្ជកាលព្រះបរមកោដ្ឋ អក្សរខ្មែរច្បាប់សរសេរដៃរបស់អ្នកឧកញ៉ាយោមរាជ ឈុន ដែលមានក្នុងបណ្ណាល័យ នៃពុទ្ធសាសនបណ្ឌិត្យ លេខ គ.២៨ និយាយបន្តិចថា " ថ្ងៃ ១ រោច ខែភទ្ទបទ កាន់បិណ្ឌក្នុងព្រះរាជវាំង ថ្ងៃ ១៤ រោច ខែភទ្ទបទ ព្រះរាជាទ្រង់ចេញថ្វាយព្រះបិតរ ថ្ងៃ ១៥ រោច ខែភទ្ទបទ ទេសនាគាថាពាន់ " ប៉ុណ្ណោះ ។

ដកស្រង់អត្ថបទទាំងស្រុងពីសៀវភៅ ព្រះរាជពិធីទ្វារទសមាស ភាគទី ២
បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក