Social Icons

13 January 2011

ការចាំវស្សារបស់ព្រះសង្ឃ

ការចូលវស្សា ឬចាំវស្សា ជាប្រពៃណីរបស់ព្រះសង្ឃពុទ្ធសាសនិកមានតាំងពីជំនាន់ពុទ្ធកាលរៀងមក ។ រឿងនេះ មានសំដែងទុកក្នុងគម្ពីរព្រះត្រៃបិដកភាគទី៧ ផ្នែកព្រះវិន័យ ។
I-មូលហេតុនៃការចូលវស្សា
សម័យនោះព្រះមានព្រះភាគទ្រង់គង់នៅវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯង ការចាំវស្សាព្រះមានព្រះភាគមិនទាន់បានអនុញ្ញាតដល់ភិក្ខុទាំងឡាយនៅឡើយទេ ។ ភិក្ខុទាំងនោះ ក៏ចេញដើរទៅកាន់ចារឹក1 ផ្សេងៗអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ។ មនុស្សទាំងឡាយក៏ពោលទោសតិះដៀលបន្តុះបង្អាប់ថា ពួកសមណជាសាក្យបុត្ត មិនសមបើនឹងដើរ (ខុសរដូវកាល) ជាន់ស្មៅស្រស់ ជាន់សត្វល្អិតៗ ឲ្យវិនាសសោះ ។ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃ ជាអ្នកពោលធម៌អាក្រក់ ម្ដេចគង់នឹងសំងំឈប់សម្រាកចាំវស្សាឬសូម្បីពួកសត្វស្លាបទៀតសោត ក៏គង់តែធ្វើសំបុកលើចុងឈើ ហើយសំងំឈប់សម្រាកចាំវស្សាដែរ ។ ពេលមនុស្សទាំងឡាយកំពុងលើកទោសបែបនេះ ពួកភិក្ខុទាំងនោះក៏បានឮច្បាស់នឹងត្រចៀកផ្ទាល់ហើយក៏នាំសេចក្ដីនោះ ទៅក្រាបទូលព្រះសម្ពុទ្ធ ។ ព្រះសាស្ត្រាទ្រង់ធ្វើធម្មិកថា ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា "អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុំ= ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សា ។
II-វស្សាមានពីរ គឺ
បុរិមិកាវស្សា (វស្សាខាងដើម) ១ មច្ឆមិកាវស្សា (វស្សាខាងខុង១) ។ ការចូលបុរីមិការវស្សា នៅថ្ងៃ១រោច ខែអាសាឍ ហើយចេញនៅថ្ងៃពេញបូរមី ខែអស្សុជ (បើឆ្នាំណាមានអធិកមាស ត្រូវចូលនៅថ្ងៃ១ រោច ខែទុតិយាសាឍ ព្រោះមានពុទ្ធានុញ្ញាតថា "អនុជានាមិ ភិក្ខវេ រាជូនំ អនុវត្តិតុំ= ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចូលវស្សានៅតាមការអនុវត្តលើកខែរបស់ព្រះរាជាចុះ" ។ ការចូលបច្ឆិមិកាវស្សា នៅថ្ងៃ១រោច ខែ ស្រាពណ៍ ហើយចេញនៅថ្ងៃពេញបូរមីខែកត្តិក ។
ប្រសិនបើភិក្ខុណាមានធុរៈ មិនបានប្ដេជ្ញាអធិដ្ឋានបាលីចូលបុរិមិកាវស្សាទេ ភិក្ខុនោះអាចប្តេជ្ញាអធិដ្ឋានបាលីចូលមច្ឆិមិកាវស្សាក៏បានដែរ ប៉ុន្តែភិក្ខុពុំអាចគេចវេះមិនចូលវស្សាណាមួយជាដាច់ខាត ដូចមានពុទ្ធប្បញ្ញត្តិថា "ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ ន ឧបគច្ចេយ្យ អាបត្តិ ទុក្កដស្ស= ម្នាលភិក្ខុទាំងឡាយភិក្ខកុំមិនចូលវស្សាឡើយ គឺត្រូវតែចូលវស្សា ភិក្ខុណាមិនចូលវស្សា ភិក្ខុនោះត្រូវអាបត្តិទុក្កដ" ។
III- សត្តាហករណីយ
ភិក្ខុ កាលបើបានប្ដេជ្ញាអធិដ្ឋានចូលវស្សាក្នុងអាវាសណាមួយហើយ ត្រូវស្ថិតនៅក្នុងបរិវេណអាវាសនោះគ្រប់បីខែ គឺមិនត្រូវចេញក្រៅអាវាសនោះឲ្យកន្លងរាត្រីណាមួយឡើយ ដូចមានពុទ្ធប្បញ្ញត្តិថា "ន ភិក្ខវេ វស្ស ឧបគន្តា បុរិមំ វា តេមាសំ បច្ឆិមំ វា តេមាសំ អវលិត្វា ចារិកា បក្កមិតព្វា យោ បក្កមេយ្យ អាបត្តិ ទុក្ខដស្ស= ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលវស្សាហើយ មិននៅចាំបុរិមិកាវស្សាអស់ខែបី ឬបច្ឆិមិកាវស្សាអស់ខែបីទេ មិនត្រូវចៀសចេញទៅកាន់ចារឹកឡើយ, ភិក្ខុណាចៀសចេញទៅត្រូវអាបត្តិទុក្កដ" ។ ប៉ុន្តែ បើភិក្ខុមានធុរៈចាំបាច់ អាចលើកសត្តាហៈ (សុំច្បាប់ព្រះ) ជាមុនហើយទើបចេញបាន តែត្រូវត្រឡប់មកអាវាសវិញឲ្យទាន់ចន្លោះថ្ងៃ៧ យ៉ាងយូរបំផុត ។
ឯធុរៈចាំបាច់ដែលភិក្ខុលើកយកមកធ្វើជាមូលហេតុដើម្បីលើកសត្តាហៈនោះគឺ
-ភិក្ខុ ភិក្ខុនី សិក្ខមានា2 សាមណេរ សាមណេរី ឧបាសក ឧបសិកា ចង់ធ្វើទាន ចង់ ស្ដាប់ធម៌ចង់ឃើញ ហើយគេបញ្ជូនបម្រើមក ភិក្ខុអាចលើកសត្តាហៈបាន ។
-ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី មាតាបិតា បងប្អូនប្រុសមានជំងឺ ឬក៏ មានសង្ឃកិច្ចត្រូវបំពេញ ភិក្ខុអាចលើកសត្តាហៈបាន ។
-បងប្អូនស្រី ញាតិ អ្នកធ្វើការឈ្នួល (វេយ្យាវច្ចៈ) មានជំងឺ ហើយគេបញ្ជូនបម្រើ យក ភិក្ខុអាចលើកសត្តាហៈទៅបាន ។
ឯវិធីលើកសត្តាហៈនោះគឺ ភិក្ខុត្រូវគ្រងចីពរឆៀងស្មាម្ខាងចូលទៅថ្វាយបង្គំព្រះ (ព្រះពុទ្ធរូប) អធិដ្ឋានបាលីលើកសត្តាហៈថា "សចេ មេ អន្តរាយោ នត្តិ សត្តាហព្ភន្តរេ បុន និវត្តិស្សាមិ= ប្រសិនគ្មានអន្តរាយកើតមានដល់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គនឹងវិលត្រឡប់មកអាវាសនេះវិញក្នុងចន្លោះនៃ៧ថ្ងៃ" សូត្របីដង) ។ បើភិក្ខុបានលើកសត្តាហៈបែបនេះហើយចេញទៅ ស្រាប់តែមានឧបសគ្គតាមផ្លូវធ្វើឲ្យភិក្ខុមិនអាចត្រឡប់មកអាវាសវិញក្នុងចន្លោះនៃ៧ថ្ងៃ ទេភិក្ខុនោះឈ្មោះថាដាច់វស្សា តែមិនត្រូវអាបត្តិ (ទោស ) ឡើយ ។
នៅមានអន្តរាយមួយចំនួនទៀត ដែលធ្វើឲ្យភិក្ខុត្រូវចេញចាកអាវាស (រត់ចោលវស្សា) តែមិនត្រូវអាបត្តិទេ គឺគ្រាន់តែដាច់វស្សាប៉ុណ្ណោះ ។ អន្តរាយទាំងនោះដូចជា សត្វសាហាវបៀតបៀន, សត្វមានពិសបៀតបៀន, ភ្លើងឆេះស្រុក និងទេសនាសនៈ, ទឹកជន់លិចស្រុក ចោរមកតាំងនៅក្នុងស្រុក, ពួកទាយកជាច្រើនឥតមានសទ្ធាជ្រះថ្លា, ខ្វះចង្ហាន់បិណ្ឌបាត, គ្មានឧបដ្ឋាកដ៏សមគួរ, ស្រីប្រលោមភិក្ខុ ស្រីផ្កាមាសប្រលោមភិក្ខុ, នាងថុល្លកុមារី 3 ប្រលោមភិក្ខុ, មនុស្សខ្ទើយប្រលោមភិក្ខុ ញាតិប្រលោមភិក្ខុ, ស្ដេចប្រលោមភិក្ខុ, ពួកចោរប្រលោមភិក្ខុ, អ្នកលេងប្រលោមភិក្ខុ, ភិក្ខុឃើញកំណប់ទ្រព្យ ភិក្ខុសង្ឃបែកគ្នា ។
IV- ក្នុងចំណោមពុទ្ធកាល ស្រុកភូមិណាដែលស្ថិតនៅឆ្ងាយដាច់ស្រយាល គ្មានវត្តអារាមនៅជិត គេតែងនាំគ្នារៀបចំធ្វើជាសាលានៅកន្លែងណាមួយក្បែរនោះ ហើយនិមន្តភិក្ខុសង្ឃតិច ឬច្រើនអង្គតាមសទ្ធាឲ្យគេងចាំវង្សា ដើម្បីងាយស្រួលក្នុងការធ្វើបុណ្យសុត្ធន៍ទានផ្សេងៗ ។ ភិក្ខុមុននឹងសម្រេចចិត្តទទួលនិមន្តចូលវស្សានៅកន្លែងណាមួយ ត្រូវពិនិត្យមើលកន្លែងនោះ ឲ្យបានម៉ត់ចត់ជាមុនសិន សឹមទទួលនិមន្ត ។ បើពិនិត្យឃើញថា កន្លែងដែលគេនិមន្តឲ្យនៅចាំវស្សានោះសមរម្យ គ្មានចង្អៀតទេ ភិក្ខុគប្បីទទួលនិមន្តចុះ ។ ទីកន្លែងដែលព្រះសម្ពុទ្ធទ្រង់ហាមមិនឲ្យចូលវស្សានោះគឺ ក្នុងរូងឈើ, លើប្រគាបឈើ, ក្នុងទីវាលគ្មានសេនាសនៈ, ក្នុងខ្ទមអ្នកតា, ក្រោមឆត្រ, ក្នុងអាងទឹក (និងទីកន្លែងមានរង្កៀស ) ។
V- ទិដ្ឋភាពនៃការចូលវស្សា
ក្នុងការចូលវស្សារបស់ភិក្ខុសង្ឃដែលព្រះសម្ពុទ្ធទ្រង់អនុញ្ញាត និងបញ្ញត្តទុកតមកនោះ ពុំមានពិធីអ្វីអបរួមផ្សំច្រើនទេ គឺបើកាលណាតិថីចូលវស្សាមកដល់ហើយ ភិក្ខុគ្រាន់តែអធិដ្ឋានបាលីចូលវស្សាប៉ុណ្ណោះជាការស្រេច ប៉ុន្តែក្នុងការចូលវស្សារបស់ភិក្ខុសង្ឃកម្ពុជា គេសង្កេតឃើញមានសកម្មភាព និងពិធីអមគួបផ្សំមួយចំនួន កើតមាននៅពេលជាមួយគ្នានោះដែរ,
ភិក្ខុសាមណេរ ដែលស្នាក់នៅរៀនសូត្រឆ្ងាយពីស្រុកកំណើតត្រូវបានឈប់សម្រាកចំនួនពីរសប្ដាហ៍មុនថ្ងៃចូលវស្សា ដើម្បីទៅសួរសុខទុក្ខញាតិញោម និងបិណ្ឌបាតចតុប្បច្ច័យត្រៀមទុកប្រើប្រាស់ក្នុងឱកាសចូលវស្សាអស់ខែបី ។
-មុនថ្ងៃចូលវស្សាមកដល់ អាចារ្យ គណៈកម្មការវត្ត តែងដើរប្រកូកប្រកាសដំណឹងអំពីថ្ងៃចូលវស្សា និងសុំឲ្យឧបាសក ឧបាសិកា ទាយក ទាយិកាចំណុះជើងវត្តជួយបរិច្ចាគចតុប្បច្ច័យតាមកម្លាំងសទ្ធា ដើម្បីឧបត្ថម្ភព្រះសង្ឃដែលនិងគង់ចាំវស្សាក្នុងវត្តរបស់ខ្លួននាឆ្នាំនេះ ។
-ជិតដល់ថ្ងៃចូលវស្សា ឧបាសក ឧបាសិកា តែងមកកាន់វត្តច្រើនកុះករប្លែកពីធម្មតា ដើម្បីសមាទានសីល ប្រគេនចង្ហាន់ព្រះសង្ឃ បោសច្រាសវត្តអារាមសិតទៀនវស្សា ចាត់ចែងសាដកប្រគេនព្រះសង្ឃ ។ តាមឯកសារនានា បានបញ្ជាក់ថា ព្រះអតីតមហាក្សត្រខ្មែរ ទ្រង់មានព្រះរាជសទ្ធាជ្រះថ្លាបំពេញព្រះរាជកុសលក្នុងឱកាសព្រះសង្ឃចូលវស្សានេះដែរ ចូលជាទ្រង់ឲ្យធ្វើពិធីខ្វាន់នាគ ពិធីសិតទៀនវស្សា និងពិធីនិមន្តទេវរូបចូលវស្សាជាដើម ។
-នៅល្ងាចថ្ងៃ១៥កើត ខែអាសាឍ គេឃើញឧបាសក ឧបាសិកា មកជួបជុំគ្នាក្នុងវត្ត ហែទៀនវស្សា ហែសាដក និងគ្រឿងសម្ភារៈប្រទក្សិណព្រះវិហារនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បវារណាព្រះសង្ឃចូលព្រះវស្សា វេរទៀនវស្សាសាដក ប្រគេនព្រះសង្ឃ ។ លុះព្រឹកឡើង មានការប្រគេនភត្តាហារចំពោះព្រះសង្ឃទៀត ។
-នៅល្ងាចថ្ងៃ១រោច ខែអាសាឍ គេឃើញព្រះសង្ឃនិមន្តជួបជុំនៅក្នុងព្រះវិហារ ។ ព្រះសង្ឃជាមហាថេរ បានប្រកាសអំពីការចូលវស្សា និងធ្វើការក្រើនរំលឹកអំពីក្រឹត្យវិន័យដែលទាក់ទងដល់ការចូលវស្សាថា "ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ ។ ទុតិយម្បិ ឥមស្មឹ... វស្សំ ឧបេមិ, តតិយម្បិ ឥមស្មឹ...ស វស្សំ ឧបេមិ=ខ្ញុំសូមនៅចាំវស្សាអស់ខែបីក្នុងអាវាសនេះអស់វារៈពីរដងផង អស់វារៈបីដងផង" ជាកិច្ចបញ្ចប់នៃពិធីចូលវស្សា ។
១-អំពីទៀនវស្សា ទៀនវស្សានេះ ឧបាសក ឧបាសិកា ធ្វើដើម្បីព្រះសង្ឃអុជថ្វាយព្រះរតនត្រ័យអស់ខែបី ទៀនវស្សានេះមានទទឹងមាត់មួយតឹក និងកម្ពស់ពីរហត្ថ ធ្វើដោយក្រមួនឃ្មុំ ឬក្រមួនចំបក់, នៅគល់ទៀនខាងក្រោមមានជើងទ្រ ធ្វើដោយឈើ មានក្បាច់ត្របកឈូក, តែនៅមាត់ខាងលើ គេច្រើនធ្វើឡតដែកចាក់ប្រេងដូង ឬប្រេងសណ្ដែកដាក់ប្រឆេះអុជ គឺមិនអុជទៀនផ្ទាល់ទេ ព្រោះក្រែងទៀននោះឆេះឆាបអស់មុនពេលចេញវស្សា ។ អ្នកខ្លះយកផ្កាមាសធ្វើដោយស្ពាន់គ្រប4 ទៅបិទជាលម្អលើតួទៀន ក៏មាន ។ របៀបធ្វើទៀនវស្សានេះ មានរចនាច្រើនបែបណាស់តាមការនិយមរបស់អ្នកស្រុក ។ បច្ចុប្បន្ន គេនិយមប្រើចង្កៀងប្រេងកាត សម្រាប់អុជថ្វាយព្រះរតនត្រ័យ គឺមិនសិតទៀនដោយក្រមួនឃ្មុំ ឬក្រមួនចំបក់ដូចជំនាន់មុនទេ ប៉ុន្តែត្រូវអុជឲ្យឆេះរហូតគ្រប់ខែបី មិនឲ្យរលត់ក្នុងខណៈណាមួយឡើយ ។ ទំនៀមធ្វើទៀនវស្សាបូជាព្រះក្នុងរយៈពេលចូលវស្សានេះ ពុំមាននិយាយក្នុងគម្ពីរព្រះពុទ្ធសាសនា (ព្រះត្រៃបិដក) ទេ ប៉ុន្តែមាននិយាយនៅក្នុងសាស្ត្រាអានិសង្សទៀនវស្សា ដែលខ្មែរយើងនិយមសំដែងនៅពេលចូលវស្សានេះឯង ។ គម្ពីរនេះ ពុំមានដាក់ឈ្មោះអ្នកតែង ហើយមិនដឹងជាតែងឡើងក្នុងរាជ្យណាដែរ ។ ឯសេចក្ដីក្នុងសាស្ត្រានេះ ដំណាលថា កាលព្រះសម្ពុទ្ធទ្រង់គង់ធរមាននៅឡើយ មានបុរសកម្សត់ម្នាក់រកស៊ីកាប់អុសលក់ជាមុខរបរប្រចាំថ្ងៃ។ គាត់តែងសង្កេតឃើញខ្លាឃ្មុំមួយធំ លោតចេញពីរូងថ្មីមួយរៀងរាល់ថ្ងៃ ។ ពេលដែលខ្លាឃ្មុំនោះលោតចេញផុតទៅ គាត់ក៏ដើរទៅមើលឃើញសុទ្ធតែអាចម៍ខ្លាឃ្មុំ ហើយក៏វេចយកមកបង្ហាញអ្នកជិតខាងឲ្យជួយមើល ។ អ្នកជិតខាងប្រាប់ថា "អាចម៍ខ្លាឃ្មុំនេះគេតែងយកមកស្ងោរធ្វើក្រមួន ធ្វើទៀនអុជ, ចូរអ្នកទៅយកឲ្យច្រើនមក" ។
បុរសកម្សត់នោះ នឹកគិតថា "ចុះបើអាចម៍ខ្លាឃ្មុំនេះ គេអាចយកមក ធ្វើជាទៀនអុជបាន តើគេអាចយកទៀននោះទៅអុជជាគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធ អង្គបានឬទេ? ឬមួយជាការមិនសមគួរគប្បី ព្រោះទៀននេះធ្វើអំពីសំណល់មិនស្អាត (អាចម៍) បែបនេះ ? ពេលដែលបុរសនោះកំពុងតែនឹកសង្ស័យមិនដាច់ស្រេចក្នុងចិត្តបែបនេះ ស្រាប់តែឃើញព្រះមហារោហន្ទត្ថេរនិមន្តមកដល់ ក៏ទូលសូរលោកតាមដំណើរ ។ ព្រះមហារោហន្ទត្ថេរមានពុទ្ធដីកាថា "ជាការប្រសើរណាស់ " ។ លុះបុរសនោះធ្វើបានជាទៀនច្រើនហយ ក៏នាំយកទៅថ្វាយព្រះមានបុណ្យ ។ ព្រះមហារោហន្ទត្ថេរដែលជាអ្នកដឹកនាំទៅនោះ បានទូលព្រះអង្គថា "បពិត្រព្រះអង្គដ៏ចម្រើន បុរសនោះបានទៅយកអាចម៍ខ្លាឃ្មុំមកស្ងោរយកក្រមួនលញ់ជាទៀនយកមកអុជបូជាព្រះអង្គ ហើយសង្ស័យថា ក្រែងពុំបានផលានិសង្សអ្វីទេដឹង ទើបខ្ញុំព្រះអង្គនាំគាត់ចូលមកនេះ" ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា "ម្នាលអាវុសោអើយ! បុរសនេះនឹងត្រូវបានទទួលផលានិសង្សច្រើនប្រការប្រាថ្នាអ្វីសឹងបានដូចបំណង ទាំងអស់" ។ បុរសនោះស្ដាប់ហើយ ត្រេកអរក្រៃលែង ។
នៅពេលដែលបុរសយកទៀនទៅថ្វាយព្រះពុទ្ធអង្គនោះ អានិសង្សបុណ្យកុសលនេះ បានបណ្ដាលឲ្យក្រៅក្រហាយដល់ព្រះឥន្ទ្រាធិរាជទ្រង់បើកទិព្វចក្ខុមើលមក ឃើញបុរសកម្សត់កំពុងប្រាថ្នាកុំឲ្យក្រលំបាក និងកុំឲ្យកំព្រីកំព្រាដូចជាតិនេះទៀត ក៏ប្រើព្រះ វិស្សកម្មទេវបុត្រឲ្យទៅជប់ជាប្រាសាទមាសប្រាសាទប្រាក់ ឃ្លាំងមាស ឃ្លាំងប្រាក់ ព្រមទាំងសួនប្រកបដោយដើមឈើពេញទៅដោយផ្កាផ្លែគ្រប់ពណ៌យ៉ាងល្អ មានទាំងអ្នកគាល់បម្រើច្រើនត្រៀបត្រា ពុំមានខ្វះកន្លះអ្វីឡើយ ។
លុះបុរសត្រឡប់ពីវត្តជេតពន រកខ្ទមស្លឹកមិនឃើញ ហើយបែរជាឃើញឯប្រាសាទភ្លឺរន្ទាលឆ្អិនឆ្អៅទៅវិញ ក៏ភ័យណាស់រត់ទៅទូលព្រះមហារោហន្ទត្ថេរ ។ ព្រះថេរៈមានពុទ្ធដីកាថា "ចូរអ្នកឡើងទៅនៅចុះ ព្រោះជាលទ្ធផលនៃបុញ្ញកម្មរបស់អ្នកហើយ" ។
ដោយសារមានរឿងនិទានដូច្នេះហើយបានជាខ្មែរយើងនិយមសិតតៀនវស្សាបូជាព្រះ នៅពេលព្រះសង្ឃចូលវស្សា ។ ក្នុងគម្ពីរពុទ្ធសាសនា គ្មាននិយាយទាក់ទងដល់ទៀនវស្សាទេ ប៉ុន្តែ មាននិយាយពី ប្រទីប ។ ប្រទីប ចាត់ទុកជាសក្ការបូជា មួយដែរ សម្រាប់បូជាព្រះរតនត្រ័យ ។ តាមការសន្និដ្ឋានរបស់អ្នកប្រាជ្ញខ្លះថា ការធ្វើទៀនវស្សាបូជាព្រះរតនត្រ័យនេះ បំណងជាមានទំនៀមជាប់មកពីព្រហ្មញ្ញសាសនា ព្រោះពួកព្រាហ្មណ៍ពេលប្រារព្ធធ្វើពិធីផ្សេងៗ តែងយកការអុជភ្លើងជាធំ ។ ពេលប្រារព្ធពិធី គេប្រុងប្រយ័ត្នណាស់មិនឲ្យរលត់ទេ ព្រោះយល់ថា បើទៀនឬភ្លើងរលត់ក្នុងពេលមិនទាន់ចប់ពិធីវាជាប្រផ្នូលអាក្រក់មួយ ។ ឯការអុជទៀនវស្សានេះក៏មានការប្រុងប្រយ័ត្នដែរ បើទៀនរលត់ក្នុងវស្សា គេយល់ថាជាការដាច់វស្សាហើយ ។
អ្នកប្រាជ្ញខ្លះសន្និដ្ឋានថា ការប្រុងប្រយ័ត្នមិនឲ្យរលត់ទៀនវស្សានេះ ជាប្រស្នាមួយពញ្ញាក់ស្មារតីភិក្ខុសង្ឃឲ្យខិតខំអនុវត្តតាមពុទ្ធប្បញ្ញត្តិ កុំឲ្យមានការថ្លស់ធ្លោយដាច់វស្សា ព្រោះវស្សាងាយដាច់ណាស់ ប្រៀបដូចជាភ្លើងទៀនដែរ បើយើងមិនប្រយ័ត្នប្រាកដជាដាច់ពុំខាន ។ អ្នកខ្លះទៀត សន្និដ្ឋានថា ទៀនវស្សានេះជានិមិត្តរូបនៃព្រះប្រាជ្ញាញាណព្រះមហាករុណាទិគុណរបស់ព្រះពុទ្ធអង្គ ដែលតែងតែភ្លឺស្វាងនិងមានជានិច្ចចំពោះសព្វសត្វ ឥតមានពេលណាអាក់ខាន ឬរលត់ឡើយ ។
២-អំពីសាដក៖ រឿងដែលឧបាសក ឧបាសិកា និយមធ្វើសាដកប្រគេនសង្ឃសម្រាប់ស្រង់ទឹកនោះ មានសម្ដែងទុកនៅក្នុងគម្ពីរព្រះត្រៃបិដក ភាគទី៨ (វិន័យបិដក) ផងនិងមាននិយាយក្នុងសាស្ត្រាអានិសង្សសាដកផង ។
ក/គម្ពីរព្រះត្រៃបិដក បានឮថា ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី ។ វេលានោះ នាងវិសាខាក្រាបបង្គំទូលព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់មេត្តាទទួលភត្តរបស់ខ្ញុំព្រះ អង្គក្នុងថ្ងៃស្អែកជាមួយនិងភិក្ខុសង្ឃ ។ ព្រះមានព្រះភាគទ្រង់ទទួលនិមន្តដោយតុណ្ហីភាព ។ នាងវិសាខា ក៏ក្រាបថ្វាយបង្គំលាព្រះសាស្ដាចេញទៅ ។ លុះរាត្រីកន្លងទៅ មានភ្លើងធំធ្លាក់ចុះសព្វទ្វីបទាំងបួន ។ គ្រានោះពួកភិក្ខុនាំគ្នាស្រាតងូតទឹក ។
ជួនពេលនោះ នាងវិសាខា បានប្រើទាសីឲ្យទៅនិមន្តព្រះពុទ្ធ និងភិក្ខុសង្ឃដើម្បីទទួលភត្ត ។ នាងទាសីក៏ ធ្វើដំណើរទៅដល់វត្តជេតពន រកមើលមិនឃើញពួកភិក្ខុសោះ ឃើញតែមនុស្សកំពុងងូតទឹកស្រាត ក៏គិតថា ក្នុងអារាមនេះគ្មានពួកភិក្ខុទេ មានតែពួកអាជីវកកំពុងងូតទឹកជម្រះកាយ រួចក៏ត្រឡប់មកកាន់សំណាក់នាងវិសាខាវិញ ហើយជម្រាបថា "បពិត្រអ្នកម្ចាស់! ក្នុងអារាមគ្មានពួកភិក្ខុទេ មានសុទ្ធតែពួកអាជីវករ កំពុងងូតទឹកជម្រះកាយ" ។ នាងវិសាខាជាស្ត្រីឈ្លាសវៃក៏យល់ភ្លាមថា "ច្បាស់ជាលោកម្ចាស់ទាំងឡាយដាក់ចីវរចេញ ហើយនាំគ្នាងូតទឹកភ្លៀងជម្រះកាយ តែទាសីនេះសម្គាល់ថា ពួកអាជីវកទៅវិញ " ។ នាងវិសាខាក៏ប្រើនាងទាសីនោះជាលើកទីពីរទៀត ។ នាងទាសី ក៏ទៅដល់វត្តហើយ រកមើលភិក្ខុទាំងឡាយមិនឃើញសោះ មានតែអារាមទទេ " ។ នាងវិសាខា រិះគិតថា "ច្បាស់ជាលោកម្ចាស់ទាំងឡាយងូតទឹក ហើយចូលទៅលំនៅវិញដូចដែល បានជានាងទាសីនេះមិនឃើញ " ។ នាងវិសាខាក៏ប្រើទៅជាលើកទីបី នាងទាសីនេះ ក៏ទទួលបង្គាប់ ហើយធ្វើដំណើរទៅវត្តជេតពនទៀត ។ គាប់ជួនដល់វេលាភត្តកាលហើយ ព្រះសាស្ដាក៏ទ្រង់ត្រាស់ឲ្យពួកភិក្ខុរៀបចំចេញដំណើរទៅផ្ទះនាងវិសាខាដើម្បីទទួលភត្តតាមការនិមន្ត ។
លុះព្រះមានព្រះភាគ និងភិក្ខុសង្ឃគ្រាន់តែឆាន់រួចភ្លាម នាងវិសាខាក៏ក្រាបទូលថា "បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមពរប្រាំបីប្រការអំពីព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា "ម្នាលនាងវិសាខា ធម្មតាព្រះតថាគតទាំងឡាយគ្មានពរទេ" ។ នាងវិសាខាក្រាបទូលថា "បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមតែពរណាដែលគួរ និងពរណាដែលឥតទោស" ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា "ម្នាលនាងវិសាខា ចូរនាងនិយាយមកចុះ, ។ នាងវិសាខា ក៏ក្របទូលថា "បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះ អង្គចង់ប្រគេន
១-វស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង)
២-អាគន្ទុកភត្ត (ភត្តសម្រាប់ភិក្ខុមកដល់ថ្មី)
៣-គមិកភត្ត (ភត្តសម្រាប់ភិក្ខុមានដំណើរចេញទៅឆ្ងាយ )
៤-គិលានភត្ត (ភត្តសម្រាប់ភិក្ខុមានជំងឺ
៥-គិលានុបដ្ឋាកភត្ត (ភត្តសម្រាប់ភិក្ខុអ្នកបំរើជំងឺ)
៦-គិលានភេសជ្ជៈ (ថ្នាំសម្រាប់ភិក្ខុមានជំងឺ)
៧-ធុវយាគូ (បបរសំរាប់ភិក្ខុឆាន់ជានិច្ច)
៨-ឧទកសាដិកា (សំពត់ងូត) សម្រាប់ភិក្ខុនី
ព្រះសាស្ដាទ្រង់ត្រាស់ថា "ម្នាលនាងវិសាខា ល្អហើយ! ល្អហើយ! នាងបានសូមពរប្រាំបីប្រការអំពីតថាគត ជាការប្រពៃពិត, ម្នាលនាងវិសាខា បើដូច្នេះតថាគតអនុញ្ញាតពរប្រាំបីដល់នាង" ។ ព្រោះមានដំណើរដើមដានបែបនេះហើយ ទើបពុទ្ធសាសនិកខ្មែរនិយមធ្វើសាដកសម្រាប់ប្រគេនភិក្ខុសង្ឃសម្រាប់ស្រង់ទឹកជៀសវាងស្រង់ទឹកអាក្រាតកាយ, រហូតមកដល់បច្ចុប្បន្ននេះ ។
ខ/សាស្ត្រាអានិសង្សសាដក៖ សេចក្ដីដំណាលថា មានទាសាទាសី ប្ដីប្រពន្ធពីរនាក់ ។ គាត់មានកូនក្រមុំម្នាក់ឈ្មោះ "នាងអមយ្យទាសី ។ ក្រោយមកឪពុកនាងក៏ទទួលមរណភាពទៅ ។ នាងក៏រស់នៅជាមួយម្ដាយ ហើយធ្វើជាទាសីគេទាំងពីរនាក់ម្ដាយកូនតទៅទៀត ។ ថ្ងៃមួយ នៅពេលចូលវស្សា នាងអមយ្យទាសីបានឃើញអ្នកស្រុកនាំគ្នាយកសាដកទៅប្រគេនព្រះភិក្ខុសង្ឃ ក៏កើតមានសេចក្ដីជ្រះថ្លាក្រៃលែង ប៉ុន្តែនាងគ្នាលទ្ធភាពរកលុយកាក់ ដើម្បីយកទៅទិញសាដកដូចអ្នកស្រុកឯទៀត ព្រោះនាងទ័លក្រពេកណាស់ ។ នាងគិតមិនលេចសោះ ក្នុងការស្វែងរកលុយកាក់សម្រាប់ធ្វើសាដក, នាង និងម្ដាយ ក៏សម្រេចចិត្តចុងក្រោយទៅសំពះ ម្ចាស់ (ថៅកែ) សុំបន្ថែមថ្លៃឈ្នួលខ្លួន តែម្ចាស់ប្រាក់ក៏ពុំព្រមថែមឲ្យ ព្រោះនាងជំពាក់គេក្រែលណាស់ទៅហើយ ។ នាងអស់តម្រិះ ក៏ថយមកគិតទៀតថា "ឱអញអើយ! កើតមកជាអ្នកទ័លក្រ លំបាកវេទនា ឃើញការកុសលនៅនិងមុខហើយឈោងចាប់យកដូចគេពុំបាន តើកាលណាឡើយនិងបានធ្វើបុណ្យនិងគេ, បើអញស្លាប់អំពីជាតិនេះទៅ ទៅចាប់កំណើតថ្មីមុខជានៅតែបម្រើគេពុំឃ្លាតឡើយ, ណ្ហើយចុះ ដើម្បីកុំឲ្យសល់ខានធ្វើបុណ្យដែលអញមានសេចក្ដីជ្រះថ្លាទាំងម្ល៉េះ អញសុខចិត្តខ្លាស់ (ខ្ទាស់) ស្លឹកឈើស្លៀក" ។ លុះនាងគិតហើយ ក៏ផ្លាស់សំពត់អំពីខ្លួនយកទៅបោកគក់ឲ្យជ្រះក្អែល ជ្រះក្លិនឆ្អេះឆ្អាប យកទៅជ្រលក់ទឹកអម្ចត់រួចយកទៅប្រគេនព្រះសង្ឃតាមចិត្តជ្រះថ្លា ហើយតាំងចិត្តអធិដ្ឋានថា "សេចក្ដីជ្រះថ្លាដែលញ៉ាំងចិត្តឲ្យនាំមកបូជានូវសំពត់សាដកក្នុងគ្រានេះ, លុះអនាគតជាតិទៅ សូមកុំឲ្យខ្ញុំស្គាល់ការខ្វះខាត ដូចជាតិនេះទៀតឡើយ " ។ ក្រោយមក ដោយអំណាចផលានិសង្សដែលនាងបានកសាងសំពត់សាដកនេះ នាងក៏បានទៅជាឯកអគ្គមហេសី នៃព្រះរាជាមួយព្រះអង្គ ។ ដោយសារមាននិទាននេះហើយ ទើបខ្មែរយើងនិយមធ្វើសំពត់សាដកប្រគេនព្រះសង្ឃ ជាទំនៀមមកដល់សព្វថ្ងៃ ។
គ/តំណមក្នុងឱកាសវស្សា៖
ក្នុងរយៈពេលបីខែនេះ ប្រជារាស្ត្រខ្មែរជាពុទ្ធសាសនិក មានទំនៀមតំណមផ្សេងៗ ដូចជាតំណមរៀមមង្គលការកូនចៅ តំណមសង់ផ្ទះសម្បែង ដោយចាត់ទុកថា "ជាថ្ងៃឃ្លុប" ។ ចំពោះតំណមនេះ អ្នកប្រាជ្ញខ្លះសន្និដ្ឋានថា "តំណមហាមមិនឲ្យរៀបអាពាហ៍ពិពាហ៍កូនចៅនោះ ព្រោះបុរាណាចារ្យយើងយល់ថា ខែវស្សាជាខែដែលភ្លៀងធ្លាក់ប៉ប៉ិចប៉ប៉ាច់ និងជាខែដែលយើងមមាញឹកបង្កបង្កើនផល " ។ ឯតំណមហាមមិនឲ្យសង់ផ្ទះសម្បែងនោះ ព្រោះលោកយល់ថា ខែវស្សាធ្វើឲ្យដីជ្រាយ និងធ្វើឲ្យឈើសើម ឬរីក ជាហេតុមិនអាចធ្វើផ្ទះសម្បែងបានល្អទេ ។
សេចក្ដីសន្និដ្ឋាន,
ថីរវេលានៃការចាំវស្សាបីខែនេះ ជារយៈពេលមួយមានតម្លៃពិសេសព្រោះវាជាសញ្ញា ដាស់ស្មារតីបព្វជិតពុទ្ធសាសនិក ឲ្យបង្កើនសេចក្ដីព្យាយាមបំពេញគន្ថៈធុរៈក្ដី វិបស្សនាធុរៈក្ដី ឲ្យបានខ្លាំងក្លាជាងពេលណាៗទាំងអស់ ។ រីឯឧបាសក ឧបាសិកា ក៏បានមើលឃើញច្បាស់អំពីខ្លឹមសារនៃការចាំវស្សារបស់ភិក្ខុសង្ឃដែរ ។ ដូច្នេះហើយបានជាគេខិតខំឧបត្ថម្ភចតុប្បច្ច័យផ្សេងៗ ចំពោះលោកយ៉ាងខ្លាំងប្លែកពីធម្មតា ដូចជាទៀនវស្សា (ប្រេង) សាដក, ដាក់បិណ្ឌ, ភ្ជុំបិណ្ឌ... ដើម្បីសំដែងនូវសមានចិត្ត, ចូលរួមអបអរសាទរ រំលែកនូវការលំបាកខ្វះខាត និងដើម្បីជាផលានិសង្សសម្រាប់ខ្លួនផង ។

រៀបរៀងដោយ ម៉ែន ប្រាង្គ និង អាំ ឆន
ពិនិត្យសម្រួលដោយ ឱម ខែម

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក