Social Icons

19 October 2010

បុណ្យធ្វើយ៉ាងណានឹងបានផល ?

តាំងពីបូរាណកាលមក ពុទ្ធបរិស័ទខ្មែរយើងចូលចិត្តបបូលគ្នាធ្វើបុណ្យខ្លាំងណាស់ ទោះជាត្រូវចំណាយទ្រព្យសម្បត្តិអស់ចំនួនច្រើនក៏ឥតស្ដាយឡើយ​ ប្រាថ្នា​ឲ្យតែបានធ្វើបុណ្យ ។
ចុះការធ្វើបុណ្យនោះ​ត្រូវធ្វើយ៉ាងណានិងបានទទួលផលបុណ្យបើ​តាមខ្ញុំ​​​ព្រះ​​​​​ ​​​​ក៏ដូច​​ជាអស់​លោកទាំងឡាយដែលធ្លាប់សិក្សាអំពីប្រវត្តិនៃការធ្វើបុណ្យបាន​​​​​​​យល់​​​​ដឹងច្បាស់លាស់​ស្ទើរគ្រប់គ្នាទៅ​ហើយ តាមគម្ពីរក្នុងព្រះពុទ្ធសាសនាបានចារឹក​​ទុកមកច្បាស់ថា ការធ្វើបុណ្យមាន៣យ៉ាង៖
១.ទានមយៈ បានដល់ការឲ្យទាន
២.សីលមយៈ បានដល់ការរក្សាសីល
៣.ភាវនាមយៈ បានដល់ការចំរើនភាវនា
អ្នកដែលបានធ្វើបុណ្យ ត្រូវធ្វើដោយស្មោះស ព្រោះបុណ្យនោះបានដល់គ្រឿងជម្រះចិត្តឲ្យស្អាត់បរិសុទ្ធិប្រាសចាកនូវមន្ទិលស្មៅហ្មង ។ រីឯការឲ្យទានក៏ឈ្មោះថាការធ្វើបុណ្យម្យ៉ាងដែរ តែមិនសូវបានបុណ្យស្មើនិងការរក្សាសីលទេ ការរក្សាសីលទោះជាបានបុណ្យច្រើនមែនក៏នូវទាបជាងការចំរើនចិត្តភាវនាដែរ ការចំរើនចិត្តភាវនាពិតជាការសាងបុណ្យបារមីប្រសើរបំផុតក្នុងព្រះពុទ្ធសាសនា ។ តែទោះជាការធ្វើបុណ្យយ៉ាងណាក៍ត្រូវប្រកបព្រមដោយទានទាំង៣ប្រការនេះ ។ ការធ្វើបុណ្យនិងការឲ្យទាននោះ អ្នកធើ្វបានទទួលបុណ្យច្រើនឬតិចត្រូវអាស្រ័យដោយអង្គប្រកប៣ប្រការដូចតទៅ ៖
១.​​ អ្នកធ្វើត្រូវធ្វើដោយចេតនា ធ្វើដោយបរិសុទ្ធ ធ្វើដោយសទ្ធា ធ្វើដោយចិត្តសប្បាយរីករាយនិងសទ្ធាញាណសម្បយុត្ត ។
២. អ្នកធ្វើត្រូវធ្វើដោយវត្ថុបរិសុទ្ធ ដូចជាបច្ច័យ៤មានចីវរប្បច្ច័យជាដើម បច្ច័យទាំងនោះត្រូវបានមកដោយធម៌ បានមកដោយសេចក្តីបរិសុទ្ធ មិនមែនបានមកដោយការកេងប្រវ័ញ្ចន៍ បៀតបៀនរបស់អ្នកដទៃ ឬបៀតបៀនខ្លួន ។
៣. អ្នកធ្វើត្រូវប្រកបដោយសោមនស្សបរិសុទ្ធ បានដល់សេចក្តីរីករាយក្នុងទានដែលខ្លួនបានធ្វើហើយ មិនមែនមានសេចក្តីសោក​ស្តាយទ្រព្យ​សម្បត្តិនោះឡើយ​ ។ ធ្វើ បុណ្យឲ្យធ្វើទៅតាម​កម្លាំង​ទ្រព្យ​ កម្លាំង​សទ្ធា​​ដែល​ខ្លួនមាន កុំបង្ខំចិត្ត​ ព្រោះថា ពេលចិត្តសៅហ្មងធ្វើឲ្យចេតនា​ក្នុង​បុណ្យ​​មិន​បរិសុទ្ធ​ ប្រែជា​ធ្វើ បុណ្យត្រឡប់បាន​បាបវិញ​ ព្រោះបៀតបៀនខ្លួនឯង ។ ​ការធ្វើបុណ្យ​ឲ្យនិងទាននោះ កុំធ្វើដើម្បីអួតអ្នកដទៃឲ្យគេលើកសរសើរ​កុំធ្វើព្រោះគេបញ្ជោរ កុំធ្វើដោយចិត្ត​​ស្ដាយ​ស្រណោះ ជាងនេះ​ទៀត​ កុំធ្វើដោយសេចក្តីលោភលន់ហួសប្រមាណ គឺធ្វើបុណ្យហើយប្រាថ្នាសូមឲ្យបានសេចក្តីសុខសប្បាយ សេចក្តីសុខចំរើនជាមួយនឹង​ការដែលខ្លួនបានធ្វើបុណ្យនោះក៏គួរសមហើយ ។
ក្នុងមង្គលសូត្រលោកបានសមែ្តងថា បុពេ្វ កត បុញ្ញតា “ភាវនៃបុគ្គល អ្នកមានបុណ្យ​បា​ន​ធ្វើទុក​ហើយ​ពីជាតិមុន” ជាមង្គលដ៏ឧត្តម​ ព្រោះ​ហេតុ​នោះ​បុណ្យទាំងឡាយដែលយើងបាន​ទទួល​ក្នុង​ជាតិ​នេះ ដោយសារ​យើងបានក​សាង​សន្សំ​ទុក​ពីអតីតជាតិ​មក​ ។
ការធ្វើបុណ្យត្រូវធ្វើដោយសទ្ធា ទើបបានបុណ្យបរិបូណ៌តាមកម្លាំងបុណ្យ ពេលមានចិត្តចេតនាក្នុងការធ្វើបុណ្យឬឲ្យទាន ត្រូវធ្វើដោយសេចក្តីបរិសុទ្ធស្អាតផូរផង ល្អព្រមតាមលក្ខណៈ ៣ ​ប្រការ ​ដូចបានពោលមកហើយខាងលើ ប្រសិន​ជា​ធ្វើ​បុណ្យទាំងប្រកបដោយចិត្តវិបស្សនាកម្មដ្ឋានផង ម្ចាស់ទានច្បាស់ជាបានទទួលផលបុណ្យបរិសុទ្ធដ៏អស្ចារ្យ ​ បើយើងធ្វើបុណ្យដោយបរិសុទ្ធស្អាតព្រមដោយសទ្ធាស្មោះ គ្រាន់តែ១០រៀលខ្មែរសោះក៏បានអានិសង្សច្រើនក្រាស់ក្រៃ ព្រោះបុណ្យមិនមែននូវត្រង់ចំនួនទ្រព្យនោះទេ តែត្រង់ព្រមដោយសទ្ធា បុណ្យជាវត្ថុមានគុណតម្លៃដ៏ល្អិត អំណាច​បុណ្យជាតម្លៃនៃគុណធម៌ដ៏ជ្រៅ មានកម្លាំងខ្លាំង អាចបណ្ដាឲ្យនាក់រាល់គ្នាបានសម្រេចផលល្អ សេចក្តីសុខចំរើនគ្រប់វេលាជាប្រាកដក្នុងជាតិនេះនិងជាតិខាងមុខមិនខានឡើយ ។បុណ្យធ្វើហើយដែល​អាច​ទទួលបាននផល​ល្អលុះ​ត្រាតែបដិគ្គាហកៈ​មាន​សីល​បរិសុទ្ធឥត​សៅហ្មង​ ប៉ុន្តេ​​បើបដិគ្គាហកៈ​មាន​សីល​​មិនបរិសុទ្ធ​ ទាន​នោះ​ក៏រមែងមាន​មន្ទិលផង​ដែរ ​ ប្រៀបដូចជាព្រោះស្រូវលើដីល្អមានជីរជាតិទឹកត្រជាក់ឧត្តមសម្បូរណ៌គ្រប់យ៉ាង គ្រាប់ស្រូវនិងមានវាសនាដុះលុតលាស់ស្រស់ខៀវខ្ចីល្អឡើងបាន ចំណែកគ្រាប់ត្រូវធ្លាក់ទៅលើទីទួលដីស្ងួតហួតហែងខ្វះទឹក ដីមានតែជាតិបង្រៃគ្រាប់ស្រូវនោះប្រាកដជាស្វិតស្ងួតខូចមិនអាចណាដុះឡើងបានឡើយ ។
បុគ្គលមួយចំនួនមាននិស្ស័យខ្ពស់បានតាំងចិត្តស្ម័គ្រកាយថ្វាយខ្លួនចូលផ្ញើបំរើក្នុងព្រះពុទ្ធសាសនា​ប្រាថ្នាឲ្យរួចផុតសង្សារវដ្តនិងព្យាយាមបដិបត្តិធម៌ដើម្បីមគ្គផលព្រះនិព្វាន ព្រះគុណទាំងឡាយ​នោះជាស្រែបុណ្យដ៏ប្រសើរ បើយើងមានបុណ្យកុសលបារមីដ៏ល្អតភ្ជាប់មកពីអតីតជាតិ បុណ្យបារមីនោះជាកម្លាំងវេសនានាំមកឲ្យជួបនឹងព្រះគុណជាស្រែបុណ្យល្អបដិបត្តិដ៏ល្អ បើបុណ្យវាសនាតិចមិនចំរើនត្រឹមតែបានជួបព្រះគុណជាស្រែបុណ្យមិនល្អហើយបដិបត្តិមិន​បានល្អ ធ្វើឲ្យផលបុណ្យដែលបានមកតាមនិស្ស័យរបស់បុណ្យ ។
ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងថា វត្ថុទានក៏ជារបស់បរិសុទ្ធល្អ ចេតនានៃការធ្វើទានក៏បរិសុទ្ធល្អ ហើយតែងធ្វើឲ្យទាននោះមានផលច្រើនឬតិចអាស្រ័យលើស្រែបុណ្យផងដែរ ព្រះគុណដូចគ្នាតែមានគុណធម៌ខុសគ្នាផ្ទៃស្រែបុណ្យក៏ខុសគ្នា បុគ្គល​ចូលមកបួសនៅក្នុងសំណាក់ព្រះពុទ្ធសាសនា​ ព្រះ អង្គបានកំណត់ឲ្យត្រឹមតែសម្មតិសង្ឃ​ប៉ុណោះ ព្រះសង្ឃដោយពិតប្រកដបានដល់បុគ្គល​ដែលបានបួសហើយបដិបត្តិបានបន្លុះព្រះធម៌ជាន់ខ្ពស់ជាព្រះអរហត្ត​ អរហន្ត បើទាបបំផុតក៏បានសម្រេចត្រឹមសោតាបន្នដែរ ព្រះសង្ឃទុកដូចជាសំពៅមាសនាំសម្បតិ្តបុណ្យរបស់អ្នកស្រុកផើ្ញពីត្រើយនេះទៅកាន់ត្រើយនាយឬជាបុរសប្រៃ​សណីយ៍​​មានតួនាទីទទួលផលបុណ្យរបស់យើងធ្វើរួចហើយ​ជួយជូនដល់ដៃអ្ននចាំទទួលយ៉ាងហ្នឹងឯង ។ល។
អ្នកស្រុកធ្វើបុណ្យឧទ្ទិសភាគផលកុសលត្រូវនិមន្តព្រះសង្ឃចម្លង​នូវសទ្ធា​ ពិព្រោះព្រះសង្ឃទុកដូចជាស្រែបុណ្យ ​​​​​​​ តួយ៉ាងយើងចង់ផ្ញើវត្ថុឬជូនដំណឹងតាមសំបុត្រទៅកន្លែងណាមួយត្រូវពឹងលើអ្នកនាំសារឬឆ្លងកាត់ពួកសេវ៉ាប្រៃសណីយ៍​ បើយើង​មិនបង់ពន្ធបិទតែមទេ អ្នកនាំសារក៏មិនអាចណាបញ្ជូនវត្ថុឬដំណឹងរបស់យើងទៅបានដែរ​ ម្ចាស់ទានត្រូវបំរុង(បុណ្យ)ចាយសេវ៉ាបានសេចក្តី​ថា គឺយើងត្រូវមានសេចក្តីល្អរបស់ខ្លួន បុណ្យកុសលត្រូវភ្ជាប់ជាមួយនឹងព្រះសង្ឃដែលមានកម្លាំងបុណ្យខ្ពស់អាចជួយទានរបស់អ្នកផ្ញើឲ្យទៅដល់ត្រើយបានដោយសុខស្រួល ព្រោះព្រះសង្ឃមានសេចក្តីមេត្តាជាកណ្តាលភ្ជាប់បុណ្យ​បញ្ជូនបុណ្យ​ទៅឲ្យអ្នកទទួលបានដោយអនុមោទនា ។
ព្រះសម្មសម្ពុទ្ធទ្រង់សំដែងថា សុខោ​បុញ្ញស្ស​​ ឧច្ចយោ ​ “ការសន្សំបុណ្យ​រមែងនាំមក​នូវសេចក្តី​សុខ” ​ការសន្សំបុណ្យឬការឲ្យទានក៏ដូចគ្នា ការកសាងផ្លូវទៅអនាគតដែលរោយដោយលំអងកុលាបក្រអូប គឺបុណ្យធ្វើឲ្យផ្លូវដើរនោះរាបស្មើរល្អ មិនមានសេច​​ក្តីអន្តរាយរដិបរដុបជំពប់ដុំក្រួសដួលដោយប្រការណាឡើយ បើយើងជាអ្នកមានបុណ្យកុសលជាមូលដ្ឋានរបស់ផ្លូវហើយ ក៏ដូចជាយើងបានធ្វើដំណើរដើរតាមថ្នល់មាសនៅនាយស្ថាសួគ៌អញ្ជឹងឯង​ ច្បាស់​លាស់​​ណាស់ចំពោះ​អ្នកមានសីលមានគុណធម៌ខ្ពស់ មានសមាធិ​ល្អ មានចិត្តបរិសុទ្ធស្អាតផូរផងជាបុណ្យកុសលដោយពិត​ៗ ទើបអាចឧទ្ទិសផលបុណ្យទៅឲ្យខ្លួនបាន ៕

ធ្វើបុណ្យឲ្យតាមកម្លាំងទ្រព្យ លើសខ្វះមិនគាប់ដែលខ្លួនមាន
នាំឲ្យស្ដាយក្រោយនាំខូចទាន ចំណាយធនធានឥតបានផល ។
សាងល្អក្រណាស់ដូចស្រះទឹក ប្រឹងល្ងាចប្រឹងព្រឹកកុំបណ្ដោយ
ទោះទាំងទឹកភ្នែកជ្រែកក៏ដោយ ចុងក្រោយផលបានក្សាន្តសុខា ។

ដោយៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភិក្ខុ អគ្គមុនី តាំង​ ណា​​ រិន្ទ

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក