Social Icons

21 May 2009

បុណ្យចេញវស្សា

បុណ្យចេញវស្សា និងព្រះពុទ្ធ
ទ្រង់សម្តែងអភិធម្មទេសនាប្រោសអតីតវរមាតា


លុះផុតកំណត់ចាំវស្សា៣ខែហើយ នៅថ្ងៃ១៥កើត ពេញបូណ៌មីខែភទ្របទ(ពាក់កណ្តាលខែតុលា) ភិក្ខុសង្ឃត្រូវធ្វើកិច្ចចេញវស្សារបស់ខ្លួនវិញ ដែលហៅថា “បុណ្យចេញវស្សា ” ឬ “ បុណ្យបវរណា ”។ ពិធីបវរណានេះ ភិក្ខុមួយអង្គៗត្រូវប្រកាសខ្លួនដាក់កាយឱ្យសង្ឃ ឬបុគ្គលគ្នាឯងធ្វើការរិះគន់ ក្រែងមានប្រព្រឹត្តខុសឆ្គងឬលើសបញ្ញត្តិណាមួយ ក្នុងការចាំវស្សា៣ខែកន្លងមកនោះ ទោះដោយការឃើញក្តី ការស្តាប់ឮក្តីនិងការរង្គៀសក្តី ក៏សួមឱ្យលើកឡើងនិងបង្ហាញនូវភ័ស្តុតាងច្បាស់លាស់ដើម្បីភិក្ខុប្រព្រឹត្តខុសធ្វើការកែប្រែ ឱ្យប្រសើរឡើងវិញ។

មានរឿងមួយទាក់ទងនឹងភិក្ខុសង្ឃធ្វើបវរណាចេញវស្សានេះថា៖ “ សម័យមួយ ព្រះសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តជេតពន ដែលជាអារាមរបស់ អនាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង មានភិក្ខុជាច្រើនដែលជាមិត្រស្និទស្នាលនឹងគ្នា បានជួបជុំគ្នាចូលវស្សាក្នុងអាវាសវត្តមួយក្នុងកោសលជនបទ។ ភិក្ខុទាំងអស់បានត្រិះរិះថា ' តើយើងត្រូវធ្វើដូចម្តេចដើម្បីឱ្យបានសុខ កុំឱ្យមានការទាស់ទែងខ្វែងគំនិតគ្នា នៅពេលចាំវស្សា និងមិនឱ្យមានការលំបាក ដោយអាហារបិណ្ឌបាត្រផង?' ភិក្ខុទាំងអស់ ក៏ព្រមព្រៀងគ្នាថា ' យើងមិនត្រូវនិយាយរកគ្នា មិនត្រូវចរចាររកគ្នាទៅវិញទៅមកទេ។ បើយើងត្រូវការពឹងពាក់គ្នា ត្រូវតែប្រើកាយវិការជាសញ្ញា' “។ កាលបានព្រមព្រៀងគ្នាយ៉ាងដូច្នោះហើយ ភិក្ខុទាំងនោះ ក៏លែងស្តីរកគ្នា រហូតគ្រប់៣ខែ។

លុះចេញវស្សាហើយ បន្ទាប់ពីបានរៀបចំទុកដាក់សេនាសនៈរួចមក ភិក្ខុទាំងនោះ ប្រដាបដោយបាត្រ និងចីវរ ចេញដំណើរទៅកាន់ទីក្រុងសាវត្ថី ដើម្បីចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងវត្តជេតពននោះ។

ព្រះសាស្តាក៏ទ្រង់ត្រាស់សួរថា៖ “ ម្នាលភិក្ខុទាំងឡាយ! អ្នកទាំងឡាយ ល្មមអត់ធន់នូវសេចក្តីទុក្ខលំបាកបានដែរឬទេ? ឥរិយាបថប្រព្រឹត្តទៅបានស្រួលដែរឬទេ? ចុះអ្នកទាំងឡាយ ជាបុគ្គលព្រមព្រៀងគ្នា ស្រុះស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាដោយសុខសប្បាយហើយឬ?”។

ភិក្ខុទាំងនោះក្រាបទូលថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! យើងខ្ញុំព្រះអង្គទាំងអស់គ្នា នៅចាំវស្សាដោយសប្បាយ ក៏ព្រោះតែយើងខ្ញុំព្រះអង្គ មានគំនិតឯកភាពគ្នាថា ' យើងខ្ញុំទាំងឡាយ មិនគប្បីហៅរកគ្នា មិនគប្បីចរចាររកគ្នាទៅវិញទៅមក នោះទើបមានឈ្មោះថា ជាអ្នកព្រមព្រៀងគ្នា ស្រុះស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាដោយសប្បាយ ”។

កាលទ្រង់ព្រះសណ្តាប់នូវពាក្យយ៉ាងនេះហើយ ព្រះសាស្តាក៏ទ្រង់មានព្រះបន្ទូលថា៖ “ ម្នាលភិក្ខុទាំងឡាយ! អ្នកនៅចាំវស្សាបែបនេះ ពិតជាមិនសប្បាយទេ។ ប៉ន្តែ អ្នកទាំងឡាយបែរជាប្តេជ្ញាថា ខ្លួនជាអ្ននៅចាំវស្សាដោយសប្បាយទៅវិញ។ ការចាំវស្សារបស់អ្នកទាំងឡាយ ដូចជាការរស់នៅរបស់បសុសត្វ (សត្វដែលគេចិញ្ចឹម) ឬក៏ដូចជាការរស់នៅរបស់សត្វពពែ ឬក៏ដូចជាការរស់នៅរបស់បុគ្គលប្រមាទ តែនៅប្តេជ្ញាថាខ្លួនជាអ្នករស់នៅដោយសប្បាយ។ ម្នាលមោឃបុរស! អ្នកមិនសមបើនឹងសមាទាននូវ មូគវត្ត (វត្តរបស់មនុស្សគ) ដែលជា តិតិ្ថយសមាទាន (សមាទានរបស់ពួកតិរ្ថិយ)ទេ អំពើទាំងនេះ មិនមែនជាអំពើដែលនាំឱ្យគេជ្រះថ្លាទេ “។

ព្រះសាស្តាទ្រង់បន្ទោសភិក្ខុទាំងនោះ យ៉ាងដូច្នោះហើយ ក៏ទ្រង់សម្តែងនូវធម្មីកថា ថា៖ “ ម្នាលភិក្ខុទាំងឡាយ! ភិក្ខុមិនត្រូវសមាទាននូវមូគវត្តដែលជាតិតិ្ថយសមាទានទេ ភិក្ខុណាសមាទាននឹងត្រូវអាបត្តិទុក្កដ “។
ព្រះសម្ពុទ្ធទ្រង់បញ្ញត្តិ ដោយបទបាលីថា៖ “ អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ តីហិ ឋានេហិ បវារេតុំ ទិដ្ឋេន វា សុតេន វា បរិសង្គាយ វា “ ប្រែថា៖ “ ម្នាលភិក្ខុទាំងឡាយ! តថាគតអនុញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយ អាចបវរណាដោយស្ថាន៣យ៉ាងគឺ៖ ដោយឃើញក្តី ដោយឮក្តី និងដោយរង្គៀសក្តី “។

បុណ្យចេញវស្សានេះ ក៏មានប្រវត្តិជាប់ទាក់ទងទៅនឹងរឿង ព្រះពុទ្ធអង្គផ្ទាល់ដែរ។ យោងតាមរឿងនេះថា៖ “ ពេលមួយ ព្រះពុទ្ធទ្រង់គង់ចាំព្រះវស្សាអស់ត្រៃមាស នៅឯតាវតឹង្សសួគ៌ាឋាន ជាកន្លែង ដែលព្រះពុទ្ធទ្រង់សម្តែងព្រះអភិធម្មទេសនា ប្រោសមាយាទេវបុត្រ (ដែលត្រូវជាអតីតព្រះមាតារបស់ព្រះអង្គ) និងពួកទេវតាដទៃទៀត។ នៅពេលចេញវស្សា ព្រះអង្គក៏យាងចុះមកកាន់ឋានមនុស្សលោកវិញ ដោយមានការទទួលស្វាគមន៍និងបដិសណ្ឋារកិច្ច យ៉ាងសប្បាយរីករាយក្រៃលែង។ រឿងនេះបានកើតឡើង៧ឆ្នាំ បន្ទាប់អំពីព្រះពុទ្ធទ្រង់បានត្រាស់ដឹង។ ពិធីយ៉ាងអ៊ឹកធឹកនេះ ប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍ ដ៏សំខាន់នេះ។ កន្លែងទ្រង់យាងចុះនោះឈ្មោះ “ ក្រុងសង្កសៈ “ ស្ថិតនៅខាងជើងប្រទេសឥណ្ឌា។

ក្នុងពេលធ្វើបុណ្យចេញវស្សានេះ ជាទូទៅនៅពេលល្ងាចឬយប់ថ្ងៃ១៥កើត ខែអស្សុជ ភិក្ខុសង្ឃដែលគង់ចាំវស្សា អស់ត្រៃមាស ក្នុងអាវាសណាមួយ ត្រូវជួបជុំគ្នាក្នុងព្រះវិហារ ដើម្បីនមស្សការព្រះរតនត្រ័យ និងសម្តែងអាបត្តិ។ ពុទ្ធបរិស័ទនិមន្តព្រះសង្ឃសម្តែងធម៌ទេសនា “ រឿងព្រះវេស្សន្តរ “ គឺជារឿងព្រះពោធិសត្វ ដែលយោនយកកំណើតក្នុងជាតិចុងក្រោយបង្អស់ ដើម្បីបំពេញទានបារមី។ ទេសនាមហាជាតក៍ត្រូវយកមកសម្តែងជូនពុទ្ធបរិស័ទជាទីសណ្តាប់ ក្នុងរាត្រីនោះដែរ។

ព្រឹកឡើង ពុទ្ធបរិស័ទយកស្រាក់បាយ សម្លនិងចង្ហាន់ផ្សេងៗមកឈរតម្រៀបគ្នាជាជួររង់ចាំដាក់បាត្រ ព្រះសង្ឃដែលមានភ្នែកដាក់ចុះនិងកាន់ទ្រនូវបាត្រ និមន្តសន្សឹមៗតាមជួរសប្បុរសជន ដើម្បីទទួលចង្ហាន់បិណ្ឌបាត្រ ប្រកបដោយសេចក្តីមេត្តានិងកាយវិការស្រគត់ស្រគំសមរម្យ។

បន្ទាប់មក សប្បុរសជនទាំងអស់នាំគ្នាទៅជួបជុំនៅក្នុងសាលាធំ ជាកន្លែងដែលពុទ្ធបរិស័ទប្រារព្ធពិធីផ្សេងៗ ដើម្បីសមាទាននិច្ចសីលឬឧបោសថសីល ស្តាប់ព្រះសង្ឃសម្តែងធម្មទេសនា និងធ្វើសមាធិ។

កម្មវិធីប្រជាប្រិយផ្សេងៗ ត្រូវបានយកមកសម្តែងនិងអប់រំប្រជាពលរដ្ឋ។ ការកំសាន្តសប្បាយ និងការធ្វើបុណ្យតែងប្រព្រឹត្តឡើងក្នុងពេលជាមួយគ្នា៕

ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ២០០០

No comments:

Post a Comment

អត្ថបទពេញនិយម

សមាជិក