ការប្រមូលចំណេះ ដឹងមកគិតវិគ្រោះនិងសង្គ្រោះការកែតម្រូវការធ្វើទុកក្នុងចិត្តឲ្យច្បាស់លាស់មានរបៀបការគម្រោងផែនការណ៍និងការអនុវត្តន៍នាមធម៌ឲ្យទៅជារូបធម៌ការដោះស្រ័យបញ្ហាចំពោះមុខការស្ទង់ស្ទាបរកហេតុផល និងការបញ្ចេញមតិទាំងមានសតិសម្បជ្ជញ្ញៈ រលឹកត្រូវតាមលោកធម៌ទាំង៨ ដែលហូរចូលមកពាល់ត្រូវចិត្តគំនិតរបស់ខ្លួនឲ្យក្លាយទៅជាកុសលបាន ។
វិធីការសិក្សាស្រាវជ្រាវដែលនាំឲ្យកើតបញ្ញានោះ ជាការអភិវឌ្ឍន៍តាមវិធីសាស្រ្តរបស់ព្រះពុទ្ធសាសនាតាមគោលធម៌ដែលជាប់ទាក់ទងគ្នាទៅវិញទៅមក ដូច្នេះគឺ ៖
ទី ១ កល្យាណមិត្ត
ទី ២ បរតោឃោសៈនិងយោនីសោមនស្សិការៈ
ទី ៣ ការសិក្សាតាមគោលនៃត្រៃសិក្ខា
ទី ៤ ភាវនា៤
(១) កល្យាណមិត្ត
កល្យាណមិត្តជាមូលដ្ឋានសំខាន់បំផុត រាប់តាំងអំពីញាតិមិត្តនៅជិតខាង គ្រូបាអាចារ្យ ព្រះសង្ឃ ម្តាយឪពុក រហូតដល់អង្ការដែលឧបត្ថម្ភនានា ដោយអូសទាញប្រមូលផ្ដុំ ចំណុចពិសេសនៃបុគ្គលម្នាក់ៗគ្រប់ចំពូក មករកគ្នាឲ្យបានច្រើនបំផុត ធ្វើឲ្យម្នាក់ៗបែរមុខមករកគ្នា ។ កល្យាណមិត្តនេះហើយដែលជួយជំរុញដាស់តឿន ជួយជាកម្លាំងចិត្ត ជួយបំផុសសទ្ធាក្នុងការធ្វើអំពើល្អ ជួយទំនុកបម្រុងគម្រោងការណ៍ឲ្យដំណើរទៅបានដោយល្អ ។ ត្រង់ចំណុចនេះ កល្យាណមិត្តនឹងធ្វើជាតួនាទីសំខាន់ជាអ្នកអូសទាញបច្ច័យខាងក្រៅមកជំរុញបច្ច័យខាងក្នុង ។
(២) បរតោឃោសៈនិងយោនិសោមស្សសិការៈ
ការបើកផ្លូវសិក្សាខាងក្នុង ជាចំណុចសំខាន់មួយទៀតដែរ ប្រៀបដូចជាការផ្តើមបញ្ឆេះគ្រឿងយន្តនៃការសិក្សាខាងក្នុងរបស់ខ្លួនមនុស្ស ដែលមានអង្គធម៌ជាបឋមនៃការសិក្សាស្រាវជ្រាវ សំខាន់ ២ប្រការដែរគឺ៖ “សទ្ធា” (ការយកចិត្តទុកដាក់ខាងផ្នែកសិក្សារៀនសូត្រ, សេចក្តីជំនឿ សេចក្តីគោរព សេចក្តីជ្រះថ្លា) និង “យោនិសោមនស្សិការ”(ពិចារណាដោយឧបាយ-គំនិតដ៏ប៉ិនប្រសប់បង្អោនចូលមកកាន់ចិត្តជាកុសលបាន)
ការបើកទូលាយការសិក្សាស្រាវជ្រាវខាងក្រៅនឹងកើតឡើងបានក៏ត្រូវអាស្រ័យកល្យាណមិត្តត្រៀមការនិងជ្រើសរើសប្រើបច្ច័យខាងក្រៅយ៉ាងល្មមសមគួរដល់អ្នកសិក្សានិងស្ថានការណ៍ជុំវិញ បច្ច័យខាងក្រៅដូចពោមកហើយនោះហៅថា “បរតោឃោសៈ” ដែលមានច្រើនលក្ខណៈតាំងតែពាក្យប្រៀនប្រដៅ ពាក្យបង្គាប់ សៀវភៅតម្រា ព័ត៌មានផ្សេងៗនិងទីបំផុតគឺ “សម្តីរបស់គ្រូ” ព្រោះជាសម្តីញ៉ាំងសេចក្ដីជ្រះថ្លាឲ្យកើតឡើងក្នុងចិត្ត ជាសម្តីដែលជួយដាស់តឿនជំរុញចិត្តគំនិតឲ្យមានសតិសមប្បជ្ជញ្ញៈ ជាសម្តីផ្ដល់កម្លាំងចិត្តឲ្យកើតការសិក្សាស្រាវជ្រាវក្នុងខ្លួនឯងឡើងរហូតដល់តម្លៃផលប្រយោជន៍នៃទង្វើល្អ សាងកុសលធម៌ចរិយាធម៌ឡើងក្នុងខ្លួន ។ កាលបើយល់ច្បាស់នូវអត្ថប្រយោជន៍នៃសុឆន្ទៈរបស់កល្យាណមិត្តនោះៗ ក៏កើតឆន្ទៈសេចក្តីពេញចិត្តប្រាថ្នានឹងប្រព្រឹត្តដោយខ្លួនឯង ហៅថា “បរតោឃោស” ។
ពេលសទ្ធាចំពោះបរតោឃោសៈកើត យោនិសោមស្សិការៈ ចលនានៃផ្នតគំនិតពិចារណាយ៉ាងលំអិតក៏កើត ដំណើរការសិក្សាដែលប្រកបដោយជំនឿទុកចិត្តក៏កើត ការវិគ្រោះបញ្ហានិងរកវិធីសាស្ត្រដំណោះស្រាយបញ្ហាក៏លេចធ្លោឡើងតាមលំដាប់ ។ល។ ទាំងអស់នេះគួរតែចាប់ផ្តើមតាំងតែពីយុវជនដើម្បីជួយបណ្ដុះបណ្ដាលដុសខាត់ផ្នតគំនិតឲ្យពេញចិត្តក្នុងការសិក្សារៀនសូត្រត្រិះរិះពិចារណានូវរាល់ទង្វើឲ្យប្រព្រឹត្តទៅក្នុងកុសលនិងត្រូវតាមគន្លងធម៌ដើម្បីផលប្រយោជន៍ន្លួនឯង និងសង្គម ។ ស្របនឹងនោះអាចជួយដំណោះស្រាយបញ្ហានានាដែលរាល់គ្នាកំពុងជួបប្រទៈ ក្នុងសង្គមបច្ចុប្បន្នដោយការជួយគ្នាលើកយកបញ្ហាមកពិចារណាឲ្យច្បាស់លាស់ ស្វែងរកហេតុដែលនាំឲ្យកើតបញ្ហាសម្របជាមួយកាលទេសៈ ហើយវិគ្រោះកំណត់ទិសដៅដើម្បីដោះស្រាយ ដូច្នេះបញ្ហានានានឹងត្រូវបានដំណោះស្រាយយ៉ាងត្រង់ចំណុចដ៏ពិតប្រាកដ ។ ទាំងអស់នេះជាវិធីពិចារណាដំណោះស្រាយបញ្ហាបែបអរិយសច្ច៤នោះឯង ។
(៣)ការសិក្សាតាមគោលនៃត្រៃសិក្ខា
ការសិក្សាតាមត្រៃសិក្ខាជាវិធីការសិក្សាស្រាវជ្រាវ ផ្នែកព្រឹត្តិកម្មខាងកាយ(សីល) ផ្នែកខាងចិត្តគំនិត (សមាធិ) ផ្នែកខាងចំណេះដឹង (បញ្ញា) ។ ត្រៃសិក្ខាអាចកើតឡើងបាន ត្រូវមានការត្រៀមហេតុបច្ច័យឲ្យសមនិងការធើ្វឬបដិបត្តិដោយពិត ។ គម្រោងការនេះសង្កត់ធ្ងន់ឲ្យមានពេលវេលាមួយរយៈក្នុងការដំណើរការដើម្បីរងចាំស្ថានការណ៍សិក្សាស្រាវជ្រាវ ពីបទពិសោធន៍ដែលបានមកពីការអនុវត្តន៍នានាឲ្យមកប្រជួបគ្នា។
សីល ការសិក្សាផ្នែកព្រឹត្តិកម្មឬសិក្សាទស្សនៈខាងសង្គមដែលធ្វើការងាររួមគ្នាជាក្រុមជាមួយអ្នកដទៃយ៉ាងជ្រោមជ្រែង ព្រមទាំងផ្ដល់កម្លាំងចិត្ត និងការអភ័យដល់គ្នានិងគ្នា ។ ការប្រុងប្រយ័ត្នពាក្យសំដី ទង្វើរដែលមិនបៀតបៀនគ្នា ប្រសិនបើមានការប៉ះទង្គិចគ្នាខ្លះក៏មានសីលមកឃុំគ្រង មិនឲ្យមានការឈ្លោះប្រកែកគ្នានាំឲ្យបែកសម្ពន្ធភាពរវាងគ្នា។ ការសង្រួមនូវពាក្យសំដីនិងទង្វើ ការទទួលសារភាពនូវកំហុស ការឲ្យអភ័យដល់គ្នា នាំឲ្យកើតវិវឌ្ឍនាការ ខាងព្រឹត្តិកម្មមិនឲ្យមានមលភាព បៀតបៀននិងអ្នកដទៃ ក៏ធ្វើឲ្យការងារក្រុមបានប្រព្រឹត្តិទៅដោយស្រួល ។
សមាធិ ជាការសិក្សាផ្នែកខាងចិត្តគំនិត ដែលត្រូវប្រឈមមុខនូវស្ថានការណ៍អំពីការងារ ធ្វើឲ្យត្រូវ សេចក្តីរឹងមាំចិត្ត សេចក្តីព្យាយាម ធ្វើឲ្យតភ្ជាប់មិនរុញរា មានសេចក្តីអត់ធន់ ទាំងចំពោះ ការងារ ទាំងមនុស្សនិងទាំងស្ថានការណ៍ ដែលហូរចូលមក ក្រៅពីនោះ នៅមានន័យថា រីកចំរើន នូវក្នុងគុណធម៌ដ៏ល្អឬគុណធម៌ក្នុងចិត្តគំនិត ដែលនាំទៅកាន់ភាពស្រស់ថ្លា ចិត្តផូរផង តាំងមាំក្នុង សមាធិ ។
បញ្ញា ជាការសិក្សាមកអំពីការសើបអង្កេត ត្រួតពិនិត្យពិចារណាការសម្រេចចិត្តប្រកបដោយហេតុផល មានរបៀបបែបផែន ដែលនាំទៅកាន់ភាវៈ រួចចាកបញ្ហា រួចផុតអំពីសេចក្ដីទុក្ខ ឈានទៅកាន់សភាវៈជាកុសល ។ ការសិក្សាផ្លូវបញ្ញាចាប់ផ្តើមសិក្សាអំពីសេចក្តីដឹងស្គាល់គោលធម៌ ពាក្យប្រៀនប្រដៅ ព័ត៌មាន ឯកសារ ការចងចាំ ការចាប់យកនូវគោលចំណុចមកវិភាគ រួបរួមបញ្ចូលជាពួកជាក្រុម ដែលជាបញ្ញាថ្នាក់ដឹងថ្នាក់ចងចាំ និងវិវឌ្ឍនាការឡើងទៅកាន់បញ្ញាថ្នាក់គំនិត ដែលកើតមកអំពីការហ្វឹកហាត់ ទស្សនៈ ការគិតវិគ្រោះ ការគិតសង្រោះ និងការគិតយឹតយោងនូវហេតុបច្ច័យ ការគិតពិចារណានូវសភាវៈពិត និងសភាវៈបន្លំជាដើម និងវិវឌ្ឍន៍ទៅកាន់សេចក្តីដឹងច្បាស់ ដែលធ្វើឲ្យស្វែងរកផ្លូវចេញអំពីបញ្ហាបាន រហូតដល់ការបដិបត្តិដើម្បីបន្លុះផលនៃការដោះស្រាយបញ្ហាគ្រប់ជាន់ថ្នាក់បាន និងបញ្ញាគិតអនុវត្តិមានហេតុផលយ៉ាងមានរបប ដើម្បីកែតម្រូវឲ្យល្អឡើងនិងជំនាញក្នុងរឿងនោះ ៗ ។
(៤) ភាវនា ៤
ពេលដែលអ្នកសិក្សាស្រាវជ្រាវឆ្លងអំពីក្បួនការសិក្សាក្នុងបីដំណាក់កាលខាងដើមមកត្រូវគ្នាជា ជាន់ដែល ៗ ដែលជាវេលាតភ្ជាប់មិនដាច់ក្នុងរយៈពេលដ៏សមគួរ អ្នកសិក្សានឹងកើតការវិវឌ្ឍន៍ ចំពោះខ្លួនឯង ជាអង្គរួមគ្រប់ជ្រុងជ្រោយ ទាំងវិវឌ្ឍនាការខាងព្រឹត្តិកម្មដែលទាក់ទងនិងរាងកាយ និងកាយភាពបរិឋានជុំវិញ (កាយភាវនា) វិវឌ្ឍនាការខាងសង្គម (សីលភាវនា) វិវឌ្ឍនាការខាងចិត្ត គំនិត (ចិត្តភាវនា) និងវិវឌ្ឍនាការខាងបញ្ញា (បញ្ញាភាវនា) ។
សារុបវិធីសាស្រ្តនៃការសិក្សា មានច្រើនបែបច្រើនយ៉ាងនិងផ្សព្វផ្សាយរហូតដល់បច្ឆិមប្រទេសយ៉ាងទូលំទូលាយ ដែលយើងធ្លាប់បានឃើញគេយកមកអនុវត្តន៍ដូចមាននៅក្នុងនិក្ខេបបទរបស់ភិក្ខុព្រះមហាពង្សនរិន្ទសរសេរថា៖
1 Learning to know (Theoretical Education)
2 Learning to do (Practical Education)
3 Learning to be (Accomplished Education)
And Learning to live together (Continuous Education for all).
ដូច្នេះ សមស្របទៅនឹងសេចក្ដីដែលបានពណ៌នាមកហើយ គឺការសិក្សា អំពីកល្យាណមិត្តក្តី អំពីបរតោឃោសៈនិងយោនីសោមនស្សិការៈក្តី ការសិក្សាតាមគោលនៃត្រៃសិក្ខាក្តី ឬថាភាវនា៤ក៏ដោយ និយាយឲ្យខ្លីគឺ រៀនដើម្បីចេះ (បរិយត្តិ) រៀនដើម្បីធ្វើ (បដិបត្តិ) រៀនដើម្បីធ្វើគ្រូ (បដិវេទ) ពិសេសជាងទៀត គឺរៀនដើម្បីរំលត់ទុក្ខ ។ សរុបឲ្យខ្លី ការសិក្សាតាមវិធីសាស្ត្រដែលព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់សម្ដែងមាន ៣ ប្រការគឺ បរិយត្តិ បដិបត្តិ និងបដិវេទ ទាំងអស់នេះបើសិក្សាឲ្យមានគុណភាពល្អ ត្រូវចេះព្យាយាមនិងជាពិសេសក្នុងបច្ឆិមពុទ្ធវចនៈទ្រង់ត្រាសថា៖ ខយវយ ធម្មា សង្ខារា អប្បមាទេន សម្បាទេថ មានសេចក្តីខ្មែរថា៖ “សង្ខារធម៌ទាំងឡាយមានកិរិយាអស់ទៅនិសូន្យទៅជាធម្មតា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃឲ្យដល់ព្រមដោយកិរិយាមិនប្រមាទចុះ” គឺនិយាយរួមកុំបីធ្វេសប្រហែស ទើបវិធីសាស្រ្តនៃការសិក្សាយើងបានសម្រេចដូចបំណងប្រាថ្នា។
សរសេរដោយ ភិ. ធម្មវិសុទ្ធត្ថេរ ថាច់សំណាង
No comments:
Post a Comment