Social Icons

10 January 2010

ពុទ្ធប្រវត្តិសង្ខេប

ពុទ្ធប្រវត្តិសង្ខេប

រាជវង្សកំណើត

ព្រះបាទ សុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរ
កបិលពស្តុ ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុ ។ ព្រះនាង សិរិមហាមយា ទ្រង់បាន សុបិន្និមិត្តឃើញដំរីសមួយ មានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះឧទ័រ ព្រះនាង ផ្នែកខាងស្តាំ ទំនាយថាព្រះនាង នឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមី យ៉ាង លើសលុបខ្ពស់អស់ សព្វសត្វទាំងពួង ។ តាមរឿងនិទានខ្លាះថា ទេវបុត្តសន្តុសិត យាង ចុះពី ឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង ។ ព្រះនាងសិរិមហាមយាទ្រង់ធ្វើដំណើរយ៉ាងទៅកាន់ នគរ ទេវទហៈ ដើម្បីរៀបចំប្រសូតបុត្រ ព្រោះតាមទំនៀមទម្លាប់ នៃព្រះរាជានាសម័យនោះ ភរិយាត្រូវទៅប្រសូត្របុត្រនៅនគរ រឺ ផ្ទះ ខាងភរិយា ។ ព្រះនាងទ្រង់ធ្វើព្រះរាជដំណើរមកដល់ ព្រំដែននៃនគរទាំងពីរ ក្នុងព្រៃ លុម្ពិនី ទ្រង់ក៏ប្រសូតបុត្រនៅក្រោមសាលព្រឹក្ស ព្រះពុទ្ធទ្រង់ ប្រសូត្រ នៅថ្ងៃសុក្រ ១៥កើត ពេញបូណមី ខែពិសាខ ឆ្នាំច ។
ពិធីថ្វាយព្រះនាម

ក្រោយពីព្រះរាជអោរសប្រសូតបានប្រាំថ្ងៃ ពិធីរៀបចំថ្វាយ
ព្រះនាមថា សិទ្ធត្ថ ប្រែថា អ្នកសំរេច ប្រយោជន៏គ្រប់យ៉ាង ត្រូវបានរៀបចំធ្វើឡើងដោយព្រាហ្មណ៍ ៨នាក់ ព្រាហ្មណ៍ ៧ម្នាក់លើ ម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងបានជាស្តេច ចក្រពត្តិ បើ ព្រះអង្គ ចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ ព្រាហ្មណ៍ម្នាក់នៅ ក្មេងជាង គេឈ្មោះ កោណ្ឌញ្ញ ព្រាហ្មណ៍លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារប្រាកដជាបាន ត្រាស់ជាព្រះពុទ្ធ ជាក់ជាមិនខាន ។ ប្រសូត្របាន៧ថ្ងៃព្រះមាតា ព្រះនាងសិរិមហាមយាទ្រង់សោយទីវង្គត់ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះនាម មហាបជាបតីគោតមី បីបាច់រក្សាតមក ។
រាជពិសេក
ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន ១៦ឆ្នាំទ្រង់បានរៀបអភិសេកជាមួយ
បុត្រីស្តេចសុប្បពុទ្ធ ព្រះនាម ពិម្ពាយសោធរា ដែលជានារីល្អអែកលើសអស់សព្វនារីទាំងពួង ។ ដោយចង់អោយ ព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបីតាព្រះបាទ សុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់ នៅជាស្តេចព្រះអង្គទ្រង់ចាត់អោយ គេសង់ប្រាសាទ បី តំរូវទៅតាមកាមរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ រដូវរំហើយ ។ ព្រះសិទ្ធត្ថ និងព្រះនាង ពិម្ពា មានព្រះរាជបុត្រមួយ អង្គព្រះនាម រាហុល ។
ទេពនិមិត្ត ៤យ៉ាង

ដោយចង់អោយព្រះសិទ្ធត្ថបាន ជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ
ព្រះសុទ្ធោទន ទ្រង់ចាត់អោយគេយាម មិនអោយមានមនុស្សចាស់ ជរា ឈឺ រឺស្លាប់ អោយ ព្រះសិទ្ធត្ថ ទ្រង់យល់ ឃើញឡើយ អ្នកបំរើភិលៀតនៅក្នុងដំណាក់ របស់ព្រះអង្គមាន សុទ្ធសឹងយុវវ័យទាំងអស់ ។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយ កាមលោកីយគ្រប់ប្រការ ។ នៅក្នុង រាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណ ដូចជា អង្គត់ឈើមួយដុំ ធ្វើអោយព្រះអង្គទ្រង់មានការ ខ្វល់ខ្វាយអផ្សុកក្នុងព្រះកាយយ៉ាង ខ្លាំង ។ ព្រះអង្គក៏ចេញទៅក្រសាលក្នុងឧទ្យាននាបរមរាជ វាំងដែលព្រះអង្គទ្រង់បានជួប ទេពនិមិត្ត ៤ប្រការដូចនេះ៖
• ទេពនិមិត្ត ជាមនុស្សចាស់ ទេព្តាបាននិមិត្តខ្លួនជាមនុស្សចាស់អោយ
ទ្រង់ទត ឃើញព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យថា នេះជាអ្វី? ពួកសេនាមាត្យក៏ទូលព្រះអង្គថា ព្រះករុណាលោកម្ចាស់នេះគឺជា «មនុស្សចាស់» ។
• ទេពនិមិត្ត ជាមនុស្សឈឺ ការក្រសាលនៅក្នុងសួនឧទ្យានបានបន្ត
ទៅមុខទៀត ទេពនិមិត្តទ្រង់និមិត្តជាមនុស្សកំពុងឈឺ ក្តៅក្រហល់ក្រហាយនៅក្នុងខ្លួន ដោយ អាការរោគផ្សេងៗ ព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យទៀតថា ចុះនេះជាមនុស្ស យ៉ាងម៉េច ពួកសេនាមាត្យក្រាបទូលថា ព្រះករុណាលោកម្ចាស់ «មនុស្សនេះ កំពុងមានជំងឺ» ។
• ទេពនិមិត្ត ជាមនុស្សស្លាប់ ទេពនិមិត្តនៅក្នុងសួនឧទ្យានមក
និមិត្តជាមនុស្ស កំពុងដេកស្លាប់ហើមស្អុយរលួយគួរជាទីខ្ពើមរអើមក្រៃពេក ដោយព្រះអង្គមិនដែល ទ្រង់បានទតឃើញក៏សួរទៅសេនាមាត្យដូចមុនដែរ សេនាមាត្យក៏ក្រាបទូលថា មនុស្សយើងតែងមានការបែកធ្លាយរូបកាយស្លាប់យ៉ាងនេះ ព្រះករុណាលោកម្ចាស់ ។
• ទេពនិមិត្ត ជាអ្នកបួស ទេពនិមិត្តបីប្រការ គឺ ចាស់ ជរាឈឺ ស្លាប់
ធ្វើអោយ ព្រះសិទ្ធត្ថ ទ្រង់សង្វេគជាពន់ពេក ទ្រង់ធ្វើការពិចារណាទៅលើរូបកាយដោយព្រះអង្គ ឯងថា បណ្តារូបកាយនៃសត្វលោកទាំងឡាយនេះ នឹងមានសភាវ ចាស់ ឈឺ និង ឈានដល់ ការបែកធ្លាយស្លាប់ ទៅវិញយ៉ាងនេះឯងហ្ន៎ តើមានថ្នាំឯណា មានផ្លូវ ឯណាគេចអោយ រួចផុតពីការ ចាស់ ឈឺស្លាប់នេះបានទេ? កំពុងតែគិតសង្វេគដូច នេះ ទេពនិមិត្តនិមិត្ត ជាសមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃ សត្វលោកទាំងឡាយអោយព្រះអង្គទតឃើញទៀត ព្រះអង្គទ្រង់មានសទ្ធាពេញ ហរទ័យ ត្រេកអជាក្រៃពេក ចំពោះ សមណភេទនេះ ។
សាងផ្នួស

​​
ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើម
រូបសង្ខារ និង លោកសន្និវាស នេះយ៉ាងខ្លាំង ហើយព្រះអង្គសព្វព្រះហរទ័យដោះស្រាយបញ្ហាជិវិត ដោយ ការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មាសម្ពោធិញាណធម៌ ។ ។ កណ្តាលរាត្រី ស្ងាត់ ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែល រាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំលឹងទៅភរិយា ពិម្ពា កំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅ ស្ថានសន្តុសិតបានចុះមក ជួយ ព្រះសិទ្ធត្ថ ដោយធ្វើអោយព្រះនាងពិម្ពា និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បី កុំអោយភ្ញាក់ធ្វើការ រំខានដល់ការសំរេចចិត្តរបស់ព្រះអង្គ ហើយជប់សេះរាជរថ ជូនដំណើរ ព្រះសិទ្ធត្ថ ទៅដល់ព្រៃ ហោង ។ ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយ អធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធមែន ចូរកេសាទាំងឡាយ នៃ អាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសា ទាំងឡាយឡើងទៅលើអាកាស ហ្វូងទេវតា ទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយក ទៅទុកនៅស្ថានទេវលោក ក្នុងគ្រានោះទៅ ។ កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេង ជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាម បានទាយថាព្រះអង្គពិតជាបានត្រាស់ដឹងជា ព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថ ចេញសាង ផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយ សមណព្រាហ្មណ៍៤ អង្គទៀតចេញ ទៅបួសតាមបំរើ ព្រះអង្គដែរ អ្នកបួសទាំង ៥នាក់នោះ ហៅថា បញ្ចវគិយ៍ភិក្ខុ ។
ការសិក្សា និងទុក្ខរកិរិយា

កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បាន
ចូលទៅធ្វើការសិក្សាធម៌ ក្នុងសំណាក់ព្រាហ្មណ៍តាបសពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង ឧទកតាបស១ ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គពុំអាចស្វែងរកសម្មាសម្ពោធិញាណ នៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរក សច្ចៈធម៌ដោយព្រះអង្គឯវិញ ។ ព្រះអង្គទ្រង់ធ្វើទុក្ខរៈកិរិយា គឺការប្រតិបត្តិធម៌យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយ យ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូតរូបរាង កាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្ត ទុក្ខរៈកិរិយា អស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែ ស្វែងរកសច្ចៈធម៌ពុំបានឡើយ ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយ អោយព្រះអង្គ ទ្រង់បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញ ចាប់ផ្តើមរិតខ្សែពិន ហើយចាប់ផ្តើមដេញម្តងទៀត ដោយខ្សែពិនរិតតឹងពេក គ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែ ម្ដងទៅ ។ ទេពនិមិត្តជានាក់ដេញពិនរៀបចំដាក់ខ្សែពិន ជាថ្មី ហើយរៀបរិតអោយត្រូវ មិនតឹងពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើប ចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយ ព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់ ពិចារណាប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការ ធ្វើ ឋប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាច នាំមកនូវការត្រាស់ដឹងបានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់ដឹង បានឡើយ ។ លុះទ្រង់ពិចារណាហេតុផលដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើ ទុក្ខរៈកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ ។ ព្រះបញ្ចវគិយភិក្ខុឃើញ ដូចនោះក៏គិតគ្នាថា ឪ!.ព្រះសិទ្ធត្ថ គោតមអស់សេចក្តីព្យាយាមហើយព្រះអង្គមិនអាច ត្រាស់ ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នាឈប់តាមបំរើព្រះអង្គទៀត តាំងពីនោះមក ។
ការត្រាស់ដឹង

ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្ត
ប្រតិបត្តិតាម បែប មជ្ឈិមបដិបទាវិញ ព្រះអង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅ ដល់មាត់ស្ទឹងនរញ្ជរា ដ៏មានទឹកថ្លាគួរជាទីស្នាក់អាស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅ ក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យកស្បូវភ្លាំង ដែល សាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គមួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថ ទ្រង់គង់ភ្នែនពែនព្រះបាទ លើ រតនបល្ល័ង្គដោយសុខស្រួលហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គឯងថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអាត្មាអញមិនបានសំរេចការត្រាស់ ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ» ។ ព្រះអង្គទ្រង់ចាប់ផ្តើមចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេច ឈាន ជាលំដាប់ៗ ។ ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាម បណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេងយល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មាន ទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេ មនុស្សម្នាក់ៗមានជំនឿ ថា អ្វីៗដែលជារបស់ មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តា ថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះ ភាវៈខាង គំនិតប្រាជ្ញា ដែលជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។ សេចក្តីទុក្ខប្រភេទនេះ មាន ភាពផ្ទុយស្រលះ និងការពិចារណា ដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រភព ទុក្ខទាំងឡាយពិតជាកើតឡើង ដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវ អវិជ្ជា ហើយរុលចូលជ្រៅទៅ ក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹង ទាំង៥គឺ ៖
• រូបខន្ធ១
• វេទនាខន្ធ១
• សញ្ញាខន្ធ១
• សង្ខារខន្ធ១
• វិញ្ញាណខន្ធ១

ឥលូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ
អនិច្ចំ និង ភាពមិន មែនជារបស់ ខ្លួន អនត្តា គឺចាកលក្ខខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ គ្មានអ្វីអាចកើតឡើង ចំរើនលូតលាស់បានឡើយ ។
ទ្រង់ផ្ចាញ់មារ

ក្នុងពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្លង្គក្រោមពោធិព្រឹក្ស
ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំងបីនាក់គឺ នាងតណ្ហា១ នាងអរតី១ និង នាងរាគា១ មកបញ្ចូលចិត្ត ព្រះសមណគោតម ដើម្បីអោយព្រះអង្គលះបង់ ការស្វែងរកការត្រាស់ដឹងចោល តែព្រះ សមណគោតម ពុំមានការចាប់រម្មណ៏ឡើយ ធ្វើអោយនាងទាំងបីវិនាសអន្តរធានទៅ ។ បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតមមក ក្រុងមារនៅ តែមាន ចិត្តរិស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវ តូច ធំ ទាំងឡាយជាច្រើនអោយមកច្បាំងដណ្តើមយកបល័្លង្គពីព្រះអង្គទៀត ។ មារជិះលើ ដំរីឈ្មោះ គ្រីមេខលា កំពស់១៥០យោជន៍(១យោជន៍មាន១៦ គីឡូម៉ែត្រ) និមិត្តដៃមួយពាន់ កាន់ នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនា ដ៏ច្រើនតាន់តាប់ មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ ៩យោជន៍ ។ ទេវតាទាំងឡាយដែលជាអ្នកថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាឡ បានបញ្ចេញរិទ្ធធ្វើអោយកង ពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗ ខ្លួន។ កងពលមារមួយកងទៀតលើកមកពីទិសឧត្តរ មារាធិរាជ ដែលភ័យញញើតស្រែក ប្រាប់ពលរេហ៍ ថា នែពួកយើង សិទ្ធត្ថ នេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូល មកចំពីមុខ ។ មារចាប់ផ្លែងសអោយកើត ជាខ្យល់ព្យុះដែលមានកំលាំងបោកបក់ភ្នំអោយ រលំបាន តែខ្យល់នោះ មិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះអង្គបន្តិចឡើយ មារបង្កើតអោយមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះ មិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់ អាវុធ១ពាន់ចូលទៅជិតព្រះអង្គស្រែកគំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះ ភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះ សមណគោតម ទ្រង់ត្រាស់ពោលទៅកាន់មារវិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមី ទេតើ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ» ។ ក្រុងមាររិតតែខឹងខ្លាំង ឡើង ហើយក៏គ្រវែងចក្រាវុធ ដ៏មានមុខស្រួចសំដៅព្រះអង្គ ចក្រាវុធនោះក៏ក្លាយជាពិដាន ការពារព្រះអង្គទៅវិញ ឯក្រុមពលរេ ដែលដកភ្នំគ្រវែងមកលើ ព្រះអង្គពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជាព្រះអង្គទៅវិញ។ ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់ យកឈ្នះលើព្រះអង្គបាន មារសំលុតព្រះអង្គថា តើព្រះអង្គមានភស្តុតាង គុណធម៌អ្វីជា អាង ។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ ព្រះអង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ ប៉ុណ្ណោះ ទ្រង់ព្រះចិន្តា ដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ រតនបល្ល័ង្គនេះជា របស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយតបដោយខែងរែងថា «ពលរេហ៍យើង ទាំងអស់នេះ ជាបន្ទាល់» ចុះសិទ្ធត្ថអែងវិញ មានអ្វីជាសាក្សី ។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុលព្រះធរណី និងអំពាវនាវប្រាប់ធរណី អោយជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សី របស់យើង ។ មុទ្រ រឺកាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណី ធ្វើជាសាក្សី» គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើង ទទួល ខ្លួនជាសាក្សីបន្ទល់ ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្ត ពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុត ជង្គង់ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយក ដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏មហាមារអស់ជាច្រើន ។ មហាមារ ឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិត្រមហាបុរស អ្នកជាអ្នក មានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព» ។ ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើម ពោធិព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះ ។ មកដល់ដើម ពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធ នាងត្រេកអរប្រកបដោយ សទ្ធាជ្រះថ្លា ជាក្រៃពេក ហើយបានថ្វាយ មធុបាយះ ឮដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ ពូតមធុបាយះជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុង គង្គារ ដែលលិចទៅ ប៉ះទង្គិចភាជន៍មាសនៃព្រះពុទ្ធអង្គមុនៗ ធ្វើអោយនាគរាជដែលកំពុង ដេកលក់ភ្ញាក់ឡើង ហើយប្រកាសថា ឳ! មានព្រះពុទ្ធត្រាស់ដឹងមួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា ។
បឋមទេសនា

ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់ តថាគតអញនេះ រមែងមិន
ញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយ តថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់ សត្វលោកដោយប្រការយ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្ម ទ្រង់ចូលគាល់ ព្រះសាស្តាអោនសិរសីលើកដៃបង្គំ អារាធនាអោយព្រះអង្គទ្រង់ប្រោសប្រណីដល់ សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោលយល់ព្រមទទួលសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណា តាំងពីពេលនោះមក ។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃឥសីបបន មិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបានឃើញព្រះពុទ្ធទ្រង់យាងមក ពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡាយចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់ សេចក្តី ព្យាយាមរលីងហើយនោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែល ព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្ត ព្រះតថាគត ដោយ ជ្រះថ្លាក្រៃលែងទៅវិញ ។ ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសបញ្ចវគីយ៍បានសំរេច សោតាបត្តមគ្គក្នុងគ្រានោះឯង ។ តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គហើយ បានសំរេចមគ្គផលទៅតាមការគួររៀងៗខ្លួន ។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បិតា និង ព្រះនាងពិម្ពាយ ជាព្រះជយា ។ ព្រះនាង ពិម្ពា ទ្រង់បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់បិតា ព្រះពុទ្ធក៏ ទ្រង់បំបួស រាហុល ជាសាមេណរតាំងពីពេលនោះមក ។
ពុទ្ធកិច្ច

ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៣៥វស្សាគឺ៖

• នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត ។
• នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន ។
• នៅពេលព្រលប់ ទ្រង់ប្រទានអោវាទដល់ភិក្ខុសង្ឃទាំងឡាយ ។
• នៅពេលកណ្តាលអទ្រាត ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ ។
• នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វដែលមាននិស្ស័យ និងឥតនិស្ស័យ ។

ដាក់ព្រះអាយុសង្ខារ

ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើត
ពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដាក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វាន ក្នុងរយៈ ពេលបីខែទៀត ។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិសេសគឺ ព្រះអានន្ទ ជាអ្នកបំរើ ព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោកស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គចូលបរិនិពា្វនឡើយ ។
បរិនិពា្វន

ក្រោយពេលដាក់​ព្រះជន្ម​រួចហើយព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាត
គ្រប់ទិសទី ហើយនៅទី បំផុត ព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ ព្រៃសាលវន្ត ហើយ ទ្រង់ត្រាស់អោយអានន្ទ រៀបកន្លែងថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុ ទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយា មិនប្រមាថចុះ» ព្រះពុទ្ធទ្រង់ មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ ។ ព្រះពុទ្ធចូលបរិនិពា្វន នៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ឆ្នាំ ។

រួបរួមដោយភិក្ខុ ថាច់សំណាង

បុណ្យភ្ជុំបិណ្ឌ

បុណ្យភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ប្រកាន់ទំនៀមទម្លាប់តាមបែបដូនតា កំណត់យកថ្ងៃ បុណ្យកាន់បិណ្ឌ ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ និងថ្ងៃ បុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ១៥រោច ខេភទ្របទ ជារៀងរាល់ឆ្នាំ។
ក្នុងសម័យពុទ្ធកាល ពុំមានពាក្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌ នេះទេ មានតែពាក្យ បវារណាបច្ច័យ៤ ទំនុកបំរុងបច្ច័យ៤ ។ ដូចនៅក្នុងគម្ពីរធម៌បទមាននិយាយអំពីរឿងរ៉ាវ ព្រះសម្ពុទ្ធ និងព្រះភិក្ខុសង្ឃគង់ចាំវស្សាហើយមានពុទ្ធបរិស័ទទំនុកបំរុងបច្ច័យ៤ អស់មួយត្រីមាស។ រីឯការកាន់បិណ្ឌក៏មិនកំណត់តែត្រឹម១៤ថ្ងៃយ៉ាងដូច្នេះដែរ គឺពុទ្ធបរិស័ទជំនាន់នោះចាប់កាន់បិណ្ឌ តាំងពីថ្ងៃចូលវស្សារហូតមកដល់ថ្ងៃចេញវស្សាទើបឈប់។
បុណ្យកាន់បិណ្ឌ

ក្នុងថ្ងៃកាន់បិណ្ឌទាំង១៤ថ្ងៃ ពុទ្ធបរិស័ទចំណុះជើងវត្តចែកវេនគ្នាជា១៤វេន ដើម្បីកាន់បិណ្ឌ។ កូនចៅបានរៀបចំទេយ្យទាននិងគ្រឿងបរិក្ខាផ្សេងៗ ជូនដល់មាតា-បិតា ជីដូន-ជីតា ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីចូលទៅកាន់បិណ្ឌ ក្នុងវត្តរបស់ខ្លួន។ ក្នុងគ្រានោះ លោកទាំងឡាយនឹងបានឱកាស ចំរើនភាវនា សមាទានសីល៥ សីល៨ ឬសីល១០ និងបានបំពេញកុសលផ្សេងៗ ដូចជា ការបំរើព្រះសង្ឃ និងបោសសំអាតវត្តអារាម មានព្រះវិហារ និងកុដិ ជាដើម។
ក្នុងវេននីមួយៗ វេលាយប់ មានប្រគេនភេសជ្ជៈចំពោះព្រះសង្ឃនិងចាស់ព្រឹទ្ធាចារ្យ កាន់សីល៨ឬសីល១០។ បន្ទាប់មក នមស្សការព្រះរតនត្រ័យ សមាទានសីល៥ ឬសីល៨ ឬសីល១០ និមន្តព្រះសង្ឃចំរើនព្រះបរិតនិងអារាធនាធម្មកថឹកមួយអង្គសំដែងធម្មទេសនា។ ពេលទៀបភ្លឺ បន្ទាប់អំពីថ្វាយបង្គំព្រះនិងចំរើនភាវនារួចមក ព្រះសង្ឃសូត្រធម៌បទ បរាភវសូត្រ ឮសូរដ៏គ្រលួចគួរឱ្យស្រណោះ ជាបទបាលីយ៉ាងនេះថា “ បរាភវន្តំ បុរិសំ ........។ល។ ។ បន្ទាប់មកពុទ្ធបរិស័ទនាំគ្នាប្រគេនយាគូចំពោះព្រះសង្ឃ និងថ្ងៃត្រង់វេរភត្តប្រគេនព្រះសង្ឃ ដោយមានប័ង្សុកូលឧទ្ទិសកុសលចំពោះវិញ្ញាណជីដូនជីតា ញាតិកា៧សន្តាន និងបុព្វការីជនទាំងឡាយដែលបានចែកឋានបាត់ទៅហើយនោះផង។
បុណ្យភ្ជុំបិណ្ឌ

ថ្ងៃ១៥រោចខែភទ្របទ ជាថ្ងៃបុណ្យធំឬជាថ្ងៃបង្ហើយ។ កូនចៅទាំងឡាយដែលមិនបានមកដាក់បាត្រប័ង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជីដូនជីតា និងញាតិកា៧សន្តាន ក្នុងពេលកាន់បុណ្យទាំង១៤ថ្ងៃនោះ ព្រោះតែជាប់រវល់កិច្ចការ ក្នុងទីក្រុងឬខេត្តឆ្ងាយៗ ត្រូវតែធ្វើដំណើរទៅកាន់ស្រុកភូមិកំណើត ក្នុងថ្ងៃ១៥រោចនេះ ដើម្បីប្រារព្ធពីធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ និងញាតិមិត្ត ឱ្យបានសមរម្យតាមប្រពៃណី។
ពេលព្រឹកថ្ងៃ១៥រោច គេនាំគ្នាស្លៀកពាក់ស្អាតបាត យួរស្រាក់ម្ហូបអាហារ បង្អែម ចំអាប នំអន្សម នំគម នំជា នំឆ្នៃ យកទៅវេរប្រគេនព្រះសង្ឃនៅឯវត្ត និងប័ង្សុកូលឧទ្ទិសកុសលវិញ្ញាណក្ខន្ធដូនតា។ ពេលល្ងាច តាមតំបន់ខ្លះ មានរៀបចំពិធីសែនដូនតា។ លុះព្រឹកឡើងស្រាងៗថ្ងៃ១កើតខែអស្សុជ មានរៀបចំនំចំណី ផ្លែឈើ សណ្តែក ល្ង អង្ករ អំបិល ដាកក្នុងកូនទូក ធ្វើអំពីស្រទបចេក រួចហើយអុជទៀនធូបបណ្តែតដើម្បីជូនដំណើរដូនតា ត្រឡប់ទៅស្រុកវិញ។ គ្រួសារខ្លះ យកបាយបិណ្ឌទៅចោលក្នុងស្រែសែនឱ្យយក្ខិនី ព្រោះយក្ខិនីជាអ្នកដឹងថា ឆ្នាំណាមានភ្លៀងច្រើន ឆ្នាំណាមានភ្លៀងតិច ជាដើម(ទាក់ទងនឹងរឿងយក្ខិនីក្នុងគម្ពីរធម្មបទកថា ភាគ១)។ល។
បុណ្យភ្ជុំបិណ្ឌនេះ ជាប់ទាក់ទងទៅនឹងរឿងជាច្រើន ក្នុងគម្ពីរពុទ្ធសាសនា ដូចជា គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិទ្យាធរ និងគម្ពីរធម្មបទ ជាដើម។ ប៉ុន្តែ បុណ្យភ្ជុំបិណ្ឌ ដែលខ្មែរយើងធ្លាប់ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោចរហូតដល់ថ្ងៃ១៥រោចខែភទ្របទ ពុំដែលអាកខាននោះ ក៏ព្រោះតែប្រារព្ធនូវរឿងពួកប្រេត ដែលត្រូវជាញាតិរបស់ព្រះបាទពិម្ពិសារ ជាហេតុ។
ក្នុងគម្ពីរព្រះធម្មបទភាគទី១ មានរឿងបញ្ជាក់មកថា៖ “ នៅក្នុងកប្បទី២៩(កន្លងពីភទ្ធកប្បនេះមក) មានព្រះសម្មាសម្ពុទ្ធព្រះនាម ផុស្សៈ បានកើតឡើងក្នុងលោក។ ព្រះអង្គជាព្រះរាជបុត្រ នៃព្រះបាទជ័យសេននិងព្រះនាងសិរីមា សោយរាជ្យក្នុងនគរកោសីកៈ។ ព្រះបាទជ័យសេនទ្រងមានព្រះរាជបុត្រ៣ព្រះអង្គដែលមានព្រះមាតាទីទៃៗពីគ្នា មានបុគ្គលអ្នកថែឃ្លាំង មាននាយស្មៀនត្រួតត្រាជនបទ ព្រមទាំងពួកបរិវារជាច្រើន។ នាយស្មៀនបានសាងព្រះវិហារថ្វាយព្រះសាស្តាផុស្សៈ តាមព្រះរាជបំណងរបស់ព្រះរាជឱរសទាំង៣អង្គរបស់ព្រះអង្គ និបានយាងព្រះបាទជ័យសេនមក ដើម្បីវេរព្រះវិហារនោះ ថ្វាយព្រះសាស្តា។ ក្នុងថ្ងៃធ្វើបុណ្យឆ្លងព្រះវិហារនោះ ព្រះរាជាទ្រង់បានចំណាយទ្រព្យ ឱ្យបុគ្គលអ្នកថែរក្សាឃ្លាំង និងនាយស្មៀន ចាត់ចែងនូវខាទនីយភោជនីយាហារ ថ្វាយដល់ព្រះសាស្តាផុស្សៈ នងព្រះភិក្ខុសង្ឃ ជាសាវកចំនួន៩ម៉ឺនអង្គ អស់មួយត្រៃមាស នៅក្នុងព្រះវិហារនោះ។ អ្នកថែរក្សាឃ្លាំងនិងភរិយា នាយស្មៀននិងភរិយា ព្រមទាំងញាតិមិត្តមួយចំនួនមានចិត្តសទ្ធាជ្រះថ្លា បានថ្វាយទានដោយសេចក្តីគោរព។ ប៉ុន្តែ ពួកជនមួយចំនួនដែលត្រូវជាញាតិរបស់នាយស្មៀន ជាមនុស្សមានចិត្តលោភ បានធ្វើអន្តរាយដល់ទេយ្យទាន គឺបាននាំគ្នាបរិភោគនូវអាហារ ដែលគេដំកលទុកសម្រាបវេរប្រគេនចំពោះព្រះភិក្ខុសង្ឃនោះមុន។ លុះដល់ពួកជនទាំងនោះ បានធ្វើកាលកិរិយា ស្លាប់អំពីមនុស្សលោកយើងនេះទៅ ក៏បានទៅចាប់កំណើតក្នុងបេតវិស័យ នៅក្នុងឋាននរកគឺកើតជាពួកប្រេត ហើយបានទទួលនូវសេចក្តីទុក្ខវេទនា យ៉ាងក្រៃលែង។ ព្រោះតែកម្មផលដ៏អាក្រក់ ដែលខ្លួនបានប្រព្រឹត្តជាយូរអង្វែងនៅក្នុងបេតវិស័យនោះ។ រីឯព្រះរាជឱរសទាំង៣អង្កនិងបរិវារ ព្រមទាំងអ្នករក្សាឃ្លាំងនិងនាយស្មៀនបានទៅកើតក្នុងឋានសួគ៌។
លុះមកដល់សាសនាព្រះពុទ្ធ ព្រះនាម កកុសន្ធោ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងអស់នោះ ក៏បាននាំគ្នាទៅក្រាបទូលសួរព្រះអង្គថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! ពួកយើងខ្ញុំទាំងឡាយជាពួកប្រេតមានសេចក្តីស្រេកឃ្លាននូវចំណីអាហារខ្លាំងណាស់ ព្រោះតែអត់នូវចំណីអាហារ អស់កាលជាយូរអង្វែងមកហើយ តើដល់ពេលណាទៅ ទើបពួកយើងខ្ញុំទាំងឡាយ នឹងបានបរិភោគនូវចំណីអាហារ?”
ព្រះពុទ្ធព្រះនាមកកុសន្ធោទ្រង់បានឆ្លើយតបទៅពួកប្រេតទាំងនោះថា៖ “ នៅក្នុងសាសនារបស់យើងនេះ ពួកអ្នកទាំងអស់គ្នា មិនបានទទួលនូវចំណីអាហារ ដើម្បីនឹងបរិភោគទេ ចាំទទួលសួរនឹងព្រះពុទ្ធជំនាន់ក្រោយទៀតចុះ!”
លុះដល់ផែនដីដុះបាន១យោជន៍ ទើបព្រះពុទ្ធមួយព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោកព្រះនាម កោនាគមនោ។ ពួកប្រេតទាំងនោះក៏បាននាំគ្នាចូលទៅបង្គំទូលសួរដូចពីកាលលើកមុនទៀត ព្រះពុទ្ធព្រះនាម កោនាគមនោ ទ្រង់បានឆ្លើយដូចជាព្រះពុទ្ធអង្គមុនៗនោះដែរ។
លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើបព្រះពុទ្ធមួយព្រះអង្គព្រះនា កស្សបៈ កើតឡើងក្នុងលោក។ ក្នុងគ្រានោះ ពួកប្រេតទាំងអស់ក៏ចូលទៅក្រាបបង្គំទូលសួរព្រះកស្សបៈថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! ធ្វើដូចម្តេចហ្ន៎ពួកយើងខ្ញុំគប្បីនឹងបាននូវសម្បត្តិយ៉ាងនេះ?”
ព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈក៏ទ្រង់ត្រាស់ថា៖ “ នៅក្នុងសាសនារបស់យើងនេះ ពួកអ្នកទាំងអស់គ្នា មិនអាចនឹងទទួលនូវចំណីអាហារ សម្រាប់បរិភោគបានទេ ចាំដល់សាសនារបស់ព្រះពុទ្ធព្រះនាម គោតម ជំនាន់ក្រោយ ពួកអ្នកនឹងបានបរិភោគនូវចំណីអាហារ ដែលព្រះរាជាព្រះនាម ពិម្ពិសារ ទ្រង់បានបំពេញព្រះរាជកុសល ធ្វើបុណ្យឧទ្ទិសមគ្គផល បញ្ជូនមកឱ្យពួកអ្នកទាំងឡាយ ក្នុងកាលនោះ ពួកអ្នកទាំងឡាយនឹងបានទទួលហើយ។ ចូរអ្នកទាំងឡាយរង់ចាំសួរព្រះពុទ្ធអង្គជំនាន់នោះចុះ!”
លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើប ព្រះសមណគោតម គឺព្រះសម្មាម្ពុទ្ធ នៃយើងសព្វថ្ងៃនេះ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក។ ក្នុងពុទ្ធប្បាទនេះ ព្រះរាជឱរសទាំង៣ព្រះអង្គរបស់ព្រះបាទជ័យសេន បានច្យុតចុះអំពីឋានសួគ៌មកកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងទីក្រុងមគធៈ ជាជដិលឧរុវេលកស្សប ៣នាក់បងប្អូន។ បុរសអ្នកថែរក្សាឃ្លាំងបានកើតជាមហាសេដ្ឋីឈ្មោះ វិសាខៈ និងភរិយារបស់គាត់បានកើតជានាងភិក្ខុនី ធម្មទិន្នា។ រីឯនាយស្មៀនបានកើតជាស្តេចព្រះនាម ព្រះបាទពិម្ពិសារ។ បរិស័ទសេសសល់បានកើតជាបរិវាររបស់ព្រះរាជា។
កាលព្រះអង្គបានសម្រេចនូវព្រះសម្មាសម្ពោធិញាណហើយ ព្រះសមណគោតមបានប្រោសព្រះបាទពិម្ពិសារ និងពួកបរិវារជាព្រាហ្មណ៍ និងជាគហបតីទាំងឡាយ ឱ្យនូវក្នុងសោតាបត្តិផល ក្នុងឱទ្យានឈ្មោះលដ្ឋិវ័ន។ ព្រះរាជាទ្រង់សព្វព្រះទ័យអារាធនាព្រះពុទ្ធ ដើម្បីទទួលភត្តឬមហាទាន ក្នុងព្រះរាជវាំង ក្នុងថ្ងៃពេញបូណ៌មីក្រោយមកទៀ។
ប្រេតទាំងនោះ ក៏នាំគ្នាទៅបង្គំទូលសួរចំពោះព្រះសមណគោតម ហើយព្រះអង្គក៏ទ្រង់ឆ្លើយថា៖ “ នៅក្នុងសាសនារបស់តថាគតនេះ ពួកអ្នកទាងឡាយនឹងបានបរិភោគនូវចំណីអាហារហើយ គឺនៅពេលណាដែលព្រះមហាក្សត្រ ព្រះនាមពិម្ពិសារ ដែលធ្លាប់ជាញាតិសាលោហិតរបស់អ្នកទាំងឡាយ ទ្រង់បានបំពេញព្រះរាជកុសលថ្វាយទាន ចំពោះតថាគត ព្រមទាំងភិក្ខុសង្ឃ ហើយព្រះអង្គទ្រង់ឧទ្ទិស នូវព្រះរាជកុសលជូនដល់អ្នកទាំងឡាយៗនឹងបានទទួលនូវចំណីអាហារនាពេលនោះឯង។”
នៅថ្ងៃពេញបូណ៌មី ដែលព្រះបាទពិម្ពិសារ ព្រះចៅនគរមគធៈទ្រង់បានបំពេញនូវព្រះរាជកុសលថ្វាយមហាទានដល់ព្រះពុទ្ធនិងភិក្ខុសង្ឃនៅគ្រាដំបូងនោះ ព្រះរាជាទ្រង់មិនបានឧទ្ទិសនូវបុណ្យកុសលបញ្ជូនទៅឱ្យពួកប្រេតទាំអស់នោះទេ ព្រោះព្រះរាជាទ្រង់រវល់តែព្រះចិន្តា នៅទីគង់របស់ព្រះសាស្តា៖ “ តើព្រះមានព្រះភាគ គប្បីគង់នៅទីណាហ្ន៎?” ដូច្នេះហើយ ទើបទ្រង់មិនបានឧទ្ទិសនូវព្រះរាជកុសល ជូនទៅដល់ពួកប្រេតទាំងអស់នោះ។
ពួកប្រេតទាំងឡាយ ដែលព្រះបាទពិម្ពិសារ មិនបានឧទ្ទិសបញ្ជូនកុសលទៅឱ្យនោះកើតទុក្ខអស់សង្ឃឹម ក៏នាំគ្នាស្រែកទ្រហោយំយ៉ាងទ្រហ៊ឹងអឹងកង ឮសូរសម្លេងប្លែកៗខ្លាំងៗ គួរឱ្យភ័យខ្លាច់ជាទីបំផុតនៅជុំវិញព្រះបរមរាជវាំង នៅក្នុងរាត្រីកាលនោះឯង។
ព្រះបាទពិម្ពិសារទ្រង់សណ្តាប់នូវសម្លេងស្រែកទ្រហោយំគួរឱ្យភ័យខ្លាចរបស់ពួកប្រេតនោះហើយ ទ្រង់មានព្រះទ័យភ័យរន្ធត់យ៉ាងក្រៃលែង ព្រោះខ្លាចមានក្តីអន្តរាយកើតមានដល់ព្រះរូបកាយព្រះអង្គផ្ទាល់។
លុះព្រឹកឡើង ទើបស្តេចយាងចូលទៅកាន់វត្តវេឡុវ័ន ហើយក៏ក្រាបថ្វាយបង្គំទូលសួរ ចំពោះនឹងព្រះសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! នៅក្នុងរាត្រីយប់មិញនេះ ទូលព្រះបង្គំបានឮនូវសម្លេងស្រែកទ្រហោយំ យ៉ាងទ្រហ៊ឹងអឹងកង គួរឱ្យភ័យខ្លាចពន់ពេកណាស់ នៅជុំវិញព្រះរាជតំណាក់នៃទូលព្រះបង្គំ តើហេតុការណ៍អ្វី នឹងកើតមានដល់ទូលព្រះបង្គំឬ?”
គ្រានោះ ព្រះពុទ្ធទ្រង់ត្រាស់ថា៖ “ បពិត្រមហារាជ! សូមស្តេចកុំមានព្រះទ័យភ័យខ្លាចអ្វីឡើយ។ មិនមានហេតុអន្តរាយណាមួយកើតឡើងដល់ព្រះមហារាជទេ។ សម្លេងដែលស្រែកទ្រហោយំ នៅក្នុងរាត្រីយប់មិញនេះ គឺជាសូរសម្លេងនៃពួកប្រេតដែលត្រូវជាញាតិសាលោហិតរបស់ព្រះអង្គ។ ពួកប្រេតទាំងឡាយនោះ គ្នាអត់ចំណីអាហារបរិភោគរាប់កោដិរាប់លានឆ្នាំ កន្លងមកហើយ។ ពួកគេបានមកស្រែកយំ កងរំពងយ៉ាងនេះក៏ដើម្បីមកស្វែងរកនូវចំណីអាហារបរិភោគអំពីព្រះអង្គ ព្រោះថាពួកប្រេតទាំងអស់នេះនឹងបានទទួលនូវចំណីអាហារបរិភោគក្នុងសាសនារបស់តថាគតនេះហើយ។ ប៉ុន្តែកាលពីម្សិលមិញនោះ ព្រះមហារាជបានថ្វាយទានដល់តថាគត ព្រមទាំងភិក្ខុសង្ឃទាំងឡាយហើយ តែព្រះមហារាជមិនបានផ្សាយនូវព្រះរាជកុសលឧទ្ទិសផលបុណ្យបញ្ជូនទៅឱ្យពួកប្រេតទាំងអស់នោះទើបពួកគេមកស្រែកទ្រហោយំយ៉ាងខ្លាំងដូច្នេះឯង។”
ព្រះបាទពិម្ពិសារទ្រង់ព្រះសណ្តាប់យ៉ាងដូច្នេះហើយ ទើបទ្រង់ចាប់ប្រារព្ធបំពេញ នូវព្រះរាជកុសលថ្វាយទាន ដល់ព្រះពុទ្ធនិងព្រះភិក្ខុសង្ឃទាំងឡាយ សារជាថ្មីម្តងទៀត ជាគំរប់លើកទី២ មានបាយ ទឹក នំចំណី ម្ហូបអាហារ សំពត់អាវ ត្រៃចីវរ ជាដើម។ ស្តេចទ្រង់បានតាំងព្រះទ័យយ៉ាងជ្រះថ្លាបរិសុទ្ធ ផ្សាយនូវព្រះរាជកុសលផលបុណ្យ ក្នុងគ្រាទី២នេះ ឧទ្ទិសជូនដល់ពួកប្រេតទាំងអស់នោះ ដោះយព្រះកុសលចេតនាថា៖ “ ដោយកុសលផលបុណ្យទាំងឡាយ ដែលយើងបានបំពេញរួចមកហើយនេះ សូមឱ្យពួកអ្នកទាំងឡាយបានទទួលនូវកុសលផលបុណ្យរបស់យើងនោះ មួយចំណែកផង។ សូមឱ្យអ្នកទាំងឡាយបានទទួលយកនូវ បាយទឹក នំចំណី ម្ហូបអាហារ សំពត់អាវសាវស្បាយជាដើមនេះ ថាទុកដូចជារបស់នៃខ្លួន ហើយសូមឱ្យពួកអ្នកទាំងឡាយ បានបរិភោគនូវ បាយទឹក នំចំណី ម្ហូបអាហារ និងបានស្លៀកពាក់នូវសំលៀកបំពាក់ទាំងនេះ មួយចំណែកផង និងមួយចំណែកទៀត សូមឱ្យពួកអ្នកទាំងឡាយបានរួចរំដោះផុតចាកទុក្ខទោសភ័យចាកទុក្ខវេទនាទាំងឡាយទាំងពួង ហើយសូមឱ្យបានទៅកើតនៅក្នុងទីដ៏ខ្ពង់ខ្ពស់ គឺសុគតិភព តាមសេចក្តីប្រាថ្នារៀងៗខ្លួន។”
ក្នុងគ្រានោះ ព្រះសមណគោតមទ្រង់ធ្វើ នូវអនុមោទនា ដោយ តិរោកុឌ្ឌសូត្រ ថា៖ “ តិរោកុឌ្ឌេសុ តិដ្ឋន្តិ . . . . .។ល។” ប្រែថា៖ “ ពួកប្រេតទាំងឡាយមកកាន់ផ្ទះនៃញាតិ ដោយគិតថាជាផ្ទះរបស់ខ្លួនក៏ឈរនៅខាងក្រៅ ជិតជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជាបួនខ្លះនិងផ្លូវបែកជាបីទាំងឡាយខ្លះ ឈរជិតទ្វារក្រុងនិងជិតទ្វារផ្ទះទាំងឡាយខ្លះ។”
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ភាវៈនៃញាតិ ជាគាថាទី២យ៉ាងនេះថា៖ “ កាលបើ បាយ ទឹក បង្អែមនិងចម្អាប ដ៏ច្រើនដែលពួកញាតិ ចូលទៅតាំងទុកហើយ ញាតិណាមួយមិនបាននឹករឭកដល់ប្រេតទាំងឡាយនោះទេ ព្រោះតែកម្មរបស់សត្វទាំងនោះជាបច្ច័យ។”
បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាគាថាទី៣យ៉ាងនេះថា៖ “ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះរមែងឧទ្ទិសឱ្យនូវទឹកនិងភោជនដ៏ហ្មត់ចត់ដ៏ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយ យ៉ាងដូច្នេះដែរ។”
បន្ទាប់មក ព្រះសាស្តាទ្រាង់សម្តែងអំពី ទាន ដែលព្រះរាជាទ្រង់បានប្រទានរួចហើយដល់ពួកប្រេត ជាកន្លះគាថាខាងដើមនៃព្រះគាថាទី៤យ៉ាងនេះថា៖ “ ទាននេះ ចូរបានសម្រេចដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយដល់នូវសេចក្តីសុខចុះ។”
បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាកន្លះគាថា ខាងចុងនៃព្រះគាថាទី៤ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៥ យ៉ាងដូច្នេះថា៖ “ ចំណែកឯពួកប្រេតដែលជាញាតិទាំងនោះមកប្រជុំគ្នាក្នុងទីដែលឱ្យទាននោះ ជាអ្នកមកល្អហើយ។ កាលបើបាយនិងទឹក ដ៏ច្រើនដែលគេឧទ្ទិសឱ្យដល់ខ្លួន គប្បីអនុមោទនាដោយគោរពចុះ។”
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ទាយក ជាកន្លះគាថាខាងចុងនៃព្រះគាថាទី៥ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៦ យ៉ាងដូច្នេះថា៖ “ យើងទាំងឡាយបានទទួលនូវសម្បត្តិ(ផលបុណ្យ) ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិទាំងឡាយរបស់យើងនោះរស់នៅអស់កាលជាយូរអង្វែងចុះ។ ការបូជាឈ្មោះថាពួកញាតិបានធ្វើហើយដល់ពួកយើង។ ឯទាយកគឺអ្នកឱ្យទានក៏មិនមែនជាអ្នកឥតមានផលឡើយ។”
បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់នូវគាថាទី៧ រួមទាំងកន្លះគាថាខាងចុងនៃព្រះគាថាទី៦ផងយ៉ាងដូច្នេះថា៖ “ កសិកម្ម គឺការភ្ជួររាស់ក៏មិនមាននៅក្នុងភូមិ នៃប្រេតនោះ។ គោរក្ខកម្ម គឺការរក្សាគោក៏មិនមាននៅក្នុងភូមិនៃប្រេតនោះ។ ពានិជ្ជកម្ម គឺការជួញប្រែដែលជាហេតុបានទទួលសម្បតិដូច្នោះក៏មិនមាន ការលក់ចេញទិញចូលដោយប្រាក់ ក៏មិនមានដែរ។ បុគ្គទាំងឡាយដែលធ្វើកាលកិរិយាលះលោកនេះទៅហើយរមែងញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅក្នុងបេតវិស័យនោះ ដោយសារផលទាន ដែលញាតិមិត្របានឧទ្ទិសឱ្យហើយ អំពីលោកនេះ។”
បន្ទាប់មក ព្រះសាស្តាទ្រង់ប្រកាសនូវសេចក្តីដែលទ្រង់ត្រាស់រួចហើយ ដោយឧបមា២យ៉ាង ជាគាថាដូច្នេះថា៖ “ ទឹកធ្លាក់ចុះអំពីទីទួលរមែងហូរទៅកាន់ទីទំនាបដូចម្តេចមិញ ទានដែលបុគ្គលបានអោយហើយអំពីលោកនេះ រមែងសម្រេចផល ដល់ពួកប្រេតទាំងឡាយ ក៏ដូច្នោះដែរ។ ផ្លូវទឹកទាំងឡាយមានទន្លេនិងស្ទឹងជាដើម ដ៏ពេញ រមែងញ៉ាំងសាគរគឺសមុទ្រឱ្យពេញប្រៀបដូចម្តេចមិញ ទានដែលបុគ្គលបានឱ្យហើយអំពីលោកនេះ រមែងសម្រេចផលដល់ពួកប្រេតទាំងឡាយក៏ដូច្នោះដែរ។”
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ឧបការគុណ ជាព្រះគាថាទី១០យ៉ាងនេះថា៖ “ បុគ្គលកាលបើរឭកនឹកឃើញ នូវឧបការគុណដែលញាតិមិត្រជាដើមបានធ្វើដល់ខ្លួនក្នុងកាលមុនថា អ្នកឯណោះបានឱ្យរបស់នេះដល់អាត្មាអញ អ្នកនោះឯងបានធ្វើនូវគុណនេះដល់អាត្មាអញ ជនទាំងនោះ ត្រូវជាញាតិមិត្រ ជាសម្លាញ់របស់អាត្មាអញ ដូច្នេះហើយ គួរឱ្យនូវទក្ខិណាទានដល់ពួកប្រេតទាំងឡាយ។”
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ការឥតប្រយោជន៍ ជាព្រះគាថាទី១១យ៉ាងដូច្នេះថា៖ “ ការយំក្តី ការសោកសៅក្តី ឬសេចក្តីខ្សឹកខ្សួលណាដទៃក្តី បុគ្គលមិនគួរធ្វើឡើយ ព្រោះកិច្ចមានការយំស្រែកសោកសៅជាដើមនោះ មិនមានប្រយោជន៍ទៅដល់អ្នកបានស្លប់ទៅកាន់បរលោកឡើយ។ ញាតិទាំងឡាយដែលទៅកាន់បរលោកនោះ ក៏ឋិតនៅយ៉ាងនោះដដែល ឥតបានដឹងឬបានឮឡើយ។”
បន្ទាប់កម ព្រះសាស្តាទ្រង់សម្តែងអំពី ភាពនៃទក្ខិណា ដែលព្រះរាជាទ្រង់បានប្រទានហើយ ជាទានមានប្រយោជន៍ ដោយព្រះគាថាទី១២យ៉ាងនេះថា៖ “ លុះត្រាតែទក្ខិណាទាន ដែលបុគ្គលបានឱ្យហើយនេះឯង ជាទានបានដម្កល់ទុកដ៏ល្អប្រពៃហើយ ក្នុងព្រះសង្ឃ ទើបបានសម្រេចផលដោយរួសរាន់ ដើម្បីជាប្រយោជន៍ដល់ញាតិ(ពួកប្រេត)ទាំងឡាយនោះ អស់កាលជាយូរអង្វែង។”
កាលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សរសើរព្រះរាជា ដោយគុណតាមសេចក្តីពិត រួចស្រេចហើយ ទើបព្រះអង្គត្រាស់ជាព្រះគាថាទីបញ្ចប់(ទី១៣) យ៉ាងដូច្នេះថា៖ “ ញាតិធម៌នោះឈ្មោះថាព្រះមហាបពិត្រ(ព្រះបាទពិម្ពិសារ) ទ្រង់បានសម្តែង ជាបែបយ៉ាងហើយ។ ការបូជា ដ៏ថ្លៃថ្លាចំពោះពួកប្រេតទាំងឡាយ ឈ្មោះថាព្រះអង្គបានធ្វើឱ្យរួចហើយ។ កម្លាំងកាយនៃព្រះភិក្ខុសង្ឃទាំងឡាយ ឈ្មោះថាព្រះអង្គបានបំពេញឱ្យហើយ។ បុណ្យដ៏ច្រើន ក៏ព្រោះមហារាជបានសន្សំទុកហើយ។”
ដោយអំណាចនៃកុសលផលបុណ្យ ដែលព្រះបាតពិម្ពិសារទ្រង់បានឧទ្ទិសផ្សាយ ទៅឱ្យពួកប្រេតទាំងឡាយ នៅក្នុងឱកាសនោះ ក៏បានទទួល នូវផលបុណ្យនោះភ្លាមមួយរំពេច ហើយបានរួចចាកផុតអំពីសេចក្តីស្រេកឃ្លាន និងសេចក្តីទុក្ខទោសផ្សេងៗ បានទាំងទៅកើតក្នុងសុគតិភព ដែលជាឋានប្រកបនូវសេចក្តីសុខ សេចក្តីចំរើនគ្រប់យ៉ាង។
ពេលដែលព្រះសាស្តាទ្រង់បញ្ចប់ព្រះធម៌ទេសនា ដោយព្រះគាថាជាយ៉ាងនេះ មនុស្ស៨ម៉ឺន៤ពាន់នាក់ កើតមានសេចក្តីសង្វេគ ព្រោះការពណ៌នានូវទោសនៃការកើតក្នុងបេតវិស័យ ហើយក៏នាំគ្នាប្រារព្ធសេចក្តីព្យាយាម រហូតបានសម្រេចធម៌គ្រប់ៗគ្នា។
ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ២០០០

សរសេរ

បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់នូវគាថាទី៧ រួមទាំងកន្លះគាថាខាងចុងនៃព្រះគាថាទី៦ផងយ៉ាងដូច្នេះថា៖ “ កសិកម្ម គឺការភ្ជួររាស់ក៏មិនមាននៅក្នុងភូមិ នៃប្រេតនោះ។ គោរក្ខកម្ម គឺការរក្សាគោក៏មិនមាននៅក្នុងភូមិនៃប្រេតនោះ។ ពានិជ្ជកម្ម គឺការជួញប្រែដែលជាហេតុបានទទួលសម្បតិដូច្នោះក៏មិនមាន ការលក់ចេញទិញចូលដោយប្រាក់ ក៏មិនមានដែរ។

បុគ្គទាំងឡាយដែលធ្វើកាលកិរិយាលះលោកនេះទៅហើយរមែងញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅក្នុងបេតវិស័យនោះ ដោយសារផលទាន ដែលញាតិមិត្របានឧទ្ទិសឱ្យហើយ អំពីលោកនេះ។”

បន្ទាប់មក ព្រះសាស្តាទ្រង់ប្រកាសនូវសេចក្តីដែលទ្រង់ត្រាស់រួចហើយ ដោយឧបមា២យ៉ាង ជាគាថាដូច្នេះថា៖ “ ទឹកធ្លាក់ចុះអំពីទីទួលរមែងហូរទៅកាន់ទីទំនាបដូចម្តេចមិញ ទានដែលបុគ្គលបានអោយហើយអំពីលោកនេះ រមែងសម្រេចផល ដល់ពួកប្រេតទាំងឡាយ ក៏ដូច្នោះដែរ។ ផ្លូវទឹកទាំងឡាយមានទន្លេនិងស្ទឹងជាដើម ដ៏ពេញ រមែងញ៉ាំងសាគរគឺសមុទ្រឱ្យពេញប្រៀបដូចម្តេចមិញ ទានដែលបុគ្គលបានឱ្យហើយអំពីលោកនេះ រមែងសម្រេចផលដល់ពួកប្រេតទាំងឡាយក៏ដូច្នោះដែរ។”

បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ឧបការគុណ ជាព្រះគាថាទី១០យ៉ាងនេះថា៖ “ បុគ្គលកាលបើរឭកនឹកឃើញ នូវឧបការគុណដែលញាតិមិត្រជាដើមបានធ្វើដល់ខ្លួនក្នុងកាលមុនថា អ្នកឯណោះបានឱ្យរបស់នេះដល់អាត្មាអញ អ្នកនោះឯងបានធ្វើនូវគុណនេះដល់អាត្មាអញ ជនទាំងនោះ ត្រូវជាញាតិមិត្រ ជាសម្លាញ់របស់អាត្មាអញ ដូច្នេះហើយ គួរឱ្យនូវទក្ខិណាទានដល់ពួកប្រេតទាំងឡាយ។”

បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ការឥតប្រយោជន៍ ជាព្រះគាថាទី១១យ៉ាងដូច្នេះថា៖ “ ការយំក្តី ការសោកសៅក្តី ឬសេចក្តីខ្សឹកខ្សួលណាដទៃក្តី បុគ្គលមិនគួរធ្វើឡើយ ព្រោះកិច្ចមានការយំស្រែកសោកសៅជាដើមនោះ មិនមានប្រយោជន៍ទៅដល់អ្នកបានស្លប់ទៅកាន់បរលោកឡើយ។

ញាតិទាំងឡាយដែលទៅកាន់បរលោកនោះ ក៏ឋិតនៅយ៉ាងនោះដដែល ឥតបានដឹងឬបានឮឡើយ។”

បន្ទាប់កម ព្រះសាស្តាទ្រង់សម្តែងអំពី ភាពនៃទក្ខិណា ដែលព្រះរាជាទ្រង់បានប្រទានហើយ ជាទានមានប្រយោជន៍ ដោយព្រះគាថាទី១២យ៉ាងនេះថា៖ “ លុះត្រាតែទក្ខិណាទាន ដែលបុគ្គលបានឱ្យហើយនេះឯង ជាទានបានដម្កល់ទុកដ៏ល្អប្រពៃហើយ ក្នុងព្រះសង្ឃ ទើបបានសម្រេចផលដោយរួសរាន់ ដើម្បីជាប្រយោជន៍ដល់ញាតិ(ពួកប្រេត)ទាំងឡាយនោះ អស់កាលជាយូរអង្វែង។”

កាលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សរសើរព្រះរាជា ដោយគុណតាមសេចក្តីពិត រួចស្រេចហើយ ទើបព្រះអង្គត្រាស់ជាព្រះគាថាទីបញ្ចប់(ទី១៣) យ៉ាងដូច្នេះថា៖ “ ញាតិធម៌នោះឈ្មោះថាព្រះមហាបពិត្រ(ព្រះបាទពិម្ពិសារ) ទ្រង់បានសម្តែង ជាបែបយ៉ាងហើយ។ ការបូជា ដ៏ថ្លៃថ្លាចំពោះពួកប្រេតទាំងឡាយ ឈ្មោះថាព្រះអង្គបានធ្វើឱ្យរួចហើយ។ កម្លាំងកាយនៃព្រះភិក្ខុសង្ឃទាំងឡាយ ឈ្មោះថាព្រះអង្គបានបំពេញឱ្យហើយ។ បុណ្យដ៏ច្រើន ក៏ព្រោះមហារាជបានសន្សំទុកហើយ។”

ដោយអំណាចនៃកុសលផលបុណ្យ ដែលព្រះបាតពិម្ពិសារទ្រង់បានឧទ្ទិសផ្សាយ ទៅឱ្យពួកប្រេតទាំងឡាយ នៅក្នុងឱកាសនោះ ក៏បានទទួល នូវផលបុណ្យនោះភ្លាមមួយរំពេច ហើយបានរួចចាកផុតអំពីសេចក្តីស្រេកឃ្លាន និងសេចក្តីទុក្ខទោសផ្សេងៗ បានទាំងទៅកើតក្នុងសុគតិភព ដែលជាឋានប្រកបនូវសេចក្តីសុខ សេចក្តីចំរើនគ្រប់យ៉ាង។

ពេលដែលព្រះសាស្តាទ្រង់បញ្ចប់ព្រះធម៌ទេសនា ដោយព្រះគាថាជាយ៉ាងនេះ មនុស្ស៨ម៉ឺន៤ពាន់នាក់ កើតមានសេចក្តីសង្វេគ ព្រោះការពណ៌នានូវទោសនៃការកើតក្នុងបេតវិស័យ ហើយក៏នាំគ្នាប្រារព្ធសេចក្តីព្យាយាម រហូតបានសម្រេចធម៌គ្រប់ៗគ្នា។

ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ២០០០

ពិធីខួបកំណើតខ្មែរ

ពិធីខួបកំណើតខ្មែរ

ពិធីអុជទាន ពេលប្រារព្ធខួបកំណើត តាមបែបប្រពៃណីខ្មែរបុរាណបច្ចុប្បន្ននេះ
មានមនុស្សជាច្រើន បាននាំគ្នា ប្រារព្ធខួបកំណើត តាមបែបលោកខាងលិច ដែលគេនិយមហៅថា Birth Day ប៉ុន្តែ ពួកគេ ប្រហែលជាភ្លេចហើយថា ពិធីខួបកំណើតបែបខ្មែរក៏មានដែរ ។ តាមក្បួនខ្នាត ដែលមានសេសសល់ពីបុរាណ និងកំពុងអនុវត្ត នៅក្នុងសង្គមខ្មែរ សព្វថ្ងៃ ពិធីខួបកំណើតខ្មែរនេះ គេធ្វើឡើងដោយមិនប្រកាន់ក្មេង ចាស់ ប្រុស ស្រី ព្រះសង្ឃ និងព្រះរាជានោះទេ គឺគ្រាន់តែការហៅខុសគ្នា និងពេលវេលានៃការប្រារព្ធធ្វើ តែប៉ុណ្ណោះ ។ សម្រាប់ព្រះមហាក្សត្រ និងព្រះសង្ឃគេហៅថា ពិធីចម្រើនព្រះជន្ម តែសម្រាប់មនុស្សសាមញ្ញវិញគេហៅថា ចម្រើនអាយុ ឬខួបកំណើត ។
ការធ្វើបុណ្យខួបកំណើតបែបប្រពៃណីខ្មែរ ដែលស្ទើរតែបាត់បង់ទាំងស្រុង
ទៅហើយនោះ ត្រូវបានគេបង្ហាញតាមកញ្ចក់ទូរទស្សន៍ជារឿយៗ ឡើងវិញ ។ ក្រៅពីនោះ ពិធីនេះ ត្រូវបានគេប្រារព្ធតែ ចំពោះព្រះមហាក្សត្រ ញាតិវង្សានុវង្ស មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបណ្ដាជន ដែលមានធនធានសម្បូរហូរហៀរ ។ កាលពីសម័យបុរាណ ពិធីនេះគេច្រើនប្រារព្ធធ្វើរវាង១២ឆ្នាំម្ដង គឺកំណត់យកតាមថ្ងៃខែឆ្នាំ របស់ម្ចាស់ពិធី តាមប្រតិទិនចន្ទគតិ (ប្រតិទិនពុទ្ធសាសនា) តែដល់សម័យក្រោយមក គេក៏ឃើញមានការផ្លាស់ប្ដូរ ពីធ្វើរវាង១២ឆ្នាំម្ដង មកប្រារព្ធធ្វើមួយឆ្នាំម្ដងវិញទៅតាម ធនធាន ។ ជាក់ស្ដែងសព្វថ្ងៃនេះ ពិធីខួបកំណើត ច្រើនតែរៀបចំសម្រាប់ព្រះមហាក្សត្រ មន្ត្រីរដ្ឋាភិបាលធំៗ និងអ្នកមានធនធានមួយចំនួនតែប៉ុណ្ណោះ ។
អត្ថន័យនៃពិធីខួបកំណើតខ្មែរ

ពិធីខួបកំណើតបែបប្រពៃណីខ្មែរ មានបង្កប់អត្ថន័យអប់រំ ដាស់តឿនមនុស្ស
តាមបែបទស្សនវិជ្ជាខ្មែរ ព្រោះនៅក្នុងពិធីនីមួយៗ សុទ្ធតែបង្កប់នូវអត្ថន័យអប់រំមនុស្ស ឲ្យដើរទៅរកផ្លូវល្អ មិនមែនចេះតែប្រឌិត ធ្វើដោយគ្មានគោលបំណងពិតនោះទេ ។ នេះបើតាមការឲ្យដឹងរបស់លោក ជា គាន អគ្គលេខាធិការរង គណៈកម្មការបុណ្យជាតិ និងអន្តរជាតិ ។
លោកបន្តថា តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ ប្រជាជនខ្មែរ
បានភ្ជាប់ខ្លួនជានិច្ច ទៅនឹងរូបភាព អច្ឆរិយៈ ផ្សេងៗដូចជា៖ ដងទន្លេមេគង្គ ទួល ឬអង្គ ភ្នំ សត្វដំរី ជំនឿលើទេវតា អារក្សអ្នកតា ប្រាង្គប្រាសាទនានា និងសាសនាជាដើម ។
ជំនឿទាំងអស់នេះជាធាតុសំខាន់មួយ នៅក្នុងខឿនវប្បធម៌ខ្មែរ ដែលគេពុំ
អាចកាត់ផ្ដាច់ចេញ បានឡើយ ។ លោកជា គាន បញ្ជាក់ថា ពិធីខួបកំណើតបែបប្រពៃណីខ្មែរកើតចេញពីជំនឿសាសនាសុទ្ធសាធ ហើយពិធីនេះ នឹងព្យាបាលចិត្តគំនិត របស់ម្ចាស់ពិធី និងអ្នកចូលរួមពិធី ឲ្យយល់ពីតម្លៃនៃជីវិត ដែលបានចាប់បដិសន្ធិមក ហើយត្រូវខិតខំធ្វើអំពើល្អ ចេះយោគយល់អាណិតអាសូរ និងស្រឡាញ់គ្នា ទៅវិញទៅមក។
បើតាមការឲ្យដឹងរបស់លោក ជា គាន បច្ចុប្បន្នប្រជាជនខ្មែរមួយចំនួន
នៅតាមបណ្ដាខេត្តនានា នៅតែធ្វើ ពិធីនេះនៅឡើយ ប៉ុន្តែមានអ្នកខ្លះ ធ្វើចំថ្ងៃកំណើត អ្នកខ្លះក៏រើសយកថ្ងៃផ្សេង ដែលគេយល់ថា ល្អតាមក្បួនតម្រាផ្សេងៗ និងជាពិសេស គេច្រើនឃើញមានធ្វើនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ជាថ្ងៃដែលប្រជាជនខ្មែរយល់ថា មានជ័យមង្គលបំផុត លើសអស់ថ្ងៃទាំងពួង នៅក្នុងឆ្នាំនីមួយៗ ។
ដំណើរការនៃការប្រារព្ធពិធី

លោកស្រី ស៊ុន សុវណ្ណនី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប
បាននិយាយថា ពិធីខួបកំណើត បែបប្រពៃណីខ្មែរ បានចាប់ផ្ដើមពិធីទីមួយរបស់ខ្លួន ដោយការនិមន្តព្រះសង្ឃមក សូត្រមន្តរំដោះគ្រោះចង្រៃទាំងឡាយ ឲ្យចៀស ចេញឆ្ងាយ និងនាំចូលមកវិញ នូវសិរីសួស្ដី ជ័យមង្គល និងលាភសំណាងទាំងពួង ។
បន្ទាប់មកទៀត គឺពិធីសំពះម្ដាយដើម ដែលសាមីពិធី ត្រូវសំពះនៅចំពោះមុខ
ទៀនមួយគូ ហើយនៅក្នុងទៀននីមួយៗ មានសរសៃអំបោះចំនួន១២សរសៃ តំណាងឲ្យគុណម្ដាយទាំង១២ ។ រីឯពិធីទីបីវិញ គឺជាពិធីបង្វិលពពិល ការបង្វិលពពិលមានច្រើនបែបដូចជា៖

  • បង្វិល៣ជុំ មានន័យថា មនុស្សយើងមុននឹងចូលមកចាប់បដិសន្ធិ ក្នុងផ្ទៃមាតាត្រូវដើរក្រឡឹង ចំនួន៣ជុំសិន ។
  • បង្វិល៥ជុំ គឺតំណាងឲ្យគុណព្រះពុទ្ធទាំង៥អង្គ (ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណមាតា និងបិតា) ។

លោកស្រីបញ្ជាក់ថា ក្នុងការបង្វិលពពិលនោះ គេមិនអនុញ្ញាតឲ្យបុរស
ចូលរួមបង្វិលទេ គឺមានតែស្ត្រីប៉ុណ្ណោះ ដែលអាចចូលអង្គុយបង្វិលបាន ។
ពិធីទី៤ គឺពិធីចងដៃ ឬចងព្រលឹង គឺគេយកអំបោះមកចងដៃ ដែលក្នុងអំបោះ
មួយខ្សែមានសរសៃអំបោះចំនួន១២ វេញបញ្ចូលគ្នាតំណាង ឲ្យគុណម្ដាយទាំង១២ ហើយនៅចុងបញ្ចប់គឺ ពិធីស្រោចទឹកកម្ចាត់គ្រោះកាចចង្រៃ ។ លោកស្រី ស៊ុន សុវណ្ណនី បញ្ជាក់ថា មានពិធីខួបកំណើតខ្មែរខ្លះបានប្រព្រឹត្តធ្វើដល់ទៅ៦ពិធី គឺមានពិធីសែនក្រុងពាលីមួយទៀត ប៉ុន្តែនេះជាពិធីធំមួយដែលត្រូវ ចំណាយច្រើនទាំងពេលវេលា និងធនធានដែល ជាទូទៅ មានតែអ្នកមានឋានៈខ្ពង់ខ្ពស់ និងព្រះសង្ឃជាដើមដែលត្រូវធ្វើ ។
ពិធីខួបកំណើត ឬចម្រើនព្រះជន្មអាចនិយាយបានថា ក៏មានប្រើពាក្យរួមមួយទៀតដែរ
គឺពិធីអាយុវឌ្ឍនៈមង្គល ដែលជាទូទៅគេធ្វើរៀងរាល់១២ឆ្នាំម្ដង គឺនៅអាយុ១២ឆ្នាំ អាយុ២៤ឆ្នាំនិង អាយុ៣៦ឆ្នាំ ។នៅពេលធ្វើពិធី អ្នកចូលរួមត្រូវជាភ្ញៀវកិត្តិយសក្ដី ជាសាច់ញាតិក្ដី ត្រូវប្រសិទ្ធិពរជ័យ សិរីមង្គល និងស្រោចទឹក លាងជម្រះសេចក្ដី មន្ទិលសៅហ្មងទាំងឡាយ ដែលកើតមាននៅឆ្នាំចាស់កន្លងមក ។
លោក មៀច ប៉ុណ្ណ សមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បាននិយាយថា តាមការសិក្សាស្រាវជ្រាវ
ពិធីខួបកំណើត អាចកើតឡើងប្រហាក់ប្រហែលគ្នា ជាមួយពិធីកោរជុក ក្នុងសម័យប្រទេសកម្ពុជា កាន់ព្រហ្មញ្ញសាសនា ព្រោះរបៀបរៀបចំក្នុង ពិធីទាំងមូលស្ទើរតែដូចគ្នាទាំងស្រុង ។
មានពិធីប្រពៃណីខ្មែរផ្សេងៗជាច្រើន រួមទាំងពិធីខួបកំណើតខ្មែរ នេះផង
បានបាត់បង់ និងស្ទើរតែគ្មានអ្នកចងចាំ និងប្រតិបត្តិឡើយ ។ លោក មៀច ប៉ុណ្ណ និយាយថា នេះគឺដោយសារតែរយៈពេល នៃការប្រារព្ធធ្វើម្ដងៗយូរពេកគឺរហូត ដល់១២ឆ្នាំធ្វើម្ដង ទើបធ្វើឲ្យពិធីនេះត្រូវបានគេភ្លេចអស់ ហើយបែរជាំនាំគ្នាមកធ្វើតាមបែបបស្ចិមប្រទេស ដូចសព្វថ្ងៃវិញ។
ម្ដាយដើមរបស់មនុស្ស

តាមគម្ពីរព្រះពុទ្ធសាសនាម្ដាយដើមមាន៩គឺ៖

    • ម្ដាយទី១៖ ជាអ្នកបង្កើតអាត្ម័នសង្ខារ ។
    • ម្ដាយទី២៖ ជាអ្នកថែរក្សា ។
    • ម្ដាយទី៣៖ ជាអ្នកជូនផ្លូវឲ្យមកចាប់បដិសន្ធិនាឋានកណ្ដាល ។
    • ម្ដាយទី៤៖ ជាអ្នកសង់ផ្ទះឲ្យនៅ ឬរកផ្ទៃឲ្យកំណើត ។
    • ម្ដាយទី៥៖ ជាអ្នកបង្កើត បំពេញឲ្យមើលឃើញ ដឹងឮនូវអ្វីៗទាំងឡាយ ។
    • ម្ដាយទី៦៖ គឺម្ដាយដែលបានបង្កើត និងចិញ្ចឹមថែរក្សាសព្វថ្ងៃនេះ ។
    • ចំណែកម្ដាយ៣ទៀតក្នុងសាស្ត្រាលោកថា ពុំគួរឲ្យសម្ដែងឡើយ បានន័យថា ម្ដាយ៣ទៀតនេះគឺជាអ្នកទទួលជីវិតឲ្យត្រលប់ទៅវិញ ៕

តំណភ្ជាប់
• គេហទំព័រសម្រាប់កូនខ្មែរ
បានមកវិញពី "http://km.wikipedia.org/wiki/"

អត្ថបទពេញនិយម

សមាជិក