Social Icons

21 May 2009

បុណ្យអកអំបុកសំពះព្រះខែ

បុណ្យកឋិនទាន

បុណ្យកឋិនទាន

***********
ពាក្យថា “ កឋិន” ជាភាសាបាលី សំដៅយកក្របក្តារ ដែលភិក្ខុសង្ឃសម័យបូរាណឥណ្ឌា ប្រើសម្រាប់ដេរសំពត់ឆ្វើជាស្បង់ចីវរ ។ សំពត់ ដែលបានរៀបចំតាក់តែងឡើងនោះ មានឈ្មោះថា “ សំពត់កឋិន “ ។
បើតាមអដ្ឋកថា សំដៅយកពុទ្ធដីកាដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាៈ កឋិន គឺការប្រជុំរួបរួម រូបធម៌និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺ៖

១• “ រស់បានដោយកម្រ “ សមដូចវិគ្គហៈថា “ កថតិ កិច្ឆេន ជីវតីតិ កឋិនោ។“ ប្រែថា “ សភាវឯណារស់នៅបានដោយកម្រ សភាវនោះហៅថា កឋិន” ។ ព្រោះលោកប្រៀបប្រដូចជាឈើស្នឹងដែលបុគ្គលកាត់ចាកចេញពីដើម ហើយយកទៅបោះ ភ្ជាប់នឹងដី រមែងដុះលូតលាស់ឬរស់នៅដោយកម្រយ៉ាងណា ឯកិច្ចដែលនឹងកើតឡើង ឬក៏តាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ ក៏យ៉ាងនោះដែរ ។
២. “ ពោលសរសើរ ” ព្រោះចីវរទាន ដែលយើងបានកសាងជាកឋិននោះ ជាទានពិសេសជាងទានដទៃ ដែលព្រះអរិយទាំងឡាយ មានព្រះសម្ពុទ្ធជាប្រធាន តែងពោលសរសើរថា ជាទានវិសេស អាចរួបរួមឬសង្គ្រោះ នូវអានិសង្ស៥យ៉ាង របស់ភិក្ខុអ្នកក្រាលគ្រង មិនអោយទៅគ្រងនៅទីដទៃបាន សមដូចវិគ្គហៈថា “ បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កថិតិ សង្គណ្ហាតីតិ កឋិនំ ។” ប្រែថា “ ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះនូវអានិសង្សទាំង៥ មិនអោយទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថា “ កឋិន ។“
កឋិន នេះ អាចអោយសម្រេចផលដល់បុគ្គលទាំងពីរផ្នែក គឺ៖
(១). ទាយក ឬ ទាយិកា ដែលជាអ្នកអោយ ត្រូវបានទទួលអានិសង្សច្រើន បានទទួលផលច្រើន ក្នុងអនាគតកាល មានការទទួលនូវសម្បត្តិ ក្នុងឋានទេវលោកជាដើម។
(២). បដិគាហកៈ ដែលជាភិក្ខុអ្នកក្រាលគ្រងកឋិន ឬបុគ្គល ឬគណៈ ឬសង្ឃ ដែលបានអនុមោទនា ក៏ត្រូវបានសម្រេចនូវអានិសង្ស៥យ៉ាង ពេញលេញគ្រប់ក្រាន់ ដរាបដល់រយៈកាលនៃកឋិនខេត្ត។
ពិធីដែលទាយកនិងទាយិកានាំយកសំពត់កឋិនទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា អស់មួយត្រៃមាស(៣ខែ) ក្នុងអវាស(វត្ត)ណាមួយ ក្នុងកំណត់២៩ថ្ងៃ(ចាប់តាំងពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើតពេញបូណ៌មី ខែកក្តឹក) អោយលោកក្រាលគ្រង មាន ឈ្មោះថា “ បុណ្យកឋិន ” ឬ “ កឋិនទាន “ ។
ចីវរកឋិន មិនខុសគ្នាអំពីចីវរទាន ដទៃទៀតទេ គ្រាន់តែការធ្វើបុណ្យកឋិនចីវរ មានកំណត់កាលបរិច្ឆេទច្បាស់លាស់ និងមានប្រជាប្រិយភាពច្រើន ដែលហៅថា “ កាលទាន”។ បុណ្យកឋិនមានលក្ខណៈប្លែក៥យ៉ាង អំពីបុណ្យផ្សេងៗ និងក្លាយជាបុណ្យដ៏មានសារៈសំខាននៅក្នុងវត្តពុទ្ធសាសនា និងនៅក្នុងចំណោមពុទ្ធបរិស័ទទូទៅ ។
លក្ខណៈប្លែក៥យ៉ាងនោះគឺ៖
១. ប្លែកដោយកាល
ព្រះពុទ្ធទ្រង់អនុញាតកឋិនកាល មានតែចំនួន២៩ថ្ងៃ គឺៈ ១៤ថ្ងៃក្នុងខែអស្សុជ(កំណត់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោចឬខែដាច់) និង១៥ថ្ងៃក្នុងខែកក្តឹក (កំណត់ពីថ្ងៃ១កើត ដល់ថ្ងៃ១៥កើត ពេញបូណ៌មី)។ រយៈពេលនេះ ហៅតាមពាក្យសាមញថា “ រដូវកឋិន “ ។ បុណ្យកឋិនធ្វើបានតែម្តងគត់ ក្នុងមួយឆ្នាំ សាំរាប់វត្តមួយ និងត្រូវធ្វើតាមពេលកំណត់ មិន មានមុន និង មិនមានក្រោយ។ ភិក្ខុអាចទទួលសំពត់កឋិនបាន តែមួយដងគត់ក្នុងមួយរដូវកឋិន។
២. ប្លែកដោយវត្ថុ
សំពត់ដែលជាអង្គកឋិន នោះមានៈ ស្បង់ ចីវរ និងសង្ឃាដី ដេលបានធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ។ យោងតាមវិន័យបញ្ញត្តិ ទោះបីជាទាយកឬទាយិកា នាំសំពត់មួយត្រៃមកប្រគេនភិក្ខុសង្ឃ ក៏ភិក្ខុសង្ឃអ្នកក្រាលគ្រង លោករើសយកតែមួយមុខ មកធ្វើជាអង្គកឋិន។ តាមធម្មតាភិក្ខុច្រើនតែរើសយកសង្ឃាដីធ្វើជាអង្គកឋិន ពីព្រោះសង្ឃាដីជាសំពត់ធំជាងគេបង្អស់ ក្នុងត្រៃចីវរ ហើយអាចប្រើសម្រាប់ដណ្តប់ដូចជាភួយ នៅពេលរងា ក៏បាន។
៣. ប្លែកដោយអំពើ
តាមទំនៀមទម្លាប់ ពុទ្ធបរិស័ទតែងតែមានជំនឿថា ការធ្វើបុណ្យចំពោះភិក្ខុមួយអង្គៗ ពុំសូវមានអានិសង្សច្រើន ដូចជាធ្វើនឹង សង្ឃ ទេ ( សង្ឃ សំដៅយកភិក្ខុ ចំនួនពី៤អង្គឡើងទៅ)។ យោងតាមវិន័យបញ្ញត្តិ អង្គកឋិនអាចវេរប្រគានចំពោះសង្ឃ យ៉ាងហោចណាស់ ក៏មានវត្តមានភិក្ខុ៥អង្គដែរ ដើម្បីអោយកើតជាកឋិនពេញលក្ខណៈបាន។
៤. ប្លែកដោយបដិគ្គាហកៈ (ដោយអ្នកទទួល)មានតែភិក្ខុទេ ដែលអាចទទួលសំពត់កឋិនបាន ( រីឯសាមណេរនិងអ្នកដទៃទទួលពុំបាន )។ ភិក្ខុនោះត្រូវតែគង់ចាំវស្សាគម្រប់៣ខែ ក្នុងវត្តឬអាវាសណាមួយ។ ភិក្ខុមិនបានគង់ចាំវស្សាគ្មានសិទ្ធិទទួលអង្គកឋិនទេ។
៥. ប្លែកដោយអានិសង្ស
នៅក្នុងការធ្វើបុណ្យកឋិន ទាយកនិងទាយិកា តែងទទួលបានអានិសង្សច្រើន។ យោងតាមវិន័យបិដក ភាគ៨ ត្រង់កឋិនក្ខន្ធកៈ ភិក្ខុសង្ឃដែលជាអ្នកអនុមោទនា និងក្រាលគ្រងកឋិន ត្រូវបានទទួលអានិសង្ស៥យ៉ាង ក្នុងរយៈពេល៥ខែ។ អានិសង្ស៥យ៉ាងនោះគឺៈ

(១). អនាមន្តចារោ : ភិក្ខុត្រាចទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នាបាន និងមិនមានទោស(ត្រូវអាបត្តិ)ឡើយ។
(២). អសមាទានចារោ : ភិក្ខុត្រាច់ទៅដោយមិនបាច់យកសំពត់ណាមួយ ឬត្រៃចីវរគ្រប់ប្រដាប់ ជាប់ជាមួយបាន។
(៣). គណភោជនំ : ភិក្ខុអាចឆាន់គណភោជនបាន។
(៤). យាវទត្ថចីវរំ : ភិក្ខុអាចទុកអតិរេកចីវរ (ចីវរដែលលើសអំពីសេចក្តីត្រូវការ) ចំនួនប៉ុន្មានក៏បាន។
(៥). យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ : ចីវរណាកើតឡើងក្នុងអាវាសនោះ ចីវរនោះនិងមានដល់ភិក្ខុនោះ។


វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែងអំពីប្រភពនៃបុណ្យកឋិនថាៈ “ នៅក្នុងសម័យពុទ្ធកាល ព្រះសម្ពទ្ធជាម្ចាស់ ទ្រងពុទ្ធានុញ្ញត្តិឱ្យភិក្ខុប្រើប្រាសតែបង្សុកូលចីវរ ទ្រង់ពុំទាន់បានអនុញត ឱ្យប្រើគហបតីចីវរ នៅឡើយ។

សម័យមួយនោះ នៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះពុទ្ធកំពុងគង់ចាំព្រះវស្សា ក្នុងវត្តជេតពន ដែលជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីសាងថ្វាយ នៅទៀបក្រុងសាវត្ថី។ គ្រានោះ មានភិក្ខុ៣០រូប ឈ្មោះថា “ ភទ្ទវគ្កិយត្ថេរ “ ក្នុងដែនបាថេយ្យ ជាអ្នកប្រព្រឹត្តធម៏នៅក្នុងព្រៃ។ល។ បាននាំគ្នាចេញអំពីទីនោះ មកកាន់ក្រុងសាវត្ថី ដើម្បីចូលគាល់បំរើព្រះដ៏មានព្រះភាគ។ ប៉ុន្តែ ភិក្ខុទាំងអស់ បានមកដល់តែត្រឹមសាកេត(ភូមិមួយជាប់នឹងទីក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់ និងស្រូតមកទៀតមិនទាន់ ក៏នាំគ្នាផ្អាកធ្វើដំណើរ ស្វែងរកទីសេនាសនៈនៅចាំវស្សា៣ខែ នាពាក់កណ្តាលផ្លូវនោះតែម្តងទៅ។ ភិក្ខុសង្ឃទាំង៣០រូបមានសេចក្តីអផ្សុក កើតទុក្ខតូចព្រះទ័យជាខ្លាំង ដោយគិតឃើញថាព្រះដ៏មានព្រះភាគទ្រង់គង់នៅទីនោះ ចម្ងាយតែ៦យោជន៍ទៀតសោះមិនសមយើងទាំងឡាយស្កុនដំណើរ មិនបានគាល់បំរើព្រះអង្គដូចបំណងសោះ។
លុះដល់ថ្ងៃចេញវស្សា បវរណាស្រេចហើយ ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់ចូលទៅកាន់ក្រុងសាវត្ថី។ នៅទីនោះ ភិក្ខុសង្ឃទាំងអស់បានចូលធ្វើសាវនាការជាមួយនឹងព្រះពុទ្ធ ដោយមានស្បង់ចីវរទទឹកជោក។
ព្រះមានព្រះភាគទ្រង់មានបន្ទូលរាក់ទាក់ទៅកាន់ភិក្ខុទាំងនោះថា៖ “ ម្នាលភិក្ខុទាំងឡាយ! សរីរយន្តរបស់អ្នកទាំងឡាយល្មមអត់សង្កត់បានឬទេ? ល្មមប្រព្រឹត្តទៅបានឬទេ? តើអ្នកទាំឡាយមានសេចក្តីព្រមព្រៀងស្មោះស្មើ អត់មានវិវាទទាស់ទែងគ្នា ទេឬ? អ្នកទាំងឡាយនៅចាំវស្សាសោត ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាត ទេឬ?

ភិក្ខុទាំងឡាយនោះ ក៏ក្រាបបង្គំទូល នូវសេចក្តីលំបាករបស់ខ្លួនដែលមានមកតាមផ្លូវ ដោយសព្វគ្រប់តាមដំណើរ។
លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់សំដែងធម្មីកថា ប្រារពអំពីសង្សារវដ្តមិនមានទីបំផុត ប្រោសប្រទានដល់ភិក្ខុទាំងនោះ។ លុះចប់ធម៌ហើយ ភិក្ខុទាំងអស់នោះ បានជាអរហន្តទាំងអស់អង្គ រួចហើយក៏នាំគ្នាក្រាបថ្វាយបង្គំលាព្រះសម្ពុទ្ធ វិលទៅកាន់លំនៅរបស់ខ្លួនវិញ។

បន្ទាប់អំពីនោះមក ព្រះមានព្រះភាគទ្រង់ព្រះតម្រិះថា បើប្រសិនជាតថាគតបានតែងតាំងកឋិនត្ថារកិច្ច ទុកពីគ្រាមុន ម្លេះសមភិក្ខុទាំងឡាយនោះបានលះចីវរមួយទុកនៅទីកន្លែង ជាប់មកតែស្បង់ចីវរតែប៉ុណ្ណោះ មានអត្ថភាពស្រាលមិនលំបាកយ៉ាងនេះសោះឡើយ។ ហើយកឋិនត្ថារកិច្ចនេះ ព្រះពុទ្ធរាល់ព្រះអង្គ ក៏តែងអនុញ្ញាតទុកដល់សាវក ពុំដែលលះបង់ផង។ ព្រះដ៏មានព្រះភាគទ្រង់ព្រះតម្រិះដូច្នេះហើយ ទើបទ្រង់ហៅភិក្ខុទាំងឡាយមក រួចហើយក៏ទ្រង់អនុញ្ញាតកថិនត្ថារកិច្ច ដោយព្រះពុទ្ធដីកាថា៖ “ អនុជានាមិ ភក្ខវេ វស្សំ វុដ្ឋានំ ភិក្ខុនំ កឋិនំ។ អត្ថរិតុំ អត្ថតំ កឋិនទានំ វោ ភក្ខវេ បញ្ច កប្បិស្សន្តិ។ “ ប្រែថា “ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលបាននៅចាំវស្សារួចហើយ ទទួលក្រាលគ្រងកឋិន។ ម្នាលភិក្ខុទាំងឡាយ! កាលបើភិក្ខុទាំងឡាយ បានក្រាលគ្រងកឋិនហើយ នឹងបានសម្រេចអានិសង្ស៥ប្រការ។”

បន្ទាប់មក ព្រះសម្ពុទ្ធទ្រង់ពុទ្ធានុញ្ញាត ឱ្យភិក្ខុទទួលស្បង់អំពីពុទ្ធបរិស័ទ និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ពីថ្ងៃ១រោចខែអស្សុជ រហូតដល់ថ្ងៃ១៥កើតពេញបូណ៌មី ខែកក្តឹក(រវាងពាក់កណ្តាលខេតុលា រហូតដល់ពាក់កណ្តាលខេវិច្ឆកា)។ ព្រះដ៏មានព្រះភាគទ្រង់ព្រះមេត្តាប្រោសអនុញ្ញាត ភិក្ខុសង្ឃដែលអនុមោទនា និងក្រាលគ្រង កឋិននោះ បាននូវអានិសង្ស៥ប្រការ។ ជនមានសទ្ធា ដែលបានធ្វើកឋិនទាន ឈ្មោះថា ជាអ្នកបានគោរពនូវព្រះពុទ្ធដីកាដែលទ្រង់បានអនុញ្ញាតអោយភិក្ខុសង្ឃបានទទួលនូវអានិសង្ស៥ប្រការផង ជាអ្នកមានចិត្តអាណិតអាសូរចំពោះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់មួយត្រៃមាសនោះផង និងជាអ្នកតអាយុព្រះពុទ្ធសាសនាអស់កាលជាយូរអង្វែងទៅផង។

ព្រះសម្ពុទ្ធទ្រង់សំដែងថា៖ “ សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ។ “ ប្រែថា “ ជនដ៏មានប្រាជ្ញា(ណាមួយ) បានធ្វើនូវសេចក្តីសុខស្រួល(ដល់អ្នកដទៃ) ជននោះឯង រមែងបានជួបប្រទះនឹងសេចក្តីសុខស្រួល(ជាពិតប្រាកដពុំខានឡើយ)។ “ សេចក្តីអធិប្បាយយ៉ងនេះថា៖ ជនណាបានធ្វើកឋិនទាន ដែលនាំអោយព្រះភិក្ខុសង្ឃ បានអានិសង្ស៥យ៉ាង ក្នុងរវាង៥ខែ បានឈ្មោះថា ជាអ្នកអោយសេចក្តីសុខស្រួលដល់អ្នកដទៃ នៅក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងតែបានសុខ ក្នុងមនុស្សលោកនិងទេវលោក ក្នុងពេលអនាគត។
ដោយអំណាចផលានិសង្សនៃកឋិនទាននោះ ក្នុងអនាគតកាលជននោះនឹងបានជាឯហិភិក្ខុឬឯហិភិក្ខុនី ដេលមានត្រៃចីវរកើតឡើងឯកឯង ដោយឫទ្ធិ នៅពេលបព្វជ្ជាជាបព្វជិតក្នុងសាសនាព្រះពុទ្ធអង្គណាមួយ ហើយក៏នឹងបានសំរេចមគ្គផល និព្វានក្នុងពេលបច្ចុប្បន្ននោះ ជាពិតប្រាកដពុំខានឡើយ។
តាំងពីពេលនោះមក បុណ្យកឋិនបានក្លាយជាបុណ្យទំនៀមមួយរបស់ពុទ្ធបរិស័ទ ដើម្បីបំពេញនូវសេចក្តីត្រូវការស្បង់ចីវរដ៏វិសេសនេះ។

វេលារាត្រី មុនថ្ងៃបុណ្យកឋិន ទាយក-ទាយិកាម្ចាស់ដើមបុណ្យនិងញាតិមិត្ត នាំគ្នា យកត្រៃចីវរ និងគ្រឿងបរិក្ខារផ្សេងៗ ទៅកាន់ទីវត្តដែលគេបានទាក់ទងស្និទ្ធស្នាល រួចមកហើយ និងធ្វើកុសលខ្លះៗដូចជាៈ ថ្វាយបង្គំព្រះរតនត្រ័យ អារធនាព្រះសង្ឃចំរើនព្រះបរិត និងស្តាប់ព្រះសង្ឃសំដែងធម្មទេសនា(ស្តីអំពីអានិសង្សកឋិន)។
លុះព្រឹកស្អែកឡើង ទាយក-ទាយិកា និងពុទ្ធបរិស័ទ ម្ចាស់ដើមបុណ្យនាំគ្នាទៅកាន់វត្តម្តងទៀត។ គេប្រារព្ធពិធីថ្វាយបង្គំព្រះរតនត្រ័យសមាទានសីល៥ ឬសីល៨ ដាក់បាត្របង្សុកូល និងវេរភត្តប្រគេនព្រះសង្ឃ។
បន្ទាប់ពីថ្ងៃត្រង់ ទាយកទាយិកា ម្ចាស់ដើមបុណ្យនិងញាតិមិត្ត នាំគ្នាទូលពានត្រៃចីវរ និងកាន់ទ្រនូវគ្រឿងបរិក្ខារជាបរិវារកឋិនផ្សេងៗ ដើរប្រទក្សិណព័ទ្ធជុំវិញរោងឧបោសថ(ឬព្រះវិហារ) ចំនួន៣ជុំ។ អ្នកទាំងអស់ត្រូវបាននាំមុខដោយក្រុមភ្លេងកំប្លែងឆៃយ៉ាំ និងភិក្ខុសង្ឃសូត្រធម៌ ព្រមទាំងមានពុទ្ធបរិស័ទទាំងហ្វូងដង្ហែតាមពីខាងក្រោយ។

បន្ទាប់មក ត្រៃចីវរ និងគ្រឿងបរិក្ខារជាបរិវារកឋិន ត្រូវបានវេរប្រគេនចំពោះភិក្ខុសង្ឃ ដោយអនុលោមតាមក្បួននិងទម្រង់ការដែលបានបញ្ញត្តិទុកមក។
ពេលពិធីវេរអង្គកឋិនបានចប់សព្វគ្រប់ហើយ គឺជានាទីរបស់សង្ឃដើម្បីជួបជុំសារជាថ្មីឡើងវិញ នៅក្នុងរោងឧបោសថឬព្រះវិហារ និងដើម្បីប្រារព្ធពិធីឆ្លងកឋិនទាន(សម្ពោធកឋិន) ទៅតាមវិន័យបញ្ញត្តិ។
តាមធម្មតា គ្រូចៅអធិការឬថេរភិក្ខុ នៅក្នុងវត្តត្រូវធ្វើសំណូមពរអោយមានភិក្ខុមួយរូប ជាតំណាងសង្ឃ ដើម្បីអនុមោទនានិងក្រាលគ្រងអង្គកឋិន។ ជាយថាហេតុ ភិក្ខុអង្គណាដែលមានស្បង់ចីវររហែកដាចនិងត្រូវជ្រើសរើសឡើង។ រោងឧបោសថ ឬ ព្រះវិហារ គឺជាកន្លែងសម្រាប់ធ្វើសង្ឃកម្មពិសេស(សម្ពោធកឋិន)នេះ។ ពិធីនេះ ដោយឡែកសម្រាប់តែសង្ឃ ពួកគ្រហស្ថមិនអាចចូលរួមជាមួយបានឡើយ។

ពុទ្ធបរិស័ទមានជុំនឿថា ការធ្វើបុណ្យកឋិន នៅវត្តដែលមានព្រះវិហារបញ្ចុះសីមារួចហើយ ទើបបានអានិសង្សច្រើន។
នៅប្រទេសខ្មែរ បុណ្យកឋិន គឺជាបុណ្យសប្បាយអឹកធឹក មានពណ៌ចំរុះឆើតឆាយមានទិដ្ឋភាពជាបុណ្យពុទ្ធសាសនាយ៉ាងមហោឡារឹក។
ជាការពិតណាស់ បុណ្យកឋិន គឺជាឱកាសមួយ សម្រាប់បណ្តុះបណ្តាលអំពើល្អ និងគុណធម៌ នៅក្នុងដួងចិត្តយើងគ្រប់ៗគ្នា។

ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ២០០០

បុណ្យចូលព្រះវស្សា


តាមទំនៀមក្នុងព្រះពុទ្ធសាសនា លុះចូលដល់រដូវវស្សាហើយ ពុទ្ធសាសនិកជនតែងនាំគ្នាប្រា​​​ រព្ភ​ “បុណ្យចូលព្រះវស្សា” ជាភាសាបាលីថា “វស្សូបនយិកា” ។ បុណ្យចូលវស្សាជាបុណ្យមួយមានដើម​កំណើតតាំងអំពីសម័យព្រះពុទ្ធកាលមកម្ល៉េះ ។
គ្រាដែលព្រះពុទ្ធជាម្ចាស់និងភិក្ខុទាំង ១២៥០រូប ប្តូរពីចំការត្នោតមកគង់ក្នុងព្រៃឫស្សី ទៀបក្រុង​រា​គ្រឹះ គឺជារដូវវស្សាដែលធ្វើឲ្យពិបាកដល់ការកសាងវត្តថ្មីផង និងដល់ការនិមន្តបិណ្ឌបាតផង ។ ក្នុង​ពេលជាមួយគ្នានោះ មានភិក្ខុមួយចំនួនអង្គចូលទៅក្រាបបង្គំទូល ព្រះសាស្ដាចារ្យថា “បពិត្រព្រះអង្គ​ដ៏ចម្រើន! ក្នុងកាលដែលខ្ញុំព្រះអង្គទាំងឡាយ ត្រាច់បិណ្ឌបាតតាមភូមិអ្នកស្រុក ខ្ញុំព្រះអង្គបានឮអ្នកស្រុក​គេពោលតិះដៀលនិងបន្តុះបង្អាប់ដល់គណៈរបស់យើងថា “ ពួកសមណជាសាក្យបុត្រ មិនសមនឹង​ដើរបិណ្ឌបាតក្នុងវស្សានរដូវ ដើរជាន់ស្មៅស្រស់ ជាន់ជន្លេននិងសត្វល្អិតដែលចេញមកលើដី នៅពេលភ្លៀងធ្លាក់នេះឡើយ ។ សូម្បីតែពួកបរិព្វាជក នៅក្នុងលទ្ធិដទៃ និងពួក​អន្យ​តិរត្ថីយ ដែលជា​អ្នកពោលនូវធម៌អាក្រក់ ក៏គង់តែពួគេឈប់សម្រាកនៅក្នុងរដូវវស្សានេះ ។ មិនតែប៉ុណ្ណោះ សូម្បីតែសត្វស្លាបទាំងឡាយក៏គង់វាចូលជ្រកក្នុងសម្បុកលើចុងឈើដែរ “។
ព្រះពុទ្ធទ្រង់ព្រះតម្រិះថា “ពាក្យតិះដៀលរបស់អ្នកស្រុកទាំងនោះ គឺជាពាក្យត្រឹមត្រូវ និងព្រះអង្គ​ផ្ទាល់ក៏មិនទាន់បានបញ្ញត្តិនូវការចូលវស្សានេះ ដល់ភិក្ខុទាំងឡាយផងដែរ ទើបព្រះ​អង្គ​ត្រាស់​ហៅ​ភិក្ខុទាំងឡាយមក​ប្រជុំដើម្បីទ្រង់អនុញ្ញាតការចូលកាន់វស្សាជាផ្លូវការ” ។ ព្រះ​អង្គ​ទ្រង់ត្រាស់​ថា “ ម្នាល​ភិក្ខុទាំងឡាយ! នៅរដូវវស្សាអាកាសធាតុមិនសូវ​ល្អដល់ការ​ធ្វើ​ដំណើរ​ឡើយ។ ភិក្ខុទាំងឡាយ​ក៏ត្រូវ​ការទីកន្លែងសម្រាប់រៀនសូត្រព្រះធម៌រួមគ្នា ក្នុងរដូវភ្លៀងនេះដែរ ។ ឥឡូវនេះ យើងមានកន្លែងល្អ​មួយដែលអាចជួយភិក្ខុសង្ឃឲ្យចៀសផុតអំពីជម្ងឺតម្កាត់ផ្សេង ៗ និងចៀស​វាង​ការដើរជាន់ស្មៅស្រស់​និងសត្វល្អិតនានា​ ដែលចេញមកលើដីទៀតផង ។ រៀងរាល់ឆ្នាំ ក្នុង​រដូវ​វស្សា ភិក្ខុណាដែលកំពុង​ស្ថិតនៅក្នុងដំណើរ ឬក៏ត្រាច់ចរទៅតាមជនបទផ្សេង ៗ នោះត្រូវតែវិល​ត្រឡប់​កមកាន់វត្តវិញឲ្យទាន់​ពេលដើម្បីចូលកាន់ព្រះវស្សា ។ ពេលចូលកាន់វស្សានោះ អ្នកអាចបវរណា​ឧបាសក​ឧបាសិការស់​នៅ​ក្នុងតំបន់ដែលអ្នកគង់នៅនោះឲ្យជួយផ្គត់ផ្គង​នូវ​ចង្ហាន់​បិណ្ឌបាត ។ ឧបាសក-ឧបាសិកានោះក៏​បានទទួលនូវប្រយោជន៍អំពីការប្រៀនប្រដៅធម៌អាថ៌​របស់​ព្រះ​សង្ឃ ក្នុងឱកាសនោះដែរ” ។
ដោយហេតុថា ក្នុងរដូវវស្សាមានទៅដល់ ៤ ខែ ចាប់ពីថ្ងៃ ១រោចខែអាសាធ (ឬខែទុតិយា​សាធ បើឆ្នាំនោះមានអធិកមាស) រហូតដល់ថ្ងៃ ១៥កើតខែកត្តិក ភិក្ខុត្រូវចាំវស្សាបានតែ ៣ខែ ទើបព្រះដ៏​មានព្រះភាគទ្រង់ត្រាស់អនុញ្ញាតឲ្យមានការចូលវស្សាជាពីរបែប គឺ ៖ ថ្ងៃចូលកាន់វស្សាដើម ​(បុរិមិ​កាវស្សា) និង ថ្ងៃចូលវស្សាចុង (បច្ឆិមិកាវស្សា) ។
ភិក្ខុទាំងឡាយ ដែលមិននៅក្នុងដំណើរ អាចចូលកាន់បុរិមិកាវស្សា នៅថ្ងៃ ១រោចខែអាសាធ (ឬខែទុតិយាសាធ) រហូតដល់ថ្ងៃ ១៥កើតខែអស្សុជទើបចេញវស្សាវិញ ។ តែបើសិនជាមានឆ្នាំណា​អធិកមាស គឺឆ្នាំដែលត្រូវលើកខែ ត្រូវចូលនៅថ្ងៃ១៥កើតទុតិយាសាធ និងចេញនៅថ្ងៃ ១៥កើតខែ​អស្សុជ ព្រោះមានពុទ្ធានុញ្ញាតថា “ អនុជានាមិ ភិក្ខវេ រាជូនំ អនុវត្តិតំ” ប្រែថា “ម្នាលភិក្ខុទាំងឡាយ! តថា​គត អនុញ្ញាតឲ្យភិក្ខុចូលកាន់វស្សាទៅតាមការអនុវត្តលើកខែ របស់ព្រះរាជាចុះ”។
ចំពោះភិក្ខុណាដែលជាប់កិច្ចធុរៈ អាចចូលកាន់បច្ឆិមិកាវស្សានៅថ្ងៃ ១រោចខែស្រាពណ៍ រហូត​ទៅដល់ថ្ងៃ ១៥កើតកត្តិក ទើបចេញវស្សាវិញក៏បានដែល ។
ការចូលវស្សាទាំង ២ យ៉ាងនេះ ភិក្ខុមិនអាចគេចវេះបានឡើយ គឺត្រូវតែចូលជាដាច់ខាត ដូច​មានពុទ្ធបញ្ញត្តិថា “ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ​ ន ឧបគច្ឆេយ្យ អាបត្តិ ទុក្កដស្ស” ប្រែថា “ ម្នាល​ភិក្ខុទាំងឡាយ! ភិក្ខុមិនអាចមិនចូលវស្សាបានឡើយ គឺត្រូវតែចូលវស្សាដាច់ខាត បើភិក្ខុណាមិនចូល​វស្សា ភិក្ខុរូបនោះនឹងត្រូវអាបត្តិទុក្កដ” ។
ថ្ងៃចូលវស្សា ភិក្ខុត្រូវចូលក្នុងរោងឧបោសថាគារ (វិហារ) ដើម្បីអធិដ្ឋានចូលវស្សាព្រមគ្នាថា “ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេម” ប្រែថា “យើងទាំងឡាយចាំវស្សាអស់ ៣ខែនេះ​ ក្នុង​អាវាសនេះ” ។
ពេលអធិដ្ឋានភិក្ខុត្រូវតាំងចិត្តថា នឹងនៅក្នុងវេលារាត្រីរក្សាអរុណរះឡើង តែក្នុងពេលខ្លួននៅ​ក្នុងខែត្រនៃអាវាស រហូតដល់កំណត់ ៣ ខែ ។
បើភិក្ខុនៅចាំវស្សាក្នុងទីសេនាសនៈណាមួយ ត្រូវតែកំណត់ខែត្រ និងបរិវេណទីសេនាសនៈ​នោះ។ បើនៅច្រើនគ្នា ត្រូវអធិដ្ឋានចូលគ្នាព្រមគ្នាថា “ឥមស្មឹ សានាសនេ ឥមំ តេមាសំ វស្សំ ឧបេម” ប្រែថា “យើងទាំងឡាយ នៅចាំវស្សាអស់ ៣ ខែនេះ ក្នុងទីសេនាសនៈនេះ” ។
បើភិក្ខុនៅតែម្នាក់ឯង ត្រូវតែអធិដ្ឋានថា “ឥមស្មឹ សេនាសនេ ឥមំ តេមាសំ វស្សំ ឧបេមិ” ប្រែថា “អញ ឬ អាត្មាអញនៅចាំវស្សាអស់ ៣ខែនេះ ក្នុងទីសេនាសនៈនេះ”។
បើនៅក្នុងកុដិធំច្រើនគ្នា ត្រូអធិដ្ឋានព្រមគ្នាថា “ឥមស្មឹ វហារេ ឥមំ តេមាសំ វស្សំ ឧបេម” ប្រែថា “យើងទាំងឡាយ នៅចាំវស្សាអស់ ៣ខែក្នុងវិហារនេះ “។
បើនៅតែឯងត្រូវតែអធិដ្ឋានថា “ឥមស្មឹ វហារេ ឥមំ តេមាសំ វស្សំ ឧបេមិ” ប្រែថា “អាត្មាអញ នៅចាំវស្សាអស់ ៣ខែក្នុងវិហារនេះ “។
បើនៅក្នុងតូបឬកុដិតូច តែម្នាក់ឯងក្នុងព្រៃ ត្រូវកំណត់ខែត្រ ឬទីបរិវេណនៃតូបឬកុដិនោះ ត្រូវ អធិដ្ឋានថា “ឥមិស្សំ ឬ ឥមាយំ កុដិយំ ឥមំ តេមាសំ វស្សំ ឧបេមិ” ប្រែថា “អញ ឬអាត្មាអញនៅចាំ​វស្សាអស់ ៣ខែក្នុងតូបនេះ” ។
ក្នុងអាវាសនីមួយ ៗ នៅពេលភិក្ខុសង្ឃបានអធិដ្ឋានចូលវស្សារួចហើយ ភិក្ខុចៅអាវាស ឬ មហា​ថេរ ត្រូវប្រកាសប្រាប់ នូវខែត្រនៃអាវាស គឺកំណត់ព្រំប្រទល់វត្តគ្រប់ទិសទាំង ៤ ឲ្យភិក្ខុសាមណេរ គ្រប់រូបបានដឹង ដើម្បីនឹងចៀសវាងអំពីការដាច់វស្សា ពីព្រោះតែការបណ្ដោយឲ្យអារុណរះឡើង ក្នុងពេលដែលខ្លួនស្ថិតនៅក្រៅខែត្រនៃអាវាសនោះ។
បើដល់ថ្ងៃចូលវស្សារួចហើយ មានភិក្ខុណានៅធ្វើដំណើរទៅមក ឬអែអង់រងចាំចូលវស្សាក្រៅ​វត្ត ឃើញថា មិនសមគួរឡើយ ភិក្ខុនឹងត្រូវអាបត្តិទុក្កដ ។ បើភិក្ខុចូលវស្សានៅទីណាហើយ ត្រូវតែ​រក្សារាត្រីនៅក្នុងទីនោះ រហូតគ្រប់ពេលកំណត់ ៣ខែ ។ បើមានធុរៈត្រូវចេញទៅក្រៅអាវាសជា​ចាំបាច់ខានមិនបាន គប្បីចេញចុះ តែប្រញាប់ត្រឡប់មកវិញឲ្យទាន់ពេលមុនអរុណរះ។ ភិក្ខុអាច​ទៅដោយសត្តាហករណីយ បាន៖
1. បើបានដឹងជាមុនថា មាតាឬបិតា នៃភិក្ខុឬសាមណេរនោះ មានធុរៈ ឬមានជម្ងឺធ្ងន់។
2. បើមានគេមកនិមន្តថា មានឧបាសក ឬឧបាសិកា បងប្អូនឬញាតិមិត្រ មានធុរៈ។
3. បើមានគេមកនិមន្ត ក្នុងសង្ឃករណីយកិច្ច ណាមួយ។ ក៏ប៉ុន្តែ តាមទម្លាប់ មុននឹងចេញ​អំពីវត្ត ឬអាវាស ទៅត្រូវអធិដ្ឋានថា “សច្ចេ មេ អន្តរាយោ នត្ថិ សត្តាហព្ភន្តរេយេវ បុន និវត្តិស្សាមិ …...ទុតិយម្បិ……..តតិយម្បិ…”។ ប្រែថា “បើមិនមានអន្តរាយ ឬឧបសគ្គដល់អា​ត្មាអញទេ​អាត្មាអញនឹងត្រឡប់មកវត្តវិញ ក្នុងចន្លោះសត្តាហៈ ពុំខាន ។ ………ជាគម្រប់ពីរដងផង។ ……..ជា​គម្រប់បីដងផង។ ភិក្ខុលើកសត្តាហៈចេញទៅក្រៅវត្តរួចហើយ ត្រូវតែត្រឡប់មកវត្ត ខាងក្នុងអរុណ​នៃថ្ងៃទីប្រាំពីរវិញ (គឺអាចនៅក្រៅវត្តតែត្រឹម ៦រាត្រី) ។ ភិក្ខុមិនត្រូវនៅក្រៅវត្តឲ្យហួសអរុណនៃថ្ងៃ​ទី​៧ឲ្យសោះ ពុំនោះសោតនឹងត្រូវដាច់វស្សា នឹងត្រូវអាបត្តិទុក្កដ មិនអាចទទួលអានិសង្សកឋិន និងសង្ឃលាភផ្សេង ៗ ដែលកើតឡើងក្នុងវត្តនោះ បានទៀតផង។
ការចូលវស្សាមិនចំពោះតែភិក្ខុទេ សាមណេរក៏ត្រូវចូលវស្សាដែរ ទើបត្រូវតាមពុទ្ធានុញ្ញាត ចែកនូវសង្ឃលាភ តែសាមណេរមិនមានកិច្ចដោយការបវរណាឡើយ គ្រាន់តែឲ្យអធិដ្ឋានចូលវស្សា​ប៉ុណ្ណោះ ។
នៅប្រទេសខ្មែរ ក៏ដូចជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងលោកដែរ ពេលចូលវស្សានេះ ជាឱកាសសំខាន់បំផុតដែលយុវជននាំគ្នាចូលបួសនិងមកសំណាក់នៅក្នុងវត្ត ដើម្បីអប់រំខ្លួន ឲ្យមាន​ចរិយាសម្បត្តិល្អ តាមគន្លងព្រះពុទ្ធសាសនា ។
សាសនវិធី៖
រណ្ដាប់៖ ឧបាសក ឧបាសិកា ត្រូវរៀបរណ្ដាប់ជាចតុប្បច្ច័យមាន៖ ចង្ហាន់បិណ្ឌបាត សំពត់​សាដក ប្រេង ទៀនវស្សា (សម្រាប់ដុត ៣ខែ) ។ល។ ក្នុងវិន័យបិដក ភាគទី ៨ និយាយអំពីអានិសង្ស​សំពត់សាដកសម្រាប់ព្រះសង្ឃប្រើស្រង់ទឹក ។ ទៀនវស្សា ត្រូវមានវិជ្ជមាត្រ(មាត់) ១តឹក និងកំពស់​២​ហត្ថ ធ្វើអំពីក្រមួនសុទ្ធឬក្រមួនចំបក់ មានជើងទ្រជាឈើឬស្ពាន់ ក្បាច់ផ្កាឈូក ។ សម័យបច្ចុប្បន្ន​ច្រើនប្រើចង្កៀងប្រេងកាត ឬប្រេងដូងជំនួស ។ ទៀនវស្សាគឺជា និមិត្តរូបនៃព្រះបញ្ញាញាណ របស់​ព្រះសម្ពុទ្ធ ដែលតែងតែភ្លឺជានិច្ចចំពោះសព្វសត្វមិនមានរលត់សោះឡើយ ។
ការប្រារព្ភ៖ ក្នុងថ្ងៃចូលវស្សា គឺល្ងាចថ្ងៃទី ១៥កើត ខែអាសាធ ឬទុតិយាសាធ ឧបាសក ឧបាសិក និងពុទ្ធបរិស័ទ ទៅជួបជុំគ្នាក្នុងទីវត្ត ។ លុះជួបជុំហើយ នាំគ្នាហែរទៀនវស្សា សំពត់សាដក និងគ្រឿងបរិក្ខារផ្សេង ៗ ប្រទក្សិណព្រះវិហារ ឬ អាវាសណាមួយដែលព្រះសង្ឃបានកំណត់​ ។ បន្ទាប់មកទៀត នាំគ្នានមស្សការថ្វាយបង្គំព្រះរត្តនត្រ័យ សមាទានសីល ៥ សីល ៨ និមន្តព្រះសង្ឃ​ចម្រើនព្រះបរិត្ត និងបវរណាព្រះធម្មកថិកមួយអង្គ សម្ដែងព្រះធម្មទេសនា ព្រមទាំងវេរទៀនវស្សា សំពត់សាដក និងគ្រឿងបរិក្ខារប្រគេនព្រះសង្ឃ ។
លុះព្រឹកឡើងថ្ងៃ ១រោច ខែអាសាធ មានប្រគេនយាគូ និងភត្តប្រគេនព្រះសង្ឃទៀតផង​ ។
តំណម៖ ក្នុងរយះពេលចូលវស្សា ៣ ខែនេះ​ ពុទ្ធបរិស័ទតែងមានតំណម ដូចជា មិនរៀប​មង្គលការកូនចៅ និងមិនសង់ផ្ទះថ្មី ជាដើម ដោយចាត់ទុកថាថ្ងៃទាំងអស់ ក្នុងកំណត់ ៣​ ខែនោះ ជា​ថ្ងៃឃ្លុប គឺជាថ្ងៃឥតមានឫក្សល្អ ឥតមានជោគជ័យ និងឥតមានសិរីសួស្ដី ៕

ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ខែ ភាគទី ២ ដោយ ឆឹង ផាន់សុផុន
សរសេរដោយភិក្ខុ សញ្ជាតវិរិយោ ង្វ៉ៀង វ៉ាំង ថឿង

បុណ្យសែនដូនតា

បុណ្យភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ប្រកាន់ទំនៀមទម្លាប់តាមបែបដូនតា កំណត់យកថ្ងៃ បុណ្យកាន់បិណ្ឌ ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ និងថ្ងៃ បុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ១៥រោច ខេភទ្របទ ជារៀងរាល់ឆ្នាំ។
ក្នុងសម័យពុទ្ធកាល ពុំមានពាក្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌ នេះទេ មានតែពាក្យ បវារណាបច្ច័យ៤ ទំនុកបំរុងបច្ច័យ៤ ។ ដូចនៅក្នុងគម្ពីរធម៌បទមាននិយាយអំពីរឿងរ៉ាវ ព្រះសម្ពុទ្ធ និងព្រះភិក្ខុសង្ឃគង់ចាំវស្សាហើយមានពុទ្ធបរិស័ទទំនុកបំរុងបច្ច័យ៤ អស់មួយត្រីមាស។ រីឯការកាន់បិណ្ឌក៏មិនកំណត់តែត្រឹម១៤ថ្ងៃយ៉ាងដូច្នេះដែរ គឺពុទ្ធបរិស័ទជំនាន់នោះចាប់កាន់បិណ្ឌ តាំងពីថ្ងៃចូលវស្សារហូតមកដល់ថ្ងៃចេញវស្សាទើបឈប់។
បុណ្យកាន់បិណ្ឌ

ក្នុងថ្ងៃកាន់បិណ្ឌទាំង១៤ថ្ងៃ ពុទ្ធបរិស័ទចំណុះជើងវត្តចែកវេនគ្នាជា១៤វេន ដើម្បីកាន់បិណ្ឌ។ កូនចៅបានរៀបចំទេយ្យទាននិងគ្រឿងបរិក្ខាផ្សេងៗ ជូនដល់មាតា-បិតា ជីដូន-ជីតា ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីចូលទៅកាន់បិណ្ឌ ក្នុងវត្តរបស់ខ្លួន។ ក្នុងគ្រានោះ លោកទាំងឡាយនឹងបានឱកាស ចំរើនភាវនា សមាទានសីល៥ សីល៨ ឬសីល១០ និងបានបំពេញកុសលផ្សេងៗ ដូចជា ការបំរើព្រះសង្ឃ និងបោសសំអាតវត្តអារាម មានព្រះវិហារ និងកុដិ ជាដើម។
ក្នុងវេននីមួយៗ វេលាយប់ មានប្រគេនភេសជ្ជៈចំពោះព្រះសង្ឃនិងចាស់ព្រឹទ្ធាចារ្យ កាន់សីល៨ឬសីល១០។ បន្ទាប់មក នមស្សការព្រះរតនត្រ័យ សមាទានសីល៥ ឬសីល៨ ឬសីល១០ និមន្តព្រះសង្ឃចំរើនព្រះបរិតនិងអារាធនាធម្មកថឹកមួយអង្គសំដែងធម្មទេសនា។ ពេលទៀបភ្លឺ បន្ទាប់អំពីថ្វាយបង្គំព្រះនិងចំរើនភាវនារួចមក ព្រះសង្ឃសូត្រធម៌បទ បរាភវសូត្រ ឮសូរដ៏គ្រលួចគួរឱ្យស្រណោះ ជាបទបាលីយ៉ាងនេះថា “ បរាភវន្តំ បុរិសំ ........។ល។ ។ បន្ទាប់មកពុទ្ធបរិស័ទនាំគ្នាប្រគេនយាគូចំពោះព្រះសង្ឃ និងថ្ងៃត្រង់វេរភត្តប្រគេនព្រះសង្ឃ ដោយមានប័ង្សុកូលឧទ្ទិសកុសលចំពោះវិញ្ញាណជីដូនជីតា ញាតិកា៧សន្តាន និងបុព្វការីជនទាំងឡាយដែលបានចែកឋានបាត់ទៅហើយនោះផង។
បុណ្យភ្ជុំបិណ្ឌ

ថ្ងៃ១៥រោចខែភទ្របទ ជាថ្ងៃបុណ្យធំឬជាថ្ងៃបង្ហើយ។ កូនចៅទាំងឡាយដែលមិនបានមកដាក់បាត្រប័ង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជីដូនជីតា និងញាតិកា៧សន្តាន ក្នុងពេលកាន់បុណ្យទាំង១៤ថ្ងៃនោះ ព្រោះតែជាប់រវល់កិច្ចការ ក្នុងទីក្រុងឬខេត្តឆ្ងាយៗ ត្រូវតែធ្វើដំណើរទៅកាន់ស្រុកភូមិកំណើត ក្នុងថ្ងៃ១៥រោចនេះ ដើម្បីប្រារព្ធពីធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ និងញាតិមិត្ត ឱ្យបានសមរម្យតាមប្រពៃណី។
ពេលព្រឹកថ្ងៃ១៥រោច គេនាំគ្នាស្លៀកពាក់ស្អាតបាត យួរស្រាក់ម្ហូបអាហារ បង្អែម ចំអាប នំអន្សម នំគម នំជា នំឆ្នៃ យកទៅវេរប្រគេនព្រះសង្ឃនៅឯវត្ត និងប័ង្សុកូលឧទ្ទិសកុសលវិញ្ញាណក្ខន្ធដូនតា។ ពេលល្ងាច តាមតំបន់ខ្លះ មានរៀបចំពិធីសែនដូនតា។ លុះព្រឹកឡើងស្រាងៗថ្ងៃ១កើតខែអស្សុជ មានរៀបចំនំចំណី ផ្លែឈើ សណ្តែក ល្ង អង្ករ អំបិល ដាកក្នុងកូនទូក ធ្វើអំពីស្រទបចេក រួចហើយអុជទៀនធូបបណ្តែតដើម្បីជូនដំណើរដូនតា ត្រឡប់ទៅស្រុកវិញ។ គ្រួសារខ្លះ យកបាយបិណ្ឌទៅចោលក្នុងស្រែសែនឱ្យយក្ខិនី ព្រោះយក្ខិនីជាអ្នកដឹងថា ឆ្នាំណាមានភ្លៀងច្រើន ឆ្នាំណាមានភ្លៀងតិច ជាដើម(ទាក់ទងនឹងរឿងយក្ខិនីក្នុងគម្ពីរធម្មបទកថា ភាគ១)។ល។
បុណ្យភ្ជុំបិណ្ឌនេះ ជាប់ទាក់ទងទៅនឹងរឿងជាច្រើន ក្នុងគម្ពីរពុទ្ធសាសនា ដូចជា គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិទ្យាធរ និងគម្ពីរធម្មបទ ជាដើម។ ប៉ុន្តែ បុណ្យភ្ជុំបិណ្ឌ ដែលខ្មែរយើងធ្លាប់ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោចរហូតដល់ថ្ងៃ១៥រោចខែភទ្របទ ពុំដែលអាកខាននោះ ក៏ព្រោះតែប្រារព្ធនូវរឿងពួកប្រេត ដែលត្រូវជាញាតិរបស់ព្រះបាទពិម្ពិសារ ជាហេតុ។
ក្នុងគម្ពីរព្រះធម្មបទភាគទី១ មានរឿងបញ្ជាក់មកថា៖ “ នៅក្នុងកប្បទី២៩(កន្លងពីភទ្ធកប្បនេះមក) មានព្រះសម្មាសម្ពុទ្ធព្រះនាម ផុស្សៈ បានកើតឡើងក្នុងលោក។ ព្រះអង្គជាព្រះរាជបុត្រ នៃព្រះបាទជ័យសេននិងព្រះនាងសិរីមា សោយរាជ្យក្នុងនគរកោសីកៈ។ ព្រះបាទជ័យសេនទ្រងមានព្រះរាជបុត្រ៣ព្រះអង្គដែលមានព្រះមាតាទីទៃៗពីគ្នា មានបុគ្គលអ្នកថែឃ្លាំង មាននាយស្មៀនត្រួតត្រាជនបទ ព្រមទាំងពួកបរិវារជាច្រើន។ នាយស្មៀនបានសាងព្រះវិហារថ្វាយព្រះសាស្តាផុស្សៈ តាមព្រះរាជបំណងរបស់ព្រះរាជឱរសទាំង៣អង្គរបស់ព្រះអង្គ និបានយាងព្រះបាទជ័យសេនមក ដើម្បីវេរព្រះវិហារនោះ ថ្វាយព្រះសាស្តា។ ក្នុងថ្ងៃធ្វើបុណ្យឆ្លងព្រះវិហារនោះ ព្រះរាជាទ្រង់បានចំណាយទ្រព្យ ឱ្យបុគ្គលអ្នកថែរក្សាឃ្លាំង និងនាយស្មៀន ចាត់ចែងនូវខាទនីយភោជនីយាហារ ថ្វាយដល់ព្រះសាស្តាផុស្សៈ នងព្រះភិក្ខុសង្ឃ ជាសាវកចំនួន៩ម៉ឺនអង្គ អស់មួយត្រៃមាស នៅក្នុងព្រះវិហារនោះ។ អ្នកថែរក្សាឃ្លាំងនិងភរិយា នាយស្មៀននិងភរិយា ព្រមទាំងញាតិមិត្តមួយចំនួនមានចិត្តសទ្ធាជ្រះថ្លា បានថ្វាយទានដោយសេចក្តីគោរព។ ប៉ុន្តែ ពួកជនមួយចំនួនដែលត្រូវជាញាតិរបស់នាយស្មៀន ជាមនុស្សមានចិត្តលោភ បានធ្វើអន្តរាយដល់ទេយ្យទាន គឺបាននាំគ្នាបរិភោគនូវអាហារ ដែលគេដំកលទុកសម្រាបវេរប្រគេនចំពោះព្រះភិក្ខុសង្ឃនោះមុន។ លុះដល់ពួកជនទាំងនោះ បានធ្វើកាលកិរិយា ស្លាប់អំពីមនុស្សលោកយើងនេះទៅ ក៏បានទៅចាប់កំណើតក្នុងបេតវិស័យ នៅក្នុងឋាននរកគឺកើតជាពួកប្រេត ហើយបានទទួលនូវសេចក្តីទុក្ខវេទនា យ៉ាងក្រៃលែង។ ព្រោះតែកម្មផលដ៏អាក្រក់ ដែលខ្លួនបានប្រព្រឹត្តជាយូរអង្វែងនៅក្នុងបេតវិស័យនោះ។ រីឯព្រះរាជឱរសទាំង៣អង្កនិងបរិវារ ព្រមទាំងអ្នករក្សាឃ្លាំងនិងនាយស្មៀនបានទៅកើតក្នុងឋានសួគ៌។
លុះមកដល់សាសនាព្រះពុទ្ធ ព្រះនាម កកុសន្ធោ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងអស់នោះ ក៏បាននាំគ្នាទៅក្រាបទូលសួរព្រះអង្គថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! ពួកយើងខ្ញុំទាំងឡាយជាពួកប្រេតមានសេចក្តីស្រេកឃ្លាននូវចំណីអាហារខ្លាំងណាស់ ព្រោះតែអត់នូវចំណីអាហារ អស់កាលជាយូរអង្វែងមកហើយ តើដល់ពេលណាទៅ ទើបពួកយើងខ្ញុំទាំងឡាយ នឹងបានបរិភោគនូវចំណីអាហារ?”
ព្រះពុទ្ធព្រះនាមកកុសន្ធោទ្រង់បានឆ្លើយតបទៅពួកប្រេតទាំងនោះថា៖ “ នៅក្នុងសាសនារបស់យើងនេះ ពួកអ្នកទាំងអស់គ្នា មិនបានទទួលនូវចំណីអាហារ ដើម្បីនឹងបរិភោគទេ ចាំទទួលសួរនឹងព្រះពុទ្ធជំនាន់ក្រោយទៀតចុះ!”
លុះដល់ផែនដីដុះបាន១យោជន៍ ទើបព្រះពុទ្ធមួយព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោកព្រះនាម កោនាគមនោ។ ពួកប្រេតទាំងនោះក៏បាននាំគ្នាចូលទៅបង្គំទូលសួរដូចពីកាលលើកមុនទៀត ព្រះពុទ្ធព្រះនាម កោនាគមនោ ទ្រង់បានឆ្លើយដូចជាព្រះពុទ្ធអង្គមុនៗនោះដែរ។
លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើបព្រះពុទ្ធមួយព្រះអង្គព្រះនា កស្សបៈ កើតឡើងក្នុងលោក។ ក្នុងគ្រានោះ ពួកប្រេតទាំងអស់ក៏ចូលទៅក្រាបបង្គំទូលសួរព្រះកស្សបៈថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! ធ្វើដូចម្តេចហ្ន៎ពួកយើងខ្ញុំគប្បីនឹងបាននូវសម្បត្តិយ៉ាងនេះ?”
ព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈក៏ទ្រង់ត្រាស់ថា៖ “ នៅក្នុងសាសនារបស់យើងនេះ ពួកអ្នកទាំងអស់គ្នា មិនអាចនឹងទទួលនូវចំណីអាហារ សម្រាប់បរិភោគបានទេ ចាំដល់សាសនារបស់ព្រះពុទ្ធព្រះនាម គោតម ជំនាន់ក្រោយ ពួកអ្នកនឹងបានបរិភោគនូវចំណីអាហារ ដែលព្រះរាជាព្រះនាម ពិម្ពិសារ ទ្រង់បានបំពេញព្រះរាជកុសល ធ្វើបុណ្យឧទ្ទិសមគ្គផល បញ្ជូនមកឱ្យពួកអ្នកទាំងឡាយ ក្នុងកាលនោះ ពួកអ្នកទាំងឡាយនឹងបានទទួលហើយ។ ចូរអ្នកទាំងឡាយរង់ចាំសួរព្រះពុទ្ធអង្គជំនាន់នោះចុះ!”
លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើប ព្រះសមណគោតម គឺព្រះសម្មាម្ពុទ្ធ នៃយើងសព្វថ្ងៃនេះ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក។ ក្នុងពុទ្ធប្បាទនេះ ព្រះរាជឱរសទាំង៣ព្រះអង្គរបស់ព្រះបាទជ័យសេន បានច្យុតចុះអំពីឋានសួគ៌មកកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងទីក្រុងមគធៈ ជាជដិលឧរុវេលកស្សប ៣នាក់បងប្អូន។ បុរសអ្នកថែរក្សាឃ្លាំងបានកើតជាមហាសេដ្ឋីឈ្មោះ វិសាខៈ និងភរិយារបស់គាត់បានកើតជានាងភិក្ខុនី ធម្មទិន្នា។ រីឯនាយស្មៀនបានកើតជាស្តេចព្រះនាម ព្រះបាទពិម្ពិសារ។ បរិស័ទសេសសល់បានកើតជាបរិវាររបស់ព្រះរាជា។
កាលព្រះអង្គបានសម្រេចនូវព្រះសម្មាសម្ពោធិញាណហើយ ព្រះសមណគោតមបានប្រោសព្រះបាទពិម្ពិសារ និងពួកបរិវារជាព្រាហ្មណ៍ និងជាគហបតីទាំងឡាយ ឱ្យនូវក្នុងសោតាបត្តិផល ក្នុងឱទ្យានឈ្មោះលដ្ឋិវ័ន។ ព្រះរាជាទ្រង់សព្វព្រះទ័យអារាធនាព្រះពុទ្ធ ដើម្បីទទួលភត្តឬមហាទាន ក្នុងព្រះរាជវាំង ក្នុងថ្ងៃពេញបូណ៌មីក្រោយមកទៀ។
ប្រេតទាំងនោះ ក៏នាំគ្នាទៅបង្គំទូលសួរចំពោះព្រះសមណគោតម ហើយព្រះអង្គក៏ទ្រង់ឆ្លើយថា៖ “ នៅក្នុងសាសនារបស់តថាគតនេះ ពួកអ្នកទាងឡាយនឹងបានបរិភោគនូវចំណីអាហារហើយ គឺនៅពេលណាដែលព្រះមហាក្សត្រ ព្រះនាមពិម្ពិសារ ដែលធ្លាប់ជាញាតិសាលោហិតរបស់អ្នកទាំងឡាយ ទ្រង់បានបំពេញព្រះរាជកុសលថ្វាយទាន ចំពោះតថាគត ព្រមទាំងភិក្ខុសង្ឃ ហើយព្រះអង្គទ្រង់ឧទ្ទិស នូវព្រះរាជកុសលជូនដល់អ្នកទាំងឡាយៗនឹងបានទទួលនូវចំណីអាហារនាពេលនោះឯង។”
នៅថ្ងៃពេញបូណ៌មី ដែលព្រះបាទពិម្ពិសារ ព្រះចៅនគរមគធៈទ្រង់បានបំពេញនូវព្រះរាជកុសលថ្វាយមហាទានដល់ព្រះពុទ្ធនិងភិក្ខុសង្ឃនៅគ្រាដំបូងនោះ ព្រះរាជាទ្រង់មិនបានឧទ្ទិសនូវបុណ្យកុសលបញ្ជូនទៅឱ្យពួកប្រេតទាំអស់នោះទេ ព្រោះព្រះរាជាទ្រង់រវល់តែព្រះចិន្តា នៅទីគង់របស់ព្រះសាស្តា៖ “ តើព្រះមានព្រះភាគ គប្បីគង់នៅទីណាហ្ន៎?” ដូច្នេះហើយ ទើបទ្រង់មិនបានឧទ្ទិសនូវព្រះរាជកុសល ជូនទៅដល់ពួកប្រេតទាំងអស់នោះ។
ពួកប្រេតទាំងឡាយ ដែលព្រះបាទពិម្ពិសារ មិនបានឧទ្ទិសបញ្ជូនកុសលទៅឱ្យនោះកើតទុក្ខអស់សង្ឃឹម ក៏នាំគ្នាស្រែកទ្រហោយំយ៉ាងទ្រហ៊ឹងអឹងកង ឮសូរសម្លេងប្លែកៗខ្លាំងៗ គួរឱ្យភ័យខ្លាច់ជាទីបំផុតនៅជុំវិញព្រះបរមរាជវាំង នៅក្នុងរាត្រីកាលនោះឯង។
ព្រះបាទពិម្ពិសារទ្រង់សណ្តាប់នូវសម្លេងស្រែកទ្រហោយំគួរឱ្យភ័យខ្លាចរបស់ពួកប្រេតនោះហើយ ទ្រង់មានព្រះទ័យភ័យរន្ធត់យ៉ាងក្រៃលែង ព្រោះខ្លាចមានក្តីអន្តរាយកើតមានដល់ព្រះរូបកាយព្រះអង្គផ្ទាល់។
លុះព្រឹកឡើង ទើបស្តេចយាងចូលទៅកាន់វត្តវេឡុវ័ន ហើយក៏ក្រាបថ្វាយបង្គំទូលសួរ ចំពោះនឹងព្រះសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! នៅក្នុងរាត្រីយប់មិញនេះ ទូលព្រះបង្គំបានឮនូវសម្លេងស្រែកទ្រហោយំ យ៉ាងទ្រហ៊ឹងអឹងកង គួរឱ្យភ័យខ្លាចពន់ពេកណាស់ នៅជុំវិញព្រះរាជតំណាក់នៃទូលព្រះបង្គំ តើហេតុការណ៍អ្វី នឹងកើតមានដល់ទូលព្រះបង្គំឬ?”
គ្រានោះ ព្រះពុទ្ធទ្រង់ត្រាស់ថា៖ “ បពិត្រមហារាជ! សូមស្តេចកុំមានព្រះទ័យភ័យខ្លាចអ្វីឡើយ។ មិនមានហេតុអន្តរាយណាមួយកើតឡើងដល់ព្រះមហារាជទេ។ សម្លេងដែលស្រែកទ្រហោយំ នៅក្នុងរាត្រីយប់មិញនេះ គឺជាសូរសម្លេងនៃពួកប្រេតដែលត្រូវជាញាតិសាលោហិតរបស់ព្រះអង្គ។ ពួកប្រេតទាំងឡាយនោះ គ្នាអត់ចំណីអាហារបរិភោគរាប់កោដិរាប់លានឆ្នាំ កន្លងមកហើយ។ ពួកគេបានមកស្រែកយំ កងរំពងយ៉ាងនេះក៏ដើម្បីមកស្វែងរកនូវចំណីអាហារបរិភោគអំពីព្រះអង្គ ព្រោះថាពួកប្រេតទាំងអស់នេះនឹងបានទទួលនូវចំណីអាហារបរិភោគក្នុងសាសនារបស់តថាគតនេះហើយ។ ប៉ុន្តែកាលពីម្សិលមិញនោះ ព្រះមហារាជបានថ្វាយទានដល់តថាគត ព្រមទាំងភិក្ខុសង្ឃទាំងឡាយហើយ តែព្រះមហារាជមិនបានផ្សាយនូវព្រះរាជកុសលឧទ្ទិសផលបុណ្យបញ្ជូនទៅឱ្យពួកប្រេតទាំងអស់នោះទើបពួកគេមកស្រែកទ្រហោយំយ៉ាងខ្លាំងដូច្នេះឯង។”
ព្រះបាទពិម្ពិសារទ្រង់ព្រះសណ្តាប់យ៉ាងដូច្នេះហើយ ទើបទ្រង់ចាប់ប្រារព្ធបំពេញ នូវព្រះរាជកុសលថ្វាយទាន ដល់ព្រះពុទ្ធនិងព្រះភិក្ខុសង្ឃទាំងឡាយ សារជាថ្មីម្តងទៀត ជាគំរប់លើកទី២ មានបាយ ទឹក នំចំណី ម្ហូបអាហារ សំពត់អាវ ត្រៃចីវរ ជាដើម។ ស្តេចទ្រង់បានតាំងព្រះទ័យយ៉ាងជ្រះថ្លាបរិសុទ្ធ ផ្សាយនូវព្រះរាជកុសលផលបុណ្យ ក្នុងគ្រាទី២នេះ ឧទ្ទិសជូនដល់ពួកប្រេតទាំងអស់នោះ ដោះយព្រះកុសលចេតនាថា៖ “ ដោយកុសលផលបុណ្យទាំងឡាយ ដែលយើងបានបំពេញរួចមកហើយនេះ សូមឱ្យពួកអ្នកទាំងឡាយបានទទួលនូវកុសលផលបុណ្យរបស់យើងនោះ មួយចំណែកផង។ សូមឱ្យអ្នកទាំងឡាយបានទទួលយកនូវ បាយទឹក នំចំណី ម្ហូបអាហារ សំពត់អាវសាវស្បាយជាដើមនេះ ថាទុកដូចជារបស់នៃខ្លួន ហើយសូមឱ្យពួកអ្នកទាំងឡាយ បានបរិភោគនូវ បាយទឹក នំចំណី ម្ហូបអាហារ និងបានស្លៀកពាក់នូវសំលៀកបំពាក់ទាំងនេះ មួយចំណែកផង និងមួយចំណែកទៀត សូមឱ្យពួកអ្នកទាំងឡាយបានរួចរំដោះផុតចាកទុក្ខទោសភ័យចាកទុក្ខវេទនាទាំងឡាយទាំងពួង ហើយសូមឱ្យបានទៅកើតនៅក្នុងទីដ៏ខ្ពង់ខ្ពស់ គឺសុគតិភព តាមសេចក្តីប្រាថ្នារៀងៗខ្លួន។”
ក្នុងគ្រានោះ ព្រះសមណគោតមទ្រង់ធ្វើ នូវអនុមោទនា ដោយ តិរោកុឌ្ឌសូត្រ ថា៖ “ តិរោកុឌ្ឌេសុ តិដ្ឋន្តិ . . . . .។ល។” ប្រែថា៖ “ ពួកប្រេតទាំងឡាយមកកាន់ផ្ទះនៃញាតិ ដោយគិតថាជាផ្ទះរបស់ខ្លួនក៏ឈរនៅខាងក្រៅ ជិតជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជាបួនខ្លះនិងផ្លូវបែកជាបីទាំងឡាយខ្លះ ឈរជិតទ្វារក្រុងនិងជិតទ្វារផ្ទះទាំងឡាយខ្លះ។”
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ភាវៈនៃញាតិ ជាគាថាទី២យ៉ាងនេះថា៖ “ កាលបើ បាយ ទឹក បង្អែមនិងចម្អាប ដ៏ច្រើនដែលពួកញាតិ ចូលទៅតាំងទុកហើយ ញាតិណាមួយមិនបាននឹករឭកដល់ប្រេតទាំងឡាយនោះទេ ព្រោះតែកម្មរបស់សត្វទាំងនោះជាបច្ច័យ។”
បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាគាថាទី៣យ៉ាងនេះថា៖ “ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះរមែងឧទ្ទិសឱ្យនូវទឹកនិងភោជនដ៏ហ្មត់ចត់ដ៏ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយ យ៉ាងដូច្នេះដែរ។”
បន្ទាប់មក ព្រះសាស្តាទ្រាង់សម្តែងអំពី ទាន ដែលព្រះរាជាទ្រង់បានប្រទានរួចហើយដល់ពួកប្រេត ជាកន្លះគាថាខាងដើមនៃព្រះគាថាទី៤យ៉ាងនេះថា៖ “ ទាននេះ ចូរបានសម្រេចដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយដល់នូវសេចក្តីសុខចុះ។”
បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាកន្លះគាថា ខាងចុងនៃព្រះគាថាទី៤ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៥ យ៉ាងដូច្នេះថា៖ “ ចំណែកឯពួកប្រេតដែលជាញាតិទាំងនោះមកប្រជុំគ្នាក្នុងទីដែលឱ្យទាននោះ ជាអ្នកមកល្អហើយ។ កាលបើបាយនិងទឹក ដ៏ច្រើនដែលគេឧទ្ទិសឱ្យដល់ខ្លួន គប្បីអនុមោទនាដោយគោរពចុះ។”
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ទាយក ជាកន្លះគាថាខាងចុងនៃព្រះគាថាទី៥ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៦ យ៉ាងដូច្នេះថា៖ “ យើងទាំងឡាយបានទទួលនូវសម្បត្តិ(ផលបុណ្យ) ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិទាំងឡាយរបស់យើងនោះរស់នៅអស់កាលជាយូរអង្វែងចុះ។ ការបូជាឈ្មោះថាពួកញាតិបានធ្វើហើយដល់ពួកយើង។ ឯទាយកគឺអ្នកឱ្យទានក៏មិនមែនជាអ្នកឥតមានផលឡើយ។”
បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់នូវគាថាទី៧ រួមទាំងកន្លះគាថាខាងចុងនៃព្រះគាថាទី៦ផងយ៉ាងដូច្នេះថា៖ “ កសិកម្ម គឺការភ្ជួររាស់ក៏មិនមាននៅក្នុងភូមិ នៃប្រេតនោះ។ គោរក្ខកម្ម គឺការរក្សាគោក៏មិនមាននៅក្នុងភូមិនៃប្រេតនោះ។ ពានិជ្ជកម្ម គឺការជួញប្រែដែលជាហេតុបានទទួលសម្បតិដូច្នោះក៏មិនមាន ការលក់ចេញទិញចូលដោយប្រាក់ ក៏មិនមានដែរ។ បុគ្គទាំងឡាយដែលធ្វើកាលកិរិយាលះលោកនេះទៅហើយរមែងញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅក្នុងបេតវិស័យនោះ ដោយសារផលទាន ដែលញាតិមិត្របានឧទ្ទិសឱ្យហើយ អំពីលោកនេះ។”
បន្ទាប់មក ព្រះសាស្តាទ្រង់ប្រកាសនូវសេចក្តីដែលទ្រង់ត្រាស់រួចហើយ ដោយឧបមា២យ៉ាង ជាគាថាដូច្នេះថា៖ “ ទឹកធ្លាក់ចុះអំពីទីទួលរមែងហូរទៅកាន់ទីទំនាបដូចម្តេចមិញ ទានដែលបុគ្គលបានអោយហើយអំពីលោកនេះ រមែងសម្រេចផល ដល់ពួកប្រេតទាំងឡាយ ក៏ដូច្នោះដែរ។ ផ្លូវទឹកទាំងឡាយមានទន្លេនិងស្ទឹងជាដើម ដ៏ពេញ រមែងញ៉ាំងសាគរគឺសមុទ្រឱ្យពេញប្រៀបដូចម្តេចមិញ ទានដែលបុគ្គលបានឱ្យហើយអំពីលោកនេះ រមែងសម្រេចផលដល់ពួកប្រេតទាំងឡាយក៏ដូច្នោះដែរ។”
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ឧបការគុណ ជាព្រះគាថាទី១០យ៉ាងនេះថា៖ “ បុគ្គលកាលបើរឭកនឹកឃើញ នូវឧបការគុណដែលញាតិមិត្រជាដើមបានធ្វើដល់ខ្លួនក្នុងកាលមុនថា អ្នកឯណោះបានឱ្យរបស់នេះដល់អាត្មាអញ អ្នកនោះឯងបានធ្វើនូវគុណនេះដល់អាត្មាអញ ជនទាំងនោះ ត្រូវជាញាតិមិត្រ ជាសម្លាញ់របស់អាត្មាអញ ដូច្នេះហើយ គួរឱ្យនូវទក្ខិណាទានដល់ពួកប្រេតទាំងឡាយ។”
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ការឥតប្រយោជន៍ ជាព្រះគាថាទី១១យ៉ាងដូច្នេះថា៖ “ ការយំក្តី ការសោកសៅក្តី ឬសេចក្តីខ្សឹកខ្សួលណាដទៃក្តី បុគ្គលមិនគួរធ្វើឡើយ ព្រោះកិច្ចមានការយំស្រែកសោកសៅជាដើមនោះ មិនមានប្រយោជន៍ទៅដល់អ្នកបានស្លប់ទៅកាន់បរលោកឡើយ។ ញាតិទាំងឡាយដែលទៅកាន់បរលោកនោះ ក៏ឋិតនៅយ៉ាងនោះដដែល ឥតបានដឹងឬបានឮឡើយ។”
បន្ទាប់កម ព្រះសាស្តាទ្រង់សម្តែងអំពី ភាពនៃទក្ខិណា ដែលព្រះរាជាទ្រង់បានប្រទានហើយ ជាទានមានប្រយោជន៍ ដោយព្រះគាថាទី១២យ៉ាងនេះថា៖ “ លុះត្រាតែទក្ខិណាទាន ដែលបុគ្គលបានឱ្យហើយនេះឯង ជាទានបានដម្កល់ទុកដ៏ល្អប្រពៃហើយ ក្នុងព្រះសង្ឃ ទើបបានសម្រេចផលដោយរួសរាន់ ដើម្បីជាប្រយោជន៍ដល់ញាតិ(ពួកប្រេត)ទាំងឡាយនោះ អស់កាលជាយូរអង្វែង។”
កាលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សរសើរព្រះរាជា ដោយគុណតាមសេចក្តីពិត រួចស្រេចហើយ ទើបព្រះអង្គត្រាស់ជាព្រះគាថាទីបញ្ចប់(ទី១៣) យ៉ាងដូច្នេះថា៖ “ ញាតិធម៌នោះឈ្មោះថាព្រះមហាបពិត្រ(ព្រះបាទពិម្ពិសារ) ទ្រង់បានសម្តែង ជាបែបយ៉ាងហើយ។ ការបូជា ដ៏ថ្លៃថ្លាចំពោះពួកប្រេតទាំងឡាយ ឈ្មោះថាព្រះអង្គបានធ្វើឱ្យរួចហើយ។ កម្លាំងកាយនៃព្រះភិក្ខុសង្ឃទាំងឡាយ ឈ្មោះថាព្រះអង្គបានបំពេញឱ្យហើយ។ បុណ្យដ៏ច្រើន ក៏ព្រោះមហារាជបានសន្សំទុកហើយ។”
ដោយអំណាចនៃកុសលផលបុណ្យ ដែលព្រះបាតពិម្ពិសារទ្រង់បានឧទ្ទិសផ្សាយ ទៅឱ្យពួកប្រេតទាំងឡាយ នៅក្នុងឱកាសនោះ ក៏បានទទួល នូវផលបុណ្យនោះភ្លាមមួយរំពេច ហើយបានរួចចាកផុតអំពីសេចក្តីស្រេកឃ្លាន និងសេចក្តីទុក្ខទោសផ្សេងៗ បានទាំងទៅកើតក្នុងសុគតិភព ដែលជាឋានប្រកបនូវសេចក្តីសុខ សេចក្តីចំរើនគ្រប់យ៉ាង។
ពេលដែលព្រះសាស្តាទ្រង់បញ្ចប់ព្រះធម៌ទេសនា ដោយព្រះគាថាជាយ៉ាងនេះ មនុស្ស៨ម៉ឺន៤ពាន់នាក់ កើតមានសេចក្តីសង្វេគ ព្រោះការពណ៌នានូវទោសនៃការកើតក្នុងបេតវិស័យ ហើយក៏នាំគ្នាប្រារព្ធសេចក្តីព្យាយាម រហូតបានសម្រេចធម៌គ្រប់ៗគ្នា។
ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ២០០០

បុណ្យចេញវស្សា

បុណ្យចេញវស្សា និងព្រះពុទ្ធ
ទ្រង់សម្តែងអភិធម្មទេសនាប្រោសអតីតវរមាតា


លុះផុតកំណត់ចាំវស្សា៣ខែហើយ នៅថ្ងៃ១៥កើត ពេញបូណ៌មីខែភទ្របទ(ពាក់កណ្តាលខែតុលា) ភិក្ខុសង្ឃត្រូវធ្វើកិច្ចចេញវស្សារបស់ខ្លួនវិញ ដែលហៅថា “បុណ្យចេញវស្សា ” ឬ “ បុណ្យបវរណា ”។ ពិធីបវរណានេះ ភិក្ខុមួយអង្គៗត្រូវប្រកាសខ្លួនដាក់កាយឱ្យសង្ឃ ឬបុគ្គលគ្នាឯងធ្វើការរិះគន់ ក្រែងមានប្រព្រឹត្តខុសឆ្គងឬលើសបញ្ញត្តិណាមួយ ក្នុងការចាំវស្សា៣ខែកន្លងមកនោះ ទោះដោយការឃើញក្តី ការស្តាប់ឮក្តីនិងការរង្គៀសក្តី ក៏សួមឱ្យលើកឡើងនិងបង្ហាញនូវភ័ស្តុតាងច្បាស់លាស់ដើម្បីភិក្ខុប្រព្រឹត្តខុសធ្វើការកែប្រែ ឱ្យប្រសើរឡើងវិញ។

មានរឿងមួយទាក់ទងនឹងភិក្ខុសង្ឃធ្វើបវរណាចេញវស្សានេះថា៖ “ សម័យមួយ ព្រះសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តជេតពន ដែលជាអារាមរបស់ អនាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង មានភិក្ខុជាច្រើនដែលជាមិត្រស្និទស្នាលនឹងគ្នា បានជួបជុំគ្នាចូលវស្សាក្នុងអាវាសវត្តមួយក្នុងកោសលជនបទ។ ភិក្ខុទាំងអស់បានត្រិះរិះថា ' តើយើងត្រូវធ្វើដូចម្តេចដើម្បីឱ្យបានសុខ កុំឱ្យមានការទាស់ទែងខ្វែងគំនិតគ្នា នៅពេលចាំវស្សា និងមិនឱ្យមានការលំបាក ដោយអាហារបិណ្ឌបាត្រផង?' ភិក្ខុទាំងអស់ ក៏ព្រមព្រៀងគ្នាថា ' យើងមិនត្រូវនិយាយរកគ្នា មិនត្រូវចរចាររកគ្នាទៅវិញទៅមកទេ។ បើយើងត្រូវការពឹងពាក់គ្នា ត្រូវតែប្រើកាយវិការជាសញ្ញា' “។ កាលបានព្រមព្រៀងគ្នាយ៉ាងដូច្នោះហើយ ភិក្ខុទាំងនោះ ក៏លែងស្តីរកគ្នា រហូតគ្រប់៣ខែ។

លុះចេញវស្សាហើយ បន្ទាប់ពីបានរៀបចំទុកដាក់សេនាសនៈរួចមក ភិក្ខុទាំងនោះ ប្រដាបដោយបាត្រ និងចីវរ ចេញដំណើរទៅកាន់ទីក្រុងសាវត្ថី ដើម្បីចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងវត្តជេតពននោះ។

ព្រះសាស្តាក៏ទ្រង់ត្រាស់សួរថា៖ “ ម្នាលភិក្ខុទាំងឡាយ! អ្នកទាំងឡាយ ល្មមអត់ធន់នូវសេចក្តីទុក្ខលំបាកបានដែរឬទេ? ឥរិយាបថប្រព្រឹត្តទៅបានស្រួលដែរឬទេ? ចុះអ្នកទាំងឡាយ ជាបុគ្គលព្រមព្រៀងគ្នា ស្រុះស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាដោយសុខសប្បាយហើយឬ?”។

ភិក្ខុទាំងនោះក្រាបទូលថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! យើងខ្ញុំព្រះអង្គទាំងអស់គ្នា នៅចាំវស្សាដោយសប្បាយ ក៏ព្រោះតែយើងខ្ញុំព្រះអង្គ មានគំនិតឯកភាពគ្នាថា ' យើងខ្ញុំទាំងឡាយ មិនគប្បីហៅរកគ្នា មិនគប្បីចរចាររកគ្នាទៅវិញទៅមក នោះទើបមានឈ្មោះថា ជាអ្នកព្រមព្រៀងគ្នា ស្រុះស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាដោយសប្បាយ ”។

កាលទ្រង់ព្រះសណ្តាប់នូវពាក្យយ៉ាងនេះហើយ ព្រះសាស្តាក៏ទ្រង់មានព្រះបន្ទូលថា៖ “ ម្នាលភិក្ខុទាំងឡាយ! អ្នកនៅចាំវស្សាបែបនេះ ពិតជាមិនសប្បាយទេ។ ប៉ន្តែ អ្នកទាំងឡាយបែរជាប្តេជ្ញាថា ខ្លួនជាអ្ននៅចាំវស្សាដោយសប្បាយទៅវិញ។ ការចាំវស្សារបស់អ្នកទាំងឡាយ ដូចជាការរស់នៅរបស់បសុសត្វ (សត្វដែលគេចិញ្ចឹម) ឬក៏ដូចជាការរស់នៅរបស់សត្វពពែ ឬក៏ដូចជាការរស់នៅរបស់បុគ្គលប្រមាទ តែនៅប្តេជ្ញាថាខ្លួនជាអ្នករស់នៅដោយសប្បាយ។ ម្នាលមោឃបុរស! អ្នកមិនសមបើនឹងសមាទាននូវ មូគវត្ត (វត្តរបស់មនុស្សគ) ដែលជា តិតិ្ថយសមាទាន (សមាទានរបស់ពួកតិរ្ថិយ)ទេ អំពើទាំងនេះ មិនមែនជាអំពើដែលនាំឱ្យគេជ្រះថ្លាទេ “។

ព្រះសាស្តាទ្រង់បន្ទោសភិក្ខុទាំងនោះ យ៉ាងដូច្នោះហើយ ក៏ទ្រង់សម្តែងនូវធម្មីកថា ថា៖ “ ម្នាលភិក្ខុទាំងឡាយ! ភិក្ខុមិនត្រូវសមាទាននូវមូគវត្តដែលជាតិតិ្ថយសមាទានទេ ភិក្ខុណាសមាទាននឹងត្រូវអាបត្តិទុក្កដ “។
ព្រះសម្ពុទ្ធទ្រង់បញ្ញត្តិ ដោយបទបាលីថា៖ “ អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ តីហិ ឋានេហិ បវារេតុំ ទិដ្ឋេន វា សុតេន វា បរិសង្គាយ វា “ ប្រែថា៖ “ ម្នាលភិក្ខុទាំងឡាយ! តថាគតអនុញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយ អាចបវរណាដោយស្ថាន៣យ៉ាងគឺ៖ ដោយឃើញក្តី ដោយឮក្តី និងដោយរង្គៀសក្តី “។

បុណ្យចេញវស្សានេះ ក៏មានប្រវត្តិជាប់ទាក់ទងទៅនឹងរឿង ព្រះពុទ្ធអង្គផ្ទាល់ដែរ។ យោងតាមរឿងនេះថា៖ “ ពេលមួយ ព្រះពុទ្ធទ្រង់គង់ចាំព្រះវស្សាអស់ត្រៃមាស នៅឯតាវតឹង្សសួគ៌ាឋាន ជាកន្លែង ដែលព្រះពុទ្ធទ្រង់សម្តែងព្រះអភិធម្មទេសនា ប្រោសមាយាទេវបុត្រ (ដែលត្រូវជាអតីតព្រះមាតារបស់ព្រះអង្គ) និងពួកទេវតាដទៃទៀត។ នៅពេលចេញវស្សា ព្រះអង្គក៏យាងចុះមកកាន់ឋានមនុស្សលោកវិញ ដោយមានការទទួលស្វាគមន៍និងបដិសណ្ឋារកិច្ច យ៉ាងសប្បាយរីករាយក្រៃលែង។ រឿងនេះបានកើតឡើង៧ឆ្នាំ បន្ទាប់អំពីព្រះពុទ្ធទ្រង់បានត្រាស់ដឹង។ ពិធីយ៉ាងអ៊ឹកធឹកនេះ ប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍ ដ៏សំខាន់នេះ។ កន្លែងទ្រង់យាងចុះនោះឈ្មោះ “ ក្រុងសង្កសៈ “ ស្ថិតនៅខាងជើងប្រទេសឥណ្ឌា។

ក្នុងពេលធ្វើបុណ្យចេញវស្សានេះ ជាទូទៅនៅពេលល្ងាចឬយប់ថ្ងៃ១៥កើត ខែអស្សុជ ភិក្ខុសង្ឃដែលគង់ចាំវស្សា អស់ត្រៃមាស ក្នុងអាវាសណាមួយ ត្រូវជួបជុំគ្នាក្នុងព្រះវិហារ ដើម្បីនមស្សការព្រះរតនត្រ័យ និងសម្តែងអាបត្តិ។ ពុទ្ធបរិស័ទនិមន្តព្រះសង្ឃសម្តែងធម៌ទេសនា “ រឿងព្រះវេស្សន្តរ “ គឺជារឿងព្រះពោធិសត្វ ដែលយោនយកកំណើតក្នុងជាតិចុងក្រោយបង្អស់ ដើម្បីបំពេញទានបារមី។ ទេសនាមហាជាតក៍ត្រូវយកមកសម្តែងជូនពុទ្ធបរិស័ទជាទីសណ្តាប់ ក្នុងរាត្រីនោះដែរ។

ព្រឹកឡើង ពុទ្ធបរិស័ទយកស្រាក់បាយ សម្លនិងចង្ហាន់ផ្សេងៗមកឈរតម្រៀបគ្នាជាជួររង់ចាំដាក់បាត្រ ព្រះសង្ឃដែលមានភ្នែកដាក់ចុះនិងកាន់ទ្រនូវបាត្រ និមន្តសន្សឹមៗតាមជួរសប្បុរសជន ដើម្បីទទួលចង្ហាន់បិណ្ឌបាត្រ ប្រកបដោយសេចក្តីមេត្តានិងកាយវិការស្រគត់ស្រគំសមរម្យ។

បន្ទាប់មក សប្បុរសជនទាំងអស់នាំគ្នាទៅជួបជុំនៅក្នុងសាលាធំ ជាកន្លែងដែលពុទ្ធបរិស័ទប្រារព្ធពិធីផ្សេងៗ ដើម្បីសមាទាននិច្ចសីលឬឧបោសថសីល ស្តាប់ព្រះសង្ឃសម្តែងធម្មទេសនា និងធ្វើសមាធិ។

កម្មវិធីប្រជាប្រិយផ្សេងៗ ត្រូវបានយកមកសម្តែងនិងអប់រំប្រជាពលរដ្ឋ។ ការកំសាន្តសប្បាយ និងការធ្វើបុណ្យតែងប្រព្រឹត្តឡើងក្នុងពេលជាមួយគ្នា៕

ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ២០០០

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ប្រទេសខ្មែរយើងពីដើមគឺចាប់ពីត្រឹមសម័យនគរធំឡើងទៅ(មុនសម័យក្រុងនគរធំ)ជនជាតិខ្មែរ​យើងនិយមប្រើចន្ទគតិ ជាសំខាន់ ទើបកំណត់លេខរៀង យកខែមិគសិរ ជាខែទី ១នៃការចូលឆ្នាំថ្មី រីឯខែកត្តឹកជាខែ ១២ នៃការបញ្ចប់ឆ្នាំ។ការចូលឆ្នាំខែមិគសិរនេះក៏មានចែងសេចក្ដីកត់ហេតុរបស់អ្នកប្រាជ្ញចិនម្នាក់ឈ្មោះជីវតាកួន​ ដែលមានមកស្រុក​ខ្មែរនាគ្រឹស្ដសកររាជ 1295​ នោះដែរ។លុះក្រោយមក ប្រហែលពីពេលក្រោយដែល​ចាប់ផ្ដើមប្រើចុល្លសករាជមកទើបខ្មែរយើងនិយម​ប្រើ សុរិយគតិជាសំខាន់វិញហើយបានកំណត់ចូលឆ្នាំ​នៅខែចែត្រ ជាដើមឆ្នាំ​ជាប់រហូត​មកតាមកំណត់ព្រះអាទិត្យចរចូលកាន់មេសារាសី ក្នុងរដូវក្ដៅ ជារៀងរាល់ឆ្នាំជាប់រហូតមកដល់​សព្វថ្ងៃនេះ។ ថ្ងៃចូលឆ្នាំថ្មិរមែងចំនឹងថ្ងៃទី​១៣ខែមេសាជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែ​ យូរ​ៗ ម្ដងប៉ះចំថ្ងៃទី ១៤ មេសាដែរ។មហាសង្ក្រាន្តដែលប្រើគន់គូរតាមសុរិយគតិ មានឈ្មោះថាសាមញ្ញសង្ក្រាន្តគឺព្រះអាទីត្យដើរ​ចំត្រង់ពីលើ​ក្បាលជាសង្ក្រាន្ត ។ រីឯមហាសង្ក្រាន្តដែលប្រើគន់គូរតាម ចន្ទគតិ ឈ្មោះថា អាយន្តសង្ក្រាន្ត គឺព្រះអាទិត្យដើរ​បញ្ឆៀង មិនចំពីលើក្បាល។គេនៅប្រើចន្ទគតិអែបជាប់នឹងសុរិយគតិមិនអាចលប់ចោលបា​ព្រោះចន្ទគតិមាន​ជាប់​​ទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិ​ជាដើម។កាលណាព្រះចន្ទនិងព្រះអាទិត្យដើរឃ្លាតឆ្ងាយពីគ្នាល្មមបូកគ្នាទៅបានមួយខែ ត្រូវគិត​តាមសុរិយាត្រា គឺគិតបន្ថែម​ ១ ខែទៅក្នុងចន្ទគតិ ដើម្បីអោយស្មើនឹងថ្ងៃក្នុងសុរិយគតិ ដែលហៅថាលើកអធិកមាស​ គឺបន្ថែមមួយខែ ទៅក្នុងចន្ទគតិដើម្បីអោយទៅជាមួយឆ្នាំមាន ១៣ ខែ។ ដូច្នេះ​ការចូលឆ្នាំតាមចន្ទគតិមិនទៀងថាចូលថ្ងៃណាពិតប្រាកដទេ ជួនក៏ចូលក្នុងវេលាខ្នើតជួនក៏ចូលក្នុងវេលារនោច ក្នុងរវាងមួយខែ គឺមិនមុនថ្ងៃ ៤កើតខែចែត្រនិងក៏មិនមុនថ្ងៃ ៤ កើតខែពិសាខ ។ ហេតុនេះហើយបានជាសង្ក្រាន្ត​ខ្លះត្រូវលើក​អធិកមាស ដល់ខែពិសាខ។បុណ្យចូលឆ្នាំថ្មីជាបុណ្យមានសារៈសំខាន់គួរះអោយសប្បាយរីករាយនិងគួរអោយចាប់ចិត្តជាងគេ ក្នុងមួយឆ្នាំ​។ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ចំណាយប្រាក់កាស ទិញរបស់របរពោរពាសដើម្បីប្រារព្ភពិធីបុណ្យចូលឆ្នាំថ្មី អោយ​បានត្រឹមត្រូវ ។គេបោសសំអាតគេហដ្ឋានយ៉ាងស្អាត។តាក់តែងផ្កាភ្ញីចំរុះពណ្ណនៅក្នុងគេហដ្ឋាននិងតាម​​​បង្អួច​ហាងទាំងឡាយ។ក្នុង មហាសំការសូត្រ មានរឿងសំខាន់មួយ ទាក់ទងនឹងបុណ្យចូលឆ្នាំថ្មីឬបុណ្យមហា​សង្ក្រាន្ត នេះថា "ក្នុងកាលដើមនៃភទ្ទកប្បនេះ មានបុរសម្នាក់ឈ្មោះ ធម្មបាលជាបុត្រ​សេដ្ឋីរស់នៅក្នុងភូមិមួយ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស (បញ្ញាឯក) មានចិត្តសប្បុរស រៀនចេះចប់ត្រៃវេទ តាំងពីអាយុបាន ៧ ឆ្នាំ ។ សេដ្ឋី​បិតាសាងប្រាសាទឲ្យនៅទៀបនឹងដើមជ្រៃមួយធំ ប្របឆ្នេរទន្លេដែលជាទីអាស្រ័យនៅនៃបក្សាបក្សីទាំងឡាយ ។ ធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សាបក្សីទាំងពួងផង និងអាចដឹងនូសម្លេងឃ្មុំ ។ លុះក្រោយមក​ក៏បាន​ក្លាយជាអាចារ្យ សម្ដែងមង្គលផ្សេង ៗ ដល់មនុស្សទាំងពួង ។ ប្រជាពលរដ្ឋនាំគ្នាគោរពបូជា និងសរសើរចំពោះ​កុមារនោះ រួចហើយកិត្តិសព្ទរបស់កុមារក៏បានល្បីសុះសាយ រហូតឮទៅដល់ជនចម្លែកម្នាក់ទៀត ដែលជាអាទិ​ទេព ដ៏មានឫទ្ធិអំណាចខ្លាំងពូកែ នៅឯឋានសួគ៌ ។គ្រានោះ មនុស្សលោករមែងគោរពដល់ កបិលមហាព្រហ្ម មួយអង្គទៀត ចាត់ទុកជាអ្នកពូកែសម្ដែងនូវ​មង្គលផ្សេង ៗ ដល់មនុស្សទាំងពួង ។ កបិលមហាព្រហ្ម គឺជាអាទិទេពមានព្រះភ័ក្ត្របួន ដែលអាចមើល​ឃើញទិសទាំងបួន ក្នុងពេលតែមួយ និងជាអាទិទេពមានតុច្ឆភាព ឬ ជាស្ដេចសូរ្យគ្រាស ។​ព្រះអង្គមិនអាចទប់​ព្រះទ័យបាន កាលបើទ្រង់ជ្រាបថា មាននរណាម្នាក់មានប្រាជ្ញាវៃឆ្លាតនិងមានចិត្តសប្បុរសដែលគេគោរពរាប់​អានច្រើន ។ ទោះបីជាយ៉ាងណា ក៏ព្រះអង្គបានជ្រាបច្បាស់ថា ប្រជាពលរដ្ឋទាំងនោះ ចាប់ផ្ដើមជឿលើ ធម្មបាលកុមារ កាន់តែច្រើនឡើង លើសពីព្រះអង្គ ។ រឿងនេះធ្វើឲ្យព្រះអង្គមិនសព្វព្រះទ័យទាល់តែ​សោះ និងមិនអាចអនុគ្រោះបានសោះឡើយ ។ថ្ងៃមួយ កបិលមហាព្រហ្ម យាងចុះអំពីស្ថានសួគ៌ ហើយភ្នាល់ជាមួយ ធម្មបាលកុមារ ឲ្យឆ្លើយ​នូវប្រស្នា ៣ យ៉ាងរបស់ព្រះអង្គគឺ ៖១. តើសិរីសួស្តីរបស់មនុស្ស ពេលព្រឹកស្ថិតនៅកន្លែងណា ?២. តើសិរីសួស្តីរបស់មនុស្ស ពេលថ្ងៃត្រង់ស្ថិតនៅកន្លែងណា ?៣. តើសិរីសួស្តីរបស់មនុស្ស ពេលល្ងាចស្ថិតនៅកន្លែងណា ?ការភ្នាល់មានកម្រិតខ្ពស់ គឺថា បើ ធម្មបាលកុមារ ដោះប្រស្នាទាំងអស់រួច​ កបិលមហាព្រហ្ម សុខចិត្តកាតព្រះកេសរបស់ព្រះអង្គ បូជាដល់កុមារ និងប្រសិនជា ធម្មបាលកុមារ ដោះប្រស្នាទាំង ៣ យ៉ាងមិនរួច​ ព្រះអង្គនឹងកាត់ក្បាល ធម្មបាលកុមារ ទុកធ្វើជាជ័យភណ្ឌ ក្នុងជ័យជំនះរបស់ព្រះអង្គ ។ ធម្មបាលកុមារ សុខចិត្តរកប្រស្នាទាំងអស់នោះ និងសុំបង្អង់ ៧ ថ្ងៃសិន ដើម្បីគិតនូវប្រស្នានោះ ។ធម្មបាលកុមារ ចាប់ផ្ដើមរកចម្លើយប្រស្នារបស់ កបិលមហាព្រហ្ម នោះ ។ លុះវេលាកន្លងទៅ​៦ ថ្ងៃហើយ ធម្មបាលកុមារ នៅតែគិតប្រស្នានោះ មិនឃើញ និងដឹងខ្លួនថា ព្រឹកស្អែកនេះអាត្មាអញនឹង​ត្រូវ​កំបុតក្បាលស្លាប់ដោយអាជ្ញារបស់ កបិលមហាព្រហ្ម ។ បើដូច្នោះ គួរតែអញរត់ទៅលាក់ខ្លួនពួនអាត្មា​ឲ្យ​ស្លាប់បង់ខ្លួនឯងប្រសើរជាង ។ គិតយ៉ាងនេះហើយ ធម្នបាលកុមារ ក៏ចុះពីប្រាសាទទៅពួនដេកនៅ​ក្រោមដើមត្នោតមួយគូ ។ នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីយ៍ញីឈ្មោល ធ្វើសំបុកអាស្រ័យនៅ ។ វេលាយប់​ឥន្ទ្រីយ៍ញីសួរទៅឥន្ទ្រីយឈ្មើ់លថា "ព្រឹកស្អែកនេះ យើងនឹងបានអ្វីធ្វើជាអាហារ" ។ ឥន្ទ្រីយឈ្មោលឆ្លើយ​ថា "យើងនឹងបាន សាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ពីព្រោះដោះប្រស្នាមិនរួច" ។ ឥន្ទ្រីយ៍ញី សួរថា "តើប្រស្នានោះមានន័យដូចម្ដេចខ្លះ ?" ឥន្ទ្រីយ៍ឈ្មោលប្រាប់ថា "វេលាព្រឹកសិរីស្ថិត​នៅត្រង់ណា? " ត្រូវឆ្លើយថា សិរីស្ថិតនៅលើមុខ ។ វេលាថ្ងៃត្រង់ សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា សិរីស្ថិត​នៅលើដើមទ្រូង ។ និងវេលាល្ងាច សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា សិរីស្ថិតនៅលើជើង ។ ហេតុដូច្នេះហើយ បានជាមនុស្សយកទឹកមកលុបមុខ​ នៅពេលព្រឹក មកលាបទ្រូងនៅពេលថ្ងៃត្រង់ និងមកលាងជើងនៅពេកល្ងាច​មុនពេលចូលដំណេក ។ កាលបានស្ដាប់ឮពាក្យដូច្នេះហើយ ធម្មបាលកុមារ ក៏បានត្រឡប់វិលទៅកាន់​ប្រាសាទវិញ ។លុះព្រឹកស្អែកឡើង កបិលមហាព្រហ្ម ភ្នាល់ចាញ់ ធម្មបាលកុមារ ​ហើយក៏បង្ខំកាត​ព្រះកេស​របស់ព្រះអង្គ បូជាដល់ធម្មបាលកុមារ តាមកិចសន្យា ។ ទោះបីយ៉ាងណា ក៏មុនពេលបំពេញកិច្ចនេះ កបិលមហាព្រហ្ម ដ៏អភព្វ បានហៅបិត្រីទាំង ៧ រូប ដែលជាបាទចារិការបស់ព្រះឥន្ទមកប្រាប់ថា "ឥឡូវ​នេះ បិតាត្រូវកាត់ក្បាលបូជា ធម្មបាលកុមារ ក៏ប៉ុន្តែបើដាក់ក្បាលនេះលើផែនដី ក៏នឹងកើតជា​ភ្លើង ឆេះលោកធាតុទាំងមូល បើបោះទៅលើអាកាស នឹងគ្មានភ្លៀងធ្លាក់អស់កាល ៧ ឆ្នាំ ហើយបើនឹងចោលទៅ​ក្នុងមហាសាគរ ក៏នឹងរីងស្ងួតហួតហែងអស់ទៅមួយរំពេច" ។ដើម្បីចៀសវាងនូវមហន្តរាយនេះ កបិលមហាព្រហ្ម ក៏បានបញ្ជាបុត្រីទាំង ៧ រូបរបស់ព្រះអង្គ ចែកវេន​គ្នា ទ្រព្រះកេសរបស់ព្រះអង្គដែលតំកល់នៅលើពានមាស ម្នាក់​ ៗ ក្នុងរយះពេលមួយឆ្នាំ ។ ព្រះអង្គទ្រង់បញ្ជាបុត្រីច្បងឈ្មោះ ទុង្សា​ យកពានមកទទួលព្រះកេសរបស់ព្រះអង្គ មុនគេរួចហើយក៏ហែព្រះកេសនោះ ប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទី ទើបយកព្រះកេសនោះទៅប្រដិស្ឋានទុកក្នុងមណ្ឌបមួយក្នុងមហាគុហាគន្ធ​មាលី នៃភ្នំកៃលាស ដើម្បីបូជាគ្រឿងទិព្វផ្សេង ២ ។ ព្រះវិស្សកម្មទេវបុត្តក៏និមិត្តរោងមួយប្រកបដោយ​កែវ ៧ ប្រការ ឈ្មោះថា ​ភគវតីសភា ឲ្យជាទីប្រជុំនៃពួកទេវតាទាំងឡាយ ។ លុះគម្រប់មួយឆ្នាំ ជាសង្ក្រាន្តហើយ គឺនៅ​ពេលចូលឆ្នាំថ្មីម្ដង ៗ កូនស្រី កបិលមហាព្រហ្ម តែងនាំពួកទេពនិករបវរកញ្ញាទាំងមួយសែនកោដិ ហោះ​ទៅកាន់មហាគុហាគន្ធមាលី នៃភ្នំកៃលាសក្នុងខេត្តហេមពាន្តដែលជាកន្លែងប្រដិស្ឋានព្រះ​សិរសារនៃ​កបិលមហា​ព្រហ្ម តំកល់ទុកលើពានមាសនោះ មកដង្ហែប្រទក្សិណភ្នំព្រះសុមេរុ ជុំចក្រវាឡ តាមផ្លូវព្រះ​អាទិត្យចរជាគម្រប់ ៦០នាទី ហើយក៏អញ្ជើញទៅតំកល់ទុកកន្លែងដើមវិញ ។ រួចមក ទើបប្រជុំអស់ពួកទេវបុត្រ​និង​ទេពធីតាទាំងឡាយមួយសែនកោដិចូលទៅស្រង់ទឹកមហាអនោត្តស្រះ ដែលមានកំពង់ ៧ ហូរចេញពីថ្មកែវ ដែលជាមាត់ តោឧសភរាជ យ៉ាងត្រជាក់ក្សេមក្សាន្តព្រះហឫទ័យ ។ លុះស្រង់ទឹករួចហើយ ទើបនាំគ្នាចូលទៅ​សមាទាន រក្សាសីល នៅឯក្នុងធម្មសាលា ដែលវិស្សកម្មទេបត្របាននិមិត្តថ្វាយ ។ កាលបន្ទោរបង់នូវ​អពមង្គល​ជ្រះ​ស្រឡះហើយ រាល់ព្រះអង្គបានទទួលនូវសិរីសួស្ដីជយមង្គល វិបុលសុខជន្មវស្សាយឺនយូរ តាំងពីចូលឆ្នាំថ្មីនេះមក ។មានរឿងមួយទៀតដំណាលថា កាលព្រះសម្ពុទ្ធទ្រង់គង់ព្រះជន្មនៅឡើយព្រះបាទបសេនទិកោសល បានចូលទៅបង្គំទូលសួរព្រះអង្គថា បពិត្រព្រះអង្គដ៏ចម្រើន ! បើព្រះអាទិត្យចរចូលមកកាន់ទីជួបមួយជុំនៃ​រាសីចក្រនេះហើយ តើពួកពុទ្ធបរិស័ទ ត្រូវប្រតិបត្តិដូចម្ដេច ដើម្បីឲ្យបានសេចក្តីសុខ កុំឲ្យមានជម្ងឺតម្កាត់មក​បៀត​បៀន ?ព្រះមានព្រះភាគទ្រង់ត្រាស់ថា "បពិត្រមហារាជ ត្រូវពុទ្ធបរិស័ទកុំមានសេចក្តីប្រមាទ គឺកុំប្រមាទក្នុងអំពើទុច្ចរិត ដោយកាយ វាចា ចិត្ត គឺ ត្រូវប្រព្រឺត្តឲ្យល្អ ក្នុងកុសលកម្មបថ ១០" ។ដូច្នេះ ពាក្យថា សង្ក្រាន្ត គឺ ដំណើរឃ្លាតចាកទី ឈានចូលដល់ដំណើរដែលព្រះអាទិត្យចរចូលដល់ទី​ជួប មួយជុំនៃរាសីចក្រ ឬ ក៏ដំណើរដែលដើមនិងចុងរាសីចក្រជួបគ្នា ពេញគ្រប់មួយឆ្នាំ បានដល់ការដាច់ឆ្នាំចាស់​ ផ្លាស់ចូលឆ្នាំថ្មីនេះឯង ។ ពោលគឺ កំណត់យកពេលព្រះកេសរបស់ កបិលមហាព្រហ្ម ត្រូវប្តូរដៃគ្នាកាន់​ហើយឆ្នាំក៏ប្ដូរដែរ ។ ឧទាហរណ៍ដូចជា ឆ្នាំទៅមិញជាឆ្នាំឆ្លូវ ត្រូវប្ដូរមកឆ្នាំនេះជាឆ្នាំខាល ។សេចក្ដីទំនាយនៅក្នុងតម្រា មហាសំការសូត្រ បាននិយាយដល់ឈ្មោះទេពធីតាមហាសង្ក្រាន្តទាំង ៧ រូប និង​គ្រឿងអាភរណៈរបស់នាងថា៖ បើសង្ក្រាន្តជា ថ្ងៃអាទិត្យ ទេពធីតាឈ្មោះ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារ ផ្លែឧទុម្ពរ អាវុធស្ដាំចក្រ ឆ្វេងស័ង្ខម និងពាហនៈគ្រុឌ ។បើសង្ក្រាន្តជា ថ្ងៃចន្ទ ទេពធីតាឈ្មោះ គោរាគៈទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់​មុត្តា ភក្សា​ហារប្រេង អាវុធស្ដាំព្រះខ័នឆ្វេងកាន់ឈើច្រត់និងពាហនៈខ្លា ។បើសង្ក្រាន្ត ថ្ងៃអង្គារ ទេពធីតាឈ្មោះ រាក្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សា​ហារ​លោហិត អាវុធស្ដាំត្រីសូល៍ ឆ្វេងធ្នូ និងពាហនៈអស្សតរ (សេះ) ។បើសង្ក្រាន្ត ថ្ងៃពុធ ទេពធីតាឈ្មោះ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ ពិទូរ្យ ភក្សាហារ ទឹកដោះ សប្បិ អាវុធស្ដាំម្ជុល ឆ្វេងឈើច្រត់ និងពាហនៈលា ។បើសង្ក្រាន្ត ថ្ងៃព្រហស្បតិ៍ ទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែកល្ង អាវុធស្ដាំកង្វេរ ឆ្វេងកាំភ្លើង និងពាហនៈដំរី ។បើសង្ក្រាន្ត ថ្ងៃសុក្រ ទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿប្រដាប់បុស្សរាគ៌ម ភក្សាហារចេកណាំវ៉ា អាវុធស្ដាំព្រះខ័ន ឆ្វេងពិណ​ និងពាហនៈក្របី ។បើសង្ក្រាន្ត ថ្ងៃសៅរ៍ ទេពធីតាឈ្មោះ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរត្ន ភក្សាហារសាច់ទ្រាយ អាវុធស្ដាំចក្រ ឆ្វេងត្រីសូល៍ និងពាហនៈក្ងោក ។តាមទំនៀមទេពធីតាទាំង ៧ ​រូបដែលត្រូវវេនចេញហែដៃម្ខាងទ្រពានមាសដែលដំកល់ក្បាលកបិលមហា​ព្រហ្ម​ ហើយមិនដែលជិះពាហនៈតាមរបៀបធម្មតាទេ គឺសុទ្ធតែសម្ដែងកិរិយាតាមបែបបទផ្សេង ៗ ដូចជាគេ​លេងសៀក ។ ប៉ុន្តែ គេបានកំណត់យកតាមពេលហែចេញ យ៉ាងដូច្នេះ៖ពីពេលព្រលឹមដល់ថ្ងៃត្រង់ ជិះឈរលើខ្នងពាហនៈមិនបាច់កាន់បង្ហៀរឬខ្សែទេ ។ ពីថ្ងៃត្រង់ដល់ព្រលប់ ជិះអង្គុយពាក់ឆៀង ។ពីព្រលប់ដល់កណ្ដាលអាធ្រាត្រ ជិះដេកបើកភ្នែក ។ពីពាក់កណ្ដាលអាធ្រាត្រដល់ភ្លឺ ជិះដេកធ្មេចភ្នែគ ។បុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅអស់កាល ៣ ថ្ងៃ ក្នុងខែចែត្រ ត្រូវនឹងថ្ងៃទី ១៣​-១៤ និង១៥ ខែមេសាមានដូចតទៅ​នេះថ្ងៃទី១ ហៅថា ថ្ងៃមហាសង្ក្រាន្ត ជាថ្ងៃចូលឆ្នាំដំបូង ។ថ្ងៃទី២ ហៅថា ថ្ងៃវ័នបត ជាថ្ងៃកណ្ដាល ។ថ្ងៃទី៣ ហៅថា ថ្ងៃឡើងស័ក្តិ ជាថ្ងៃចាប់ផ្ដើមចូលសករាជថ្មី ។ក្នុងថ្ងៃចូលឆ្នាំដំបូងថ្ងៃមហាសង្ក្រាន្ត នៅតាមគេហដ្ឋាននីមួយ ៗ សមាជិកគ្រួសារម្នាក់​ស្លៀក​ពាក់ស្អាតបាត មកអង្គុយជួបជុំគ្នា នៅមុខអាសនៈមានរៀបពលីកា រង់ចាំស្ដាប់សម្លេងស្គរពីវត្តឯនាយឲ្យសញ្ញាថា ឆ្នាំថ្មីនឹងមកដល់ឥឡូវហើយ ។ កាលឮសូរសម្លេងស្គររោទិ៍រណ្ដំហើយ ពិធីក៏ចាប់ផ្ដើមប្រព្រឹត្តទៅ ។ ទាននិងធូប​ត្រូវ​បានដុតឡើង ។ សមាជិកនៃគ្រួសារម្នាក់ ៗ ក្រាបថ្វាយបង្គំព្រះពុទ្ធបដិមាករ បីដង និងនាំគ្នាចាប់ផ្ដើម សមស្សការ​ថ្វាយបង្គំព្រះរតនត្រ័យ ព្រមទាំងនាំគ្នាសូមស្វាគមន៍ចំពោះទេវតាឆ្នាំថ្មី ដែលជាអ្នកទទួលបន្ទុកថែរក្សាសុខមាល​ភាពមនុស្សជាតិ ក្នុងរយះពេលមួយឆ្នាំ ។ នៅក្នុងឱកាសនោះ ម្នាក់ ៗ បន់សុំសេចក្ដីសុខ ចម្រើនគ្រប់ប្រការ អំពីទេ​តាឆ្នាំថ្មី ដោយយកទឹកមង្គលមក ស្រោចស្រពលើក្បាល និងលើខ្លួនប្រាណ តាមជំនឿរបស់ខ្លួន ។គ្រួសារនីមួយ ៗ នាំកូនចៅនិងយកម្ហូបអាហារដែលបានតាក់តែង រួចហើយនោះទៅប្រគេនព្រះសង្ឃ នៅឯវត្ត ក្នុងវេលាមុនថ្ងៃត្រង់ និងស្ដាប់ព្រះសង្ឃសូត្រមន្ត បង្សុកូល ។គេអាចដឹងនូវ ឈ្មោះទេវតា គ្រឿងអលង្ការ ក្រយាស្ងោយ វត្ថុដែលព្រះអង្គកាន់ ព្រះរាជទីនាំង សេចក្ដីសុខទុក្ខ ឫក្ស ឬកាលបរិច្ឆេទ ដែលទេវតាឆ្នាំថ្មី ចុះមកទទួលវេនអំពីទេវតាឆ្នាំចាស់ កាលបរិច្ឆេទផ្លាស់សករាជថ្មី អាកាសធាតុ និងផលិតផលកសិកម្ម គន់គូរតាមក្បួនមហាសង្ក្រាន្ត បែបបូរាណ ។ ឧទាហរណ៍ ឆ្នាំថ្មីនេះជាឆ្នាំឆខាល សំរិទ្ធិសក្តិ ព.ស.២៥៤២ ទេវតាឆ្នាំថ្មីជាទេពធីតា ឈ្មោះរាក្យសាទេវី គង់នៅឋានចាតុមហារាជិកា ទ្រង់សៀតផ្កាឈូកនៅព្រះ​កាណ៌ ទ្រង់អម្ពរពណ៌ស្វាយ ប្រដាប់ដោយមោរា សោយលោហិតជាអាហារ ព្រះហស្ថស្ដាំទ្រង់ត្រីសូល៍ ព្រះហស្ថ​ឆ្វេងទ្រង់កៅទណ្ឌ (ធ្នូ) គង់លើខ្នងសេះ ជារាជទីនាំង ។ ចូលឆ្នាំថ្មីនៅថ្ងៃអង្គារ ៣រោច​ ខែចែត្រ ត្រូវនឹងថ្ងៃទី១៤​ ខែមេសា គ.ស.១៩៩៨ វេលាម៉ោង ០៥:១២នាទី ព្រឹក ។ ផ្លាស់សករាជថ្មី នៅថ្ងៃ សុក្រ ៦រោច ខែចែត្រត្រូវនឹងថ្ងៃទី ១៧ខែមេសា ១៩៩៨ វេលាម៉ោង ០៥:១២នាទីព្រឹក ។ ភ្លៀងធ្លាក់ ៥០០ មេ ធ្លាក់នៅលើចក្រវាឡ ២០០ មេ ធ្លាក់​នៅ​លើព្រៃហេមពាន្ត ១៥០ មេ ធ្លាក់នៅលើមហាសមុទ្រ ១០០​ មេ និងធ្លាក់នៅលើផែនដី ៥០ មេ ។ ផលិតផលកសិកម្ម ចំរើនតែ១០ ភាគរយ ។ ធញ្ញាហារ ផល្លាផល មច្ឆមំសាហារ មិនគ្រប់គ្រាន់ ។ ប្រជាពលរដ្ឋលំបាកវេទនា​ និងមាន​ទុរភិក្ស ។ល។ ក្នុងថ្ងៃទី ២ ថ្ងៃវ័នបត ម្នាក់ ៗ ភ្ញាក់ពីព្រលឹម ខុសពីធម្មតា ។ កូនចៅរៀបចំវត្ថុជាច្រើនមុខ យ៉ាងសមរម្យ មានសំលៀកបំពាក់ថ្មីថ្មោងនិងចំណីអាហារ យកទៅជូនដល់មាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយន៍ ។ការធ្វើ​រ​បៀបនេះ បង្ហាញ់ឲ្យឃើញនូវការគោរពនិងការដឹងគុណរបស់កូនចៅចំពោះអ្នកមានគុណ ។ គ្រួសារបរិច្ចាកលុយ​កាក់ដាក់ទានដល់ជនក្រីក្រ ដល់អ្នកបម្រើ និងគ្រួសារទុគ៌តទាំងឡាយ រួចហើយគេនាំគ្នាទៅវត្ត ដើម្បីធ្វើបុណ្យ​ឧទ្ទិសកុសលដល់បុព្វការីជន ។ក្នុងថ្ងៃទី ២ នេះ ពុទ្ធបរិស័ទនិយមធ្វើពិធីពូនឍភ្នំខ្សាច់ ។ គេពូនភ្នំធំមួយចំកណ្ដាល និងភ្នំតូច ៗ បួនសង្ខាង ធ្វើរាជវ័តិព័ទ្ធជុំវិញ មានទ្វារចេញចូលបានទាំងបួនទិស​ ដែលហៅថា វាលិកចេតិយវាលុក​ចេតិយ គឺជាដំណាង ចុឡាមណីចេតិយ ជាទីដែលពួកទេព្ដាសាងបញ្ចុះព្រះមោលី (ព្រះកេសធាតុ) និងព្រះទាឋាធាតុ (ព្រះចង្កូមកឺវ) របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៅឯឋានត្រៃត្រឹង្ស ដោយសំគាល់ថា បានផលានិ​សង្សច្រើនផង បានរួចរំដោះអំពីគ្រោះចង្រៃ ក្នុងឆ្នាំចាស់ចេញស្រឡះផង និងបានទទួលសិរីសួស្ដី ក្នុងឆ្នាំថ្មីជារៀង​រហូតទៅផង ។ មានមតិត្រឹមត្រូវមួយ ដែលអាចនឹងកើតជាបុណ្យកុសលថា ភ្នំធំនៅចំកណ្ដាលនោះ គឺ ជាដំណាងព្រះសក្យមុនី​ចេតិយ ជាទីបញ្ចុះព្រះសារីរិកធាតុរបស់ព្រះអង្គ រីឯភ្នំតូច ៤ ទៀតជាដំណាងចេតិយបញ្ចុះអដ្ឋិធាតុរបស់ព្រះសារី​បុត្រ ព្រះមោគលាន ព្រះអានន្ទ និងព្រះមហាកស្សប ដែលជាសាវកសំខាន់ ៗ របស់ព្រះអង្គ សុទ្ធសឹងជា ព្រះអរ​ហន្តមានគុណធម៌ខ្ពស់ កំចាត់អំពើបាបរួចអស់ហើយ ។ ម្យ៉ាងទៀត ខ្មែរយើងតែងមានជំនឿថា គ្រាប់ខ្សាច់មួយ​គ្រាប់ ៗ ដែលចាក់ពូននោះ អាចផ្ដល់អានិសង្សដល់អ្នកដែលបានពូននោះឲ្យបានរួចរំដោះនូវបាបគ្រោះនិងកម្ម​ពៀរវេរាទាំងពួងទៀតផង ។ មហាសំការសូត្រ ក៏បានបញ្ជាក់ អំពីអានិសង្សនៃការពូនភ្នំខ្សាច់នោះថា "ពេលសង្ក្រាន្តថ្មីចូលមកដល់ ព្រះបាទ​បសេនទិកោសល បានចូលទៅទូលសួរព្រះដ៏មានព្រះភាគ ថា មុនពេលព្រះអង្គទ្រង់បរិនិព្វានទៅ បើដល់សង្ក្រាន្ត​ចូលឆ្នាំថ្មីម្ដង ៗ តើខ្ញុំព្រះអង្គគួរបំពេញបុញ្ញកម្មអ្វីខ្លះ? "។ព្រះដ៏មានព្រះភាគត្រាស់ថា "បពិត្រមហារាជ! គួរសាងវាលុកចេតិយនៅឆ្នេរស្ទឹង ឬទន្លេហើយនាំយកគ្រឿង​សក្ការៈមានទៀន ធូប គ្រឿងក្រអូប ផ្កាភ្ញីជាដើម មកបូជាថ្វាយចុះ ​" ។ ព្រះអង្គក៏បានត្រាស់បញ្ជាក់អំពីអានិ​សង្សនៃការកសាងវាលុកចេតិយ ជាព្រះបាលីគាថាយ៉ាងដូច្នេះថា "ពាលុកចេតិយំ កត្វា យេ​ នរា អថ នារិយា អន្នំ បានំ វត្ថំ បប្ផំ គន្ធវិលេបនាទីនិ អាហរិត្វា ចេតិយំ បូជំ កត្វា​ សទ្ធាយ ច អានិសំសំ មហប្ផលំ ទ្វេ កុលេ ឧប្បជ្ជតិ ខត្តិយេ ចាបិ ព្រាហ្មណេ ហីនេ កុលេ ន ជាយន្តិ ពាលុកស្ស ឥទំ​ ផលំ " ។ប្រែថា "នរនារីណាដែលបានសាង វាលុកចេតិយ ហើយបានយកនូវបាយ ទឹក សំពត់ ផ្កា គ្រឿងក្រអូប គ្រឿង​លាប ជាដើម បូជាព្រះចេតិយនោះ ដោយសទ្ធាជ្រះថ្លា នរៈនារីនោះ រមែងបានទទួលនូវផលានិសង្សច្រើន រមែង​ទៅកើតក្នុងត្រកូលពីរគឺ ខត្តិយត្រកូល និងព្រាហ្មណត្រកូល មិនទៅកើតក្នុងត្រកូលថោកទាបឡើយ ។ នេះជា​ផលអានិសង្សនៃការសាងវាលុកចេតិយ"ក្នុងថ្ងៃទីបី ថ្ងៃឡើងសក្តិ កម្មវិធីបុណ្យមានសារៈសំខាន់ ជាងថ្ងៃដទៃទៀត ។ វេលាព្រឹក ពុទ្ធបរិស័ទ​និមន្ត ព្រះសង្ឃប័ង្សុកូល ឆ្លងភ្នំខ្សាច វាលុកចេតិយ ។ វេលារសៀល មានការស្រង់ ព្រះពុទ្ធបដិមាករ ព្រះសង្ឃ និងមាតា​បិតា ឬជីដូនជីតា ។ ការងូតទឹកជម្រះកាយជូនចំពោះមានតាបិតា ឬជីដូនជីតា កូនចៅបានទទួលនូវពរសព្វសាធុ​ការ និងដំបូន្មានល្អ ៗ សម្រាប់អប់រំខ្លួន តទៅអនាគត ។ រីឯ ការស្រង់ព្រះពុទ្ធបដិមាករ ជានិមិត្តរូបថា ទឹក គឺជាសេចក្ដីត្រូវការចាំបាច់ចំពោះរុក្ខជាតិ និងជីវិតសព្វសត្វ ។មហាសំការសូត្រ ក្នុងគម្ពីរ សុត្តជាតក បញ្ជាក់ពីអានិសង្សនៃការស្រង់ទឹកព្រះសង្ឃនិងមាតាបិតា ថា "កាល​ថ្ងៃ​សង្ក្រាន្តចូលមកជិតដល់ព្រះបាទបសេនទិកោសលបានរៀបចំបារាំយ៉ាងស្អាត នៅឆ្នេរស្ទឹងមួយរួចហើយក៏និមន្ត​ព្រះពុទ្ធនិងព្រះសង្ឃស្រង់ទឹក ដោយមានសមាទានសីល ប្រគេនភត្តាហារចំពោះព្រះពុទ្ធនិងព្រះសង្ឃទាំងអស់ ក្នុងទីនោះផង " ។ គម្ពីរដដែលបញ្ជាក់ថា អ្នាកណាបានស្រង់ទឹកព្រះសង្ឃ មាតាបិតា និងគ្រូឧបជ្ឈាយ៍ បាន​ទទួលអានិសង្សច្រើនណាស់ ។ លុះដល់អនាគតជាតិនិងបានទៅកើតក្នុងទេវលោកឋាននិងបានជាស្ដេចចក្រ​ពត្តិ​ មានបុណ្យបារមីច្រើន មានរូបសម្បត្តិល្អ មានទ្រព្យសម្បត្តិច្រើន មានសេចក្ដីសុខគ្រប់បែបយ៉ាង ។ប្រទេសខ្មែរយើង​ សម័យបូរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ពេលចូលឆ្នាំថ្មីម្ដង​ ៗ​ ពុទ្ធបរិស័ទតែងនិមន្ត​ព្រះ​ពុទ្ធរូបដ៏មានមហិទ្ធិឫទ្ធិ ២៥ អង្គ ដែលជាដំណាងនៃអាណាខែត្រនីមួយ ៗ ក្នុងព្រះរាជាណាចក្រកម្ពុជាមកធ្វើពិធី​ស្រង់ទឹក នៅប្រាសាទព្រះខ័ន (ឬប្រាសាទជ័យស្រី) រួចហើយគេដង្ហែព្រះពុទ្ធរូបគ្រប់អង្គជាក្បួនយ៉ាងមហោឡារិក គគ្រឹកគគ្រេង មុននឹងយកទៅដំកល់ទុកនៅកន្លែងដើមវិញ ។រាជរដ្ឋាភិបាលក៏ប្រារព្ភបុណ្យឡើងស័ក្តិ ក្នុងថ្ងៃទី ៣​ នេះដែរ ដើម្បីតម្លើងឋានន្តរស័ក្តិ ដល់ជនស៊ីវិលនិងទាហាន​ណាដែលខំប្រឹងធ្វើការ បម្រើប្រទេសជាតិ អស់ពីសមត្ថភាព ឲ្យឡើងកាន់តំណែង ក្រសួង និងឋានៈខ្ពង់ខ្ពស់ ។ រាជ​រដ្ឋាភិបាលប្រកាន់យក ព្រះពុទ្ធសាសនាថេរវាទ ថាជាសាសនារបស់រដ្ឋ ។ ព្រះពុទ្ធទ្រង់ជ្រើសរើសផ្លូវសន្តោស យោគយល់និងសេចក្ដីស្រឡាញ់ ដើម្បីបញ្ឈប់នូវសេចក្ដីលោភៈ ទោសៈ និងមោហៈ ហេតុដូច្នេះហើយបានជា​អ្នកទោសទាំងឡាយ ត្រូវបានបន្ថយទោសឬដោះលែងឲ្យរួចខ្លួន មានសិទ្ថិសេរីភាពឡើងវិញ ។ឱកាសបុណ្យចូលឆ្នាំទាំងបីថ្ងៃនេះ​ វេលាព្រឹក ពុទ្ធបរិស័ទនាំគ្នាទៅកាន់ទីវត្ត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ សមាទាន​សីល ៥ ពូនភ្នំខ្សាច់ និងនិមន្តព្រះសង្ឃប័ង្សុកូលឆ្លងភ្នំខ្សាច់នោះ ដើម្បីឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធ ជូនបុព្វការី​ជន ។ វេលារសៀល មនុស្សប្រុសស្រីនាំគ្នាលេងល្បែងប្រជាប្រិយយ៉ាងរីករាយ ដូចជា នាំគ្នាបោះអង្គុញ ចោលឈូង ទាញព្រ័ត្រ ។ គេនាំគ្នាច្រៀងនិងប្រឡែងគ្នាលេង សំដែងរបាំប្រជាប្រិយ ។ល។ មិត្តភ័ក្ត្រសើចក្អាកក្អាយ សត្រូវ​ក្លាយជាមិត្ត និងបំភ្លេចនូរឿងអាស្រូវចាស់ចោល ។ គេធ្វើដំណើរកាត់ពីភូមិមួយទៅភូមិមួយ ពីវត្តមួយទៅវត្តមួយ​ដើម្បីជួបជាមួយមនុស្សដទៃ ហើយលេងល្បែងប្រជាប្រិយ កំសាន្តសប្បាយទាំងអស់គ្នា ។ អ្នកខ្លះនាំគ្នាទស្សនា​ប្រាង្គប្រាសាទ​ ដែលជាបូជនីយដ្ឋាន ព្រៃភ្នំជ្រោះជ្រលងដងអូរ បឹងបួរ ឬមាត់សមុទ្រជាដើម ។ ការលេងល្បែង​ស៊ី​សងមិនមែនជាទំនៀមទំលាប់ របស់ខ្មែរយើងទេ ក៏ប៉ុន្តែ ជាអាវុធសម្រាប់បំផ្លាញសុភមង្គលគ្រួសារ និងសង្គមខ្មែរ ទៅវិញ ។តំណម: តំណមត្រូវអនុវត្តយ៉ាងតឹងរឹងក្នុងពេលបុណ្យចូលឆ្នាំថ្មី៣ថ្ងៃនេះ ។ ពាក្យកំហឹង ឥរិយា​បទច្រងេងច្រងាង និងការវាយតបគ្នា ត្រូវតែហាមឃាត់ ជាដាច់ខាត ។ ម្នាក់ ៗ ត្រូវប្រយ័ត្ន ក្នុងការជេរប្រទេចសត្វ​ទោះបីជាសត្វចិញ្ចឹម មានជ្រូក គោ ក្របី សេះដំរី ឆ្កែ ឆ្មា និងសត្វធាតុដទៃទៀតក៏ដោយ ។ ត្រូវឲ្យទឹក ដុសលាង​ឲ្យ​បានស្អាតបាត បំប៉នចំណីអាហារ និងកនុងករណីខ្លះ សត្វខ្លះត្រូវដោះលែងឲ្យមានសេរីភាពទៀតផង ។មានសារៈមួយ បង្កប់ក្នុងរឿងមិនធម្មតានេះ​ ។ មុខទាំង ៤ របស់កបិលមហាព្រហ្ម គឺជានិមិត្តរូបនៃព្រហ្ម​វិហារធម៌ទាំង​ ៤ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មាន គឺ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១ ។ ព្រហ្ម​វិហារធម៌គឺ គុណសម្បត្តិខាងផ្លូវចិត្ត មានសារៈប្រយោជន៍សម្រាប់សហវិជ្ឈមានសន្តិភាព និងសហប្រតិបត្តិការក្នុង​សង្គម ។ ប្រសិនបើមនុស្សគ្រប់រូបមិនប្រព្រឹត្តតាមព្រហ្មវិហារធម៌ទាំង ៤ នេះ​ ហើយបោះបង់ធម៌ទាំងនោះចោល បញ្ហាស្មុគ្រស្មាញក្នុងសង្គម នឹងកើតមានឡើងពុំខានឡើយ ។ ដូច្នេះម្នាក់ ៗ ត្រូមានព្រហ្មវិហារធម៌ប្រចាំកាយ ប្រតិ​បត្តិចំពោះព្រះកេសរបស់ កបិលមហាព្រហ្ម ដោយប្រុងប្រយ័ត្នយ៉ាងណា ប្រព្រឹត្តចំពោះព្រហ្មវិហារធម៌​ឲ្យដូចជាយ៉ាងនោះឯង ។បុណ្យចូលឆ្នាំខ្មែរមានគោលបំណងច្បាស់លាស់មួយ ដែលមានផ្លាស់ប្ដូរតាំងអំពីបូរាណកាល (ក្រុងនគរធំ) រហូត​មកដល់សព្វថ្ងៃនេះ គឺ ៖១. កសាងជីវភាពផ្ទាល់ខ្លួន និងសង្គមថ្មី ព្រមទាំងបំភ្លេចនូវរឿងរាវអពមង្គលក្នុងឆ្នាំចាស់ចោល ។២. អបអរចំពោះធម្មជាតិ និងផលិតផលកសិកម្ម ក្នុងក្ដីសង្ឃឹម ថា ឆ្នាំក្រោយភោគផលនិងបានបរិបូណ៌ ។៣. សំដែងនូវកតញ្ញូតាធម៌ ចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយន៍ជាដើម ។៤. អបអរសាទរចំពោះកេរ្តិ៍តំណែលអមតៈ របស់បុព្វការីជន ។៥. គោរពវិញ្ញាណក្ខន្ធនៃវីរបុរសអ្នកស្នេហាជាតិ គ្រប់ជំនាន់ ។៦. ទំនុកបំរុងនិងរក្សាព្រះពុទ្ធសាសនា អស់កាលដ៏យូរអង្វែង ។៧. បណ្ដុះព្រហ្មវិហារធម៌ និងសាមគ្គីធម៌ក្នុងដួងចិត្តខ្មែរយើង គ្រប់ ៗ រូប ។នៅថ្ងៃទី ៤​ ប្រជាពលរដ្ឋគ្រប់រូប ត្រឡប់ទៅប្រកបមុខការប្រចាំជីវិតរៀង ៗ ខ្លួនវិញ អស់មានកង្វល់អ្វីទៀត​ឡើយ ។ ទោះបីជាយ៉ាងណាក៏បុណ្យចូលឆ្នាំថ្មីមិនទាន់កន្លងផុត ទាំងស្រុងដែរ ថ្ងៃបុណ្យនៅតែបន្តជាវិសាមញ្ញនៅក្នុង​ចំណោមមនុស្សជាច្រើន ទាល់តែគេចំណាយអស់ប្រាក់បំរុងទុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះ ៕
ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ២០០០​

អត្ថបទពេញនិយម

សមាជិក